Quantcast
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​បន្ទាយមានជ័យ​បារម្ភ​ពី​កំណើន​ជនជាតិ​ចិន​មក​រស់​នៅ​ក្រុង​ប៉ោយប៉ែត

Image may be NSFW.
Clik here to view.

កំណើន​ជនជាតិ​ចិន​សម្រុក​មក​រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាន់​តែ​ច្រើន​ ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែង​រក​ការងារ​នៅ​ក្រៅ​ប្រទេស។ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ​លើក​ឡើង​​ស្រដៀង​គ្នា​ថា កំណើន​របស់​ជនជាតិ​ចិន​នេះ ​គឺ​​បង្ក​ផល​ប៉ះពាល់​ដល់​របរ​រក​ស៊ី​របស់​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​បណ្ដើរៗ​ហើយ។ ប៉ុន្តែ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​អះអាង​ថា ជនជាតិ​ចិន​ទាំង​នោះ​មក​រស់​នៅ​ដោយ​ស្របច្បាប់។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​មួយ​ចំនួន​ ព្រួយបារម្ភ​ថា កំណើន​​របស់​ជនជាតិ​ចិន​ដ៏​ច្រើន​​សន្ធឹកសន្ធាប់​នេះ​ គឺ​មិន​ផ្ដល់​សេចក្ដី​សុខសប្បាយ​​ដល់​ពលរដ្ឋ និង​សង្គម​ជាតិ​ទេ​​ តែ​​អាច​​​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​​ខ្មែរ​កាន់​តែ​ខ្លាំង​នៅ​ថ្ងៃ​អនាគត។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ លោក ផុន ប្រុស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មីនា​ថា លោក​មិន​សប្បាយ​ចិត្ត ចំពោះ​ជនជាតិ​ចិន​ដែល​មក​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ ព្រោះ​ពួកគេ​បាន​មក​ដណ្ដើម​ការងារ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ម្យ៉ាង​​ធ្វើ​ឲ្យ​បន្ទប់​ស្នាក់​ឡើង​ថ្លៃជាង​ពេល​ដែល​ជនជាតិ​ចិន​មិន​ទាន់​មក​រស់​នៅ​ច្រើន​ដូច​សព្វថ្ងៃ៖ «ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រកបមុខរបរ​រក​ស៊ី​ពី​មុន​បាន​ប៉ុនណា​គាត់​ចេះ​តែ​រស់​បាន​ ប៉ុន្តែ​ជនជាតិ​គាត់​ជះ​ទឹក​លុយ​សម្បើម​ពេក ហាក់​បី​ដូច​ជា​មក​ចាយ​លុយ​របៀបណា​ទេ​ ព្រោះ​ពលរដ្ឋ​ខ្មែរ​យើង​មិន​អាច​មាន​លទ្ធភាព​ធ្វើ​ដូច​គាត់​បាន​។ដូច្នេះ​មុខ​របរ​ដែល​រកស៊ី​ប្រចាំ​ថ្ងៃ​ប៉ះពាល់​ជា​មួយ​នឹង​ជនជាតិ​នឹង​ គឺ​អីចឹង​គាត់​ដណ្ដើម​អស់ហើយ​បាទ​​»

ចំណែក​ឯ​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​ទៀត​ លោក កែវ ចាន់ រៀបរាប់​ថា ផ្ទះ​សំណាក់​នឹង​អាគារ​ពាណិជ្ជកម្ម​ធំ​នៅ​ក្រុង​ប៉ោយប៉ែត​ត្រូវ​បាន​ជនជាតិ​ចិន​ជួល​សម្រាប់​ស្នាក់​នៅ​ និង​បើក​ធ្វើ​អាជីវកម្ម​ស្ទើរ​អស់​ទៅ​ហើយ។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា បើ​ទោះ​បី​ជា​ចិន​ដីគោក​មក​ជួល​អាគារ​ច្រើន​យ៉ាង​នេះ​ក្ដី​ ក៏​ប៉ុន្តែ​ហាក់​មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ«អូ​អា​រឿង​នឹង​មិន​បាច់​និយាយ​ទេ​ វា​កុម្មុយនិស្ត​តែ​ម្ដង​ បើ​ថា​យប់​ឡើង​ពួកគាត់​ដើរ​ទាំងហ្វូង​ពេញ​ផ្លូវ​ហើយ​ ចំណែក​សមត្ថកិច្ច​ដូច​អត់​មាន​ចាត់​វិធានការណ៍​ទេ​ យ៉ាប់​ណាស់​។ វា​មក​នៅ​ស្រុក​ខ្មែរ​យើង​នឹង​អ្នក​មាន​សិទ្ធិ​ឡាន​ដាក់​ស្លាក​លេខ​ខេមរៈ​ភូមិ​ទៀត​ផង»

អធិការ​រង​នគរបាល​ក្រុង​ប៉ោយប៉ែត លោក អេង លីហួ មាន​ប្រសាសន៍​ថា ប្រមាណ​៣ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ចំនួន​កើន​ឡើង​ខ្លាំង​ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ពួកគេ​មក​រស់​នៅ​ដោយ​ស្របច្បាប់ ហើយ​ម្យ៉ាង​ទៀត ក៏​មិន​ទាន់​បង្ក​បញ្ហា​ធំដុំ​ដល់​សង្គម និង​​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​នៅ​ឡើយ​ទេ«បាទ​កើន​ឡើង​ច្រើន​ក្នុង​អំឡុង​ពេល​ការ​រីកចម្រើន​មួយ​រយៈ​ក្រោយ​​នេះ​ រហូត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​មិន​សប្បាយ​ចិត្ត។ ក្នុង​នោះ​មាន​អាជីវកម្ម​ខ្លះ​ក៏​គាត់​ទិញ​ខ្លះ​ក៏​គាត់​ជួល​ដែរ​ ហើយ​សូម្បី​តែ​អ្នក​លក់​សាច់​គោ​អាំង​ក៏​មាន​ដែរ មាន​លក់​បង្កង​អាំ ជា​ភោជនីយដ្ឋាន​ លក់​ចាប​ហួយ​​ ជា​កាស៊ីណូ​ ដូច្នេះ​គាត់​មាន​គ្រប់​តែ​មុខ​នឹង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា កំណើន​ជនជាតិ​ចិន​មក​រស់​នៅ​ក្រុង​ប៉ោយប៉ែត​មួយ​រយៈ​ចុងក្រោយ​នេះ​ មាន​ចំនួន​កាន់​តែ​ច្រើន​គួរឲ្យ​ព្រួយបារម្ភ ព្រោះ​ពួកគេ​ភាគ​ច្រើន​មក​ប្រកបរបរ​រក​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) និង​បើក​ល្បែងស៊ីសង ដែល​​អាច​បង្ក​ជា​បញ្ហា​ផ្សេងៗ​ដល់​សង្គម​ជាតិ​បាន​៖ «យើង​អត់​គាំទ្រ​ទៅ​លើ​ជនជាតិ​ចិន​ទាំង​អស់​នោះ​ទេ​ ហើយ​សូម​អោយ​រដ្ឋាភិបាល​គួរ​តែ​រក​ការងារ​គួរ​តែ​រក​ទីផ្សារ​ គួរ​ធ្វើ​អ្វី​ខ្មែរ​មាន​ផលប្រយោជន៍​ច្រើន​ជាង​ ប្រសើរ​ជាង​អនុញ្ញាត​ឲ្យ​ជនបរទេស​មក​ច្រើន​អ៊ីចឹង​ ខ្ញុំ​គិត​ថា​ប្រទេស​យើង​ក្រ​ហើយ​បែរ​ជា​អ្នក​ដែល​មក​មាន​ជំនាញ​ខ្ពស់​ជាង​យើង​ទៀត​ មិនមែន​មក​ក្លាយ​ទៅ​ជា​កូន​ចៅ​របស់​ម្ចាស់​ប្រទេស​ទេ​ក្លាយ​ទៅ​ជា​ថៅកែ​របស់​ម្ចាស់​ប្រទេស​នឹង»

របាយការណ៍​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ឲ្យ​ដឹង​ថា ​សព្វ​ថ្ងៃ​នៅ​ក្រុង​ប៉ោយប៉ែត​​មាន​ជនជាតិ​ចិន​​រស់​នៅ​ប្រហែល​ជាង ១ពាន់​នាក់ ហើយ​ភាគ​ច្រើន​ពួកគេ​​រស់​នៅ​តាម​អាគារ​ខ្ពស់​ៗ​នៅ​ជាប់​ព្រំដែន​កម្ពុជា​-ថៃ។ ប៉ុន្តែ​លោក​ ស៊ុំ ច័ន្ទគា និង​ប្រជាពលរដ្ឋ​អះអាង​ថា​ ជនជាតិ​ចិន​មក​រស់​នៅ​ក្រុង​មួយ​នេះ​មាន​ចន្លោះ​ពី ៤ពាន់ ទៅ​ជិត​មួយ​ម៉ឺននាក់ ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លំហូរ​ជនជាតិ​ចិន​ចូល​មក​រស់​នៅ​តំបន់​ព្រំដែន​មួយ​នេះ កាន់​តែ​ច្រើន​ឡើងជា​លំដាប់។ ចំណែក​ឯ​តម្លៃ​​ដីធ្លី​និង​ផ្ទះសម្បែង​វិញ​ ក៏​កាន់​តែ​ឡើង​ថ្លៃ ហើយ​​​បាន​ប៉ះពាល់​ដល់​ជីវភាព​​​​រស់​របស់​ពលរដ្ឋ​ក្រីក្រ​ដូច​ជា​អ្នក​រត់​ម៉ូតូឌុប កម្មករ​សំណង់​និង​បុគ្គលិក​កាស៊ីណូ​ជា​ដើម​ គឺ​ពួកគេ​មិន​មាន​លទ្ធភាព​ជួល​ផ្ទះ​ដើម្បី​ស្នាក់​នៅ​​ធ្វើ​ការងារ​រក​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles