អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ធនឹងអំពើពុករលួយមួយ ធ្វើសិក្ខាសាលាជំរុញឲ្យអ្នកនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិលបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនជាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណិត (Internet)។ សិក្ខាសាលាដែលមានអ្នកចូលរួមប្រមាណ ៥០នាក់ នៅថ្ងៃទី២៩ ខែមីនា ក៏មានអ្នកនយោបាយ ៥រូប មកពីមជ្ឈដ្ឋានផ្សេងៗគ្នា ស្ម័គ្រចិត្តបង្ហាញទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។
អ្នកនយោបាយដែលបានបង្ហាញទ្រព្យសម្បត្តិជាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណិត រួមមាន សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា អតីតបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ម៉ែន ឆេង និងយុវជនសកម្មកិច្ចការនយោបាយដែលនិយាយខ្លួនឯងថា ជាអនាគតនាយករដ្ឋមន្ត្រីលោក ប៊ិន យ៉ាន។
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា និយាយនៅក្នុងសិក្ខាសាលានោះថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវសម្អាតពីថ្នាក់លើមកក្រោម។ ក្នុងពេលនោះដែរ លោកក៏ថ្លែងរិះគន់ស្ថាប័នកាកបាទក្រហមដែលគ្រប់គ្រងដោយភរិយារបស់លោក ហ៊ុន សែន៖ «គឺក្រុមជំទាវៗនៅក្នុងកាកបាទក្រហមកម្ពុជា តែម្ដង អ៊ីចឹងបានខ្ញុំថា បើគណបក្សអំណាចខ្មែរឈ្នះឆ្នោតនឹងរំលាយកាកបាទក្រហមចោល ព្រោះកាកបាទក្រហមនេះ គឺក្រុមដែលដឹកនាំដោយជំទាវ គ្រាន់តែរៀបចំកម្មវិធីមើលសម្លៀកបំពាក់ មើលគ្រឿងអលង្ការចុះ ហើយបើម្នាក់ៗចំណាយបែបហ្នឹងទៅធ្វើកាកបាទក្រហមម៉េចបានបងប្អូន»។
ក្នុងចំណោមអ្នកនយោបាយដែលចុះឈ្មោះបង្ហាញទ្រព្យសម្បត្តិជាសាធារណៈ សមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា លើកឡើងថា អ្នកនយោបាយបើមិនហ៊ានប្រកាសទ្រព្យសម្បត្តិជាសាធារណៈមិនគួរធ្វើនយោបាយទេ។ អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺបញ្ជាក់បន្ថែមពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ នៅឡើយទេ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលរុណ មិនទាន់ឆ្លើយបំភ្លឺករណីបង្ហាញទ្រព្យសម្បត្តិជាសាធារណៈរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា នៅឡើយទេ ប៉ុន្តែលោកបែរចោទសួរថា តើអង្គការសង្គមស៊ីវិលនេះ ទទួលបានថវិកាមកពីណាដើម្បីធ្វើសកម្មភាពការងារ៖ «មានភាពក្លាហានហ៊ានបង្ហាញលុយខ្លួនឯងមកពីប្រទេសណាឲ្យទេ»។
តាមរបាយការណ៍របស់អង្គការគណនេយ្យភាពកម្ពុជា មានអ្នកនយោបាយ មន្ត្រីអង្គការសង្គមស៊ីវិលនៅកម្ពុជា ជាង ៤០រូប បានប្រកាសបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត។
ប្រធានអង្គការគណនេយ្យភាពកម្ពុជា លោក គុយ មាសសំណាង មានប្រសាសន៍ថា ដើម្បីឲ្យសង្គមស្អាតស្អំ អ្នកធ្វើការងារសង្គម សិស្សនិស្សិត រហូតដល់អ្នកនយោបាយត្រូវប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនឲ្យសាធារណជនបានដឹង។ លោកឲ្យដឹងថា អ្នកដែលចង់ប្រកាសទ្រព្យសម្បត្តិអាចធ្វើបានតាមពីរទម្រង់ គឺអ្នកដែលបានប្រកាសទ្រព្យសម្បត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ ហើយឯកសារនោះយកទៅបង្ហោះនៅលើអ៊ីនធឺណិត និងការបំពេញបែបបទតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានអាសយដ្ឋាន www.accountabilityinternational.org.au៖ «ខ្ញុំចាប់ផ្ដើមពីក្រោមទៅវិញ ពីប្រធានអង្គការ សិស្ស និស្សិត អ្នកនយោបាយតូចៗ ដែលគាត់គិតថា ចង់ឲ្យសង្គមយើងផ្លាស់ប្ដូរស្អាតស្អំ»។
របាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយសម្រាប់ឆ្នាំ២០១៦ ចេញផ្សាយកាលពីដើមឆ្នាំ២០១៧ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយកម្រិតខ្ពស់នៅលើពិភពលោក។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាទទួលបានពិន្ទុ ២១ ស្ថិតក្នុងលេខរៀងទី១៥៦ ក្នុងចំណោមប្រទេស១៧៦។ កម្ពុជាទទួលបានពិន្ទុ ២១ នេះ រយៈពេល ៣ឆ្នាំជាប់គ្នាមកហើយ។ យ៉ាងណាក៏ដោយចុះ របាយការណ៍ដែលបង្ហាញពីអំពើពុករលួយនេះ មិនទទួលបានការស្វាគមន៍ ឬទទួលស្គាល់ពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ម្ដងណាឡើយ៕