Quantcast
Viewing all articles
Browse latest Browse all 11174

តុលាការ​ខេត្ត​ប៉ៃលិន​ផ្ដន្ទាទោស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​​ម្នាក់ ​ដាក់​ពន្ធនាគារ ១​ឆ្នាំ

Image may be NSFW.
Clik here to view.

លោក​ ឈុន សិទ្ធី ត្រូវ​បាន​ស្មៀន​និង​មន្ត្រី​ជាប់​កិច្ច​សន្យា​ឃុំ​​ស្ទឹងកាច់​ម្នាក់ ប្ដឹង​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ និង​រំលោភ​សិទ្ធ​ឯកជន។ ភរិយា​លោក ឈុន សិទ្ធី គឺ​អ្នក​ស្រី​លន់ សៅបុត្រ ប្រតិកម្ម​​និង​សេចក្ដី​សម្រេច​របស់​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​នេះ​ថា​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន។

អ្នក​ស្រី​លន់ សៅបុត្រ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣​មីនា​ថា ស្វាមី​របស់​អ្នក​ស្រី​ពុំ​មាន​កំហុស​អ្វី​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ទេ ព្រោះ​កន្លង​មក​លោក​ឈុន សិទ្ធី​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​ឃុំ​ស្ទឹង​កាច់​ផង​នោះ​ ដែល​ជា​មនុស្ស​ស្អាតស្អំ​ គឺ​​បំពេញ​ការងារ​​ដើម្បី​ប្រយោជន៍​របស់​ពលរដ្ឋ​ជា​ធំ​ ហើយ​មិន​គិត​ពី​ការ​លំបាក​របស់​ខ្លួន​ឡើយ​។ភរិយា​ជន​ត្រូវ​ចោទ​រូប​នេះ​ អះអាង​ថា​ទៀត​ថា អ្នក​ស្រី​មាន​ការ​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​ប្រកាស​សាល​ក្រម ផ្ដន្ទាទោស​ស្វាមី​​នោះ៖ «ដោយសារ​តែ​ជន​ដែល​ជា​អ្នក​បង្ក ហើយ​ប្ដី​ខ្ញុំ​ជា​អ្នក​ថត ដើម្បី​បង្ហោះ​ជួយ​ដល់​សង្គម ដើម្បី​កុំ​មនុស្ស​ដែល​គាត់​ប្រព្រឹត្តិ​អាក្រក់ ហើយ​ទៅ​ជា​ប្ដី​ខ្ញុំ​ជា​អ្នក​រង​គ្រោះ​ទៅ​វិញ។ ខ្ញុំ​នឹង​បន្ត​ប្ដឹង​ឧទ្ធរណ៍​បន្ថែម​ទៀត​ ហើយ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​តែ​ទាក់​ទង​ឲ្យ​មេធាវី​​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត​ហើយ»

អាស៊ី​សេរី​ពុំ​អាច​ទាក់​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​បាន​​ទេ​នៅ​ថ្ងៃ​ទី​២៣​មីនា។

ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ត្រូវ​ចោទ​ លោក ផែង ហេង មាន​ប្រសាសន៍​ថា លោក​ពុំបាន​ចូល​ស្ដាប់​ក្នុង​បន្ទប់​​សវនាការ​នោះ​ទេ​ ប៉ុន្តែ​លោក​ថា លោក​បាន​ទទួល​ដំណឹង​ពី​សាច់ញាតិ​កូន​ក្ដី​របស់​លោក​​ដោយ​ដឹង​ថា លោក ឈុន សិទ្ធី ត្រូវ​បាន​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ទៅ​ឲ្យ​ដើមបណ្ដឹង​ចំនួន ២​នាក់ គឺ​ស្មៀន និង​មន្ត្រី​កិច្ចសន្យា​ឃុំ​ស្ទឹង​កាច់​ម្នាក់ ៤​លាន​រៀល សរុប​ទាំង​អស់​ចំនួន ៨​លាន​រៀល៖ «ខ្ញុំ​បំពេញ​នីតិវិធី​ឲ្យ​កូន​ក្ដី​តាម​ច្បាប់​ ហើយ​បើ​កូន​ក្ដី​គាត់​មិន​អាច​ទទួល​យក​ចំណុច​នឹង​បាន ហើយ​ឲ្យ​ខ្ញុំ​ជួយ​ប្ដឹង​ឧទ្ធរណ៍​ខ្ញុំ​នឹង​ប្ដឹង​បន្ត​ជូន​គាត់។ ហើយ​ករណី​នេះ​ខ្ញុំ​យល់​ឃើញ​ថា គួរ​ណា​តែ​ឲ្យ​គាត់​កែប្រែ​ខ្លួន ព្រោះ​គាត់​មិន​មាន​ចេតនា​ណា​មួយ​ប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី ក៏​ជា​មន្ត្រី​ឃុំ​ដែល​គាត់​ធ្វើ​ការ​នោះ​ទេ»

មូលហេតុ​នៃ​បណ្ដឹង​នេះ​កើត​ឡើង​ដោយ លោក ឈុន សិទ្ធី បាន​ថត​វីដេអូ​ឃ្លីប​របស់​ស្មៀន និង​មន្ត្រី​កិច្ចសន្យា​ឃុំ​ស្ទឹង​កាច់​ម្នាក់ ឈ្លោះ​ប្រកែក​គ្នា ហើយ​បាន​វីដេអូ​បង្ហោះ​ក្នុង​ហ្វេសប៊ុក (Face book) ធ្វើ​ឲ្យ​ស្មៀន និង​មន្ត្រី​ជាប់​កិច្ច​សន្យា​ឃុំ​ស្ទឹង​កាច់ ក៏​បាន​ប្ដឹង​លោក ឈុន សិទ្ធី ទៅ​តុលាការ។ ប៉ុន្តែ​តុលាការ​មិន​បាន​ចាត់ការ​នោះ​ទេ រហូត​ដល់​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ប្រឆាំង​ទាំង​អស់​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន ទើប​លោក ឈុន សិទ្ធី បាន​បង្ហោះ​វីឌីអូ​ឆ្លើយ​ឆ្លង​បែប​ចំអក ទៅ​លោក ហ៊ុន សែន វិញ​ថា កុំ​ថា​ឡើយ​ប្រាក់​ខែ​ត្រឹម ៧៥​ម៉ឺន​រៀល​នោះ បើ​ទោះ​បី​ជា ៧៥​ម៉ឺន​ដុល្លារ​អាមេរិក ក៏​លោក​មិន​លក់​ឧត្ដមគតិ​របស់​ខ្លួន​ដែរ។ មួយ​ថ្ងៃ​ក្រោយ​ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បង្ហោះ​វីដេអូ​ឃ្លីប គឺ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ហើយ​ក្រោយ​មក​​បាន​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​​នៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៧។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េលី មាន​ប្រសាសន៍​ថា សំណុំ​រឿង​របស់​ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​រូប​នេះ គ្រាន់​តែ​ជា​ការ​បញ្ចេញមតិ​រិះគន់​ដើម្បី​ស្ថាបនា ដែល​ពុំ​គួរ​ដល់​ថ្នាក់​មាន​ទោសពៃរ៍​អ្វី​​ឡើយ។ លោក​ស្នើសុំ​ឲ្យ​អាជ្ញាធរ ឬ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់ បើក​ទូលាយ​ឡើង​វិញ អំពី​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ កុំ​ឲ្យ​មាន​ការ​រឹតត្បិត ហើយ​កុំ​ឲ្យ​ការ​បញ្ចេញ​មតិ​ខ្លះ​ក្លាយ​ទៅ​ជា​ការ​បរិហារកេរ្តិ៍​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles