ក្រុមកម្មករអូសរទេះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ៥០នាក់ នៅព្រឹកថ្ងៃទី២៩ ខែមីនា តវ៉ាបិទផ្លូវនៅគល់ស្ពានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីដាក់សម្ពាធឲ្យសមត្ថកិច្ចថៃ ឈប់យកប្រាក់ដឹកទំនិញចូលពីថៃ មកកម្ពុជា តាមអំពើចិត្តបន្តទៀត។ សមត្ថកិច្ចថៃ តម្រូវឲ្យក្រុមកម្មករអូសរទេះបង់ប្រាក់ដឹកទំនិញចំនួន ២០០បាត ឬប្រមាណ ២ម៉ឺន ៣ពាន់រៀលក្នុងមួយជើង។
ក្រុមកម្មករអូសរទេះនៅច្រកព្រំដែនប៉ោយប៉ែត បានប្រតិកម្មទៅនឹងសមត្ថកិច្ចថៃ ប្រចាំច្រកព្រំដែនជាប់ប្រទេសកម្ពុជា មួយនេះថា ទារប្រាក់ដឹកទំនិញពីពួកគាត់ច្រើនហួសហេតុមិនអាចទទួលយកបានឡើយ។
តំណាងកម្មការិនីអូសរទេះនៅក្រុងប៉ោយប៉ែត ម្នាក់ អ្នកស្រី សៅ ភារី ឲ្យដឹងនៅថ្ងៃទី២៩ ខែមីនា ថា សមត្ថកិច្ចថៃ បានយកប្រាក់ដឹកទំនិញចាប់ហួយពីពួកគាត់ចំនួនពី ២០០ ទៅ ១ពាន់បាត ឬស្មើប្រមាណ ២ម៉ឺន ៣ពាន់ ទៅជាង ១០ម៉ឺនរៀល (១១៥.០០០) ក្នុងមួយជើង។ អ្នកស្រីអះអាងថា តម្លៃនេះគឺខុសពីពេលមុនៗឆ្ងាយណាស់ ដែលសមត្ថកិច្ចថៃ ត្រូវឲ្យពួកគាត់បង់ប្រាក់ប្រមាណ ៥ពាន់រៀលក្នុងមួយជើង។ អ្នកស្រីសង្កត់ធ្ងន់ថា តម្លៃពី ២០០ ទៅ ១ពាន់បាត ដែលសមត្ថកិច្ចថៃ បង្ខំឲ្យពួកគាត់បង់ប្រាក់រាល់ថ្ងៃនោះ គឺមិនអាចធ្វើឲ្យពួកគាត់បានប្រាក់ចំណេញយកទៅដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃបានឡើយ៖ «នៅខាងថៃ ទារ ២០០បាត ហើយមកដល់ខ្មែរបង់ឲ្យគយ ២០០បាតទៀត ហើយណាមួយនៅកម្មកររុញ និងសណ្ដោងរទេះទៀត មានអីសល់? រាល់ខ្ញុំធ្វើការឲ្យតែហត់ទេ មិនបានប្រាក់កម្រៃអីសោះ»។
ទាក់ទងនឹងបញ្ហានេះ ប្រធានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លោក វិច អូន មានប្រសាសន៍ថា សមត្ថកិច្ចថៃ ពិតជាបានយកប្រាក់ពីក្រុមកម្មករអូសរទេះច្រើនហួសហេតុប្រាកដមែន ហើយលោកថា កន្លងទៅសមត្ថកិច្ចព្រំដែនកម្ពុជា ក៏បានស្នើសុំទៅខាងភាគីថៃ ដែរ ប៉ុន្តែគ្មានដំណោះស្រាយ៖ «ខ្ញុំបានផ្ញើដំណឹងនេះជូនទៅអង្គកុងស៊ុល ដើម្បីធ្វើការចរចាដោះស្រាយជាមួយភាគីថៃ បើខាងយើងលូកដៃទៅវាផុតដែន យើងបានត្រឹមតែសំណូមពរទេ ព្រោះជាដែនប្រទេសគេ។ អ៊ីចឹងយើងសំណូមពរខាងអង្គកុងស៊ុលយើងប្រចាំប្រទេសហ្នឹង ឲ្យគាត់ចរចាដោះស្រាយ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា បញ្ហាដែលសមត្ថកិច្ចថៃ យកប្រាក់តាមអំពើចិត្តពីក្រុមកម្មករអូសរទេះ ដោយសារភាពទន់ខ្សោយរបស់មន្ត្រីជំនាញពាក់ព័ន្ធនៅខេត្តមួយនេះ ដែលមិនទៅដោះស្រាយជាមួយភាគីថៃ ឲ្យបានពេញដៃពេញជើង៖ «ទាក់ទងទៅលើសភាពាណិជ្ជកម្មហ្នឹងហើយជាអ្នកដោះស្រាយទៅលើវិវាទពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា។ អ៊ីចឹងគួរតែក្រោកឡើង ព្រោះខាងមន្ទីរ និងខាងក្រសួងទាំងអស់នោះ បង្កើតឡើងមិនមែនជាកម្រងផ្កាលំអសង្គមទេ»។
កម្មករអូសរទេះឲ្យដឹងថា នៅច្រកព្រំដែនប៉ោយប៉ែត មានរទេះដឹកទំនិញចេញចូលកម្ពុជា-ថៃ ទាំងអស់ជាង ១០០គ្រឿង។ បន្ទាប់ពីក្រុមកម្មករតវ៉ាប្រមាណ ១ម៉ោង សមត្ថកិច្ចថៃ បានហៅក្រុមអ្នកតវ៉ាជួបដោះស្រាយនៅច្រកព្រំដែនខាងទឹកដីថៃ នៅព្រឹកថ្ងៃដដែល ប៉ុន្តែគ្មានដំណោះស្រាយទេ។ ដោយខាងភាគីថៃ សម្រួលត្រឹមតែមិនយកប្រាក់ចំពោះរទេះដែលដឹកទំនិញតម្លៃប្រមាណពី ៥ម៉ឺន ៥ពាន់ (៥៥,០០០) រៀលចុះក្រោម និងជារបស់ដែលមានវិក្កយបត្រត្រឹមត្រូវ។ តែក្រុមកម្មករមិនព្រមតាមសំណើនេះ ហើយពួកគេគ្រោងធ្វើបាតុកម្មនៅថ្ងៃទី៣០ ខែមីនា បន្តទៀត៕