ប្រតិបត្តិករទេសចរមួយចំនួននៅឆ្នេរឡុងសិត ឬឆ្នេរហ្វ៊ខេប៉ិច នៃសង្កាត់កោះរ៉ុង គាំទ្រសារអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការងារថែរក្សាអនាម័យបរិស្ថានឆ្នេរឲ្យបានល្អ ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះបានកាន់តែច្រើន។
វិស័យឯកជន ឬប្រតិបត្តិករទេសចរភាគច្រើនដែលរង់ចាំបម្រើសេវាកម្មផ្សេងៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅឆ្នេរឡុងសិត ចាត់ទុកយុទ្ធនាការប្រកាសឲ្យពលរដ្ឋចូលរួមការពារ និងថែរក្សាបរិស្ថានឆ្នេរសមុទ្រឲ្យមានអនាម័យរបស់រដ្ឋបាលខេត្តនេះ ថាជាផ្នែកមួយក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរ។
ប្រតិបត្តិករទេសចរ លោក ឡុក វណ្ណារីន ជាម្ចាស់អាជីវកម្មឈ្មោះ រីហ្វ អន ឌឹ ប៉ិច (Reef on the Beach) និង ខូរ៉ល រីស្សត (Coral Resort) អះអាងថា ការងារថែរក្សាបរិស្ថាននៅតាមឆ្នេរឲ្យមានអនាម័យល្អ គឺត្រូវចាប់ផ្តើមពីយើងទាំងអស់គ្នា ឬមនុស្សម្នាក់ៗត្រូវចូលរួមអនុវត្ត ដោយមិនត្រូវបោះចោលកាកសំណល់រឹងរាវគ្រប់ប្រភេទគ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ ឬតាមតំបន់ឆ្នេរនោះទេ។
ម្ចាស់អាជីវកម្មឈ្មោះ រីហ្វ អន ឌឹ ប៉ិច និង ខូរ៉ល រីស្សត លោក ឡុក វាណ្ណារីន បង្ហាញជម្រើសកម្សាន្តដ៏សម្បូរបែបជូនភ្ញៀវទេសចរដែលចូលមកកម្សាន្តឆ្នេរឡុងសិត មានដូចជា ភ្ញៀវទេសចរអាចជិះទូកកម្សាន្តតាមឆ្នេរសមុទ្រ ជិះទូកស្ទូចត្រី មុជទឹកមើលផ្កាថ្មក្រោមបាតសមុទ្រ ដើរកម្សាន្តតាមព្រៃធម្មជាតិ និងលេងល្បែងកម្សាន្តផ្សេងៗនៅលើឆ្នេរនៅពេលរាត្រី ជាដើម។
លោកអះអាងថា សេវាបម្រើវិស័យទេសចរណ៍នៅឆ្នេរឡុងសិត គឺបានកំណត់តម្លៃសមរម្យទាំងសេវាស្នាក់នៅ និងតម្លៃម្ហូបអាហារជាដើម៖ «នៅឆ្នេរឡុងសិត នេះ ជាទូទៅមានបន្ទប់ផ្ទះសំណាក់ រីស្សត មានទូកដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះនានា មើលផ្កាថ្ម និងត្រីនៅតាមឆ្នេរផ្សេង ឬបាតសមុទ្រ និងជិះមើលកោះតូចៗនៅជាប់ឆ្នេរនេះ ជាដើម។ មានសេវាម៉ាស្សាបម្រើដល់ភ្ញៀវ ដែលដើរកម្សាន្តតាមឆ្នេរ ឬព្រៃធម្មជាតិអស់កម្លាំង ឬចុកជើងជាដើម យ៉ាងរហ័សទាន់ចិត្ត ជាពិសេសមានក្រុមហ៊ុនមុជទឹកបាតសមុទ្រកម្ពុជា ដែលជាកីឡាប្រភេទថ្មីមួយដែលបងប្អូនភ្ញៀវទេសចរអាចចុះទៅកម្សាន្តនៅបាតសមុទ្រមើលផ្កាថ្ម មើលរុក្ខជាតិ មើលត្រីគ្រប់ប្រភេទ ដោយរីករាយថែមទៀត»។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន តែងបានក្រើនរំឭក និងអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ ប្រតិបត្តិករ ឬភ្ញៀវទេសចរជាតិដែលចូលមកទស្សនាខេត្តនេះ ត្រូវចូលរួមសហការថែរក្សាបរិស្ថាននៅតាមទីសាធារណៈ ពិសេសអនាម័យឆ្នេរសមុទ្រឲ្យបានល្អ ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរ និងលើកមុខមាត់ខេត្តព្រះសីហនុ។
កញ្ញា រង្សី ភ្ញៀវទេសចរម្នាក់មកពីរាជធានីភ្នំពេញ ដែលបានធ្វើដំណើរកម្សាន្តនៅតាមឆ្នេរ និងកោះមួយចំនួននៅខេត្តព្រះសីហនុ បង្ហាញការចាប់អារម្មណ៍ទៅលើការថែរក្សាបរិស្ថានឆ្នេរឲ្យមានអនាម័យ និងបានសំណូមពរដល់ប្រតិបត្តិករទេសចរ ពិសេសភ្ញៀវទេសចរត្រូវចូលរួមសម្អាតអនាម័យបរិស្ថានឆ្នេរឲ្យបានទាំងអស់គ្នា។
កញ្ញា រង្សី ក៏សំណូមពរដល់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ថែរក្សាការពារព្រៃឈើធម្មជាតិនៅលើកោះរ៉ុងឲ្យបានគង់វង្ស ព្រោះរាល់ថ្ងៃនេះសង្កេតឃើញមានសកម្មភាពកាប់ទន្ទ្រានដុតរានដីមានដុះដើមឈើធំៗធ្វើជាកម្មសិទ្ធិពីសំណាក់ឈ្មួញមានទ្រព្យ និងមន្ត្រីមានតួនាទីខ្ពស់ កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋខ្លះ ក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ គឺមានវិសាលភាពធ្ងន់ធ្ងរ និងរីករាលដាលរាល់ថ្ងៃ៖ «សំណូមពរដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រតិបត្តិករទេសចរទាំងអស់ សូមចូលរួមឲ្យបានទាំងអស់គ្នា និងជាប្រចាំក្នុងការងារថែរក្សាបរិស្ថាន អនាម័យឆ្នេរឲ្យមានសោភ័ណភាពល្អគ្រប់ៗគ្នា។ បរិស្ថានស្អាត គឺចាប់ផ្តើមពីខ្លួនយើងទាំងអស់គ្នា ហើយដើម្បីឲ្យបរិស្ថានស្អាតមានអនាម័យ គឺទាក់ទងសំរាម គឺប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់មិនត្រូវបោះចោលសំរាមចោលតាមឆ្នេរ ជាពិសេសប្រតិបត្តិករទេសចរ ម្ចាស់ក្រុមហ៊ុនសហគ្រាសផ្សេងៗ មិនត្រូវបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រអនាធិបតេយ្យ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតនោះទេ»។
ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានប្រវែងជាង ១៧១គីឡូម៉ែត្រ (១៧១,៣៥គីឡូម៉ែត្រ) មានខ្សាច់សស្អាត ទឹកសមុទ្រថ្លាឆ្លុះ ឆ្នេររាក់ ទឹកធ្លាក់ មច្ឆាសមុទ្រ ផ្កាថ្ម ឧទ្យានជាតិ និងមានកោះចំនួន ៣២ មានជីវចម្រុះធម្មជាតិស្រស់ស្អាតជាសក្ដានុពលដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា៕