គិតមកត្រឹមថ្ងៃទី២៩ ខែមីនា នេះ ទំព័រហ្វេសប៊ុក (Facebook) លោក ហ៊ុន សែន កើនចំនួន “Likes” រហូតដល់ជិត ៧,៣លាន (៧.២៦២.០៩៧)។ ក្នុងចំណោមនេះ ចំនួន Likes តិចជាងពាក់កណ្ដាល ឬស្មើនឹងជាង ៣,៦លាន (៣.៦២៤.២៣១) ឬស្មើនឹង ៤៩,៩% បានមកពីក្នុងប្រទេសកម្ពុជា។ ចំនួនជាងពាក់កណ្ដាលទៀតនៃអ្នកចុច likes ឬស្មើនឹងជិត ៣,៧លាន (៣.៦៣៧.៨៦៦) ឬស្មើនឹង ៥០,១% គឺបានមកពីក្រៅប្រទេសដូចជាប្រទេសឥណ្ឌា (India) ហ្វីលីពីន (Philippines) ឥណ្ឌូនេស៊ី (Indonesia) មីយ៉ាន់ម៉ា (Myanmar) ប៉ាគីស្ថាន (Pakistan) អាហ្វហ្គានីស្ថាន (Afghanistan) បង់ក្លាដេស (Bangladesh) អ៊ីរ៉ាក់ (Iraq) និងនីហ្សេរីយ៉ា (Nigeria) ជាដើម។
ប្រទេសឥណ្ឌា (India) ដែលស្ទើរតែគ្មានខ្មែររស់នៅសោះ មានអ្នកចុច likes ទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ជិត ១លាននាក់ (៨៤៩.៥៨០) ហ្វីលីពីន (Philippines) ជិត ៨សែន (៧៦៨.៨៨៨) ឥណ្ឌូនេស៊ី (Indonesia) ជាង ៤សែន (៤០៤.៤១៩) មីយ៉ាន់ម៉ា ជិត ២,៥សែន (២៤៣.៦២៤) ដែលប្រទេសទាំងនេះ ល្បីខាងមានមនុស្សស៊ីឈ្នួលចាំអង្គុយចុច likes ឲ្យម្ចាស់ហ្វេសប៊ុក ដែលត្រូវការចំនួន likes តាមរយៈការទិញជាជាងការចុច likes តាមការចូលចិត្តពិតប្រាកដ។ មុខរបរស៊ីឈ្នួលអង្គុយចុច likes ឬឈ្មោះថា “click farms” នេះជារបរនៅប្រទេស ដែលប្រជាជនមានប្រាក់ចំណូលទាប។ ជាទូទៅគេអាចទិញ likes បាន ១ពាន់ likes ដោយចំណាយប្រាក់ត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការកើនឡើងចំនួន likes លើទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន រហូតដល់ជិត ៧,៣លាននេះ លោក សម រង្ស៊ី កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ត្រូវបានកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដកស្រង់សម្ដីតាមរយៈសារអេឡិចត្រូនិក (E-mail) ថា “ឥឡូវនេះបង្ហាញឲ្យឃើញកាន់តែច្បាស់ជាងមុនហើយ ថាការកើនឡើងប្រជាប្រិយនេះ គឺបានមកពីការទិញ។ ការធ្វើបែបនេះគឺដូចក្មេងបៀមដៃ និងគួរឲ្យអស់សំណើចខ្លាំងណាស់”។
លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជា ផ្ដន្ទាទោសដោយកំបាំងមុខ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លើករណីបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសាធារណៈលើហ្វេសប៊ុក (Facebook) ដែលលោកបានសរសេរកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ថា “ថ្ងៃនេះមានធ្លាយព័ត៌មានមួយតាមរយៈកាសែតភ្នំពេញ ប៉ុស្តិ៍ ពីមតិចូលចិត្ត ឬ likes ក្លែងក្លាយនៅលើទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន។ លោកថា ចំនួន likes មួយចំនួនធំលើហ្វេសប៊ុក លោក ហ៊ុន សែន គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើ ឲ្យបង្កើតគណនីក្លែងក្លាយ ដែលផ្ដល់មតិ like ឬចូលចិត្តឲ្យលោក ហ៊ុន សែន។ លោក សម រង្ស៊ី សរសេរបន្តថា អ្នកគេជួលធ្វើបែបនេះ ច្រើនជាងគេនៅប្រទេសឥណ្ឌា និងប្រទេសហ្វីលីពីន។
លោក សម រង្ស៊ី កាលណោះចាត់ទុកសាលក្រមតុលាការថា ជាការបិទបាំង ការបោកបញ្ឆោតប្រជាពលរដ្ឋ និងដាក់ទោសទណ្ឌលោក ដោយសារលោកហ៊ានលាតត្រដាងការពិត។
កាលពីចុងឆ្នាំ២០១៦ មានការបែកធ្លាយសារទំនាក់ទំនងរវាងចៅ និងតា តាមបណ្ដាញហ្វេសប៊ុកដែលគេសង្ស័យថា ជាការសន្ទនាគ្នារវាងកញ្ញា ធី សុវណ្ណថា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សារពីចៅបានសរសេរថា “Facebook របស់តា ជាមធ្យមបាន likes ជិត ៣.០០០ likes ចំនួននេះមិនអាចលើ សម រង្ស៊ី ទេ។ ចៅអាចធ្វើឲ្យ Facebook page របស់តា បាន ១ម៉ឺន likes ក្នុងមួយថ្ងៃ។ ចៅនឹងជួបជំនួយការតា និងប្រាប់ពីវិធីនេះ តែត្រូវប្រាប់គាត់ឲ្យលាក់ចំណេះដែលចៅប្រាប់ឲ្យជិត"។ ទាំងកញ្ញា ធី សុវណ្ណថា និងលោក ហ៊ុន សែន មិនបានប្រតិកម្មបដិសេធ ឬទទួលស្គាល់សារបែកធ្លាយនេះទេ។ លោក ហ៊ុន សែន ក៏មិនបានបញ្ជាឲ្យមានការស៊ើបអង្កេតករណីបែកធ្លាយសារនេះនោះដែរ៕