Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ខេត្ត​ព្រះវិហារ​ថា​ក្រុម​ជនល្មើស​សម្រុក​លួច​កាប់​ដើម​ច្បោះ​ជ័រ​របស់​ពួកគាត់​ឥត​ឈប់ឈរ

$
0
0

ប្រជា​សហគមន៍​នៅ​ឃុំ​ធ្មា ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ បារម្ភ​ថា ដើម​ច្បោះជ័រ​របស់​ពួកគាត់​នឹង​អាច​វិនាស​នៅ​ថ្ងៃ​ខាងមុខ​មិន​ខាន ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ក្តី​បារម្ភ​នេះ ក្រោយពេល​ក្រុម​ជនល្មើស​សម្រុកចូល​កាប់​ដើម​ច្បោះជ័រ របស់​អ្នកភូមិ​នៅ​ពេលយប់​ឥត​ឈប់ឈរ ដែល​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​ពិបាក​ក្នុង​ការ​ចុះ​ទប់ស្កាត់។

ប្រជា​សហគមន៍​ដែល​មាន​ដើម​ច្បោះជ័រ នៅ​ឃុំធ្មា ក្នុង​តំបន់​ព្រៃឡង់ ស្នើ​សុំ​ឱ្យ​អាជ្ញាធរ ដែនដី និង មន្ត្រី​ជំនាញ​ចាត់វិធានការ​លើ​ក្រុម​ជនល្មើស ដែល​នាំគ្នា​លួច​កាប់​ដើម​ច្បោះ ជ័រ​របស់​ពួកគាត់។ បន្ថែម​ពី​នេះ ដើម្បី​ឱ្យ​ការទប់ស្កាត់​មាន​ប្រសិទ្ធភាព អាជ្ញាធរ​គប្បី​ស្រាវជ្រាវ​រក​ឈ្មួញ​នៅ​ពី​ក្រោយខ្នង ពលរដ្ឋ​ដែល​គេ​ជួល​ឱ្យ​ចូល​ទៅ​កាប់​ដើម​ច្បោះ​ជ័រ​ទាំងនោះ​ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់។

ប្រជា​សហគមន៍​នៅ​ភូមិ​ភ្ញាក់រលឹក ឃុំ​ធ្មា លោក គង់ ថេន ឱ្យដឹង​ថា ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​មក ដើម​ច្បោះជ័រ​របស់​គាត់ ជាង ១០០​ដើម ត្រូវ​បាន​ជនល្មើស​លួច​កាប់​បំផ្លាញ។ បុរស​ដែល​មាន​ដើម​ច្បោះ​ជ័រ ជាង ពីរ​រយ​ដើម​រូប​នេះ បញ្ជាក់​ថា មុខរបរ​ដង​ជ័រទឹក ជា​មុខរបរ​សំខាន់​ទី​ពីរ បន្ទាប់​ពី​របរ​ធ្វើស្រែ​ចម្ការ ប៉ុន្តែ​របរ​នេះ បច្ចុប្បន្ន​កំពុង​ប្រឈម​ក្ដី​វិនាស​ដោយ​សកម្មភាព​លួច​កាប់​ដើម​ច្បោះ​ជ័រ​ឥត ស្រាកស្រាន្ត​ពី​សំណាក់​ក្រុម​ជនល្មើស ដោយ​ពុំ​ទាន់​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ៖ «បារម្ភ​ដែរ ស្ដាយ​មិន​ដឹង​ធ្វើ​ម៉េច​ទៀត។ បាន​អី​ទៀត​សម្រាប់​កូនចៅ​ទៅ​មុខ​ទៀត បាន​អី​ដង​ជ័រ​ទៀត»

របាយការណ៍​របស់​បណ្ដាញ​ការពារ​ព្រៃឡង់​ឱ្យ​ដឹង​ថា ព្រៃ​អភិរក្ស​ជម្រក​សត្វ​មួយ​នេះ​ដែល​មាន​ទំហំ​ជាង ៤៣​ម៉ឺន​ហិកតារ គឺជា​ប្រភព​ផ្ដល់​អនុផល​ព្រៃឈើ​យ៉ាង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ដែល​ភាគច្រើន​ជា​ជនជាតិភាគតិច​ប្រមាណ ៦​ម៉ឺន គ្រួសារ ហើយ​ស្មើនឹង​ចំនួន​ប្រជាជន​ជាង ២០ម៉ឺន​នាក់ រស់នៅ​ជាប់​តំបន់​ព្រៃ​ឡង់ រួម​មាន​នៅ ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ក្រចេះ។ របរ​ដែល​សំខាន់​ជាងគេ​របស់​ប្រជា​សហគមន៍​គឺ របរ​ដង​ជ័រទឹក ដែល​យក​ចេញពី​ដើមឈើ​ទាល ឬ​ដើម​ត្រាច។គណៈកម្មការ​ក្រុម​ស្នូល និង​ជាទី​ប្រឹក្សា​បណ្ដាញ​ការពារ​ព្រៃឡង់ ខេត្ត​ព្រះវិហារ អ្នកស្រី ភោគ ហុង មាន​ប្រសាសន៍ថា ប៉ុន្មាន​ថ្ងៃនេះ មាន​អ្នកភូមិ​មក​ប្រាប់​ថា ដើម​ច្បោះ​ជ័រ​របស់​ពួកគាត់​រាប់​សិប​ដើម​រង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់។ អ្នកស្រី​បញ្ជាក់​ថា ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ដែល​ធ្វើ​ឱ្យ​សហគមន៍ និង​មន្ត្រី​ពាក់ព័ន្ធ​ពិបាក​ចុះ​បង្ក្រាប។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​​ថា ក្រុម​ជនល្មើស​ភាគច្រើន​ត្រូវ​បាន​គេ​ជួល​មកពី​ខេត្ត​ផ្សេងៗ ដើម្បី​កាប់​និង​ដឹកជញ្ជូន​ដើម​ច្បោះ​ទាំងនោះ លក់​ទៅ​ឱ្យ​ឈ្មួញ។ អ្នកស្រី​ថា ការបាត់បង់​ដើម​ច្បោះ​ជ័រ មិន​ត្រឹម​ធ្វើ​ឱ្យ​បាត់បង់​មុខរបរ​ដង​ជ័រទឹក​និង បាត់បង់​ប្រាក់ចំណូល របស់​ប្រជា​សហគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជម្រក​សត្វព្រៃ និង​បរិស្ថាន​ទៀត​ផង៖ «មានតែ​ប្រមូល​គ្នា​ទៅ ជំរុញ​គាត់​ទៅ​ជួយ​ការពារ​អី ប៉ុន្តែ​ជំរុញ​វា​មិន​ឈ្នះ​ហ្នឹង​ណា​។ ឥលូវ​វា​ទៅ​លួច​យប់ កាប់​យប់ គ្មាន​អី​ចុះ​ចាប់​ទៀត»

ប្រភព​ដដែល​បញ្ជាក់​ថា កាលពីមុន​ពលរដ្ឋ​នៅ​ភូមិ​ភ្ញាក់រលឹក ក្នុងចំណោម អ្នកភូមិ​២​រយ​គ្រួសារ គឺ មាន​ប្រមាណ ១​រយ​គ្រួសារ មាន​ដើម​ច្បោះជ័រ ប៉ុន្តែ​បច្ចុប្បន្ន​ថយ​ចុះ​ច្រើន​គួរ​ឱ្យ​បារម្ភ។ មេឃុំ​ធ្មា លោក ទុំ សឿង មិន​បាន​មាន​ប្រសាសន៍​បែប​ណា​ទេ ដោយ​ទូរស័ព្ទ​ចូល លោក​ចុះ​បិទ​ទៅវិញ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា បាន​នៅ​ឡើយ នៅ​ថ្ងៃទី១៨ មីនា។

យ៉ាង​នេះ​ក្តី អ្នកស្រី ភោគ ហុង មើល​ឃើញ​ថា មន្ត្រី​បរិស្ថាន ថ្នាក់ក្រោម បាន​ខិតខំ​ទប់ស្កាត់​បទល្មើស​ទាំងនោះ​ដែរ ប៉ុន្តែ​ដោយសារ​កម្លាំង​មន្ត្រី​ជំនាញ​មាន​ចំនួន​តិចតួច​ពេក ម្យ៉ាង​សកម្មភាព​ជនល្មើស​លួច​ធ្វើឡើង​នៅ​ពេល​យប់​ផង បណ្តាល​ឱ្យ​ការងារ​អភិរក្ស​ដើម​ច្បោះ​ជ័រ​ជួប​ការ​លំបាក។

អ្នកសម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ព្រៃ​ឡង់ លោក សេង សុខ​ហេង កត់សម្គាល់​ថា ដើម​ច្បោះជ័រ​របស់​ប្រជា​សហគមន៍ ពិតជា​ទទួលរង​ការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់​ប្រាកដ​មែន ហើយ​បញ្ហា​នេះ មិនមែន​កើតឡើង​តែ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ប៉ុណ្ណោះ​ទេ។ លោក​មើល​ឃើញ​ថា ប្រជា​សហគមន៍​កាន់តែ​បារម្ភ​ពី​វាសនា​ដើម​ច្បោះ​ជ័រ​របស់​ខ្លួន ថា នឹង​អាច​បាត់បង់​នៅ​ពេល​ខាងមុខ​ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព។ ក្រៅ​ពី​នេះ ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ពិសេស​សកម្មភាព​ចុះ​ល្បាត​នៅ​ពេលយប់​តែម្ដង ព្រោះ​ក្រុម​ជនល្មើស​មួយ​ចំនួន​មាន​ទាំង​កាំភ្លើង ឬ​អាវុធ​កែច្នៃ​ទៀត​ផង៖ «អ្នកការពារ​គឺ​គាត់​មិន​មាន​អាវុធ គឺ​គាត់​មានតែ​កម្លាំង​មាន​ឆន្ទៈ ហើយ​គាត់​ធ្វើការ​ងារ​ដោយ​សុចរិត ហើយ​អ្នក​ដែល​កាប់​គឺ​គេ​មាន​ខ្នងបង្អែក​ជា​មន្ត្រី មាន​អំណាច មាន​ទាំង​អាវុធ។ អ៊ីចឹង​ហើយ វា​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​មានការ​លំបាក»

លោក សេង សុខហេង យល់​ថា​ប្រសិនបើ​របប​លោក ហ៊ុន សែន មាន​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​ការពារ​ព្រៃឡង់ ពិសេស​ការពារ​ដើម​ច្បោះជ័រ របស់​អ្នកភូមិ​ឱ្យ​នៅ​គង់វង្ស គឺ មិន​មាន​អ្វី​ជា​ឧបសគ្គ​នោះ​ឡើយ។ លោក​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ គ្រាន់តែ​រឹត​បន្តឹង​ការ​យាមកាម​នៅ​ច្រក​ចេញ​ចូល​ព្រៃឡង់ និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឹង​មាត់។ ជាងនេះទៀត របប​លោក ហ៊ុន ត្រូវ​ស៊ើបអង្កេត រក​មេខ្លោង នៅ​ពី​ក្រោយខ្នង​បទល្មើស ហើយ​ចាប់​ពួកគេ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ដោយ​គ្មាន​ការរើសអើង។ បន្ថែម​ពី​នេះ​ផ្ដល់​សិទ្ធិ​អំណាច និង​សហការ​ជាមួយ​បណ្ដាញ​សហគមន៍ ឱ្យ​បាន​ទូលំទូលាយ និង​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles