ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៣០ មីនា បានពិនិត្យបញ្ជីទណ្ឌិត និងពិចារណាលើការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅពាក់កណ្ដាលខែមេសា ខាងមុខនេះ។
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព មានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការជាតិ នៅល្ងាចថ្ងៃទី៣០ មីនា បានបញ្ចប់ការពិនិត្យបញ្ជីទណ្ឌិតចំនួន១២ ដែលគណៈកម្មការនៅថ្នាក់ខេត្ត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់អ្នកទោស៖ «យើងបានពិនិត្យទៅលើសំណើរបស់គណៈកម្មការ (ពន្ធនាគារ) ខេត្តនោះចំនួន១២ ហើយអ្វីដែលនៅសល់ គឺសំណើគណៈកម្មការពន្ធនាគារថ្នាក់ខេត្តចំនួន៥ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដែលនៅសល់សម្រាប់ប្រជុំនៅថ្ងៃស្អែក»។
ការពិនិត្យបញ្ជីបានចំនួន១២ នេះ គឺក្នុងចំណោមបញ្ជីស្នើសុំពីគណៈកម្មការពន្ធនាគារនៅថ្នាក់ខេត្តទូទាំងប្រទេសសរុបចំនួន១៧ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដែលបានសុំមកគណៈកម្មការថ្នាក់ជាតិ។ ទណ្ឌិតដែលមាននៅក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសទាំងនេះ មានចំនួនសរុប ៣៩១នាក់ ក្នុងចំនួននេះមានទណ្ឌិតចំនួន ២៤នាក់ជាស្ត្រី។ ទណ្ឌិតចំនួន ៣១៤រូបជាអ្នកស្នើសុំបន្ធូរបន្ថយទោស ហើយទណ្ឌិតចំនួន ៧៧រូប ស្នើសុំលើកលែងទោស។
ទោះជាគណៈកម្មការថ្នាក់ជាតិពិនិត្យបានបញ្ជីចំនួន១២ ហើយក្ដី ក៏លោក គឹម សន្តិភាព នៅល្ងាចថ្ងៃដដែល នៅមិនទាន់អាចបញ្ជាក់ចំនួនទណ្ឌិតដែលគណៈកម្មការថ្នាក់ជាតិសម្រេចហើយនៅឡើយទេ៖ «ចំនួនមនុស្សដែលពិនិត្យបាន ខ្ញុំអត់ទាន់បានបូកសរុបនៅឡើយទេ។ រង់ចាំស្អែក ហើយក្រោយកិច្ចប្រជុំ មានលទ្ធផលផ្លូវការ ខ្ញុំនឹងជម្រាបជូន»។
លោកបញ្ជាក់ថា គណៈកម្មការជាតិដើម្បីពិនិត្យ និងសម្រេចលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនេះ មានរយៈពេលពីរថ្ងៃ ហើយបញ្ចប់នៅរសៀលថ្ងៃទី៣១ មីនា។
ការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសសម្រាប់ទណ្ឌិត ត្រូវបានវាយតម្លៃដោយគណៈកម្មការពន្ធនាគារនៅតាមខេត្ត និងគណៈកម្មការថ្នាក់ជាតិ ហើយថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានបន្ធូរបន្ថយ និងលើកលែងទោសពីព្រះអង្គ។ កម្មវិធីនេះ គេតែងធ្វើឡើងនៅក្នុងឱកាសបុណ្យជាតិធំៗ ដូចជាឱកាសព្រះរាជពិធីបុណ្យអុំទូក បុណ្យវិសាខបូជា និងចូលឆ្នាំប្រពៃណីជាតិ ជាដើម។
មន្ត្រីនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ឲ្យដឹងថា តួលេខអ្នកកំពុងជាប់ឃុំឃាំងនៅពន្ធនាគារទូទាំងប្រទេសមានចំនួនជាង ២ម៉ឺន ៤ពាន់នាក់។ ទាក់ទងនឹងការស្នើសុំរបស់សកម្មជនសិទ្ធិមនុស្ស និងដីធ្លីដែលកំពុងជាប់ឃុំ លោកមិនទាន់អាចបញ្ជាក់បានទេ ព្រោះលោកថា ការងារនេះស្ថិតនៅក្នុងសមត្ថកិច្ចរបស់គណៈកម្មការពិនិត្យបញ្ជីនៅឡើយ៕