ប្រជាពលរដ្ឋដែលមានជម្លោះដីព្រៃសហគមន៍នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅតែបារម្ភចំពោះសកម្មភាពបំផ្លិចបំផ្លាញដំណាំពីសំណាក់ភាគីក្រុមអ្នកការពារដីឱ្យអ្នកមានប្រាក់ និងមានអំណាច។ ក្តីបារម្ភនេះ ក្រោយពេលវិបត្តិដីព្រៃសហគមន៍នៅតែមិនអាចដោះស្រាយបាន ហើយក្រុមជនល្មើសតែងបង្កការរំខាន និងគំរាមកំហែងដល់ពលរដ្ឋជាបន្តបន្ទាប់។
ពលរដ្ឋដែលមានជម្លោះដីធ្លីនៅតំបន់ដីព្រៃសហគមន៍ក្នុងឃុំត្រពាំងព្រីង ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយវិបត្តិដីធ្លី និងជួយស្វែងរកជនល្មើសដែលបំផ្លាញផលដំណាំរបស់ពួកគាត់កន្លងមក។
ការស្នើនេះ ក្រោយពេលក្រុមអ្នកការពារដីឱ្យអ្នកមានប្រាក់ចេះតែមកគំរាមកំហែងពួកគាត់ និងបំផ្លាញផលដំណាំពលរដ្ឋជាបន្តបន្ទាប់។
ពលរដ្ឋនៅឃុំសេដា មានដីជម្លោះនៅឃុំត្រពាំងព្រីង អ្នកស្រី ភោគ វុធ ឱ្យដឹងថា មេការ ឬអ្នកថែរក្សាដីឱ្យឈ្មោះ លី ហួត ម្នាក់ គឺលោក សាំង ផុន ចេះតែគំរាមកំហែងគ្រួសារអ្នកស្រី និងគំរាមមិនឱ្យដាំដំណាំលើដីទំហំជាង ២ហិកតារ ដោយអះអាងថា ជាដីរបស់ខ្លួន។ អ្នកស្រីបន្តថា លោក សាំ ផុន និងកូនរបស់ពួកគេបានបំផ្លាញដំណាំចេករបស់អ្នកស្រីជិត ១០០ដើម និងបានប្រើអំពើហិង្សាលើប្អូនអ្នកស្រីកាលពីខែកុម្ភៈ ថែមទៀត។ លោកស្រីអះអាងថា កាលពីថ្ងៃទី២៩ និងព្រឹកថ្ងៃទី៣០ ខែមីនា លោក សាំង ផុន និងកូនៗ ក៏បានទៅគំរាមអ្នកស្រីមិនឱ្យដាំដំឡូងនៅលើដីរបស់ខ្លួនឡើយ ហើយកន្លងមកពួកគាត់បានប្ដឹងទៅអាជ្ញាធរ ប៉ុន្តែគ្មានប្រយោជន៍ទេ៖ «ឱ្យលោកគ្រូជួយ ព្រោះអាជ្ញាធរដូចព្រងើយកន្តើយណាស់»។
ប្រភពដដែលអះអាងថា ដីដែលគ្រួសារអ្នកស្រីកំពុងបង្កបង្កើនផលបច្ចុប្បន្ន គឺពួកគាត់បានកាន់កាប់ ៣ ឬ ៤ឆ្នាំមកហើយ ប៉ុន្តែវាជាដីព្រៃសហគមន៍ពីដើមមក។ អ្នកស្រីថា ពេលណាសហគមន៍ត្រូវការយកវិញពួកគាត់នឹងប្រគល់ឱ្យ ប៉ុន្តែប្រសិនបើប្រគល់ឱ្យឈ្មួញ ឬអ្នកមានប្រាក់ គឺអ្នកភូមិមិនព្រមឡើយ។
ស្រដៀងគ្នានេះ ពលរដ្ឋនៅឃុំត្រពាំងព្រីង ម្នាក់ លោក យាង វ៉ាន់ថា មានប្រសាសន៍ថា ពួកគាត់មួយចំនួនដែលមានជម្លោះដីជាមួយអធិការរងស្រុកតំបែរ គឺលោក ប៉េង ផេងគី កាន់តែព្រួយបារម្ភថា នឹងអាចមានករណីបំផ្លាញដំណាំពួកគាត់បន្តទៀត។ ក្ដីបារម្ភនេះ ព្រោះសំណុំរឿងបំផ្លាញដំណាំរបស់ពួកគាត់ រួមមានការបំផ្លាញដំឡូងមីជាង ៥ហិកតារ និងបំផ្លាញស្វាយចន្ទី ជាង ៥០០ដើម កាលពីឆ្នាំ២០១៦ អាជ្ញាធរ និងតុលាការនៅមិនទាន់រកឃើញក្រុមជនល្មើសទេ បើទោះបីជាលោកបានដាក់ពាក្យប្ដឹងរួចទៅហើយក្ដី៖ «ខ្ញុំចាំតែមើលដែរ ព្រួយបារម្ភដែរ ព្រោះខ្លាចគេដកទៀត។ ដាំអីទៅដកៗ»។
ដីព្រៃសហគមន៍នៅឃុំត្រពាំងព្រីង មានទំហំជាង ៥ពាន់ហិកតារ ត្រូវបានបុគ្គលមានប្រាក់ និងមានអំណាចបំផ្លាញតាំងពីឆ្នាំ២០១២ ក្រោមរូបភាពផ្សេងៗ ដូចជាឱ្យពលរដ្ឋផ្ដិតមេដៃលក់ដីឱ្យខ្លួន ឬឱ្យប្រជាពលរដ្ឋចូលកាប់ទន្ទ្រានដីទាំងនោះ ក្រោយមកលក់ដីឱ្យពួកគេ ដោយមានការឃុបឃិតគ្នាជាមួយអាជ្ញាធរមួយចំនួន។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី៣០ ខែមីនា ថា សំណុំរឿងដីព្រៃសហគមន៍នៅឃុំត្រពាំងព្រីង អាជ្ញាធរនឹងដោះស្រាយនៅពេលខាងមុខ បន្ទាប់ពីដោះស្រាយបញ្ចប់ទំនាស់ដីសហគមន៍តំបន់ផ្សងទៀតនៅឃុំមួយនេះ ជាមួយក្រុមហ៊ុនចិន ជាមុនសិន។ លោកបន្តថា ជុំវិញក្តីបារម្ភរបស់ពលរដ្ឋពាក់ព័ន្ធការបំផ្លាញដំណាំ ការគំរាមកំហែង និងការប្រើអំពើហិង្សា លោកនៅមិនទាន់ទទួលបានព័ត៌មានទេ ប៉ុន្តែអាជ្ញាធរនឹងចាត់វិធានការក្រោយពេលទទួលបានសេចក្ដីរាយការណ៍ពីថ្នាក់ស្រុក៖ «ខ្ញុំមានវិធានការគឺទាល់តែខ្ញុំទទួលបានរបាយការណ៍ ក៏ដូចជាការសម្របសម្រួលពីស្រុកសិន»។
វិបត្តិដីព្រៃសហគមន៍នៅតែមិនអាចដោះស្រាយបាន ហើយមនុស្សពាក់ព័ន្ធក្នុងសំណុំរឿងបំផ្លាញព្រៃសហគមន៍អស់រាប់ពាន់ហិកតារ មិនត្រូវបានអាជ្ញាធរស្រាវជ្រាវ និងចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ព្រៃឈើឡើយ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា បទល្មើសជុំវិញសំណុំរឿងដីធ្លីនៅតែកើតឡើងឥតឈប់ឈរ គឺដោយសារតែអាជ្ញាធរពាក់ព័ន្ធមិនបានផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ៖ «ប៉ុន្តែភាគច្រើនវាកើតឡើងអំពីមេការជាមួយប្រជាពលរដ្ឋ។ វាកើតឡើងអំពីឧកញ៉ាអ្នកមានម្ចាស់ដីជាមួយពលរដ្ឋ វាកើតឡើងអំពីក្រុមហ៊ុនចិន ជាមួយពលរដ្ឋ។ បើសិនជាទង្វើនោះពលរដ្ឋជាអ្នករងគ្រោះ ប្តឹងទៅអាជ្ញាធរគេមិនធ្វើទេ»។
លោកបន្ថែមថា សេវាផ្ដល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋមានការរើសអើង គឺមិនអាចធ្វើឱ្យបទល្មើសបញ្ចប់បានទេ។ ជាងនេះទៀត លោកកត់សម្គាល់ថា អាជ្ញាធរហាក់មិនមានឆន្ទៈដោះស្រាយសំណុំរឿងដីព្រៃសហគមន៍មួយនេះឡើយ៕