Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ឃុំ​យាង​ខេត្ត​ព្រះវិហារ​រង​ការ​ចោទ​ថា​ដើរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា

$
0
0

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។ ទន្ទឹម​នឹង​ដំណើរការ​បោះឆ្នោត​ជិត​មក​ដល់​នេះ អាជ្ញាធរ​ភូមិ-ឃុំ​ខ្លះ​ដែល​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច ក៏​កំពុង​តែ​ប្រឹងប្រែង​រិះរក​យុទ្ធសាស្ត្រ​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​កៅអី​មេ​ឃុំ​នៅ​តាម​មូលដ្ឋាន កុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ដណ្ដើម​យក​បាន​ផង​ដែរ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​យាង ស្រុក​ជាំក្សាន្ត នៃ​ខេត្ត​ព្រះវិហារ ចោទ​ប្រកាន់​ថា អាជ្ញាធរ​ភូមិ-ឃុំ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បំភិត​បំភ័យ​ដោយ​ដើរ​សួរ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ ថា​តើ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ខាង​មុខ​នេះ?

សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​យាង គឺ​លោក សៅ សុខា។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២៩ ខែ​មីនា ថា​អនុប្រធាន​ភូមិ​រស្មី ឈ្មោះ នាក ចាន់តារា តែង​ដើរ​សួរ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ​រយៈពេល ២-៣​ថ្ងៃ​មក​ហើយ ថា​តើ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា? សកម្មជន​ដដែល​បញ្ជាក់​ថា លោក​បាន​សួរ​ទៅ​អនុប្រធាន​ភូមិ​ដែល​ដើរ​សួរ​ប្រជាពលរដ្ឋ​នោះ ហើយ​គេ​បាន​ឆ្លើយ​ថា គេ​ទទួល​បញ្ជា​ពី​មេ​ឃុំ​យាង ឲ្យ​ធ្វើ​ដូច្នេះ។

លោក សៅ សុខា យល់​ថា សកម្មភាព​ដើរ​សួរ​ប្រជាពលរដ្ឋ​អំពី​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នោះ គឺ​ជា​ការ​បំភិត​បំភ័យ ហើយ​លោក​ដឹង​ថា នៅ​តាម​ភូមិ​ជាច្រើន គឺ​មេ​ភូមិ​កំពុង​ដើរ​សួរ​ដូច​គ្នា​នេះ៖ «គេ​សម្លុត​ថា​បើ​បោះ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​បោះ បើ​មិន​បោះ ប្រយ័ត្ន​គេ​ដឹង។ បើ​ឆ្លើយ​ថា​បោះ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ ហ៊ាន​តែ​បោះ​ឲ្យ​អ្នក​ណា​ទៀត​ក៏​គេ​ដឹង»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អនុប្រធាន​ភូមិ​រស្មី លោក នាក ចាន់តារា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា។

ចំណែក​មេ​ឃុំ​យាង លោក ហ៊ឹម ហឿន បាន​បដិសេធ​ថា លោក​មិន​បាន​ប្រើ​មេ​ភូមិ និង​អនុប្រធាន​ភូមិ​ណា​មួយ​ដើរ​សួរ​ប្រជាពលរដ្ឋ​អំពី​ការ​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នោះ​ទេ។

លោក ហ៊ឹម ហឿន មាន​ប្រសាសន៍​ថា រយៈពេល ២-៣​ថ្ងៃ​មក​នេះ ឃុំ​មាន​ផែនការ​ឲ្យ​មេ​ភូមិ អនុប្រធាន​ភូមិ ដើរ​ជំរឿន​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ​មែន តែ​លោក​មិន​បាន​ប្រើ​ឲ្យ​សាកសួរ​រឿង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នោះ​ឡើយ៖ «អត់​ទេ! អត់​មាន​ទេ! មិន​ទាន់​មាន​គោលការណ៍​ណា​មួយ​ទេ។ ខ្ញុំ​នឹង​ទូរស័ព្ទ​ទៅ​សួរ​អនុប្រធាន​ភូមិ​នោះ តើ​ពិត​ជា​បាន​ដើរ​សួរ​ប្រជាពលរដ្ឋ​អំពី​ការ​សម្រេច​ចិត្ត​បោះឆ្នោត​មែន ឬ​ក៏​អត់

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ព្រះវិហារ លោក ចូ ម៉ាប់ បាន​ឆ្លើយ​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជុំវិញ​រឿង​អនុប្រធាន​ភូមិ​រស្មី ដើរ​សួរ​ប្រជាពលរដ្ឋ ថា​តើ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នោះ​នៅ​ឡើយ​ទេ។ លោក ចូ ម៉ាប់ បញ្ជាក់​ថា ការ​ដើរ​សួរ​ប្រជាពលរដ្ឋ​ដូច្នេះ គឺ​ជា​អំពើ​ខុស​នឹង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត។

ទោះ​យ៉ាង​ណា អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​ជុំវិញ​រឿង​អនុប្រធាន​ភូមិ​រស្មី ដើរ​សួរ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ ថា​តើ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​នោះ តាំង​តែ​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា។

លោក ឡោ ចាន់ ចាត់​ទុក​សកម្មភាព​នោះ​ថា​គឺ​ជា​ការ​គំរាម​កំហែង​ទៅ​លើ​ម្ចាស់​ឆ្នោត ហើយ​លោក​នឹង​ចុះ​ស្រាវជ្រាវ ប្រសិន​បើ​គណបក្ស​ប្រឆាំង​មាន​បណ្ដឹង​ជា​លាយលក្ខណ៍​អក្សរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles