Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​នៅ​តែ​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​ពុក​រលួយ​នៅ​ស្នងការដ្ឋាន​ខេត្ត​កំពង់ធំ

$
0
0

ក្រសួង​មហាផ្ទៃ សម្រេច​ផ្លាស់ប្ដូរ​តួនាទី​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។ ការ​ផ្លាស់ប្ដូរ​នេះ បន្ទាប់​ពី​ស្នងការ​រូប​នោះ​រង​ការ​ចោទ​ប្រកាន់​ថា មាន​រឿង​អាស្រូវ​មួយ​ចំនួន ពិសេស​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ពេល​ខ្លួន​នៅ​កាន់​តំណែង។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​ដក​តំណែង​ស្នងការ​ខេត្ត​រូប​នោះ ជា​ការ​ពិន័យ​ផ្នែក​រដ្ឋបាល​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​ពុក​រលួយ​នេះ​បន្ថែម​ទៀត។

បន្ទាប់​ពី​មាន​មន្ត្រី​ក្រោម​ឱវាទ​ដូចជា ស្នងការ​រង និង​មន្ត្រី​នៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មួយ​ចំនួន ប្ដឹង​ស្នងការ​នគរបាល​ខេត្ត និង​ស្នងការ​រង​ពីរ​នាក់​ផ្សេង​ទៀត​អំពី​ភាព​អសកម្ម​ក្នុង​ការងារ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្រសួង​មហាផ្ទៃ ក៏​បាន​ចុះ​មក​ស្រាវជ្រាវ​លើ​ករណី​នេះ​ជា​បន្តបន្ទាប់ ហើយ​ក៏​សម្រេច​ផ្លាស់ប្ដូរ​ស្នងការ​ខេត្ត គឺ​លោក ជូ សំអាន ជា​ផ្លូវការ​តែ​ម្តង។

ការ​ផ្លាស់ប្ដូរ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន ដោយ​ដាក់​ជំនួស​អតីត​អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ លោក អ៊ុក កុសល ហើយ​លោក ជូ សំអាន ត្រូវ​ទៅ​ជំនួស​តំណែង​លោក អ៊ុក កុសល វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​នគរបាល​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្ដឹង​ខ្លះ ចង់​ឲ្យ​ក្រសួង​មហាផ្ទៃ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ស្រាវជ្រាវ​បន្ថែម​ទៀត ហើយ​ដាក់​ទោស​ទណ្ឌ​ដល់​ជន​ដែល​ជាប់​ទាក់ទិន​សំណុំ​រឿង​ពុក​រលួយ​ទាំងនោះ។

មន្ត្រី​នគរបាល​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្ដឹង​មួយ​រូប​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង យល់​ថា ការ​ដក​តំណែង​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ពួក​គាត់​ចង់​ឃើញ​ក្រសួង​ពាក់ព័ន្ធ ចាត់​វិធានការ​លើ​មន្ត្រី​ស្នងការ​រង​ផ្សេង​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ពុក​រលួយ​កន្លង​មក​នោះ។

កាល​ពី​ចុង​ខែ​មករា និង​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ពាក្យ​បណ្ដឹង​ពីរ​ច្បាប់​ដាច់​ដោយឡែក​ពី​គ្នា ដោយ​មួយ​ច្បាប់​ជា​របស់​ក្រុម​ស្នងការ​រង​ខេត្ត​កំពង់ធំ ចំនួន ៥​នាក់ និង​មួយ​ច្បាប់​ទៀត​ដែល​មាន​ឈ្មោះ និង​ស្នាម​មេដៃ​ខ្លះ​មើល​មិន​ច្បាស់​ជា​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​នៅ​ខេត្ត​កំពង់ធំ ចំនួន ៦​រូប ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ក្នុង​លិខិត​ទាំង​ពីរ​ដែល​មាន​អត្ថន័យ​ប្រហាក់​ប្រហែល​គ្នា ដោយ​រៀបរាប់​ពី​ភាព​អសកម្ម​របស់​ស្នងការ​នគរបាល​ខេត្ត លោក ជូ សំអាន ដូចជា​ដឹក​នាំ​គ្មាន​គោល​ជំហរ និង​គ្មាន​ជំនាញ​ច្បាស់លាស់។

លើស​ពី​នេះ ដឹកនាំ​បែប​អត្តនោម័តិ និង​បក្ខពួក​និយម ហើយ​ឃុបឃិត​គ្នា​ជាមួយ​ស្នងការ​រង​ទទួល​ផែន​ធនធាន​មនុស្ស គឺ​លោក អ៊ិត គឹមស្រ៊ុន និង​ស្នងការ​រង​ម្នាក់​ទៀត​ទទួល​ផែន​សន្តិសុខ គឺ​លោក ខៀវ ចាននី ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ អំពើ​ពុក​រលួយ​ទាំងនោះ​ដូចជា​ករណី​យក​ប្រាក់​ពី​ការ​តែងតាំង​មន្ត្រី និង​រើស​បញ្ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ថ្មី ដោយ​ក្នុង​បុគ្គល​ម្នាក់​ចំនួន ៥​ពាន់​ដុល្លារ​ទៅ ៧​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​មាន​ពលរដ្ឋ​ខ្លះ​មិន​ជាប់​ជា​មន្ត្រី​នគរបាល​ផង ប៉ុន្តែ​ប្រាក់​ទាំងនោះ​ក៏​ត្រូវ​ស៊ី​ដាច់​ថែម​ទៀត។

លិខិត​ទាំងនោះ​បញ្ជាក់​ថា ការ​តែងតាំង​មន្ត្រី​វិញ គឺ​ត្រូវ​បង់​ប្រាក់​ចំនួន ២​លាន​រៀល​ទៅ​ជាង ១០​លាន​រៀល ឬ​ស្មើ​ប្រមាណ​ពី ៥០០​ដុល្លារ​ទៅ ៣​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មន្ត្រី​ម្នាក់ ចំពោះ​ការ​ទទួល​បាន​តំណែង​ដូចជា​មេ​ប៉ុស្តិ៍ នាយ​រង​ផ្នែក នាយ​ផ្នែក និង​អធិការ​រង​ស្រុក ជាដើម។

តែ​យ៉ាង​ណា ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន ធ្លាប់​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងនេះ ដោយ​លើក​ឡើង​ថា គឺ​ជា​ការ​បង្ខូច​កិត្តិយស​ពួក​គាត់ ព្រោះ​ជា​រឿង​មិន​ពិត និង​អយុត្តិធម៌ ហើយ​ជា​ល្បិច​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ​ទៀត​ផង។

ដោយឡែក​ស្នងការ​រង​ទទួល​ផែន​សន្តិសុខ លោក ខៀវ ចាននី ធ្លាប់​មាន​ប្រសាសន៍​ថា គាត់​មិន​បាន​ដឹង​ថា គេ​ប្ដឹង​រូប​លោក​ទេ ហើយ​មិន​បាន​ពាក់ព័ន្ធ​ករណី​អំពើ​ពុក​រលួយ​អ្វី​នោះ​ដែរ។

អតីត​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ មីនា ថា ការ​ផ្លាស់ប្ដូរ​តំណែង​របស់​លោក​ពេល​នេះ គឺ​ពុំ​មាន​អ្វី​ដែល​ត្រូវ​សោកស្ដាយ​ឡើយ។ លោក​ព្រម​ទទួល​យក​ការ​សម្រេច​របស់​ថ្នាក់​លើ ហើយ​ក៏​មិន​គិត​ថា​នឹង​ប្តឹងផ្តល់​អ្វី​ទៀត​នោះ​ដែរ។ ចំណែក​នីតិវិធី​ស៊ើប​អង្កេត​រឿង​នេះ​បន្ត​ទៀត ឬ​យ៉ាង​ណា គឺ​ជា​សមត្ថកិច្ច​របស់​ថ្នាក់​លើ​ប៉ុណ្ណោះ៖ «អា​ហ្នឹង​រឿង​យុត្តិធម៌ ឬ​មិន​យុត្តិធម៌ គឺ​ថ្នាក់​លើ​កំណត់​រួច​អស់​ហើយ បើ​យើង​មិន​យុត្តិធម៌ គេ​មិន​ទៅ​តែងតាំង​យើង​ទេ ប្រហែល​ជា​ជាប់​គុក​ហើយ»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ មីនា។

លោក ជូ សំអាន អះអាង​ថា លោក​សុខ​ចិត្ត​ទទួល​យក​តំណែង​ថ្មី​តាម​ការ​ចាត់​តាំង​របស់​ថ្នាក់​ដឹកនាំ ពីព្រោះ​កន្លែង​ធ្វើ​ការ​មួយ​ដែល​គេ​មិន​ពេញ​ចិត្ត លោក​ក៏​មិន​អាច​នៅ​បំពេញ​ការងារ​បាន​ដែរ។

កាល​ពី​ឆ្នាំ​២០១៤ ករណី​អំពើ​ពុក​រលួយ​មួយ​បាន​កើត​មាន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ពាក់ព័ន្ធ​រឿង​បាត់​ប្រាក់​រំឭក​មុខងារ និង​ប្រាក់​ឋានន្តរស័ក្ដិ​របស់​មន្ត្រី​នគរបាល​ជិត ៤០០​នាក់ ដែល​មាន​ទំហំ​ទឹក​ប្រាក់​រាប់​សិប​លាន​រៀល។ កាលនោះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្រេច​ផ្ទេរ​តំណែង​អនុប្រធាន​ការិយាល័យ​ទទួល​ផែន​ហិរញ្ញវត្ថុ​ម្នាក់ គឺ​លោក ជឹម លក្ខិណា ចេញ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ទៅ​កាន់​តំណែង​នៅ​ក្រសួង​វិញ ដើម្បី​ត្រួត​ពិនិត្យ​ចំពោះ​ភាព​មិន​ប្រក្រតី​របស់​ខ្លួន។

ក្រៅ​ពី​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់ធំ ពេល​នោះ​រក​ឃើញ​ថា មាន​ករណី​ពុក​រលួយ​ក្នុង​ការ​ជ្រើសរើស​មន្ត្រី​ចូល​ក្របខ័ណ្ឌ​នគរបាល​ថ្មី​ថែម​ទៀត​ផង ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ជូ សំអាន ទាត់​ចោល​ពេល​នោះ​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា ទាក់ទង​ការ​ផ្ទេរ​តំណែង​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ពេល​នេះ គឺ​ជា​វិធានការ​ផ្នែក​រដ្ឋបាល​របស់​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ករណី​នេះ​ជាប់​ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត​បន្ថែម​ទៀត៖ «នៅ​ក្នុង​រឿង​ហ្នឹង​ដែរ វា​មិន​មែន​តែ​ជា​កំហុស​រដ្ឋបាល​ទេ តែ​ជា​កំហុស​ដែល​ពាក់ព័ន្ធ​បទល្មើស​ដែល​គេ​ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ហ្នឹង​បក្ខពួក​និយម។ អ៊ីចឹង​ប្រសិន​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជាអង្គភាព​សកម្ម គេ​នឹងបើក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត»

លោក សន ជ័យ យល់​ថា ប្រសិន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​ស៊ើប​អង្កេត​ករណី​នេះ​ទេ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់ ពិសេស​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​អង្គភាព​នេះ។ លើស​ពី​នេះ វា​អាច​ធ្វើ​ឲ្យ​បទល្មើស​អំពើ​ពុក​រលួយ នឹង​កើត​ទៅ​ជា​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles