Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មេបញ្ជាការ​យោធា​ខែត្រ​ស្ទឹងត្រែង​ថា​ទាហាន​ឡាវ​មិន​ទាន់​ចេញ​ពី​ដី​កម្ពុជា​ទេ

$
0
0

មន្ត្រី​យោធា​ជាន់​ខ្ពស់​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា ទាហាន​ឡាវ ប្រដាប់​ដោយ​អាវុធ​នៅ​ពុំ​ទាន់​ដក​ចេញ​ពី​ដី​របស់​កម្ពុជា នោះ​ទេ ហើយ​កម្លាំង​វិស្វកម្ម​កម្ពុជា នៅ​តែ​បន្ត​អភិវឌ្ឍ​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន។  កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​ជំរុញ​ឲ្យ​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ជួយ​ពន្លឿន​ដោះស្រាយ​បញ្ចប់​ការ​បោះ​បង្គោល​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​នៅ​ខែត្រ​ស្ទឹងត្រែង ថ្លែង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា នៅ​តែ​បន្ត​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់ឡាវ បើ​ទោះ​បី​ជា​ទាហាន​ឡាវ ប្រដាប់​ដោយ​អាវុធ​បាន​បោះតង់​ស្នាក់នៅ​តំបន់​នោះ និង​ព្យាយាម​រារាំង​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​ក្ដី។

មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្នុង​ពេល​ថ្មីៗ​នេះ យោធា​របស់​កម្ពុជា បាន​ផ្ញើ​លិខិត​ជូន​យោធា​ខែត្រ​អាតាពើ (Attapeu)  របស់​ឡាវ ២​លើក​មក​ហើយ ដោយ​ជំរុញ​ឲ្យ​មេបញ្ជាការ​យោធា​ឡាវ ដកទ័ព​ចេញ​ពី​ទឹកដី​របស់​កម្ពុជា។ ដោយ​ឡែក​ភាគី​ឡាវ ក៏​បាន​ផ្ញើ​លិខិត​មក​កម្ពុជា ២​លើក​ដែរ ដោយ​ស្នើ​ឲ្យ​បញ្ឈប់​កសាង​ផ្លូវ​តាម​ព្រំដែន និង​ដកទ័ព​ចេញ​ពី​តំបន់​នោះ។

លោក​ថា កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​អាច​បញ្ឈប់​ស្ថាបនា​ផ្លូវ​នៅ​តំបន់​នោះ​បាន​ទេ ហើយ​កំពុង​ដំណើរ​ការ​កសាង​ឲ្យ​ដល់​ខែត្រ​រតនគិរី៖ «ធ្វើ​ក្នុង​ទឹកដី​កម្ពុជា ពូ​អត់​ខ្លាច​ឡាវ បាញ់​ទេ គឺ​ធ្វើ​នៅ​ដី​របស់​យើង ប្រសិនបើ​ឡាវ យក​កាំភ្លើង និង​យក​ទ័ព​មក​វ៉ៃ​យើង​ឡាវ គិត​ថា ធ្វើ​ខុស ឬ​ត្រូវ? ខ្សែ​ព្រំដែន​មាន​រួច​ហើយ​​នៅ​សល់​តែ​បោះ​បង្គោល​តើ!»

លោក ស្វាយ ញ៉ន បន្ថែម​ថា ភាគី​ឡាវ បាន​លើក​យក​កំណត់​ហេតុ​ឆ្នាំ​១៩៩៥ របស់​អភិបាល​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង និង​អភិបាល​ស្រុក​សាន់សៃ (Sanxay District ) នៃ​ខែត្រ​អាតាពើ របស់​ឡាវ ជា​មូលដ្ឋាន​ក្នុង​ការ​ទាមទារ​ដី​មួយ​ផ្នែក​នៅ​ចំណុច​អូរ​តាក់ឡាវ ក៏ប៉ុន្តែ​យោធា​កម្ពុជា បាន​ច្រាន​ចោល​កំណត់ហេតុ​នោះ។ លោក​បញ្ជាក់​ថា ខ្លឹមសារ​ក្នុង​កំណត់ហេតុ​នោះ​បង្ហាញ​ថា អភិបាល​ស្រុក​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា បែក​ចែក​ទឹក​ដី​ម្នាក់​ម្ខាង​រវាង​អូរ​តាក់ឡាវ ខាង​កម្ពុជា និង​អូរ​តាក់ឡាវ ខាង​ឡាវ។ លោក​អះអាង​ថា ខ្សែបន្ទាត់​ព្រំដែន​ដែល​បារាំង បន្សល់​ទុក ពុំ​មែន​រត់​តាម​អូរ​តាក់ឡាវ នោះ​ទេ។

ទោះ​យ៉ាង​ណា លោក​ពុំ​បាន​បញ្ជាក់​លម្អិត​ពី​ចំនួន​កងទ័ព​ឡាវ ប្រដាប់​អាវុធ​ឈរ​ជើង​លើ​ទឹក​ដី​កម្ពុជា នោះ​ទេ ដោយសារ​តំបន់​នោះ​សំបូរ​ដោយ​ព្រៃ​ភ្នំ៖ «ខ្ញុំ​សរសេរ​សំបុត្រ​ទៅ​ថា ពេល​បារាំង ចេញ​ទៅ​គេ​ចែក​ឲ្យ​យើង​មួយ​ចំនួន​រួច​ហើយ ទាំង​ឡាវ ខ្លួន​ឯង​ស្គាល់​ដី​ច្បាស់​លាស់ ហើយ​ខាង​កម្ពុជា ក៏​ស្គាល់​ច្បាស់លាស់​ដែរ ហើយ​ពេល​នេះ​លោក​លូក​ដៃ​យក​លុយ​នៅ​ហោប៉ៅ​របស់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ដកទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា ដក​ម៉េច​កើត»

កាល​ពី​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បាន​សម្រេច​កសាង​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​ឡាវ មាន​ប្រវែង ២៥៧​គីឡូម៉ែត្រ ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៧ ខែត្រ​ស្ទឹងត្រែង រហូត​ដល់​ខែត្រ​រតនគិរី។ មក​ទល់​ពេល​នេះ កសាង​សម្រេច​បាន​ជាង ១៥០​គីឡូម៉ែត្រ។

ប្រទេស​ឡាវ បាន​បញ្ជូន​កងកម្លាំង​យោធា​ប្រដាប់​អាវុធ​មក​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់ឡាវ នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ  ដោយ​លើក​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ ដើម្បី​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ មេដឹកនាំ​កម្ពុជា-​ឡាវ បាន​ឯកភាព​គ្នា​ពន្លឿន​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់ និង​ដាក់​ទិសដៅ​ប្រែក្លាយ​តំបន់​ព្រំដែន​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​មិត្តភាព សន្តិភាព និង​ការ​អភិវឌ្ឍ។ ប្រធាន​រដ្ឋ​សភា​កម្ពុជា លោក ហេង សំរិន បាន​ស្នើ​ដល់​ប្រទេស​ឡាវ សហការ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ប្រកប​ដោយ​ស្មារតី ទទួល​ខុស​ត្រូវ សាមគ្គីភាព គ្រប់​កិច្ចការ​នានា​ចប់​សព្វគ្រប់។

ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា ភាគី​ទាំង​ពីរ​នៅ​ពុំ​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​នោះ​នៅ​ឡើយ​ទេ។ លោក​ថា ការ​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ ត្រូវ​អនុលោម​តាម​បទដ្ឋាន​ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ និង​ផែនដី ព្រម​ទាំង​មាន​ការ​ព្រមព្រៀង​ភាគី​សង​ខាង​ជាដើម។

លោក​ថា ការ​បោះ​បង្គោល​ថ្មី​នៅ​តំបន់​នោះ​ផ្អែក​តាម​ផែនដី​ភូមិសាស្ត្រ​ឥណ្ឌូចិន របស់​បារាំង ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា បោះ​បង្គោល​សម្រេច​បាន ៨៤​ភាគរយ ហើយ​នៅ​សល់​ជាង ១០​ភាគរយ​កំពុង​ប្រទាញប្រទង់​គ្នា និង​រាំង​ស្ទះ​ច្រើន​ឆ្នាំ​មក​ហើយ៖ «កន្លែង​ហ្នឹង​នៅ​ពុំ​ទាន់​ឯកភាព​គ្នា​រឿង​ខ្សែ​ព្រំដែន ដូច្នេះ​ហើយ​បាន​ជា​មាន​បញ្ហា។ កុំ​គិត​ថា រដ្ឋាភិបាល​មិន​ចង់​បោះ (បង្គោល) យើង​ចង់​បោះ​ណាស់​ហើយ តែ​បោះ​វា​មិន​កើត យើង​គ្មាន​យក​កម្លាំង​បោះ​ជាមួយ​យើង​ទេ ទាល់​តែ​គេ​ឯកភាព​គ្នា វា​បញ្ហា​ត្រង់​ហ្នឹង។ តែ​សុំ​ឲ្យ​យល់​ផង មិន​មែន​មិន​ចង់​បោះ​ទេ តែ​ពុំ​ទាន់​ឯកភាព​គ្នា​ក្នុង​ការ​កំណត់​ខ្សែ​ព្រំដែន​នៅ​តំបន់​នោះ»

​ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ដែល​សេសសល់​មិន​ទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles