Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​ទប់ស្កាត់​ការ​បោះ​បង្គោល​ចូល​ផ្ទៃ​បឹង​កង្កែប

$
0
0

មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ ចុះ​ផ្អាក​ការ​បោះ​បង្គោល​ឈើ​ស្មាច់​ដែល​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ​បោះ​ចូល​ទៅ​ក្នុង​ផ្ទៃ​បឹង​កង្កែប មាន​ទីតាំង​នៅ​ភូមិ​អុង ឃុំ​រាម ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។

ពលរដ្ឋ​ដែល​បោះ​បង្គោល​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹក​បឹង​កង្កែប បញ្ជាក់​ថា ការ​បោះ​បង្គោល​នេះ ដើម្បី​ធ្វើ​ជា​រនាំង​បាំង​ស្បៃ សម្រាប់​ចិញ្ចឹម​គ្រែង​ឈាម និង​បង្គា​តាម​បែប​ធម្មជាតិ គឺ​មិន​ប៉ះពាល់​ដល់​ការ​ធ្វើ​នេសាទ​របស់​ពលរដ្ឋ​នោះ​ទេ។

នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​ព្រៃនប់ លោក ឯម ភា ផ្ដល់​សម្ភាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា មន្ត្រី​ជំនាញ​បាន​ចុះ​ផ្អាក​សកម្មភាព​បោះ​បង្គោល​ចូល​ទៅ​ក្នុង​ផ្ទៃ​បឹង​កង្កែប​ជា​បណ្ដោះអាសន្ន ដើម្បី​សួរ​នាំ​ម្ចាស់​បង្គោល។

លោក​បន្ត​ថា មន្ត្រី​លោក​បាន​អនុវត្ត​ទៅ​តាម​បញ្ជា​ពី​ថ្នាក់​លើ ព្រោះ​មាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ការ​បោះ​បង្គោល​ឈើ​ចូល​ទៅ​ក្នុង​ផ្ទៃ​បឹង​កង្កែប អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​របរ​នេសាទ​របស់​ពួក​គាត់៖ «នៅ​ពេល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​ពួកគាត់​ខ្វាយខ្វល់​អំពី​ការ​រំលោភ​បំពាន​បឹង​កង្កែប ហើយ​ពេល​នេះ ខ្ញុំ​បាន​ដឹកនាំ​ក្រុម​ការងារ​មក​ពិនិត្យ​ដល់​ទី​កន្លែង​ជាក់ស្ដែង រួម​ជាមួយ​បងប្អូន​ប្រជា​នេសាទ​មួយ​ចំនួន​ផង។ យើង​មើល​ឃើញ​ថា ការ​បោះ​បង្គោល​ឈើ​ចូល​ទៅ​ក្នុង​ផ្ទៃ​បឹង​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​តំបន់​នេះ គឺ​ជា​ដែន​នេសាទ​របស់​ប្រជាពលរដ្ឋ​គាត់​អាស្រ័យ​ផល​ជា​លក្ខណៈ​រួម ហើយ​បើ​មាន​ការ​បោះ​បង្គោល​ឈើ​ហ៊ុមព័ទ្ធ​តំបន់​ខ្លះ​នៃ​ផ្ទៃ​បឹង​កង្កែប គឺ​ក្លាយ​ជា​លក្ខណៈ​ឯកជន។ អ៊ីចឹង​បងប្អូន​ប្រជា​នេសាទ​ទាំង​អស់​ពួកគាត់​បារម្ភ ភ័យ​ខ្លាច​ទៅ​ថ្ងៃ​ក្រោយ​ទៅ ពួកគាត់​អស់​ដែន​ធ្វើ​របរ​នេសាទ​ជា​បន្ត​ទៀត»

អ្នក​ទទួល​ម៉ៅការ​បោះ​បង្គោល​ចូល​ទៅ​ក្នុង​ទឹក​បឹង​កង្កែប លោក ជា ឡុង បាន​ឲ្យ​ដឹង​ថា ការ​បោះ​បង្គោល​នេះ គឺ​ដើម្បី​ធ្វើ​រនាំង​បាំង​ស្បៃ​សម្រាប់​របរ​ចិញ្ចឹម​គ្រែង​ឈាម និង​បង្គា​តាម​បែប​ធម្មជាតិ ហើយ​មិន​ប៉ះពាល់​ដល់​ព្រៃ​កោងកាង​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​ថា ថៅកែ​របស់​ខ្លួន​ក៏​មាន​ផែនការ​ដាំ​ដើម​កោង​កាង​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប ជាប់​ទីតាំង​ត្រៀម​ចិញ្ចឹម​កូន​គ្រែង និង​បង្គា​ធម្មជាតិ​នេះ ដើម្បី​ធ្វើ​ជា​ជម្រក​ឲ្យ​ត្រី​សមុទ្រ​បន្ត​ពូជ​ឲ្យ​បាន​ច្រើន​ឡើង​វិញ៖ «ខ្ញុំ​មិន​ជំទាស់​ទេ បើ​អាជ្ញាធរ​ឲ្យ​ខ្ញុំ​ផ្អាក​សកម្មភាព​បោះ​បង្គោល​ឈើ​ចូល​ទៅ​ក្នុង​ទឹក​បឹង​កង្កែប គឺ​ខ្ញុំ​អនុវត្ត​តាម​ការ​ណែនាំ​នេះ មិន​ជំទាស់​ទេ។ សំខាន់ បើ​បងប្អូន​អនុញ្ញាត​ឲ្យ​ធ្វើ​ក៏​ធ្វើ​ក៏​ធ្វើ ប៉ុន្តែ​បើ​មិន​អនុញ្ញាត​ក៏​មិន​អី​ដែរ ខ្ញុំ​សម្របសម្រួល​ទៅ​តាម​នោះ»

ប្រជា​នេសាទ​ឈ្មោះ អ៊ីង ឌួក រស់​នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ការ​បោះ​បង្គោល​ឈើ​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹក​បឹង​កង្កែប នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​អ្នក​នេសាទ​មូលដ្ឋាន​នេះ។ អ្នកនេសាទ​រូប​នេះ​បាន​ស្នើ​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ខេត្ត​ព្រះសីហនុ ជួយ​ពិនិត្យ​តាមដាន៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ សូម​មក​ជួយ​ហាមឃាត់ ឬ​ជួយ​ដក​បង្គោល​របង​បោះ​ចូល​ទៅ​ក្នុង​បឹង​កង្កែប​នេះ ឲ្យ​មក​សភាព​ដើម​ឡើង​វិញ»

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែល​បាន​ចុះទៅ​ដល់​ទីតាំង​មាន​បោះ​បង្គោល​ឈើ ចូល​ទៅ​លើ​ផ្ទៃ​ទឹក​បឹង​កង្កែប ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​សង្គ្រោះ​ផ្ទៃ​បឹង​កង្កែប កុំ​ឲ្យ​មាន​ឈ្មួញ​ចាក់​ដី​លុប​ផ្ទៃ​បឹង​ធ្វើ​កម្មសិទ្ធិ​បន្ត​ទៀត។ ជាង​នេះ ក៏​ស្នើ​ឲ្យ​ដក​បង្គោល​ថ្ម រាប់​រយ​បង្គោល ដែល​ត្រូវ​គេ​យក​ទៅ​បោះ​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹក​បឹង​ធម្មជាតិ​បឹង​កង្កែប ដើម្បី​រំលោភ​យក​ផ្ទៃ​បឹង​កង្កែប​ធ្វើ​កម្មសិទ្ធិ​ឲ្យ​មក​សភាព​ដើម​វិញ៖ «យើង​សង្កេត​ឃើញ​មាន​មនុស្ស​មួយ​ចំនួន គឺ​បា​នរក​បង្គោល​របង​ឈើ​មក​បោះ​ចូល​ទៅ​ក្នុង​ទឹក​បឹង​កង្កែប​នេះ យើង​គិត​ថា ជា​ការ​រំលោភ​ទៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ជាក់ស្ដែង។ អ៊ីចឹង​យើង​សង្ឃឹម​ថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មាន​រដ្ឋបាល​ជលផល​ជាដើម នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​បាន​កំណត់»

​បឹង​កង្កែប​គឺ​ជា​បឹង​ធម្មជាតិ​ទឹក​ប្រៃ មាន​ដុះ​ដើម​កោងកាង​នៅ​ជុំវិញ​ផ្ទៃ​បឹង​រាប់​រយ​ហិកតារ មាន​ទីតាំង​នៅ​ភូមិ​អុង ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ នៅ​ក្នុង ៤​អាណត្តិ​ដឹកនាំ​របស់​អភិបាល​ខេត្ត​មុនៗ ផ្ទៃ​បឹង ឬ​ផ្ទៃ​រងទឹក​ភ្លៀង​បឹង​កង្កែប ត្រូវ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច បាន​ឃុបឃិត​ជាមួយ​ស្ថាប័ន​ជំនាញ​បាន​ចាក់​ដី​ទន្ទ្រាន​កាន់​កាប់​ធ្វើ​កម្មសិទ្ធិ​ឯកជន​អនាធិបតេយ្យ។ ប៉ុន្តែ​នៅ​ក្នុង​អាណត្តិ​ទី​៥ ដែល​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​មក​ដឹកនាំ គឺ​គេ​សង្កេត​ឃើញ​ថា ថ្នាក់ដឹកនាំ​រូប​នេះ​បាន​ណែនាំ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មាន​រដ្ឋបាល​ជលផល និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ជាដើម ឲ្យ​ពិនិត្យ​សើរើ​ការ​កាន់​កាប់​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប ជា​ថ្មី​ឡើង​វិញ ដើម្បី​ឈាន​ដល់​ថែរក្សា និង​ចុះ​បញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles