Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ជិត​២០​គ្រួសារ​នៅ​ស្រុក​ចម្ការលើ​ស្នើ​អាជ្ញាធរ​ដោះស្រាយ​សំណង​ដីធ្លី​សមរម្យ

$
0
0

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​តាអុង ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម ជិត ២០​គ្រួសារ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ អាន ម៉ារ៉ាឌី តម្រូវ​ឲ្យ​ទៅ​រស់នៅ​តំបន់​ផ្សេង​ក្នុង​ស្រុក​ដដែល ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ឲ្យ​បាន​ឆាប់​រហ័ស។ ការ​ស្នើ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ផ្តល់​សំណង​ជូន​ពលរដ្ឋ​ចំនួន​ពីរ​លើក​រួច​មក​ហើយ ប៉ុន្តែ​ពួក​គាត់​មួយ​ចំនួន​មិន​ទាន់​ទទួល​បាន​សំណង​នោះ​ឡើយ។

ក្នុង​ចំណោម​ពលរដ្ឋ​ជិត ២០​គ្រួសារ​ដែល​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល គឺ​មាន​អ្នក​ខ្លះ​ត្រូវ​ស្នាក់នៅ​ជាមួយ​ឪពុក​ម្ដាយ ហើយ​មាន​ខ្លះ​សុំ​ផ្ទះ​គេ​ស្នាក់នៅ​បណ្ដោះអាសន្ន។ ការ​សម្រេច​ធ្វើ​ដូច្នេះ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​តែង​មក​ប្រាប់​ពួក​គាត់​ឲ្យ​ចាកចេញ​ពី​លំនៅឋាន​ចាស់​របស់​ខ្លួន ព្រោះ​ក្រុមហ៊ុន​ត្រូវការ​សាងសង់​ផ្ទះ​ថ្មី​ជូន​កម្មករ​នៅ​លើ​ទីតាំង​ភូមិ​ចាស់​ដែល​ពលរដ្ឋ​កំពុង​រស់នៅ។

ពលរដ្ឋ​នៅ​ភូមិ​៣៣ ឃុំ​តាអុង លោកស្រី នួន សូនី ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៣ ខាង​ក្រុមហ៊ុន​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ផ្លាស់​មក​រស់នៅ​ទីតាំង​ថ្មី នៅ​ភូមិ​៣៥ ឃុំ​បុសខ្នុរ ជា​ថ្នូរ​នឹង​សំណង​ទទួល​បាន​ដី​ទំហំ​ទទឹង ១០​ម៉ែត្រ បណ្តោយ ២០​ម៉ែត្រ និង​ប្រាក់​មួយ​ចំនួន។ រហូត​ដល់​នៅ​ខែ​មីនា ឆ្នាំ​២០១៧ ក្រុមហ៊ុន​ក៏​បាន​ផ្តល់​សំណង​ជា​លើក​ទី​២ ដល់​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ដោះស្រាយ​ពី​មុន​មក ប៉ុន្តែ​ពួក​គាត់​ជិត ២០​គ្រួសារ នៅ​តែ​មិន​ទទួល​បាន​ដំណោះស្រាយ​ដដែល៖ «ផ្ទះ​សម្បែង​អី​សុទ្ធតែ​មាន​ទាំងអស់។ ផ្ទះ​ពិត​របស់​ខ្លួន​ឯង​ពិត​តែ​ម្តង»

ទីតាំង​ចាស់​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ផ្លាស់ប្ដូរ​ចេញ​ពេល​នេះ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ចម្ការ​កៅស៊ូ​របស់​រដ្ឋ​ពី​ដើម​មក ហើយ​ពួក​គាត់​ភាគច្រើន​ជា​កម្មករ​ចម្ការ​កៅស៊ូ ប៉ុន្តែ​ក្រោយ​មក ត្រូវ​បាន​រាជ​រដ្ឋាភិបាល​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិញ។

ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី ហ៊ាន ណារ៉ែន បញ្ជាក់​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អាជ្ញាធរ ប៉ុន្តែ​មិន​មាន​វិធានការ​ដោះស្រាយ​ឡើយ។ លោកស្រី​បន្ត​ថា វិធានការ​ផ្លាស់ប្ដូរ​ទីតាំង​ដែល​កម្មករ​ធ្លាប់​រស់នៅ​ចាស់ ទៅ​កន្លែង​ថ្មី មិន​បាន​ធ្វើ​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​ទេ៖ «នៅ​ហ្នុង​យើង​មិន​ដឹង​ថា​ធ្វើ​អី​រក​អី ចុះ​បើ​កៅស៊ូ​របស់​គេ​កាប់​អស់​ហើយ យើង​រក​អី​ទៀត។ អ៊ីចឹង​ដើរ​រក​ស៊ី​ទៅ​ស្រុក​គេ​ស្រុក​ថៃ អ៊ីចឹង​ទៅ។ ដល់​ពេល​មក​វិញ គេ​យក​ដី​ផ្ទះ​យើង​បាត់​ហើយ​ហ្នឹង»

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​តាអុង លោក ខែម យ៉ង់ មាន​ប្រសាសន៍​ថា ទីតាំង​ភូមិ​ចាស់​ដែល​ពលរដ្ឋ​កំពុង​រស់នៅ គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន​ត្រូវការ​ទីតាំង​ភូមិ​ចាស់ សម្រាប់​សាងសង់​ផ្ទះ​ឲ្យ​កម្មករ​ថ្មី​រស់នៅ។ លោក​បន្ត​ថា មិន​មែន​ជា​ការ​បណ្ដេញ​ចេញ​ទេ ហើយ​ក៏​មិន​បាន​បង្ខិតបង្ខំ​ពលរដ្ឋ​នោះ​ដែរ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​ទីលំនៅ​នេះ គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត រួម​ផ្សំ​នឹង​មាន​សំណង​មួយ​ចំនួន​ផង។ លោក​បញ្ជាក់​ថា ចំពោះ​ពលរដ្ឋ ១៧​គ្រួសារ ខាង​លោក​មិន​ដែល​ទទួល​បាន​ពាក្យ​បណ្ដឹង​ទេ ហើយ​ការ​ដោះស្រាយ​យ៉ាង​ណា គឺ​អាស្រ័យ​ទៅ​លើ​ក្រុមហ៊ុន និង​ពលរដ្ឋ​ទាំងនោះ៖ «ជួនកាល​អ្នក​ខ្លះ​បាន​ហើយ មិន​ព្រម​ចេះ​តែ​កុហក គេ​ថា​មិន​បាន ហើយ​មក​ត្រង់​នេះ​មក​ត្រង់​ណោះ»

តំណាង​ក្រុមហ៊ុន អាន ម៉ារ៉ាឌី លោក ឃឹង នុភាព មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ មីនា ថា ខាង​លោក​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ពលរដ្ឋ ១៧​គ្រួសារ​នោះ​ឡើយ ពីព្រោះ​មិន​ទាន់​ទទួល​បាន​ឯកសារ​ណា​មួយ​ពី​ពួក​គាត់៖ «បើ​គាត់​អត់​នេះ​ទេ គាត់​អាច​ដាក់​តាម​រយៈ​អាជ្ញាធរ ព្រោះ​ការ​ធ្វើ​ហ្នឹង​មិន​មែន​ក្រុមហ៊ុន​អ្នក​សម្រេច​តែ​ម្នាក់​ឯង​ទេ។ ការ​ធ្វើ​ហ្នឹង​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​ភូមិ ឃុំ ស្រុក​ចូលរួម»

តំណាង​ក្រុមហ៊ុន​ដដែល​បញ្ជាក់​ថា គោលការណ៍​សម្រេច​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​រស់នៅ​កន្លែង​ថ្មី ជា​ការ​សម្រេច​របស់​ថ្នាក់​ជាតិ ដែល​បាន​កំណត់​ថា ពលរដ្ឋ​មិន​មែន​ជា​កម្មករ​របស់​ក្រុមហ៊ុន ឬ​ជា​អតីត​កម្មករ​របស់​ក្រុមហ៊ុន ត្រូវ​ទៅ​រស់នៅ​កន្លែង​ថ្មី។ គោលការណ៍​របស់​ក្រុមហ៊ុន សម្រេច​ផ្តល់​សំណង​ជូន​ពលរដ្ឋ​មិន​បាន​គ្រប់​គ្នា​ទេ ពោល​គឺ​ផ្តល់​ជូន​អ្នក​ដែល​មាន​ផ្ទះ​ពិត​ប្រាកដ ទោះ​បី​ជា​ផ្ទះ​ក្រុមហ៊ុន ឬ​ផ្ទះ​ឯកជន​ក្តី ដោយ​គិត​ជា​ខ្នង​ផ្ទះ មិន​មែន​គិត​ចំនួន​គ្រួសារ​ឡើយ។ សំណង​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​ពលរដ្ឋ ដូចជា​ដី​លំនៅឋាន​ទំហំ ១០​ម៉ែត្រ​គុណ ២០​ម៉ែត្រ ថវិកា​ចំនួន ២​លាន​រៀល ឬ​ស្មើ​ប្រមាណ ៥០០​ដុល្លារ។ បន្ថែម​ពី​នេះ ក្រុមហ៊ុន​ជួយ​ភ្ជាប់​បណ្ដាញ​ទឹក ភ្លើង​អគ្គិសនី និង​ចេញ​ថ្លៃ​ដឹក​ជញ្ជូន​សម្ភារ​ពី​ភូមិ​ចាស់ មក​កាន់​ភូមិ​ថ្មី​ទៀត​ផង។

លោក​អះអាង​ថា ជា​ជំហាន​ដំបូង ពលរដ្ឋ​នៅ​ភូមិ​ចំនួន​២ គឺ​ភូមិ​៣៣ និង​ភូមិ​អ៊ិន៥ (N5) ត្រូវ​បាន​ក្រុមហ៊ុន​ដោះស្រាយ​សំណង​សម្រេច​បាន​ប្រមាណ ៩៨​ភាគរយ ហើយ​គម្រោង​នេះ​នឹង​ធ្វើ​សម្រាប់​ភូមិ​ជាង​១០ នៅ​ក្នុង​ស្រុក​ចម្ការលើ ទាំងមូល។

មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី យល់​ថា អ្វី​ដែល​ពលរដ្ឋ​ស្នើសុំ គឺ​ស្រប​ទៅ​តាម​ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ដែល​ធ្លាប់​ប្រកាស​កាត់​ផ្ទៃដី​ទំហំ​ជាង ៣០០​ហិកតារ​ជូន​ពួក​គាត់​ចំនួន ២០០​គ្រួសារ។ បន្ថែម​ពី​នេះ​លោក​បញ្ជាក់​ថា ពលរដ្ឋ​ទាំង ១៧​គ្រួសារ​នោះ គឺ​សុទ្ធតែ​មាន​ខ្នង​ផ្ទះ​រៀងៗ​ខ្លួន​ថែម​ទៀត។ លោក​បន្ត​ថា ប្រសិន​បើ​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ប្រជាពលរដ្ឋ​នឹង​កាន់​តែ​រងគ្រោះ ពីព្រោះ​ពួក​គាត់​ត្រូវការ​ជម្រក​សមរម្យ​សម្រាប់​រស់នៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles