Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី នៅ​ព្រៃវែង​ប្រតិកម្ម​នឹង​ការ​កាត់​ប្រាក់ខែ

$
0
0

សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ជា​ច្រើន​រូប​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅ​ខេត្ត​ព្រៃវែង ត្រូវ​បាន​ក្រសួង​មហាផ្ទៃ កាត់​ប្រាក់ខែ និង​រំលាយ​តួនាទី​ចោល​នៅ​អំឡុង​ខែ​មីនា បន្ទាប់​ពី​ពួកគាត់​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ។ រី​ឯ​មន្ត្រី​រដ្ឋាភិបាល​ថា សេចក្ដី​សម្រេច​នេះ គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ខណៈ​សង្គម​ស៊ីវិល​យល់​ថា អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​រដ្ឋបាល​របស់​ឃុំ-​សង្កាត់។

សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ជា​ច្រើន​រូប​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នៅ​ខេត្ត​ព្រៃវែង ហាក់​មិន​អស់​ចិត្ត​ចំពោះ​ក្រសួង​មហាផ្ទៃ ដែល​កាត់​ប្រាក់ខែ និង​រំលាយ​តួនាទី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​របស់​ពួកគាត់ ដែល​ពុំ​ទាន់​ចប់​អាណត្តិ​ការងារ​រយៈពេល ៥​ឆ្នាំ។

ជំទប់​ទី​២ ឃុំ​គ្រញូង ស្រុក​កំចាយមារ លោក យឹម សារ៉ុន  ចាត់​ទុក​ការ​រំលាយ​សមាជិកភាព​របស់​លោក​ចេញ​ពី​ក្រុមប្រឹក្សា​ឃុំ​គ្រញូង​នេះ គឺ​មិន​ត្រឹមត្រូវ ព្រោះ​ពួក​លោក​បាន​បម្រើ​ការងារ​ពេញលេញ​នៅ​ក្នុង​ខែ​មីនា ប៉ុន្តែ​បែរ​ជា​ក្រសួង​មហាផ្ទៃ ទើប​ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ចុង​ខែ​នេះ​ទៅ​វិញ។ លោក​ចាត់​ទុក​ថា រឿង​នេះ​គឺ​ជា​រឿង​នយោបាយ៖ «»។

​នៅ​ខេត្ត​ព្រៃវែង មាន​ឃុំ-​សង្កាត់​ចំនួន​១១៦ ហើយ​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ចំនួន ៣៥៦​រូប ក្នុង​នោះ​មាន​មេ​ឃុំ​ចំនួន ១២​រូប។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ណែនាំ​ពី​ការ​អនុវត្ត​គោលការណ៍ និង​នីតិវិធី​ចំពោះ​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ឬ​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ និង​ខេត្ត ដែល​ទៅ​ឈរ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ថ្មី។ ក្នុង​នោះ​បង្ហាញ​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នឹង​បាត់បង់​តួនាទី​របស់​ខ្លួន​ក្រោយ​ពី​បាន​ទៅ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន មាន​ប្រសាសន៍​ថា បើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​គណបក្ស​ណា​មួយ​ទៅ​ឈរ​ឈ្មោះ​បេក្ខភាព​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង មាន​ន័យ​ថា បុគ្គល​នោះ​គឺ​ជា​សមាជិកភាព​នៃ​គណបក្ស​នយោបាយ​ចុង​ក្រោយ។ លោក​បញ្ជាក់​ថា វិធានការ​នេះ​ផ្អែក​តាម​ច្បាប់​ស្ដីពីគណបក្ស​នយោបាយ និង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ៖ «»។

មាត្រា​១៤ និង​មាត្រា​១៥ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចែង​ថា "ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​មិន​អាច​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី​មួយ​ក្នុង​ពេល​តែ​មួយ​បាន​ទេ។ ក្នុង​ករណី​ដែល​បុគ្គល​មួយ​រូប​ចូល​ជា​សមាជិក​គណបក្ស​នានា​ជា​ច្រើន សមាជិកភាព​ជាមួយ​គណបក្ស​ចុង​ក្រោយ​ត្រូវ​ចាត់ទុកជា​បាន​ការ"។

ឯ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី យល់​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បាន​ចែង​ដូច្នេះ​មែន ប៉ុន្តែ​ច្បាប់​នេះ ហាក់​ដូច​ជា​មាន​ភាព​ចន្លោះប្រហោង។

លោក សំ គន្ធាមី ពន្យល់​បន្ថែម​ថា ប្រសិនបើ​ពួកគាត់​អស់​តួនាទី​នៅ​ក្នុង​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ហើយ​ទម្រាំ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ថ្មី​ចូលកាន់​តំណែង​នោះ គឺ​នៅ​សល់​ចន្លោះ​ពេល​ជាង ៣​ខែ ដូច្នេះ​វា​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រតិបត្តិការ​របស់​ឃុំ-​សង្កាត់ ព្រោះ​សេចក្ដី​សម្រេច​របស់​ឃុំ​មិន​មាន​កូរ៉ុម​គ្រប់ ដោយសារ​មានតែ​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា៖ «»។

​លោក​បន្ត​ថា ខ្លឹមសារ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-​សង្កាត់ បង្ហាញ​ថា ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ គឺ​តម្រូវ​ឲ្យ​មាន​ក្រុម​ប្រជុំ និង​ក្រុម​សម្រេច​ស្មើ​នឹង​ពាក់កណ្ដាល​បូក​មួយ​ក្នុង​ចំណោម​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ទាំង​អស់។ តែ​ប្រសិនបើ​បាត់បង់​សមាជិកភាព​ណា​មួយ​ក្នុង​ក្រុមប្រឹក្សា​ឃុំ​នោះ ដែល​មាន​ក្នុង​អាណត្តិ​មុន បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ ហើយ​ប្រសិនបើ​ការ​សម្រេច​មិន​គ្រប់​ចំនួន​កំណត់ មាន​ន័យ​ថា ការ​សម្រេច​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់។

បញ្ហា​នេះ​លោក​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិចារណា និង​ពិនិត្យ​ឡើង​វិញ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles