Clik here to view.

មិនខុសពីការប្រកាសជាសាធារណៈជាប្រចាំនោះដែរ នៅក្នុងជំនួបជាមួយតំណាងរដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី២៣ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជំហរដដែលនេះថា លោកមិនព្រមចរចា ជាមួយគណបក្សសង្គ្រោះជាតិ ជាដាច់ខាត។ ជំហរមិនចរចានេះ ត្រូវបានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ស្រ៊ី ថាមរ៉ុង្គ ដកស្រង់ប្រសាសន៍លោក ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបនោះថា វប្បធម៌សន្ទនារវាងលោក ជាមួយលោក សម រង្ស៊ី បរាជ័យហើយ។
ទើបតែពីរថ្ងៃមុននេះ ពេលចុះជួបកម្មកររោងចក្រ នៅម្តុំផ្លូវវ៉េងស្រេង លោក ហ៊ុន សែន ប្រកាសទាំងកំហឹង ព្រោះខឹងខ្លាំងទៅនឹងអ្នកតវ៉ានៅប្រទេសអូស្រ្តាលី និងអាមេរិក ដែលលោកចោទថា ជាមនុស្សរបស់គណបក្សប្រឆាំង ដែលនាំគ្នាដុតទីងមោងរូបរបស់លោក។ លោក ហ៊ុន សែន អះអាងថា បរាជ័យនៃការចរចា គឺដោយសារតែរឿងដុតទីងមោងរូបលោកនេះឯង៖ «ចាំតែចរចាតើ! ហ៊ុន សែន អត់ត្រូវការចរចាជាមួយអ្នកណាទាំងអស់។ ចរចាជាមួយអាអ្នកជាប់គុក អត់ចរចាទេ អាក្រុមជាប់គុក ដែលត្រូវគេរម្លាយហើយ គឺគ្មានការចរចា អ្នកណាចង់ធ្វើអីធ្វើទៅ! ដឹងថាគន្លឹះនៅនឹងដៃ ហ៊ុន សែន ហើយទៅដុតរូប ហ៊ុន សែន វាមិនចប់។ មិនមែន ហ៊ុន សែន ដាក់អន្ទាក់ទេ ប៉ុន្តែ អ្នកឯងទៅផុតគំនូសក្រហមទៅហើយ។ អ៊ីចឹងបានសេចក្ដីថា អ្នកឯងស្ទើរភ្លើងណាស់ខាងនយោបាយ អ្នកឯងគួរមានការអត់ធ្មត់ ហើយអ្នកឯងសុំទទូចសុំការចរចាល្អជាង»។
លោក សម រង្ស៊ី ប្រធានចលនាគណបក្សសង្គ្រោះជាតិប្រកាន់ជំហរចង់ឲ្យមានការចរចា រកដំណោះស្រាយនេះដែរ។ ប៉ុន្តែ ក្រោយមានប្រតិកម្មប្រកែកខ្លាំងៗ ពីលោក ហ៊ុន សែន ទើបលោកស្នើសុំឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ទើបខ្មែរបានសុខ និងមានការចរចាមួយកើតឡើង។
ក្នុងជំនួបជាមួយលោក ហ៊ុន សែន នោះ តំណាងលោកនាយករដ្ឋមន្ត្រីជប៉ុន គឺលោក កេនតារ៉ូ សូនូរ៉ា (Kentaro Sonoura) បានលើកយកលទ្ធភាព នៃដំណោះស្រាយរួមមួយតាមវិធីចរចាគ្នា វាងរបបលោក ហ៊ុន សែន ជាមួយនឹងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។
នេះគឺលើកទីមួយហើយ ដែលប្រទេសជប៉ុន មហាអំណាចដ៏មានឥទ្ធិពលនៅអាស៊ី ឈឺឆ្អាលកាន់តែខ្លាំង និងចេញមុខជួយរកដំណោះស្រាយវិបត្តិនយោបាយខ្មែរ ដែលអូសបន្លាយពេលរាប់ខែ តាំងពីក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ។ រដ្ឋាភិបាលជប៉ុន បានប្រកាន់ជំហរ ចង់ឲ្យមានដំណោះស្រាយ រវាងខ្មែរ និងខ្មែរ ដើម្បីបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន នៅមុនបោះឆ្នោតជាតិ ព្រោះជប៉ុនចង់ឃើញការបោះឆ្នោតជាតិមួយ ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ។
ប្រទេសជប៉ុន ដែលជាម្ចាស់ហត្ថលេខីមួយដែរ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និង ជាម្ចាស់ជំនួយដ៏ធំមួយរបស់កម្ពុជា បានរក្សាជំហរទន់ភ្លន់ ក្នុងស្ថានភាពដែលសហគមន៍អន្តរជាតិ ថ្កោលទោសជុំទិស ទៅលើរបបលោក ហ៊ុន សែន ដោយសារតែការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ប្រទេសជប៉ុន សុខចិត្តមិនចូលរួមចុះហត្ថលេខាជាមួយប្រទេស ៤៥ផ្សេងទៀត នៃសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនាំគ្នាចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសរបបលោក ហ៊ុន សែន កាលពីថ្ងៃទី២១ ខែមីនា។ មិនតែប៉ុណ្ណោះ ជប៉ុនសុខចិត្តបន្តផ្ដល់ជំនួយផ្នែកបច្ចេកទេស ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើទោះបីជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានកាត់ផ្ដាច់ជំនួយទាំងស្រុង ទៅស្ថាប័នមួយនេះ យ៉ាងណាក៏ដោយ។ កាលពីខែកុម្ភៈកន្លងទៅនេះ ជប៉ុនបានផ្ដល់ជំនួយជាហិបឆ្នោតចំនួន ១ម៉ឺនហិបឆ្នោត ទៅ គ.ជ.ប ដែលមានតម្លៃសរុបជិត ៨លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។