ជំហរសហរដ្ឋអាមេរិក ក្នុងការឈប់បន្តផ្ដល់ជំនួយដល់កម្ពុជា តទៅទៀត ប្រសិនបើស្ថានភាពរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យមិនប្រសើរឡើងនេះ ត្រូវបានបញ្ជាក់នៅក្នុងកញ្ចប់ថវិកាថ្មី ដែលព្រឹទ្ធសភាអាមេរិក ទើបតែអនុម័ត កាលពីព្រឹកថ្ងៃសុក្រ ទី២៣ ខែមីនានេះ។ កញ្ចប់ថវិកាថ្មី ដែលមានទំហំទឹកប្រាក់ ១.៣ ទ្រីលានដុល្លារ មិនបញ្ចូលខ្ទង់ថវិកាណាមួយ ដើម្បីជួយដល់របបលោក ហ៊ុន សែន នោះទេ លើកលែងតែមានរបាយការណ៍ប្រសើរឡើងវិញ អំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ពីនាយករដ្ឋមន្ត្រីបរទេសអាមេរិក។
ឯកសារកញ្ចប់ថវិកា ដែលព្រឹទ្ធសភាអាមេរិក ទើបបានអនុម័តនេះ កំណត់លក្ខខណ្ឌថា ការបន្តផ្ដល់ជំនួយដល់កម្ពុជា អាចធ្វើទៅបាន តែក្នុងករណីរបបលោក ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងអ្នកសារព័ត៌មាន មន្ត្រីអង្គការសង្គមស៊ីវិល និង មន្ត្រីបក្សប្រឆាំងសិនតែប៉ុណ្ណោះ។
អាស៊ីសេរីព្យាយាមទាក់ទងសុំការបំភ្លឺពីមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន នៅឡើយទេនៅពេលនេះ។ ប៉ុន្តែ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មិនភ្ញាក់ផ្អើលនឹងជំហររបស់សហរដ្ឋអាមេរិក ក្នុងការកាត់ផ្ដាច់ជំនួយនេះទេ ព្រោះលោកចោទប្រទេសមហាអំណាចមួយនេះ ថាក៏ជាផ្នែកមួយគាំទ្រចលនា ដែលរបបលោក ហ៊ុន សែន ប្រសិទ្ធិនាមថា ជាបដិវត្តពណ៌នៅកម្ពុជាដែរ។ ទោះបីជាលោក សុខ ឥសាន ទទួលស្គាល់ថា ប្រទេសកម្ពុជាក្រីក្រ និង ត្រូវការជំនួយយ៉ាងច្រើនពីសហគមន៍អន្តរជាតិ លោកអះអាងថា របបលោក ហ៊ុន សែន មិនត្រូវការជំនួយថវិកា ដែលមានលក្ខខណ្ឌណាមួយនោះទេ៖ «ព្រោះអាហ្នឹង គឺថាប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន លោកធ្លាប់បានប្រកាសជាចំហហើយ មិនអាចយកឯករាជ្យ និង អធិបតេយ្យភាព ទៅដោះដូរជាលុយកាក់ ជាជំនួយជាអីផ្សេងៗ ដើម្បីបាត់បង់ឯករាជ្យ និង អធិបតេយ្យភាពរបស់យើងបានទេ»។
កញ្ចប់ថវិកាថ្មី ដែលអនុម័តដោយព្រឹទ្ធសភានេះ នៅមិនទាន់ចុះហត្ថលេខា ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) នៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ខាងរដ្ឋាភិបាលអាមេរិក នៅតែរក្សាជំហរប្រឆាំងទៅនឹងចំណាត់ការរបស់របបលោក ហ៊ុន សែន មកលើសំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាដដែល។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ពោលគឺក្នុងថ្ងៃដែលរម្លាយគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ថ្កោលទោសចំណាត់ការរបប ហ៊ុន សែន ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កាលណោះអាមេរិកព្រមានថា របបលោក ហ៊ុន សែន នៅមិនទាន់ហួសពេល ក្នុងការពិចារណាឡើងវិញ ករណីរម្លាយបក្សប្រឆាំងនេះ។ ប៉ុន្តែ រហូតមកដល់ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅតែគ្មានដំណោះស្រាយ ទើបរដ្ឋាភិបាលអាមេរិក ចេញសេចក្ដីថ្លែងការណ៍មួយទៀត ពីសេតវិមានលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ប្រកាសកាត់ផ្ដាច់ជំនួយជាច្រើនផ្នែក ដែលធ្លាប់ផ្ដល់ដល់របបលោក ហ៊ុន សែន។ រហូតមកដល់ពេលនេះ ស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅតែធ្លាក់ចុះដុនដាប ទើបព្រឹទ្ធសភាអាមេរិក មិនបញ្ចូលខ្ទង់ថវិកា ដើម្បីជួយដល់កម្ពុជា។
ជំហរអាមេរិក រឹតតែបញ្ជាក់ច្បាស់ កាលពីថ្ងៃទី២១ ខែមីនា ដោយប្រទេសអាមេរិក ចូលរួមជាមួយប្រទេស ៤៤ ដទៃទៀត រួមមានប្រទេស អូស្ត្រាលី បារាំង កាណាដា ចក្រភពអង់គ្លេស និង ណូវែលហ្ស៊េឡង់ជាដើម ថ្កោលទោសរបបលោក ហ៊ុន សែន ជុំវិញបញ្ហារំលោភស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និង ទាមទារឲ្យស្ដារស្ថានភាពអាក្រក់បច្ចុប្បន្ន ឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ ដើម្បីរៀបចំឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
រហូតមកដល់ពេលនេះ ជំហរសហគមន៍អន្តរជាតិ កំពុងតែដាក់សម្ពាធលើរបបលោក ហ៊ុន សែន យ៉ាងសន្ធាប់ និង ជាបន្តបន្ទាប់។ ទោះជាយ៉ាងនេះក្តី ប្រទេសដៃគូពាណិជ្ជកម្មធំៗ របស់កម្ពុជាទាំងនេះ នៅតែទុកឱកាសឲ្យកម្ពុជា អាចរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច និង ទណ្ឌកម្មផ្នែកការទូត ប្រសិនបើលោក ហ៊ុន សែន ស្ដារស្ថានការណ៍នយោបាយអាក្រក់ ក្នុងពេលបច្ចុប្បន្ន ឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។