Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង​ក្រុង​ប៉ោយប៉ែត​តវ៉ា​លើក​ទី​៥៧​ទាមទារ​សំណង

$
0
0

ប្រជាពលរដ្ឋ​ប្រមាណ ១០​នាក់​តំណាង​ឲ្យ ៣៣​គ្រួសារ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​អាជ្ញាធរ​ក្រុង ដោះស្រាយ​សំណង​ជូន​ពួក​គាត់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា បន្ត​ការ​តវ៉ា​ជា​ថ្មី​នៅ​មុខ​សាលា​ក្រុង​នេះ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​សំណង​ឲ្យ​បាន​ឆាប់។

នេះ​ជា​លើក​ទី​៥៧ ហើយ ដែល​ពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត តវ៉ា​ទទូច​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួក​គាត់។

តំណាង​អ្នក​តវ៉ា​ម្នាក់​រស់នៅ​សង្កាត់​ផ្សារកណ្ដាល លោក វន វ័ន្ត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មីនា ថា ពួក​គាត់​តវ៉ា​ថ្ងៃ​នេះ ដោយសារ​កាល​ពី​ថ្ងៃ​ទី​២១ មីនា ពួក​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួក​គាត់ ហើយ​មក​ទល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​ផ្ដល់​ដំណឹង​ថា​យ៉ាង​ណា​ដល់​ពួក​គាត់​នៅ​ឡើយ។ លោក​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​មិន​បញ្ជូន​សំណុំ​រឿង​ពួក​គាត់ ទៅ​អន្តរ​ក្រសួង​ដើម្បី​ដោះស្រាយ៖ «អាជ្ញាធរ​ក្រុង​គាត់​បដិសេធ​ថា ពួក​គាត់​មិន​បាន​ប៉ះពាល់​ពី​គម្រោង​សង់​ផ្លូវ​រថភ្លើង​ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​សំណង​ទេ។ ប៉ុន្តែ​ការ​ជាក់ស្ដែង ខ្លួន​ខ្ញុំ​ផ្ទាល់​រស់នៅ​ប៉ះពាល់​ពី​គម្រោង​សង់​ផ្លូវ​រថភ្លើង ដែល​ត្រូវការ​ដោះស្រាយ»

ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ម៉ែន សុភ័ណ អះអាង​ថា ខាង​សាលា​ក្រុង​បាន​បញ្ជូន​សំណុំ​រឿង​របស់​ក្រុម​អ្នក​តវ៉ា​ទៅ​អន្តរ​ក្រសួង​អស់​ទៅ​ហើយ។ លោក​បន្ថែម​ថា ចំណែក​ការ​ដោះស្រាយ​យ៉ាង​នោះ គឺ​ជា​រឿង​របស់​មន្ត្រី​ថ្នាក់​លើ៖ «អន្តរ​ក្រសួង​អ្នក​ទទួល​បន្ទុក​ការងារ​នេះ នៅ​ពេល​ដែល​គាត់​ឃើញ​ហើយ គាត់​នឹង​ឆ្លង​ថ្នាក់​លើ​ថ្នាក់​ក្រោម​បន្ត​ទៀត ហើយ​គាត់​ពិនិត្យ​ឃើញ​ថា នឹង​ត្រូវ​ផ្ដល់​សំណង ឬ​យ៉ាង​ណា ជា​សមត្ថកិច្ច​របស់​គាត់ ចំណែក​អាជ្ញាធរ​ក្រុង​អត់​មាន​ពាក់ព័ន្ធ​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​គឺ​ពុំ​មាន​បំណង​អ្វី​ក្រៅ​តែ​ពី​ចង់​បាន​ដំណោះស្រាយ​ពិត​ប្រាកដ ពីព្រោះ​ការ​តវ៉ា​របស់​ពលរដ្ឋ​កន្លង​មក អាជ្ញាធរ​ក្រុង​មួយ​នេះ​ច្រើន​តែ​សន្យា​ខ្យល់​ជាមួយ​ពួក​គាត់ ដោយ​ពុំ​បាន​ដោះស្រាយ​អ្វី​នោះ​ទេ៖ «ហើយ​នេះ​គឺ​ជា​បាតុកម្ម​ដែល​ច្រើន​ជាង​គេ​នៅ​ក្រុង​ប៉ោយប៉ែត បើ​ធៀប​នឹង​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស។ តើ​នេះ​ជា​ក្រុង​មួយ​ដែល​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ឬ​មួយ​ដោយសារ​អាជ្ញាធរ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជាពលរដ្ឋ

កន្លង​ទៅ ក្រុម​អ្នក​តវ៉ា​បាន​ប្ដឹង​ទៅ​ក្រុង​ប៉ោយប៉ែត ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ការ​ប៉ះពាល់​របស់​ពួក​គាត់ លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ដើម្បី​ដោះស្រាយ​សំណង​តាម​ផ្លូវ​ច្បាប់។ ក្រុម​អ្នក​តវ៉ា​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​បាន​ចុះ​មក​ជួប​ពិភាក្សា​ជាមួយ​ពួក​គាត់ ហើយ​បាន​សន្យា​ថា នឹង​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ។

ក្រុម​អ្នក​តវ៉ា​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​បាន​ដោះស្រាយ​អ្វី​ជូន​ពួក​គាត់ ដែល​អាច​ទទួល​យក​បាន​ទេ ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles