តំណាងសហគមន៍ព្នងខេត្តមណ្ឌលគិរី ចំនួន ១៦នាក់ ដាក់ពាក្យបណ្ដឹងបន្ថែមទៅស្ថាប័នអយ្យការសាលាដំបូងខេត្តចោទប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ពីបទមិនប្ដឹងបរិហារឧក្រិដ្ឋកម្មព្រៃឈើ។ សហគមន៍បានប្ដឹងមន្ត្រីរូបនេះម្ដងរួចមកហើយពីបទកាប់រានព្រៃឈើដែលសហគមន៍អភិរក្សក្នុងដែនព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
ពាក្យបណ្ដឹងមានស្នាមមេដៃតំណាងសហគមន៍មកពីស្រុកចំនួន៤ និងក្រុងសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី សរុបមានគ្នា ១៦នាក់ បានដាក់ចូលការិយាល័យរដ្ឋបាលអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ហើយនៅថ្ងៃទី២៤ ខែកុម្ភៈ។
បណ្ដឹងថ្មីនេះទាមទារឲ្យមន្ត្រីអយ្យការស៊ើបអង្កេតទៅលើពាក្យសម្ភីរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដែលអះអាងថា បទឧក្រិដ្ឋកាប់រានព្រៃកើតមានច្រើនករណីមិនមានការបង្ក្រាប ប៉ុន្តែបែរជាចាត់វិធានការទៅលើរូបលោកដែលកាប់រានព្រៃតិចតួចនៅជុំវិញចម្ការផ្ទាល់ខ្លួន។
តំណាងសហគមន៍ភូមិឡៅកា សង្កាត់សុខដុម អ្នកស្រី ផ្លឹក ណាវី បញ្ជាក់ថា ការដាក់ពាក្យប្ដឹងមន្ត្រីជំនាញខេត្តរូបនេះក្នុងគោលបំណងឲ្យជនជាប់សង្ស័យបង្ហាញភស្តុតាងបទល្មើសព្រៃឈើដែលកន្លងទៅនេះធ្វើឲ្យប៉ះពាល់វប្បធម៌ប្រពៃណីជនជាតិដើមភាគតិចដែលអភិរក្សព្រៃឈើច្រើនជំនាន់មកហើយ។ លើសពីនេះទៀត សហគមន៍រំពឹងថា ប្រសិនមានការប្តឹងបរិហារពីបទល្មើសឧក្រិដ្ឋព្រៃឈើនោះ បទល្មើសនេះនឹងអាចថយចុះ៖ «បើសិនយើងរកឃើញហើយ ដីទាំងអស់ហ្នឹងនឹងមកជាដីរដ្ឋវិញ ជាដីសហគមន៍វិញ ហើយអ្នកដែលធ្វើដីហ្នឹងថ្ងៃក្រោយកុំឲ្យយកតម្រាប់តាម កុំអាងថាខ្លួនមានអំណាចធ្វើអ្វីៗបានតាមចិត្ត»។
អាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក យន់ សារ៉ោម សុំបញ្ជាក់ពីការដាក់ពាក្យបណ្ដឹងនេះបានទេ នៅថ្ងៃទី២៤ ខែកុម្ភៈ។ យ៉ាងនេះក្ដីនៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មានពាក់ព័ន្ធពាក្យបណ្ដឹងរបស់សហគមន៍កាលពីសប្ដាហ៍មុននេះ លោក យន់ សារ៉ោម អះអាងថា លោកកាប់រានព្រៃជុំវិញចម្ការដូចពលរដ្ឋជាច្រើនដែលកាប់រានព្រៃដូចគ្នា ឬកាប់រហូតរាប់រយហិកតារក៏មិនមានសមត្ថកិច្ចណាចាត់វិធានការឡើយ។
តំណាងសហគមន៍ប៊ូស្រា លោក ក្រើង តុលា កត់សំគាល់ដែរថា ការអះអាងរបស់លោក យន់ សារ៉ោម បានដឹងពីបទឧក្រិដ្ឋព្រៃឈើ ប៉ុន្តែលោកមិនប្ដឹងបរិហារយូរពេលហើយ ដូច្នេះលោកអាចនឹងទទួលខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌមិនប្ដឹងបរិហារបទឧក្រិដ្ឋ។ លោកថា សហគមន៍ដាក់បណ្ដឹងថ្មីនេះមានប្រយោជន៍ឲ្យស្ថាប័នអយ្យការស៊ើបអង្កេតរកប្រភពនៃឧក្រិដ្ឋកម្មព្រៃឈើដែលកើតមានកន្លងទៅនេះ ក្នុងតំបន់សហគមន៍អភិរក្ស៖ «លោក យន់ សារ៉ោម គាត់ថា គាត់ស្គាល់ខ្លះ ៥០០ហិកតារ ខ្លះ ១ពាន់ហិកតារ យើងចង់ដឹងថា អ្នកណាខ្លះទទួលដី ៥០០ហិកតារ ១ពាន់ហិកតារ ឲ្យលោក យន់ សារ៉ោម វែកមុខឲ្យឃើញ»។
សហគមន៍ជនជាតិដើមភាគតិចព្នងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ បានប្ដឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ខណៈដែលមន្ត្រីនេះកាប់រានព្រៃឈើពង្រីកដីចម្ការរបស់ខ្លួនអស់ចំនួន ២៣ហិកតារចាប់ពីឆ្នាំ២០១៤ រហូតដល់ចុងឆ្នាំ២០១៦។ ចំណែកក្រុមសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្ត និងមន្ទីរជំនាញបរិស្ថានចេញរបាយការណ៍បញ្ជាក់ថា លោក យន់ សារ៉ោម ពិតជាបានកាប់រានព្រៃឈើយកដីជាកម្មសិទ្ធិគ្មានច្បាប់អនុញ្ញាត។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរី លោក ឡុង ហុងម៉េង ថ្លែងថា សហគមន៍មានសិទ្ធិដាក់បណ្ដឹងណាដែលដើមបណ្ដឹងចង់ប្ដឹង ក៏ប៉ុន្តែមន្ត្រីអយ្យការនឹងពិនិត្យស៊ើបអង្កេតបណ្ដឹងទាំងអស់នោះប្រសិនមានអង្គហេតុ ឬសាក្សីដាក់បន្ទុកបានទើបមន្ត្រីអយ្យការសម្រេចចោទប្រកាន់ជនដែលត្រូវប្ដឹងបាន៖ «ជួនកាលគាត់ខឹង គាត់និយាយអ៊ីចឹង ខ្មែរយើងជួនកាលជេរទៀត។ អាហ្នឹងសិទ្ធិរបស់គាត់ទេ គាត់ប្ដឹងចុះ គ្រាន់តែថា បើមានភស្តុតាងគាត់ឈរមើលគេឈូសឆាយដីព្រៃប៉ុន្មានហិកតារ ហើយគាត់អត់ប្ដឹងសោះ អាហ្នឹងគាត់អត់ប្ដឹងបរិហារមែន ព្រោះបទល្មើសធំធេងណាស់»។
ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រាទី៥២៩ ចែងថា រាល់បុគ្គលណាដែលដឹងពីបទឧក្រិដ្ឋដែលអាចបង្ការ ឬបន្ថយអនុភាពរបស់បទល្មើសបានហើយមិនប្ដឹងបរិហារដល់អាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ដល់ ២លានរៀល ប៉ុន្តែត្រូវលើកលែងទោសចំពោះបុព្វញាតិ ឬបច្ឆាញាតិបងប្អូនប្រុសស្រីរបស់ចារី ឬសហចារី សហព័ទ្ធរបស់ចារី ឬសហចារីអ្នកផ្ដើមគំនិត ឬអ្នកសមគំនិតប្រព្រឹត្តបទឧក្រិដ្ឋ និងបុគ្គលដែលច្បាប់តម្រូវឲ្យរក្សាការសម្ងាត់វិជ្ជាជីវៈ។
ទាក់ទិនករណីនេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកការដាក់ពាក្យប្ដឹងរបស់សហគមន៍ថា ជាគំនិតល្អដើម្បីរួមចំណែករកឲ្យបទឧក្រិដ្ឋព្រៃឈើដែលកើតមានកន្លងទៅ។ លោកថា បណ្ដឹងពីបទដឹងហើយមិនប្ដឹងបរិហារទៅសមត្ថកិច្ចពីបទឧក្រិដ្ឋព្រៃឈើ នឹងជួយទប់ស្កាត់បទល្មើសព្រៃឈើបានកាន់តែប្រសើរ៖ «យើងសុំលើកទឹកចិត្តប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្តសកម្មភាពចូលរួមការពារដីសាធារណៈរបស់រដ្ឋ និងធនធានធម្មជាតិរបស់រដ្ឋឲ្យបានគង់វង្ស។ អបអរសាទរដែរ ដែលសហគមន៍បានដាក់ពាក្យប្ដឹងឲ្យមានវិធានការទប់ស្កាត់សកម្មភាពកាប់រានដីព្រៃបន្តទៀត»។
កាលពីចុងឆ្នាំ២០១៦ សហគមន៍ប៊ូស្រា បានដាក់ពាក្យប្ដឹងមន្ត្រីជំនាញបរិស្ថាន និងមន្ត្រីមូលដ្ឋានស្រុកពេជ្រាដា និងស្រុកអូររាំង ចំនួន ៥នាក់ ពីបទមិនប្ដឹងបរិហារការកាប់រានព្រៃយកដីនៅដែនជម្រកសត្វព្រៃណាំលៀ រហូតកំពុងឋិតក្នុងចំណាត់ការរបស់មន្ត្រីអយ្យការនៅឡើយ៕