លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាញ់ក្តីលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មួយករណីទៀតហើយនៅតុលាការក្រុងភ្នំពេញ ទាក់ទងបទចោទថារដ្ឋអំណាចជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដាក់ពន្ធនាគារ ២០ខែ និងពិន័យប្រាក់ចូលរដ្ឋ ១០លានរៀល និងត្រូវសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ១០០រៀលផងដែរ។
ទាំងមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេធាវីរបស់លោក សម រង្ស៊ី សុទ្ធតែនិយាយរិះគន់ការសម្រេចរបស់តុលាការក្រុងភ្នំពេញ ចំពោះការដាក់ទោសលោក សម រង្ស៊ី នៅក្នុងសំណុំរឿងមួយនេះ។ មេធាវីរបស់លោក ហ៊ុន សែន យល់ថា ការដាក់ពន្ធនាគារលោក សម រង្ស៊ី រយៈពេល ២០ខែ និងពិន័យប្រាក់ចូលរដ្ឋ ១០លានរៀលតិចពេក។ ចំណែកមេធាវីរបស់លោក សម រង្ស៊ី រិះគន់ដែរថា លោក សម រង្ស៊ី មិនប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
មេធាវីការពារក្តីរបស់លោក សម រង្ស៊ី លោកមេធាវី សំ សុគង់ មានប្រសាសន៍ថា មានបីករណីដែលតុលាការចោទប្រកាន់កូនក្តីរបស់លោកទាំងអយុត្តិធម៌ គឺអ្វីដែលកូនក្តីនិយាយមិនបានធ្វើខូចខាតដល់សង្គមទេ ទី២ កូនក្តីរបស់លោកមិនបានចោទប្រកាន់អ្នកណាម្នាក់ទេ និងចំណុចចុងក្រោយ ករណីឃាតកម្មលើបណ្ឌិត កែម ឡី មិនមែនតែលោក សម រង្ស៊ី ម្នាក់ឯងទេលើកឡើង។ លោកឲ្យដឹងទៀតថា លោកនឹងជជែកជាមួយលោក សម រង្ស៊ី ថានឹងប្ដឹងទាស់ទៅឧទ្ធរណ៍ ឬយ៉ាងណា?៖ «ឲ្យកូនក្តីសម្រេចថាសាលក្រមនេះមិនផ្តល់ភាពយុត្តិធម៌ ហើយគាត់យល់ឃើញថា ចង់ឲ្យសាលាឧទ្ធរណ៍ហ្នឹងធ្វើការជំនុំជម្រះឡើងវិញលើការសម្រេចហ្នឹង។ ខ្ញុំនឹងធ្វើទៅតាមឆន្ទៈរបស់កូនក្តី»។
តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែមីនា សម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្តីលោក ហ៊ុន សែន ដោយដាក់ពន្ធនាគារ ២០ខែ និងពិន័យប្រាក់ចូលរដ្ឋ ១០លានរៀល និងត្រូវសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ១០០រៀល ដោយក្រោមបទចោទពីរករណី គឺបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ការសម្រេចនេះ ដូចទៅនឹងពាក្យបណ្ដឹងរបស់លោក ហ៊ុន សែន កាលពីដើមខែសីហា ឆ្នាំ២០១៦។
មេធាវីការពារក្តីរបស់លោក ហ៊ុន សែន គឺលោក គី តិច ឲ្យដឹងថា ក្នុងចំណោមការសម្រេចរបស់តុលាការមួយចំណុចដែលលោកមិនទាន់ពេញចិត្ត គឺការពិន័យឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារ ២០ខែ។ លោកថា ការផ្ដន្ទាទោសនេះនៅតិចណាស់ បើធៀបទៅនឹងអ្វីដែលលោក សម រង្ស៊ី បាននិយាយដែលធ្វើឲ្យប៉ះពាល់ខូចខាតដល់រដ្ឋាភិបាល។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកបដិសេធបង្ហាញពីចំណុចប៉ះពាល់នេះ៖ «ចំពោះខ្ញុំផ្ទាល់ទេ ខ្ញុំគិតថាមិនស័ក្ដិសមនឹងអំពើល្មើសដែលលោក សម រង្ស៊ី បានប្រព្រឹត្តទេ ពីព្រោះអំពើដែលគាត់បានធ្វើបានធ្វើឲ្យខូចខាតប៉ះពាល់ធ្ងន់ធ្ងរទៅដល់ស្ថាប័នរាជរដ្ឋាភិបាល ដែលជាស្ថាប័នដឹកនាំប្រទេស ជាស្ថាប័នជាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជា យើង»។
ក្រោយពេលលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក សម រង្ស៊ី បាននិយាយ និងសរសេរនៅលើហ្វេសប៊ុក (facebook) របស់លោកថា ការបាញ់សម្លាប់លោក កែម ឡី ជាអំពើភេរវកម្មមួយទៀតរៀបចំឡើងដោយរដ្ឋអំណាច។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មិនបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់តុលាការទេ ព្រោះនៅពេលឃើញដើមបណ្ដឹងជានាយករដ្ឋមន្ត្រីដូចនេះ គេអាចដឹងលទ្ធផលមុនតុលាការប្រកាសសាលក្រម៖ «យើងដឹងថាការឈ្នះហ្នឹង ដឹងតាំងពីដើមទីមកណា»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់ទៅលោក ហ៊ុន សែន ថា ត្រូវក្លាហានហ៊ានប្ដឹងលោកទៅតុលាការក្រៅប្រទេស។
មេធាវីការពារក្តីរបស់លោក ហ៊ុន សែន គឺលោក គី តិច ថាលោករាយការណ៍ពីការសម្រេចរបស់តុលាការទៅលោក ហ៊ុន សែន ហើយបើលោក ហ៊ុន សែន មិនពេញចិត្តចំពោះការផ្ដន្ទាទោសនេះ លោកនឹងរៀបចំឯកសារប្ដឹងទាស់ទៅតុលាការជាន់ខ្ពស់បន្តទៀត៕