Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ជ្រោយចង្វារ​ស្នើសុំ​លោក ជា សុផារ៉ា ជួយ​អន្តរាគមន៍​ឆ្វៀល​ដី​ចេញ​ពី​តំបន់​អភិវឌ្ឍន៍

$
0
0

ពលរដ្ឋ​ប្រហែល ២០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៃ​សហគមន៍​កៀនឃ្លាំង បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើសុំ​រដ្ឋមន្ត្រី ជា សុផារ៉ា ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​ពួក​គាត់​ដែល​មាន​ជម្លោះ​ជាង ៥​ឆ្នាំ​មក​ហើយ ដោយសារ​តែ​រង​ផល​ប៉ះពាល់​បាត់​ដីធ្លី​ពី​ការ​អភិវឌ្ឍ​បង្កើត​ទីក្រុង​រណប​ជ្រោយចង្វារ។

ក្រោយ​ពី​ចូល​ជួប​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ដែល​ទទួល​ពាក្យ​បណ្ដឹង​ហើយ តំណាង​ពលរដ្ឋ​នៅ​តំបន់​ជ្រោយចង្វារ លោក ជា សុផាត ឲ្យ​ដឹង​ថា ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​រក​មធ្យោបាយ​យ៉ាង​ណា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ​កំពុង​ប្រឈម។ នេះ​ជា​លើក​ជា​ទី​៤ ហើយ ដែល​ពួក​គាត់​ទៅ​រក​ដំណោះស្រាយ​ពី​លោក ជា សុផារ៉ា ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ៖ «ខ្ញុំ​សង្ឃឹម និង​ជឿជាក់​ទៅ​លើ​ស្មារតី​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដែល​លោក​មាន​ឆន្ទៈ​ជួយ​រាស្ត្រ​ជួយ​ប្រជាជន​តាម​គោលការណ៍​ដឹកនាំ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ពួក​ខ្ញុំ​ដែល​មាន​ដី​នៅ​តំបន់​ជ្រោយចង្វារ រងគ្រោះ​ដោយសារ​អភិវឌ្ឍ អូ.ស៊ី.អាយ.ស៊ី នេះ មិន​មែន​មាន​លទ្ធផល​ដូច​សាលា​ក្រុង ដែល​ដាក់​គំនាប និង​ដាក់​កំណត់​មក​ឲ្យ​ពួក​ខ្ញុំ ១០% ហ្នឹង​ទេ។ ខ្ញុំ​ជឿជាក់​ថា​អ៊ីចឹង ព្រោះ​ជា​ដី​របស់​ពួក​ខ្ញុំ»

ចំពោះ​ការ​ផ្ដល់ ១០% នៃ​ទំហំ​ដី​ដែល​ពលរដ្ឋ​មិន​សុខ​ចិត្ត​នេះ អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បដិសេធ​ថា​ពុំ​មាន​ការ​បែងចែក​ដី ៤០% ឲ្យ​ក្រុមហ៊ុន និង ៥០% សម្រាប់​សាលា​ក្រុង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដី​ដែល​សម្រេច​កាត់​ចេញ ១០% ផ្ដល់​ឲ្យ​ពលរដ្ឋ ដោយសារ​ដី​ទាំងនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រួច​ហើយ ដូចជា​ផ្លូវ ប្រព័ន្ធ​ទឹក​ស្អាត និង​ភ្លើង ជាដើម ហើយ​សល់​ពី​នេះ គឺ​សាលា​ក្រុង​ផ្ដល់​ឲ្យ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ទទួល​សិទ្ធិ​វិនិយោគ​បង្កើត​ជា​ទីក្រុង​រណប។

ទោះ​ជា​យ៉ាង​ណា អភិបាល​រង​ក្រុង​រូប​នេះ​ប្រាប់​អាស៊ីសេរី​ថា មុន​មាន​គម្រោង​អភិវឌ្ឍន៍​បង្កើត​ទីក្រុង​រណប​របស់​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី នេះ គឺ​ខាង​សាលា​ក្រុង​បាន​ប្រកាស​មិន​ឲ្យ​ពលរដ្ឋ​ដោះដូរ ឬ​ទិញ​លក់​ដី​ឡើយ រីឯ​ពលរដ្ឋ​ដែល​ត្រូវ​រង​ផល​ប៉ះពាល់​វិញ គឺ​ខាង​សាលា​ក្រុង​បាន​ឆ្វៀល​ដី​នោះ​ទុក​ឲ្យ​ពួក​គាត់​វិញ«ទីតាំង​នេះ​មិន​ឲ្យ​មាន​ការ​ដោះដូរ ជួល និង​ទិញ។ ហើយ​កន្លង​មក មាន​បង​ប្អូន​យើង​ខ្លះ​នៅ​តំបន់​ក្រៅ មិន​មែន​ជា​អ្នក​ឃុំ​នៅ​ក្នុង​តំបន់​នេះ បាន​ទៅ​ទិញ​ដី​ដើម្បី​ទុក​ជា​ផល​ចំណេញ»

លោក មាន ចាន់យ៉ាដា បន្ត​ថា ពលរដ្ឋ​ដែល​អះអាង​ថា​ជា​ម្ចាស់​ដី និង​មិន​ទាន់​ទទួល​បាន​សំណង គួរ​តែ​បង្ហាញ​ឯកសារ​កាន់​កាប់​ដី​មក​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ចុះ​ដោះស្រាយ​ជូន។

ទោះ​ជា​យ៉ាង​ណា លោក ជា សុផាត ដែល​ជា​តំណាង​ពលរដ្ឋ នៅ​តែ​ទទូច​ស្នើសុំ​លោក ជា សុផារ៉ា ជួយ​ឆ្វៀល​ដី​ភូមិ​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ហើយ​ពួក​គេ​សុខ​ចិត្ត​ប្រគល់​ដី​ស្រែ​ចម្ការ ៥០% ឲ្យ​រដ្ឋ​ទុក​សម្រាប់​ការ​អភិវឌ្ឍ៖ «ពួក​ខ្ញុំ​អ្នក​ដែល​មាន​ដី​តូច​ល្មម​ហ្នឹង សុំ​ដី​កាន់​កាប់​វិញ។ អ្នក​ដែល​មាន​ដី​ធំ ឆ្វៀល​ដី​ភូមិ សុំ​ឲ្យ​ឆ្វៀល​ទាំងអស់ ហើយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ។ ដី​អាស្រ័យ​ផល ដី​ស្រែ​ចម្ការ ដែល​ចោទ​ថា​ពួក​ខ្ញុំ​ថា​ជា​អ្នក​ដែល​មាន​ដី​អត់​ផ្ទះ ពួក​ក្រៅ​មូលដ្ឋាន​ហ្នឹង​ណា៎ គឺ​ជូន​រដ្ឋ​ពាក់​កណ្ដាល​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន ធ្វើ​ម៉េច​ធ្វើ​ទៅ។ យក​ទៅ​ធ្វើ​ផ្លូវ​ថ្នល់ ធ្វើ​អី​ធ្វើ​ទៅ យើង​ខ្ញុំ​សុំ​តែ​ពាក់​កណ្ដាល​មក​វិញ ហើយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​មក»

ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​តំបន់​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ថ្លែង​ថា ការ​អភិវឌ្ឍ​ទីក្រុង​រណប​នៅ​ជ្រោយចង្វារ ដែល​នាំ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា និង​ចោទ​ប្រកាន់​គ្នា​បែប​នេះ ដោយសារ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​មិន​ធ្វើ​ឡើង​តាម​រយៈ​គោល​នយោបាយ​ឈ្នះៗ​របស់​រដ្ឋាភិបាល។ លោក​ជឿ​ថា ជម្លោះ​នឹង​ត្រូវ​បញ្ចប់ ប្រសិន​ភាគី​ពលរដ្ឋ ក្រុមហ៊ុន និង​អាជ្ញាធរ​លើក​យក​បញ្ហា​ទៅ​ពិភាក្សា​នៅ​លើ​តុ​ដោយ​សន្តិវិធី។

ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ទទួល​បាន​សិទ្ធិ​វិនិយោគ ៩៩​ឆ្នាំ ក្នុង​ការ​អភិវឌ្ឍ​ក្រុង​រណប​ជ្រោយចង្វារ មាន​ទីតាំង​ស្ថិត​នៅ​ខាង​ឆ្វេង​ស្ពាន​ជ្រោយចង្វារ គឺ​គ្រោង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ១.៦០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក លើ​ទំហំ​ដី ៣៨៧​ហិកតារ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន អូ.ស៊ី.អាយ.ស៊ី និង​ហិរញ្ញប្បទាន​ដោយ​ធនាគារ​កាណាឌីយ៉ា (Canadia)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles