
អ្នកស្រី ប៊ូ រចនា ភរិយាលោក បណ្ឌិត កែម ឡី ប្រតិកម្មទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ ដែលថាប្រសិនបើអ្នកស្រីមិនចូលខ្លួនតាមការកោះហៅរបស់តុលាការ នៅថ្ងៃទី៣ ខែមេសា ខាងមុខ នោះទេ អ្នកស្រី នឹងត្រូវទទួលទោសតាមផ្លូវច្បាប់។
ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ លោក ជុន ច័ន្ទបុត្រ កាលពីថ្ងៃទី ៣១ ខែមីនា អ្នកស្រី ប៊ូ រចនា និងកូនប្រុស ៥នាក់ ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសអូស្ត្រាលី អះអាងថា អ្នកស្រី មិនមែនជាដើមបណ្ដឹងទេ ហើយថា មូលហេតុដែលអ្នកស្រីមិនបានដាក់ពាក្យប្ដឹងទៅតុលាការ ដោយសារមិនមានជំនឿលើប្រព័ន្ធតុលាការ ថានឹងអាចរកយុត្តិធម៌ ដល់ក្រុមគ្រួសាររបស់អ្នកស្រី ជាពិសេស គឺស្វែងរកឃាតកពិត ដែលបានបាញ់សម្លាប់ស្វាមីអ្នកស្រី គឺ លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះ។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍ លោក ហ៊ឹង ប៊ុនជា បានចេញដីកាបង្គាប់ឲ្យអ្នកស្រី ប៊ូ រចនា ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវចូលខ្លួនមកសាលាឧទ្ធរណ៍ នៅថ្ងៃទី ៣ ខែមេសា ជាកំណត់ ដើម្បីជំនុំជម្រះលើជនជាប់ចោទ ឈ្មោះ អឿត អាង ហៅជួប សម្លាប់ នៅថ្ងៃទី៣ ខែមេសា។
សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ ២០១៧ បានប្រកាសសាលក្រម កាត់ទោស អឿត អាង ហៅជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់។ ប៉ុន្តែប្រជាពលរដ្ឋទាំងនៅក្នុង និងក្រៅប្រទេស ព្រមទាំងអង្គការជាតិ និងអន្តរជាតិជាច្រើន យល់ស្របដូចគ្នាថា ជួប សម្លាប់គឺជាឃាតកសិប្បនិមិត្ត។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី ជុំវិញបញ្ហានេះ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។