Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អតីត​អភិបាល​ខេត្ត​តាកែវ​ត្រូវ​បាន​ចាប់​ខ្លួន​សួរនាំ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​ស្រី​ស្នេហ៍

$
0
0

អតីត​អភិបាល​ខេត្ត​តាកែវ​លោក ឡាយ វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​បញ្ជា​របស់​ព្រះ​រាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​មេសា។ ការ​ឃាត់​ខ្លួន​នេះ ដើម្បី​នាំមក​សួរនាំ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​ស្រី​ស្នេហ៍​របស់​ខ្លួន កាល​ពី​ដើម​ឆ្នាំ​២០១៨។

ព្រះរាជ​អាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្ត​តាកែវ ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការ​នគរបាល​ជាតិ អោយ​បាន​មុន​ថ្ងៃ​ទី​២០ ខែ​មេសា។

ក្នុង​ដីកា​នោះ លោក សៀង សុខ បញ្ជាក់​ថា នឹង​សួរនាំ​លោក ឡាយ វណ្ណៈ អំពី​ដំណើររឿង​ឃាតកម្ម កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​ក្នុង​សង្កាត់​រកាក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក​ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក ឡាយ វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ នៅមុខ​វិទ្យាល័យ ជា ស៊ីម ស្ថិត​ក្នុង​សង្កាត់​រកាក្នុង ក្រុង​ដូនកែវ បន្ទាប់ពី​លោក​ចូលរួម​ពិធី​ផ្ទេរ​មុខតំណែង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​តាកែវ ទៅ​ឲ្យ​អភិបាល​ខេត្ត​តាកែវ​ថ្មី។

លោក ខៀវ សុភ័គ បន្ត​ថា ការ​ឃាត់​ខ្លួន​នេះ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើ​ការ​ស៊ើបអង្កេត​មួយ​រយៈ និង​ទទួល​បាន​ចម្លើយ​ពី​ជនសង្ស័យ​៥​នាក់​ទៀត​ថា លោក ឡាយ វណ្ណៈ ជា​ជនសង្ស័យ​ម្នាក់ទៀត ដែល បាន​លាក់បាំង​សំណុំ រឿង​ឃាតកម្ម​ទៅលើ​ស្រី​ស្នេហ៍​របស់​ខ្លួន​ទៅជា​សំណុំ​រឿ​អត្តឃាត​វិញ។

លោក​បន្ត​ថា សមត្ថកិច្ច​នឹង​បញ្ជូន​លោក ឡាយ វណ្ណៈ ព្រមទាំង​ឯកសារ​ដាក់​បន្ទុក​ផ្សេងៗ​ទៀត ជូន​តុលាការ ប៉ុន្តែ​មិនទាន់​កំណត់ពេល​ទេ។

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174