Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ឃ្លាំមើល​សាលាក្ដី​ខ្មែរ​ក្រហម​ស្វាគមន៍​ការ​លើកលែង​​ការ​ចោទ​​អ្នកស្រី អ៊ឹម ចែម

$
0
0

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម អ្នកស្រី អ៊ឹម ចែម ដែល​ជា​ជន​សង្ស័យ​នៅ​ក្នុង​សំណុំ​រឿង​លេខ ០០៤/១ ត្រូវ​បាន​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង​ភាគី​ជាតិ និង​អន្តរជាតិ របស់​សាលាក្ដី​ខ្មែរក្រហម សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់។ អ្នក​ឃ្លាំមើល​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម ស្វាគមន៍​សេចក្ដី​សម្រេច​នេះ។

មន្ត្រី​សម្របសម្រួល​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា ដែល​តាមដាន​ការ​កាត់​ក្ដី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម លោក ឡុង បញ្ញាវុឌ្ឍ ស្វាគមន៍​សេចក្ដី​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​អ្នកស្រី អ៊ឹម ចែម ដោយសារ​តែ​សេចក្ដី​សម្រេច​នេះ ជា​ដីកា​ដំណោះស្រាយ​មួយ​ធ្វើ​ឡើង​ទស្សនៈ​រួម​គ្នា​រវាង​ភាគី​ជាតិ និង​អន្តរជាតិ។

ទន្ទឹម​គ្នា​នេះ លោក​យល់​ឃើញ​ករណី​លើកលែង​គឺ​ជា​ការ​បញ្ចប់​ការ​ចោទ​ប្រកាន់ ពីព្រោះ​ដំណើរការ​រឿង​ក្ដី​ក្នុង​សំណុំរឿង​លេខ ០០៣ និង ០០៤ មាន​ភាព​មន្ទិល​ច្រើន ទាំង​លើ​ការ​ស៊ើបអង្កេត​ធ្វើ​ឡើង​ដោយ​សហ​ចៅក្រម​អន្តរជាតិ​តែ​ម្ខាង សហ​ចៅក្រម​ជាតិ​មិន​ចូល​រួម ហើយ​សំណុំរឿង​ទាំង​ពី​នេះ ក៏​ត្រូវ​រដ្ឋាភិបាល​ជំទាស់ ដែល​ជា​ចំណោទ​មួយ​ថា តើ​ការ​ស៊ើបអង្កេត​នោះ​ធ្វើ​បាន​ពេញលេញ​ឬ​ទេ?

លោក ឡុង បញ្ញាវុឌ្ឍ៖ «ទី​ពីរ យើង​ឃើញ​កន្លង​មក រដ្ឋាភិបាល​បង្ហាញ​ការ​ជំទាស់​ទៅ​នឹង​ដំណើរការ​ស៊ើប​អង្កេត ឬ​មួយ​ចោទ​ប្រកាន់​សំណុំរឿង ០០៣ និង ០០៤ ហើយ​មួយ​ទៀត កង្វះ​ព័ត៌មាន​ជា​សាធារណៈ។ អ៊ីចឹង យើង​និយាយ​មួយ​ផ្នែក ទោះ​បី​ជា​អ្នក​ច្បាប់​មើល​ទៅ​ផ្អែក​ទៅ​លើ​លក្ខខណ្ឌ​ច្បាប់​ហើយ​និង​ភស្តុតាង​ហ្នឹង​ថា តើ អ៊ឹម ចែម ឋិត​នៅ​ក្នុង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ឬ​មួយ​ក៏​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ហ្នឹង វា​ពិបាក​នឹង​ទទួល​យក​បាន​របស់​ប្រជាជន​ទូទៅ ដោយសារ​តែ​បញ្ហា​ដែល​ខ្ញុំ​លើក​ឡើង ទី​មួយ ការ​ស៊ើបអង្កេត​នេះ​វា​យូរ ស៊ី​ពេល​មែន​ទែន។ ទី​ពីរ កង្វះ​ខាត​ព័ត៌មាន ទី​បី អត់​មាន​ការ​ចូលរួម​ពី​ភាគី​ជាតិ ទី​បួន កន្លង​មក គឺ​ខាង​រដ្ឋាភិបាល​ជំទាស់​ទៅ​នឹង​សំណុំរឿង ០០៣ និង ០០៤។ អ៊ីចឹង​កន្លែង​ហ្នឹង​ហើយ ដែល​សុចរិតភាព ឬ​មួយ​ក៏​ភាព​មិន​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​រវាង​ជន​ជាប់​ចោទ និង​ជនជាប់ចោទ​ទៀត​នោះ ខ្ញុំ​ជឿ​ថា ជា​ចំណុច​មួយ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​មាន​ភាព​មន្ទិល​សង្ស័យ​ទៅ​ដំណើរការ​សុចរិត​ភាព និង​ភាព​ឯករាជ្យ​នៃ​សំណុំរឿង ០០៣ និង ០០៤»

ការ​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​អ្នកស្រី អ៊ឹម ចែម នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ គឺ​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ និង​អន្តរជាតិ ពិនិត្យ​ភស្តុតាង​ដែល​ប្រមូល​បាន​កាល​ពី​ក្នុង​អំឡុង​ស៊ើបសួរ​អ្នកស្រី អឹម ចែម ហើយ​វាយ​តម្លៃ​ថា អ្នកស្រី​មិន​មែន​ជា​មេដឹកនាំ​ជាន់​ខ្ពស់ ឬ​ក៏​ជា​ជន​ម្នាក់​ក្នុង​ចំណោម​មន្ត្រី ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​ខ្មែរក្រហម​ទេ។

មន្ត្រី​នាំ​ពាក្យ​របស់​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត ភក្ត្រា បញ្ជាក់​បន្ថែម​អំពី​សេចក្ដី​សម្រេច​នេះ​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ថា ផ្អែក​លើ​ភស្តុតាង អ្នកស្រី អឹម ចែម មិន​មែន​ជា​បុគ្គល​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​កំណត់​ត្រូវ​យក​មក​កាត់​ក្ដី​ទេ៖ «នេះ​មាន​ន័យ​ថា លោកស្រី អ៊ឹម ចែម មិន​មែន​ជា​មេដឹកនាំ​ជាន់​ខ្ពស់ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ក៏​ជា​ជន​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ។ កាល​ណា​គេ​រក​ឃើញ​ថា មិន​ស្ថិត​ក្រោម​យុត្តាធិការ​គឺ​គេ​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្ដី ក៏​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​ដែរ គឺ​លើកលែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​គាត់ ដូច​អ្វី​ដែល​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ​ធ្វើ​កិច្ចការ​លើ​​រឿង​នេះ»

អ៊ឹម ចែម ខ្មែរ​ក្រហម ៨៥៥
ជន​សង្ស័យ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ អ្នកស្រី អ៊ឹម ចែម។ Photo courtesy of ECCC Photo courtesy of ECCC

ការ​លើក​លែង​ចោទ​ប្រកាន់​នេះ​ដែរ ក៏​មាន​ន័យ​ថា ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង​អស់​ប្រឆាំង​អ្នកស្រី អ៊ឹម ចែម ក៏​ត្រូវ​បាន​បដិសេធ​ដូចគ្នា។

លោក នេត្រ ភក្ត្រា ឲ្យ​ដឹង​ថា តាម​វិធាន​ផ្ទៃ​ក្នុង ភាគី​ដែល​ពាក់ព័ន្ធ​មាន​រយៈ​ពេល ១០​ថ្ងៃ ដើម្បី​ពិនិត្យ​មើល​សេចក្ដី​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​ជន​សង្ស័យ​អ្នកស្រី អ៊ឹម ចែម ហើយ​ពិនិត្យ​មើល​ពី​លទ្ធភាព​ប្ដឹង​ជំទាស់។

ទាក់ទង​នឹង​ការ​ប្ដឹង​ទាស់​នេះ លោក ឡុង បញ្ញាវុឌ្ឍ មាន​ទស្សនៈ​ថា ការ​ប្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​អង្គ​បុរេ​ឲ្យ​ចោទ​វិញ មាន​លទ្ធភាព​តិច ព្រោះ​សហ​ចៅក្រម​ជាតិ និង​អន្តរជាតិ​មាន​មតិ​លើក​លែង​រួម​គ្នា ហើយ​ម្យ៉ាង​ទៀត គឺ​ត្រូវ​ការ​សំឡេង​គាំទ្រ​ភាគ​ច្រើន​លើសលប់​​ពី​ចៅក្រម​នៅ​អង្គ​បុរេ​ជំនុំជម្រះ៖ «អ៊ីចឹង​ដើម្បី​ផ្លាស់ប្ដូរ​សេចក្ដី​សម្រេច​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​លុះ​ត្រា​តែ​មាន​សំឡេង​គាំទ្រ​លើសលប់​ពី​អង្គ​បុរេ។ អ៊ីចឹង កន្លង​មក​យើង​ឃើញ​ហើយ ទាក់ទង​នឹង ០០៣ និង ០០៤ ទាក់ទង​ទៅ​នឹង​វិធានការ​មួយ​ចំនួន​នៅ​ក្នុង​ការ​ស៊ើប​អង្កេត យើង​ហៅ​ថា កិច្ច​ស៊ើប​សួរ​មួយ​ចំនួន​ហ្នឹង គឺ​តែងតែ​ខ្វែង​គំនិត​គ្នា ពេល​ដែល​សំណុំរឿង​ហ្នឹង​លើក​ទៅ​អង្គ​បុរេ។ អ៊ីចឹង​អា​ហ្នឹង​មួយ យើង​មិន​អាច​និយាយ​បាន​ថា បញ្ហា​នយោបាយ ឬ​សម្ពាធ​នយោបាយ ឬ​មួយ​អី​ទេ ពិបាក​ថា ដោយសារ​យើង​ឃើញ​ថា សំណុំ​រឿង ០០៣ និង ០០៤ នេះ គឺ​កា​ស៊ើប​អង្កេត​នេះ ហើយ​និង​ដំណើរ​ការ​តាំង​ពី​សហ​ព្រះរាជអាជ្ញា​រហូត​ដល់​ដំណើរការ​នៃ​សហ​ចៅក្រម​ស៊ើបអង្កេត​តាំង​ពី​ឆ្នាំ​២០០៩ រហូត​ដល់​ឆ្នាំ​២០១៧ នេះ គឺ​ព័ត៌មាន​តិច​មែន​ទែន ទាក់ទង​នឹង​ដំណើរការ​នៃ​ការ​ស៊ើបអង្កេត ព័ត៌មាន​សាធារណៈ​ទាក់ទង​នឹង​ការ​រីកចម្រើន ។ល។ និង ។ល។ ហ្នឹង។ អ៊ីចឹង​កន្លែង​នេះ​មួយ​ហើយ ដែល​យើង​ពិបាក​នៅ​ក្នុង​ថា តើ​កន្លង​មក សហ​ចៅក្រម​ស៊ើប​អង្កេត​ដែល​គាត់​ស៊ើប​ហ្នឹង ពេញលេញ​ដែរ ឬ​ក៏​អត់ មាន​ឧបសគ្គ​ដែរ អ​ក៏​អត់? អ៊ីចឹង​កន្លែង​នេះ​ពិបាក​ថា ប៉ុន្តែ​បើ​យើង​ពិនិត្យ​ជា​ទូទៅ​វិញ ខ្ញុំ​ជឿ​ថា តាម​ផ្លូវ​ទិដ្ឋភាព​ជាក់ស្ដែង​កន្លង​មក ខាង​ជាតិ​មាន ៣​នាក់ ខាង​បរទេស​មាន ២​នាក់ អ៊ីចឹង​ពិបាក​ណាស់​ក្នុង​ការ​រក​សំឡេង​គាំទ្រ​លើសលប់ ដើម្បី​ផ្លាស់ប្ដូរ​ការ​មិន​ចោទ ទៅ​ចោទ​ប្រកាន់​លោកស្រី អ៊ឹម ចែម វិញ ផ្អែក​លើ​ភស្តុតាង និង​លក្ខខណ្ឌ​ច្បាប់»

អ្នកស្រី អ៊ឹម ចែម ត្រូវ​បាន​សហ​ចៅក្រម​ស៊ើបអង្កេត​បាន​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​សំណុំរឿង​លេខ ០០៤។

អ្នកស្រី អ៊ឹម ចែម ជា​អតីត​គណៈ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បាត់ដំបង នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ ទាក់ទង​នឹង​បទ​ចោទ​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​អនុសញ្ញា​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ ហើយ​បទ​ឧក្រិដ្ឋ​ទាំង​នោះ ត្រូវ​បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រយោង និង​ការដ្ឋាន​ស្ពាន​ស្រែង ខេត្ត​បន្ទាយមានជ័យ។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក​ ឆាំង យុ ដែល​ជា​អ្នក​តាមដាន​ដំណើរ​ការ​សាលាក្ដី​ខ្មែរ​ក្រហម​ដែរ ថ្លែង​ថា លោក​គោរព​សេចក្ដី​សម្រេច​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​លើកលែង​ការ​ចោទ​ប្រកាន់​អ្នកស្រី អ៊ឹម ចែម ដោយ​លោក​រំពឹង​ថា ចៅក្រម​ធ្វើ​ឡើង​ផ្អែក​ទៅ​លើ​វិធាន​ផ្ទៃ​ក្នុង និង​ភស្តុតាង​មាន​នៅ​ក្នុង​ដៃ៖ «ដូច្នេះ ពេល​ខ្លះ​យើង​ជា​ជន​រងគ្រោះ​ យើង​យល់​ថា សេចក្ដី​សម្រេច​នេះ មិន​អាច​ផ្ដល់ និង​បំពេញ​នូវ​សេចក្ដី​ប្រាថ្នា ដែល​យើង​ចង់​បាន។ ប៉ុន្តែ វា​មិន​មែន​ជា​ចុង​បញ្ចប់​នៃ​ការ​តស៊ូ ដើម្បី​យុត្តិ​ធម៌​ដែរ ពីព្រោះ​តុលាការ​នឹង​ត្រូវ​បញ្ចប់ ប៉ុន្តែ​ជីវិត​យើង ដំណើរ​តស៊ូ​ទៅ​រក​យុត្តិធម៌ យើង​អាច​បន្ត​បាន»

លោក​បញ្ជាក់​បន្ថែម​ថា លោក​ចង់​ឃើញ​សាលាក្ដី​ខ្មែរ​ក្រហម បន្ត​ធ្វើ​កិច្ចការ​ងារ​ផ្អែក​ទៅ​តាម​ភស្តុតាង និង​យុត្តាធិការ តែ​មិន​ត្រូវ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​នេះ។

ក្រោយ​ពេល​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​លើកលែង​ការ​ចោទ​ប្រកាន់​​អ្នកស្រី អ៊ឹម ចែម លោក ឡុង បញ្ញាវុឌ្ឍ ចង់​ឲ្យ​សាធារណជន​រង់ចាំ​មើល​ទាំង​អស់​គ្នា​ទៅ​លើ​ករណី​របស់​ជន​សង្ស័យ​ផ្សេង​ទៀត​នៅ​ក្នុង​សំណុំរឿង ០០៣ និង ០០៤។

សំណុំរឿង ០០៣ មាន​ជន​ត្រូវ​ចោទ​ឈ្មោះ មាស មុត ដែល​ជា​អតីត​មេទ័ព​ជើង​ទឹក​ខ្មែរក្រហម ហើយ​នៅ​ក្នុង​សំណុំ​រឿង លេខ ០០៤ ជាមួយ​អ្នកស្រី អ៊ឹម ចែម គឺ​មាន​ជន​ជាប់ចោទ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ពីរ​រូប​ផ្សេង​ទៀត គឺ​លោក អោ អាន និង​លោក យឹម ទិត្យ ដែល​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដូច​គ្នា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles