
មេធាវីការពារក្ដីឱ្យលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្ដា អះអាងថា លោកមិនអាចទទួលយកបានឡើយ ចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូលនេះ ដោយហេតុថា អ្នកទាំងពីរ មិនបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់ទេ។ លោកមេធាវី កែវ វន្នី បន្តថា គ្មានហេតុផលណាមួយ ដែលត្រូវឃុំខ្លួនកូនក្ដីរបស់លោកទាល់តែសោះ ហើយតុលាការគ្មានភស្តុតាងណាមួយ ដើម្បីដាក់បន្ទុកអ្នកទាំងពីរដែរ រហូតមកដល់ពេលនេះ។ លោកឱ្យដឹងថា នៅក្នុងសវនាការតុលាការកំពូល នៅព្រឹកថ្ងៃទី ១៦ មីនា ចៅក្រមបានទុកឱកាសឱ្យលោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន បានសម្ដែងអារម្មណ៍ជុំវិញការចាប់ខ្លួនលោកទាំងពីរនាក់។ បើទោះជាក្រុមប្រឹក្សាជំនុំជម្រះបានស្ដាប់ការបកស្រាយ និងរកមិនឃើញភស្តុតាងសម្រាប់ដាក់បន្ទុកក្ដី ប៉ុន្តែនៅដំណាក់កាលសម្រេចសេចក្តី ក្រុមប្រឹក្សាជំនុំជម្រះនៅតែសម្រេចបន្តឃុំខ្លួនអ្នកទាំងពីរដោយសំអាងថា ដើម្បីបង្ការបទល្មើសកើតឡើងជាថ្មី៖ «ប៉ុន្តែជាចុងក្រោយ តុលាការគាត់សម្រេចមក អត់មានអ្វីលេចជាភស្តុតាងថ្មីនោះទេ"។
លោកមេធាវី កែវ វន្នី ប្រាប់ថា លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន បានឆ្លើយយ៉ាងច្បាស់ថា លោកទាំងពីរមិនដែលបានផ្ញើព័ត៌មានសំងាត់របស់ជាតិណាមួយ ទៅឱ្យរដ្ឋបរទេសនោះទេ គឺលោកបានឈប់ធ្វើការតាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅពេលដែលវិទ្យុអាស៊ីសេរីរងសម្ពាធ បង្ខំចិត្តឱ្យបិទការិយាល័យនៅភ្នំពេញមកម្ល៉េះ។
លោកមេធាវីបន្ដថា ក្នុងពេលដែលតុលាការផ្ដល់ឱកាសឱ្យកូនក្ដីទាំងពីរបំភ្លឺក្នុងសវនាការ លោក យាង សុធារិន្ទ ទាមទារឱ្យដោះលែងរូបលោក ព្រោះលោកបានផ្ដល់លេខកូដសំងាត់ទូរស័ព្ទដៃ ហ្វេសប៊ុក និងអ៊ីម៉ែល ឱ្យសមត្ថកិច្ចអស់ហើយ ប៉ុន្ដែរកមិនឃើញភស្ដុតាងថា លោកលួចបញ្ជូនព័ត៌មានសំងាត់ឱ្យរដ្ឋបរទេសដូចការចោទប្រកាន់ទេ។ លោកក៏បានប្រគល់លិខិតឆ្លងដែន ឲ្យតុលាការថែមទៀត ជៀសវាងការសង្ស័យថា លោកមានចេតនាលួចរត់ចេញក្រៅប្រទេស។ ចំណែកលោក អ៊ួន ឈិន អះអាងថា បន្ទប់ជួលនៅក្នុងផ្ទះសំណាក់ ដែលសមត្ថកិច្ចចាប់ខ្លួនលោក ធ្វើឡើងដើម្បីបើកជាបន្ទប់ច្រៀងសិល្បៈលក្ខណៈគ្រួសារ ក្រោយពីលោកបានលាឈប់ពីវិទ្យុអាស៊ីសេរី។
ពាក់ព័ន្ធបទចោទដ៏ធ្ងន់ធ្ងរសម្រាប់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំង ២នេះ ក្រុមអ្នកសារព័ត៌មានក្នុងស្រុកខ្លះ កំពុងប្រមូលស្នាមមេដៃពលរដ្ឋតាមប្រព័ន្ធអ៊ីនធើរណេត និងហ្វេសប៊ុក ដើម្បីយកទៅជូនក្រសួងយុត្តិធម៌ និងខុទ្ទកាល័យលោក ហ៊ុន សែន ស្នើសុំឱ្យដោះលែងអ្នកទាំងពីរ។
អ្នកសារព័ត៌មានម្នាក់ លោក ម៉ៃ ទិត្យថារ៉ា ឱ្យដឹងថា ដំបូងក្រុមអ្នកសារព័ត៌មាន បានធ្វើយុទ្ធនាការប្រមូលស្នាមមេដៃនេះ ដោយផ្ទាល់នៅតាមស្ថាប័នសារព័ត៌មានក្នុងប្រទេស ប៉ុន្តែដោយមានការគំរាមកំហែងដល់អ្នកសារព័ត៌មាន ដែលហ៊ានចេញមុខប្រមូលស្នាមមេដៃនោះ ទើបពួកគេត្រូវធ្វើតាមប្រព័ន្ធអ៊ីនធើរណេត និងហ្វេសប៊ុកវិញ។ នៅពេលធ្វើយុទ្ធនាការប្រមូលស្នាមមេដៃតាមប្រព័ន្ធអ៊ីនធើរណេត លោក ម៉ៃ ទិត្យថារ៉ា បន្ដថា អ្នកសារព័ត៌មានចាស់ៗ ជាច្រើន ដែលមាននិន្នាការគាំទ្រគណបក្សនយោបាយ មិនបានចូលរួមជ្រោមជ្រែងជួយអ្នកសារព័ត៌មានដូចគ្នាទេ ប៉ុន្ដែពួកគេបានចេញមុខរារាំងដាក់បន្ទុក និងបំភិតបំភ័យថា ពួកគេជួយមនុស្សខិលខូច៖ «មានការនិយាយអារបៀបឌឺដង ផ្លែផ្កា ព្រោះអ្នកសារព័ត៌មានចាស់ៗ មួយចំនួន ព្រោះគាត់បង្កើតស្ថាប័ន ដើម្បីគាំទ្រខាងគេអ៊ីចឹងទៅណា។ ឌឺដងថា ពួកយើងធ្វើការអត់មានគិតមុខគិតក្រោយ ធ្វើអ៊ីចឹង គឺដាក់បន្ទុកឲ្យអ្នកនៅក្នុងកាន់តែខ្លាំងអីអ៊ីចឹងទៅណា។ (សំណួរ៖ មានគេធ្លាប់គំរាមទេ?) មានដែរ ក៏ប៉ុន្ដែយើងអត់ហ៊ាននិយាយ ព្រោះអីកាលពេលដើរប្រមូលមេដៃ ស្នាមមេដៃលើកទី១ ហ្នឹង កាលហ្នឹងយើងដើរប្រមូលតាមស្ថាប័ន ហើយមានគេតាមគេអី អ្នកដែលចេញមុខប្រមូល ហើយគាត់ភ័យរត់"។
កាលពីថ្ងៃទី១៥ មីនា សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៤រូប បានសរសេរលិខិតទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន សំដែងកី្តបារម្ភ ចំពោះការធ្លាក់ចុះបរិយាកាសនយោបាយ និងសង្គមស៊ីវិលនៅកម្ពុជា និងស្នើសុំឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអតីតអ្នករាយការណ៍អាស៊ីសេរី។ សេចក្តីថ្លែងការណ៍ សមាជិកព្រឹទ្ធសភា រួមមាន លោក ថិត គ្រូស (Ted Cruz) លោក រីឈើត ឌួប៊ិន (Richard Durbin) លោក ផាទ្រីក លាហ៊ី (Partrick Leahy) និងលោក អិដ ម៉ាឃែលី (Ed Markely) អះអាងថា ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងមនុស្សជាច្រើននាក់ទៀត អាចជាប់ពាក់ព័ន្ធនឹងនយោបាយ។ ជាក់ស្ដែង គឺករណីចាប់ខ្លួន លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន។ សេចក្ដីថ្លែងការណ៍ក៏សំដែងក្ដីបារម្ភចំពោះបញ្ហាសុខភាព និងសតិអារម្មណ៍ ចំពោះអ្នកទាំងពីរនាក់ នៅក្នុងពន្ធនាគារដ៏តូចចង្អៀត និងមានការរឹតត្បិតការចូលសួរសុខទុក្ខ។ សមាជិកព្រឹទ្ធសភាទាំង៤នាក់ បានស្នើសុំឱ្យលោក ហ៊ុន សែន ពិចារណាដោះលែងលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។