វិស័យរ៉ែមាស មានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ វិស័យនេះនឹងបើកផ្លូវផ្ដល់ឱកាសដល់ការហូរចូលវិនិយោគបរទេស។ រ៉ែមាស តាំងនៅកណ្ដាលព្រៃជ្រៅតាមតំបន់ភ្នំដាច់ស្រយាលដែលពិបាកធ្វើដំណើរដល់។ គម្រោងផ្លូវថ្នល់ ការកសាងសាលារៀន មន្ទីរពេទ្យ និងការបង្កើតការងារ ជាអ្វីដែលក្រុមហ៊ុនវិនិយោគវិស័យរ៉ែ រំពឹងថា នឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនក្រីក្រ ដែលរស់នៅតំបន់មានរ៉ែមាស។
តើរ៉ែមាសនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា និងជីវិតរបស់ប្រជាជនមូលដ្ឋានចាំងចែង ឬស្រអាប់?
ចាប់ពីឆ្នាំ២០១៨ ទៅ ក្រុមហ៊ុនមេស្កូ ហ្គោល (Mesco Gold) នឹងបូមយករ៉ែមាសពីជម្រៅ ១០០ម៉ែត្រក្រោមដី លើផ្ទៃដីទំហំ ១២គីឡូម៉ែត្រការ៉េ ក្នុងខេត្តរតនគិរី។
ក្រុមហ៊ុនមេស្កូ ហ្គោល រំពឹងថា មាស ២ពាន់ក្រាម (២គីឡូក្រាម) នឹងត្រូវចម្រាញ់យកពីរ៉ែនេះ ក្នុងមួយថ្ងៃៗ។ រដ្ឋាភិបាលរំពឹងថា នឹងទទួលបានប្រាក់ចំណូលពីការបង់ពន្ធចូលថវិកាជាតិប្រមាណ ៤០០លានដុល្លារ ខណៈក្រុមហ៊ុននេះរំពឹងថា នឹងរកប្រាក់ចំណូលបាន ៤៥៧លានដុល្លារ។
យើងធ្វើដំណើរទៅស្រុកអណ្ដូងមាស ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីក្រុងបានលុង ទៅជួបប្រជាជនមូលដ្ឋាន និងមើលទីតាំងរុករករ៉ែមាសដើម្បីស្វែងយល់ពីអាជីវកម្មនេះ។
ប្រជាពលរដ្ឋរស់នៅក្នុងទីនេះ ភាគច្រើនលើសលប់ជាជនជាតិដើមភាគតិចចារ៉ាយ។ លោក រម៉ាស់ លិវ ចាស់ព្រឹទ្ធាចារ្យនៅភូមិដាលវាលឡែង រៀបរាប់ថា ដូចប្រជាជនជនជាតិដើមផ្សេងទៀតដែរ ព្រៃឈើ និងធនធានធម្មជាតិជាជីវិតរបស់អ្នកភូមិ៖ «អ្នកភូមិទៅព្រៃ បោចវល្លិ ដងជ័រ ធ្វើចម្ការ។ កាលពីមុនពេលក្រុមហ៊ុនមក អ្នកភូមិក៏រែងមាស»។
កាលពីប៉ុន្មានឆ្នាំមុន មានក្រុមហ៊ុនឯកជនមួយចំនួនចូលមកភូមិនេះតាមរយៈដីសម្បទាន។ ក្នុងនោះក៏មានក្រុមហ៊ុន ចូលមករុករក និងធ្វើអាជីវកម្មរ៉ែមាស។
ឧស្សាហកម្មរ៉ែមាស មានសក្ដានុពលខ្លាំងសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែ រ៉ែមាសភាគច្រើនមិនទាន់ត្រូវគេធ្វើអាជីវកម្មក្នុងទម្រង់ឧស្សាហកម្ម ប្រើសម្ភារៈគ្រឿងចក្រធំដុំនៅឡើយ។
ការរុករក និងធ្វើអាជីវកម្មរ៉ែមាសតាមបែបបុរាណ មានជាយូរយារណាស់មកហើយ ពិសេសនៅក្នុងខេត្តរតនគិរី នេះ។ ការចូលមកដល់របស់ក្រុមហ៊ុនវិនិយោគបរទេសធំៗ ដែលសម្លឹងឃើញពីផលចំណេញនៃការធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា ផ្ដល់នូវក្ដីសង្ឃឹមដល់ការអភិវឌ្ឍលើវិស័យនេះ ពិសេសបានសន្យាពីការជួយប្រជាជនមូលដ្ឋាន ដែលភាគច្រើនជាជនជាតិភាគតិច ឲ្យរស់នៅបានប្រសើរ។
រ៉ែមាស ត្រូវគេរកឃើញមានកប់ស្ទើរតែពាសពេញភូមិដាលវាលឡែង នេះ រាប់ពីដីក្នុងភូមិ ដីចម្ការ ដីកប់សព ក្រោមទឹកទន្លេ និងនៅភ្នំខាងក្រោយភូមិ។ ទីតាំងភ្នំនេះ កំពុងត្រូវក្រុមហ៊ុនអង្គរហ្គោល (Angkor Gold) សិក្សាស្រាវជ្រាវពីលទ្ធភាពធ្វើអាជីវកម្មខ្នាតធំ បន្ទាប់ពីរុករកឃើញថា មានរ៉ែមាស។
យើងបានទៅដល់ទីតាំងភ្នំងោក ដែលជាព្រំប្រទល់ស្រុកចំនួនបី គឺស្រុកអូរយ៉ាដាវ ស្រុកបរកែវ និងស្រុកអណ្ដូងមាស។ វាមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ពីភូមិដាលវាលឡែង។ យើងឃើញមានរណ្ដៅមួយដែលគេជីករុករករ៉ែមាសក្នុងភ្នំនេះ។ ពេលយើងមកដល់ មានតំណាងក្រុមហ៊ុនមកសួរនាំយើងថា បានសុំការអនុញ្ញាតហើយ ឬនៅ?
លោក រម៉ាស់ ស្វែល ជនជាតិភាគតិចចារ៉ាយ ដែលបានទៅភ្នំងោក ជាមួយយើងថ្លែងថា៖ «ខ្ញុំបាក់ទឹកចិត្ត។ ដីរបស់យើង ភូមិរបស់យើង ពេលយើងមក គេមានសួរ មានឃាត់ មានហាមយើងទៀត។ គេមានសិទ្ធិ យើងអត់មានសិទ្ធិ។ គេមកក្រោយយើងសោះ គេមានសិទ្ធិកាន់កាប់ មានសិទ្ធិគ្រប់គ្រងនៅភ្នំងោកនេះ យើងនៅតាំងពីជីដូនជីតាហើយ អត់មានសិទ្ធិគ្រប់គ្រង»។
ខ្ញុំបាក់ទឹកចិត្ត។ ដីរបស់យើង ភូមិរបស់យើង ពេលយើងមក គេមានសួរ មានឃាត់ មានហាមយើងទៀត។ គេមានសិទ្ធិ យើងអត់មានសិទ្ធិ។ គេមកក្រោយយើងសោះ គេមានសិទ្ធិកាន់កាប់ មានសិទ្ធិគ្រប់គ្រងនៅភ្នំងោកនេះ យើងនៅតាំងពីជីដូនជីតាហើយ អត់មានសិទ្ធិគ្រប់គ្រង
លោក បន្តថា៖ «រាល់ដងមកភ្នំនេះរហូត ខែវស្សាក៏មក ខែប្រាំងក៏មក។ ខែវស្សាយើងមករែងមាស យកឆាងម៉ាង យកប៉ែល។ យើងរកតាមលក្ខណៈគ្រួសារ តាមដែលអាចធ្វើបាន បានប៉ុណ្ណា យើងហូបប៉ុណ្ណឹង បានប៉ុណ្ណា ចាយប៉ុណ្ណឹង។ អត់មានអ្នកណាឃាត់ អ្នកណាហាម។ ដល់ឥឡូវនឹងវាយ៉ាប់»។
ប្រជាសហគមន៍នៅភូមិដាលវាលឡែង បានអះអាងថា ក្រុមហ៊ុនដែលមកវិនិយោគរ៉ែមាស មិនបានជជែកពិភាក្សា សួរមតិរបស់ពួកគាត់ជាមុនទេ មុននឹងវិនិយោគនៅក្នុងតំបន់នេះ។ ក៏ប៉ុន្តែនៅពេលមកសាកល្បងរុករកឃើញមានរ៉ែមួយចំនួនហើយ ទើបមកជជែកជាមួយពួកគាត់។ ពួកគាត់អះអាងថា នឹងមិនទទួលការវិនិយោគរបស់ក្រុមហ៊ុនក្នុងតំបន់របស់ពួកគាត់ទេ។
អ្នកភូមិដាលវាលឡែង ម្នាក់ទៀត លោកស្រី សេវ ផាក់ ប្រាប់ឲ្យដឹងពីការមកជីករករ៉ែរបស់ក្រុមហ៊ុនផ្សេងទៀតនៅក្នុងភូមិ ដោយមិនប្រាប់ឲ្យភូមិដឹងជាមុន៖ «កន្លែងរែងមាសហ្នឹង គេមិនសហការជាមួយអ្នកភូមិទេ ទាល់តែធ្វើរួច បានសហការ។ ទើបដឹងក្រុមហ៊ុនជាង លី នេះទេ។ ដូចគេលួចតែម្ដង។ ពេលអ្នកភូមិដើរទៅព្រៃ ឃើញប្រហោង។ ប្រហែលកន្លែងហ្នឹងមានក្រុមហ៊ុនគេចូលហើយ។ សួរភូមិបរខាំ ថា ក្រុមហ៊ុនអី? គេថាក្រុមហ៊ុន ៧២ មុនដំបូង។ ក្រុមហ៊ុនអង្គរ ហ្គោល ហ្នឹងក្រោយគេ។ អ៊ីចឹងបានគេធ្វើប្រហោងចេញចូលបាន ល្មមយើងជិះម៉ូតូបាន។ កាលហ្នឹងគេអត់សិក្សានឹងអ្នកភូមិទេ។ [...] កន្លែងមាសហ្នឹងគេថា ទោះមិនឲ្យក៏គេចូល។ មានក្រុមហ៊ុនអង្គរ ហ្គោល (គេមានហៅក្រុមហ៊ុនទេ គេហៅអង្គការ) ថាជួយបង្គន់ផង គ្រូបង្រៀនអង់គ្លេសផង។ វគ្គទីមួយ គេជួយមួយគ្រួសារ វគ្គទី២ ១០គ្រួសារ។ ជួយបន្តរហូតឲ្យធ្វើបង្គន់អីហ្នឹង អ្នកភូមិថា អត់ព្រម។ អ្នកខ្លាច។ កាលមុនអ្នកភូមិធ្លាប់អ៊ីចឹងដែរ។ ដូចក្រុមហ៊ុនជាងលី គេឈូសឆាយអស់ហើយ បានមកពិភាក្សា។ អ្នកភូមិកំពុងខឹង»។
យើងបានទៅជួបអ្នកភូមិម្នាក់ទៀត គឺលោក ក្លាន ពិន។ លោកជាតំណាងអ្នកភូមិដែលតែងជជែកជាមួយអាជ្ញាធរ និងក្រុមហ៊ុន។ លោកអះអាងថា សិទ្ធិរបស់ជនជាតិដើមភាគច្រើនដែលចែងក្នុងច្បាប់ហាក់ត្រូវបានគេដើររំលង៖ «អត់មានក្រុមហ៊ុនប្រសើរជាង។ នៅខែនេះ (កាលពីមុន) ស្រីៗ គេទៅរកត្រីនៅតាមអូរ។ ប៉ុន្មានឆ្នាំក្រោយនេះ មិនមានអ្នកណាទៅ ព្រោះគេខ្លាចក្រុមហ៊ុន។ ធម្មតាក្រុមហ៊ុនគាត់មិនធ្វើអីមែន ប៉ុន្តែសម្រាប់យើង នៅតែភ័យខ្លាច ព្រួយបារម្ភដដែល»។
ភូមិដាលវាលឡែង ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ជាទីតាំងដីព្រៃកប់សពរបស់ជនជាតិដើមភាគតិចចារ៉ាយ។ ទីតាំងនេះ ទល់មុខនឹងកូនកោះមួយនៅលើទន្លេសេសាន ដែលគេជឿជាក់ថា មានរ៉ែមាស ហើយថ្មីៗនេះ មានក្រុមហ៊ុនចិន បានសុំទីតាំងដីព្រៃកប់សពនេះ ដើម្បីវិនិយោគ។ ក៏ប៉ុន្តែសហគមន៍បានបដិសេធចំពោះសំណើនេះ ដោយពួកគាត់ថា ដីព្រៃកប់សពនេះ គឺមិនអាចប៉ះពាល់បានឡើយ។
ជនជាតិដើមភាគតិចចារ៉ាយ លោក រម៉ាស់ លិវ ថ្លែងដូច្នេះ៖ «ព្រៃនេះមិនឲ្យពីណាមកប៉ះពាល់ទេ សម្រាប់តែកប់ខ្មោច បុណ្យខ្មោច រាំរែក សុទ្ធតែចូលមកកន្លែងកប់សពនេះទាំងអស់ ពីព្រោះថា ជនជាតិដើមភាគតិចអត់មានបុណ្យច្រើនទេណា មានតែសែនព្រេនតិចតួច និងបុណ្យខ្មោចតែប៉ុណ្ណឹងទេ»។
យើងទៅជួបតំណាងក្រុមហ៊ុនអង្គរ ហ្គោល ដែលទទួលបានសិទ្ធិរុករករ៉ែមាសនៅសហគមន៍ដាលវាលឡែង តាំងពីឆ្នាំ២០១០។ ក្រុមហ៊ុនអង្គរ ហ្គោល នេះ កំពុងរុករករ៉ែនៅចំនួន ២០ទីតាំងក្នុងខេត្តមណ្ឌលគិរី និងរតនគិរី។ ក្រុមហ៊ុននេះរំពឹងថា នឹងជួយឲ្យវិស័យរ៉ែនៅកម្ពុជា ប្រសើរឡើង។ ក្រុមហ៊ុនអង្គរ ហ្គោល ច្រានចោលការចោទប្រកាន់របស់អ្នកភូមិ។
អ្នកស្រី ឌីលែន វីកស៍ (Delaye Weeks) អគ្គនាយករងទទួលបន្ទុកការងារអភិវឌ្ឍន៍សង្គមនៃក្រុមហ៊ុនអង្គរ ហ្គោល អះអាងថា ក្រុមហ៊ុនមិនបានហាមឃាត់អ្នកភូមិមិនឲ្យរកអនុផលព្រៃឈើនៅទីតាំងដែលរុករករ៉ែនោះទេ ហើយក្រុមហ៊ុនការពារផ្ដល់ប្រយោជន៍ដល់អ្នកភូមិ និងសហការជាមួយអាជ្ញាធរ និងអ្នកភូមិ៖ «វាមានបញ្ហាយល់ច្រឡំធំមួយ។ យើងរុករក យើងរើសយកសំណាកថ្ម និងដី ហើយក៏ជីកយកសំណាក។ ប៉ុន្តែយើងមិនបានកាប់ព្រៃឈើទេ។ យើងមិនមែនជាក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច។ យើងមិនត្រូវការកាប់ព្រៃឈើ។ ព្រៃឈើប្រាប់ពួកយើងពីព័ត៌មានដែលយើងរុករក។ ដូច្នេះយើងសិក្សាពីថ្មដែលនៅជុំវិញ យើងមិនកាប់ព្រៃឈើនោះទេ»។
អ្នកស្រីបន្ថែមទៀតថា៖ «អ្នកភូមិកំពុងរកការឈឺចាប់ ដោយសារសកម្មភាពរបស់ក្រុមហ៊ុនខ្លះ។ ពួកគាត់កំពុងឈឺចាប់ដោយដីសម្បទានសេដ្ឋកិច្ចដែលគេកាប់ព្រៃឈើ។ ប៉ុន្តែយើងមិនធ្វើអ៊ីចឹងទេ។ ទស្សនវិជ្ជារបស់ក្រុមហ៊ុនយើង គឺយើងប្ដេជ្ញាជាខ្លាំង ទោះពេលណាក៏ដោយ យើងនឹងមិនច្បាមយកដីរបស់ប្រជាជននោះទេ ហើយក៏មិនកាប់ព្រៃឈើដែរ។ យើងកំពុងព្យាយាមកសាងរបៀបរកស៊ីមួយដែលថែរក្សាប្រជាជន ជួយពួកគាត់ ថែរក្សាបរិស្ថាន មិនមែនធ្វើឲ្យពួកគាត់ឈឺចាប់ដោយការរកស៊ីរបស់យើងទេ។ អង្គរ ហ្គោល ខុសពីក្រុមហ៊ុនដទៃ»។
លោក ម៉ាយ៍ខ វីកស៍ (Mike Weeks) អគ្គនាយកក្រុមហ៊ុនអង្គរ ហ្គោល មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានជជែកជាមួយអាជ្ញាធរ និងសហគមន៍រួចរាល់មុននឹងចូលទៅវិនិយោគ៖ «បុគ្គលិកជាជនជាតិខ្មែររបស់យើង ខិតខំទាក់ទងជាមួយក្រសួងរ៉ែ រដ្ឋបាលថ្នាក់ស្រុក ឃុំ ភូមិ។ យើងក៏បានអញ្ជើញអ្នកភូមិដែលមិនមែនជាអាជ្ញាធរ ដែលជំទាស់នឹងមេភូមិ។ ម្ដងទៀត យើងប្ដេជ្ញាថា រាល់ទីតាំងពេលយើងចូលទៅក្នុងភូមិ វាជាទម្លាប់របស់យើង ត្រូវនិយាយជាមួយចាស់ទុំក្នុងភូមិ អាជ្ញាធរមូលដ្ឋាន ហើយពន្យល់ប្រាប់ពីអ្វីដែលយើងកំពុងធ្វើ ប្រាប់ពីការរុករករបស់យើង»។
ក៏ប៉ុន្តែលោក ក្លាន ពិន នៅភូមិដែលមានក្រុមហ៊ុនអង្គរ ហ្គោល កំពុងរុករក បដិសេធថា ក្រុមហ៊ុនមិនបានមកជួបពិភាក្សាជាមួយអ្នកភូមិនោះទេ៖ «អត់មកទេ។ អត់មកជជែក។ នៅពេលយើងឈ្លោះជាមួយគាត់ បានគាត់មកក្រោយនេះ។ គាត់មកបីលើក តែពួកខ្ញុំជំទាស់អត់ឲ្យ យើងអត់ឲ្យ។ (ទោះគាត់) លើកហេតុផល ក៏អត់ព្រម ព្រោះអីតំបន់នេះសំខាន់សម្រាប់អ្នកអណ្ដូងមាស ព្រោះឫស្សីផ្អរ មានតែនៅហ្នឹង។ យើងផ្ដោតការចិញ្ចឹមជីវិតនៅលើហ្នឹង។ ដូចកាផា កញ្ច្រែង ចង្អេរ បើអស់នៅហ្នឹង យើងទៅរកនៅណា? ហ្នឹងជាតម្រូវការសំខាន់»៕