
ក្រុមប្រជាពលរដ្ឋជាង៣០០គ្រួសារដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុន កោះកុងភ្លែនថេសិន (Koh Kong Platantion) និងក្រុមហ៊ុន កោះកុង ស៊ូហ្គ័រ (Koh kong Sugar Industry) របស់លោក លី យ៉ុងផាត់ ជាសេដ្ឋីបនល្បែង ឈ្មួញដី និងជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្ដោល ស្រុកបុទុមសាគរ ខែត្រកោះកុង ប្រកាសថា ពួកគាត់ព្រមទទួលយកដំណោះស្រាយរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី។
តំណាងពលរដ្ឋក្រុម ១៧៥គ្រួសារ ដែលទទួលបានដី ៣ហិកតារ និងថវិកា ២.៥០០ដុល្លារ អ្នកស្រី ផាវ ញ៉ើង ឲ្យអាស៊ីសេរីដឹងថា ពួកគាត់យល់ព្រមទទួលយកដំណោះស្រាយ និងបានសរសើរលោក ជា សុផារ៉ា ជារដ្ឋមន្ត្រីល្អ។ តែទោះយ៉ាងណា តំណាងពលរដ្ឋរូបនេះ ទទូចឲ្យលោក ជា សុផារ៉ា ដោះស្រាយសំណងឲ្យបានគ្រប់គ្នា បើទោះជាពលរដ្ឋរងគ្រោះខ្លះ បានទទួលសំណងបន្តិចបន្តួចពីក្រុមហ៊ុនក៏ដោយ៖ «លក្ខខ័ណ្ឌដោះស្រាយត្រូវបញ្ចប់ឲ្យអស់សិន មុននឹងគាត់ ប្រគល់លុយអោយមកគ្រប់ គាត់ប្រគល់លុយអោយយើង យើងនឹងផ្ដិតមេដៃជូនគាត់។ ថ្ងៃនេះយើងផ្ដិតមេដៃអោយគាត់ថា នឹងឈប់តវ៉ាសិន បើថ្ងៃក្រោយយើងផ្ដិតមេដៃមួយទៀត។ សម្រាប់ថ្ងៃនេះ យើងទូទាត់ថវិកា គាត់ថាខ្លះមានចាប់ឆ្នោត"។
សេចក្តីប្រកាសព័ត៌មានក្រសួងឲ្យដឹងថា កិច្ចប្រជុំ ដែលរៀបចំឡើងនៅទីស្ដីការក្រសួងដែនដី នៅព្រឹកថ្ងៃទី២២ មីនា ដោយមានការចូលរួមពីគ្រប់ភាគី ទាំងភាគីរដ្ឋាភិបាល ភាគីក្រុមហ៊ុន លី យ៉ុងផាត់ ពលរដ្ឋរងគ្រោះដីធ្លីសង្គមស៊ីវិល និងឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់ករណីវិវាទនេះជាស្ថាពរ។ ក្រសួងដែនដីថា ក្រុមហ៊ុន លី យ៉ុងផាត់ រ៉ាប់រងផ្ដល់ដី និងផ្ដល់លុយឲ្យពលរដ្ឋមានជម្លោះដីធ្លីទាំងនោះ ដោយក្រុមហ៊ុនយល់ព្រមកាត់ដីឲ្យរដ្ឋទំហំ ៨២៥ហិកតារ នៅឃុំជីខលើ ស្រុកស្រែអំបិល ដើម្បីឲ្យរដ្ឋធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
ពលរដ្ឋដែលមានជម្លោះដីធ្លី នៅខេត្តកោះកុង ជាមួយក្រុមហ៊ុន លោកឧកញ៉ា លី យ៉ុងផាត អះអាងថា បានកើតឡើងតាំងពីកំឡុងឆ្នាំ២០០៦ មកម្ល៉េះ។ ជាង ១០ឆ្នាំមកនេះ ពលរដ្ឋអះអាងថា ដើម្បីទាមទារដីមកវិញ ពួកគាត់បានប្រើប្រាស់ការតវ៉ាគ្រប់វិធីសាស្ត្រ ដោយប្រឈមនឹងការប្រើហិង្សា និងតុលាការ ពីខាងអាជ្ញាធរ និងក្រុមហ៊ុន។ ជម្លោះនេះ ក៏ធ្លាប់ត្រូវបានតំណាងពលរដ្ឋ ប្ដឹងក្រុមហ៊ុនដល់តុលាការទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសផងដែរ។ ពលរដ្ឋ ចាត់ទុកការទទួលបានដំណោះស្រាយនៅពេលនេះថា ជាកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់ពលរដ្ឋរងគ្រោះដីធ្លី។
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តកោះកុង លោក ញៀប សំអឿន អបអរសាទរចំពោះដំណោះស្រាយរបស់ លោក ជា សុផារ៉ា។ ប៉ុន្តែសង្គមស៊ីវិលនៅខេត្តកោះកុង ប្រាប់ថា អាជ្ញាធរថ្នាក់ជាតិ ទើបតែដោះស្រាយបាន២ក្រុមប៉ុណ្ណោះ នៅសល់ពលរដ្ឋក្រុមទី៣ ដែលមានចំនួនជាង៣០០គ្រួសារបន្ថែមទៀត ព្រោះសមាគមសិទ្ធិមនុស្ស អាដហុក បានទទួលបណ្ដឹងពីពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅ របស់ឧកញ៉ា លី យ៉ុងផាត់ មានចំនួន ៣ក្រុម៖ «យើងឃើញមានការដោះស្រាយក្នុងការពាក់ព័ន្ធ ករណីខាងលើនេះ ២ក្រុមប្រជាពលរដ្ឋយល់ព្រមទទួលយកទាំងអស់គ្នា។ ប៉ុន្តែយើងមិនដឹងថា មួយក្រុមទៀតទទួលយកឬអត់ទេ ព្រោះពលរដ្ឋទាំង ៣ក្រុមធ្លាប់ដាក់ញត្តិសរសេរវិក្កយបត្រទៅអាជ្ញាធរទាំងអស់គ្នាអញ្ចឹងសូមឲ្យអាជ្ញាធរជួយដោះស្រាយឲ្យបានទាំងអស់គ្នា ព្រោះយើងមិនទាន់អាចសន្មតថា ជម្លោះទាំងអស់នឹងត្រូវបានបញ្ចប់នៅឡើយទេ"។
លោក ញៀប សំអឿន ចង់ឃើញ លោក ជា សុផារ៉ា ដោះស្រាយបញ្ចប់ឲ្យអស់រវាងពលរដ្ឋដែលនៅសេសសល់ ក្នុងក្រុម ១៧៥គ្រួសារ និងក្រុម ២០០គ្រួសារ និងបន្តបញ្ចប់ជាមួយក្រុមប្រជាពលរដ្ឋជាង ៣០០គ្រួសារបន្ថែមទៀត ទើបជម្លោះរបស់ក្រុមហ៊ុនស្ករអំពៅលោកឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកោះកុងត្រូវបិទបញ្ចប់ទាំងស្រុង។ សង្គមស៊ីវិលរូបនេះយល់ថា បើមិនដូច្នេះទេ ពលរដ្ឋដែលរងគ្រោះ មិនទាន់ទទួលបានដំណោះស្រាយ នឹងមិនសុខចិត្តបញ្ឈប់សកម្មភាពតវ៉ាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។