ជំនួបទ្វេភាគីរវាងគណបក្សប្រឆាំង និងក្រសួងមហាផ្ទៃ បានបិទបញ្ចប់ទៅវិញហើយក្រោយចំណាយពេលជាង ១ម៉ោង កាលពីរសៀលថ្ងៃទី២៩ ខែមីនា។ អនុប្រធានគណបក្សប្រឆាំងអះអាងថា ជំនួបទ្វេភាគីដែលផ្ដោតការពិភាក្សាលើរឿងពាក្យស្លោក "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ" និងលក្ខន្តិកៈស្ដីពីគណបក្សនយោបាយ ពុំទទួលបានលទ្ធផលអ្វីឡើយ។
ស្របពេលគណបក្សប្រឆាំងទាត់ចោលកិច្ចប្រជុំ ដើម្បីបញ្ចប់ភាពប្រេះស្រាំផ្នែកនយោបាយនេះ មន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នឹងបន្តតាមដានទៀតពីជំហររបស់គណបក្សប្រឆាំង ថាតើនឹងប្ដូរឥរិយាបថរឿងសមាជវិសាមញ្ញដែលធ្វើខុសលក្ខន្តិកៈនេះដែរទេ ហើយចុងក្រោយអាចនឹងត្រូវប្រើប្រាស់នីតិវិធីដែលក្រសួងមហាផ្ទៃ មានអំពីច្បាប់ស្ដីពីលក្ខន្តិកៈគណបក្សនយោបាយ ហើយបើគណបក្សសង្គ្រោះជាតិ នៅតែមិនព្រមកែទៅតាមលក្ខន្តិកៈដូចដែលបានចុះរួចហើយនៅក្រសួងមហាផ្ទៃ ទេនោះ ជាពិសេសរឿងការរុះរើក្បាលម៉ាស៊ីនគណបក្ស អាចប្រឈមនឹងការដោះស្រាយតាមផ្លូវច្បាប់ហើយ។
ប្រាប់ក្រុមអ្នកកាសែតក្រោយបញ្ចប់កិច្ចប្រជុំបិទទ្វារ ដែលប្រើពេលជាង ១ម៉ោងកាលពីរសៀលថ្ងៃទី២៩ ខែមីនា នៅក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ឲ្យដឹងថា នៅពេលនេះ ខាងក្រសួងមិនទាន់មានវិធានការអីតឹងរ៉ឹងនៅឡើយទេ ហើយនៅបន្តឃ្លាំមើលទៀតអំពីជំហរគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែប្រសិនបើគណបក្សសង្គ្រោះជាតិ នៅតែយល់ឃើញថា សមាជវិសាមញ្ញ និងពាក្យស្លោកជារឿងត្រឹមត្រូវទៀត ខាងក្រសួងអាចត្រូវបង្ខំចិត្តអនុវត្តតាមផ្លូវច្បាប់ហើយ។ លោកបន្តថា «តាមពិតជាជំហានក្នុងការអនុវត្តទៅតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងលក្ខន្តិកៈតម្កល់ អាហ្នឹងគេមានជំហានរបស់គេនៅក្នុងការអនុវត្ត។ យើងជូនដំណឹងឲ្យគាត់កែប្រែ បើគាត់មិនកែប្រែ អាហ្នឹងវាមានអីបន្តបន្ទាប់ទៀត»។
ឆ្លើយតបនឹងការលើកឡើងនេះ អនុប្រធានគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង យល់ឃើញថា តាមពិតអ្វីដែលគណបក្សប្រឆាំងអនុវត្តរឿងរើក្បាលម៉ាស៊ីនដឹកនាំបក្ស នោះវាជាកិច្ចការផ្ទៃក្នុងរបស់ស្ថាប័ននីមួយៗប៉ុណ្ណោះ។ ប៉ុន្តែលោកបន្តថា ការសើរើរបស់ក្រសួងមហាផ្ទៃ នៅពេលនេះ វាមិនខុសអីពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ស្ថាប័នដទៃឡើយ។ លោកបន្តថា «កិច្ចការផ្ទៃក្នុងគណបក្សដូចសមាគម អាហ្នឹងជារឿងឯកជនរបស់គណបក្សទេ វាអត់មានរឿងអីទេ។ ប៉ុន្តែឥឡូវហ្នឹងក្រសួងមហាផ្ទៃ គេបានចូលមកជ្រៅដែរហ្នឹង។ អាហ្នឹងចាំយើងពិនិត្យទៅតាមហ្នឹង»។
ក្រៅពីនេះ លោក អេង ឆៃអ៊ាង បញ្ជាក់ថា ជំនួបដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែមីនា ដើម្បីបញ្ចប់វិបត្តិនយោបាយដែលនៅសេសសល់នេះ ជាការជួបគ្នាដែលគ្មានលទ្ធផលអ្វីឡើយ។ ក្រោយកិច្ចប្រជុំបានបិទបញ្ចប់ ទាំងតំណាងក្រសួងមហាផ្ទៃ និងភាគីខាងគណបក្សប្រឆាំង សុទ្ធតែបានអះអាងថា ក្រៅពីជំនួបមិនមានផលចំណេញ និងបានត្រឹមស្គាល់គ្នាហើយ ដោយឡែកសម្រាប់ជំនួបលើកក្រោយទៀត នឹងមិនមានទៀតនោះដែរ។
ទាក់ទិនរឿងនេះ កាលពីថ្ងៃទី២២ ខែមីនា ក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយច្បាប់ឲ្យបក្សប្រឆាំង ដោយចាត់ទុកថា សមាជវិសាមញ្ញដើម្បីរើសក្បាលម៉ាស៊ីនដឹកនាំរបស់បក្សប្រឆាំងកាលពីថ្ងៃទី២ ខែមីនា គឺបានអនុវត្តផ្ទុយពីប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សនយោបាយ។
ប្រាប់ក្រុមអ្នកកាសែតក្រៅកិច្ចប្រជុំ លោក អេង ឆៃអ៊ាង បញ្ជាក់ថា ជំនួបកាលពីរសៀលថ្ងៃទី២៩ មីនា គឺខាងក្រសួងមហាផ្ទៃ ពុំមានដំណោះស្រាយអ្វីថ្មីក្រៅពីជំរុញឲ្យបក្សប្រឆាំង ត្រូវអនុវត្តតាមខ្លឹមសារដូចដែលលិខិតក្រសួងមហាផ្ទៃ បានជូនដំណឹងរួចហើយនោះឡើយ។
បើទោះជាបែបណា គណបក្សប្រឆាំងបញ្ជាក់ជំហរថា នឹងនៅតែបន្តអនុវត្តដូចសេចក្ដីសម្រេចដែលមានស្រាប់ដដែល។ ម្យ៉ាងទៀត លក្ខន្តិកៈចាស់ និងថ្មី លោក កឹម សុខា នៅតែជាប្រធានគណបក្សមិនមានការប្រែប្រួលនោះទេ។
ភ្លាមៗក្រោយសមាជវិសាមញ្ញបានជ្រើសរើសលោក កឹម សុខា ធ្វើជាប្រធានជំនួសលោក សម រង្ស៊ី ដែលបានលាលែងកាលពីថ្ងៃទី១១ ខែកុម្ភៈ លោក ហ៊ុន សែន ក៏បានចេញលិខិតសាទរចំពោះមុខតំណែងនេះភ្លាមដែរ។ បញ្ហានេះ អ្នកវិភាគមើលឃើញថា នេះអាចជាការទទួលស្គាល់ជាផ្លូវការ ចំពោះការរុះរើក្បាលម៉ាស៊ីននេះរួចជាស្រេចទៅហើយ។
ផ្ទុយពីនេះ លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ យល់ឃើញថា រឿងលោកនាយករដ្ឋមន្ត្រីចេញសារគាំទ្របេក្ខភាពលោក កឹម សុខា វាគឺជារឿងមួយផ្សេង ប៉ុន្តែចំពោះក្រសួងមហាផ្ទៃ វិញ គឺជាស្ថាប័នអនុវត្តច្បាប់។ លោកបន្តថា ការអនុវត្តផ្ទុយពីច្បាប់របស់គណបក្សប្រឆាំង ត្រូវតែដោះស្រាយ។ លោកបន្តថា «សម្ដេចនាយករដ្ឋមន្ត្រីលោកជាប្រធានបក្សមួយដោយឡែក ហើយលោកក្នុងនាមជានាយករដ្ឋមន្ត្រីមួយដោយឡែក។ រឿងហ្នឹងគឺដាច់ពីគ្នា អត់មានជាប់គ្នា អត់មានជាប់ពាក់ព័ន្ធគ្នាទេ។ ប៉ុន្តែមួយក្នុងនាមរដ្ឋាភិបាល ខ្ញុំជាអ្នកអនុវត្តច្បាប់ ត្រូវតែអនុវត្តច្បាប់តែប៉ុណ្ណឹង»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ យល់ឃើញថា ប្រសិនបើវិបត្តិនយោបាយនេះនៅតែមិនអាចបញ្ចប់ភាពជាប់គាំងបានទេ មានន័យថា គណបក្សប្រឆាំងត្រូវត្រឡប់ទៅអនុវត្តកម្មវិធីនយោបាយដូចមុនថ្ងៃសមាជវិសាមញ្ញគណបក្សឡើងវិញ ទើបអាចបញ្ចប់វិបត្តិនៅពេលនេះ។
តំណាងក្រសួងមហាផ្ទៃ បញ្ជាក់ថា ប្រសិនបើគណបក្សប្រឆាំងព្រមកែតម្រូវដូចលិខិតរបស់ក្រសួងមហាផ្ទៃ ដាក់ចេញនោះ អ្វីៗនឹងត្រូវបញ្ចប់ហើយ។
បើទោះជាបែបណា អ្នកវិភាគចាត់ទុកថា នេះជាសេចក្ដីសម្រេចសម្រាប់បទបញ្ជាផ្ទៃក្នុងបក្សរបស់ស្ថាប័ននីមួយៗប៉ុណ្ណោះ ដែលវាពុំមែនជាច្បាប់កំណត់តម្រូវឡើយ។ ប៉ុន្តែរឿងនេះ អាចចាត់ទុកថាអាចជាការចាប់បង្ខំ ឬជាការលូកដៃចូលកិច្ចការផ្ទៃក្នុងបក្សនយោបាយដទៃរបស់ក្រសួងមហាផ្ទៃ ដែលវាពុំចាំបាច់ឡើយ៕
គណបក្សប្រឆាំងអះអាងថា ក្រសួងមហាផ្ទៃ ទទួលស្គាល់ដំណើរការសមាជវិសាមញ្ញបក្សប្រឆាំង
គណបក្សប្រឆាំង ឲ្យដឹងថា ក្រសួងមហាផ្ទៃ បានទទួលស្គាល់សមាជវិសាមញ្ញ និងវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងកាលពីពេលកន្លងទៅនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ផ្សព្វផ្សាយមុននេះបន្តិចថា ក្រសួងមហាផ្ទៃ ទទួលស្គាល់ដំណើរការសមាជវិសាមញ្ញរបស់គណបក្សប្រឆាំង។ បន្ថែមពីលើនេះ មិនជំទាស់ការធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ថែមទៀតផង។ ក្រៅពីនេះ អ្វីដែលនៅខ្វែងគំនិតគ្នានោះ គណបក្សប្រឆាំងនឹងរកដំណោះស្រាយសមស្រប៕