Clik here to view.

ស្ថានកុងស៊ុលខ្មែរប្រចាំទីក្រុងហូជីមិញប្រទេសវៀតណាម បានជួយសង្គ្រោះនារីខ្មែរ៣នាក់ ដែលចាញ់បោកមេខ្យល់យកទៅរៀបការជាមួយបុរសជនជាតិចិន មកកម្ពុជាវិញនៅថ្ងៃទី២៩ មីនា។
សេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បញ្ជាក់ថា ការជួយសង្គ្រោះនេះ ធ្វើឡើងដោយមានការសហការជាមួយសមត្ថកិច្ចវៀតណាម នៅពេលដែលនារីខ្មែរទាំង៣នាក់នោះ ត្រូវបានមេខ្យល់បោកបញ្ឆោត ធ្វើដំណើរឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីទៅរៀបការនឹងបុរសចិន នៅប្រទេសចិន។
នារីខ្មែរទាំង៣នាក់ដែលត្រូវបានជួយសង្គ្រោះនេះ មានស្រុកកំណើតនៅខេត្តតាកែវ ព្រៃវែង និងខេត្តកណ្ដាល ដែលមានអាយុចន្លោះពី២៦ ទៅ២៧ឆ្នាំ។
របាយការណ៍របស់ក្រសួងការបរទេសកម្ពុជាបង្ហាញថា រយៈពេល៣ឆ្នាំចុងក្រោយនេះ នារីខ្មែរជាង២រយនាក់ ត្រូវបានជួយសង្គ្រោះពីចិនមកកម្ពុជាវិញ។ ភាគច្រើននៃពួកគេបានចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសចិន ឬធ្វើការដោយខុសច្បាប់នៅទីនោះ៕