ពួកគេយល់ឃើញថា ការធ្វើបែបនេះ គឺជាការលើកទឹកចិត្តឱ្យមានការបំផ្លិចបំផ្លាញធនធានធម្មជាតិកាន់តែខ្លាំង និងបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលរឿងការពារធនធានធម្មជាតិនោះ គ្រាន់តែជាការធ្វើឱ្យល្អមើលពីខាងក្រៅតែប៉ុណ្ណោះ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែងថា លោកភ្ញាក់ផ្អើលនៅពេលឃើញព្រះរាជក្រឹត្យ ស្ដីពីការរំលាយដែនជម្រកសត្វព្រៃ ស្នួល និងដែនជម្រកសត្វព្រៃ រនាមដូនសំ ដូចនេះ ព្រោះរដ្ឋាភិបាលតែងតែលើកឡើងអំពីរឿងការពារធនធានធម្មជាតិ និងទើបតែបានបង្កើតតំបន់អភិរក្សមួយចំនួនទៀត ក៏ប៉ុន្តែស្រាប់តែពេលនេះ មានការរំសាយដែនជម្រកសត្វព្រៃពីរកន្លែង ដែលមានផ្ទៃដីរាប់ម៉ឺនហិកតារ ដោយមិនបានបញ្ជាក់ពីមូលហេតុទៅវិញ។ លោកសោកស្តាយចំពោះរឿងនេះ ព្រោះដែនជម្រកសត្វព្រៃដែលជាតំបន់ការពារដោយច្បាប់ជាយូរឆ្នាំមកហើយនោះ បែរជាត្រូវរំសាយនៅពេលនេះទៅវិញ៖ «ប្រសិនបើមានព្រះរាជក្រឹត្យថែមលើតំបន់ផ្សេងៗ ច្រើនទៀត នោះយើងគិតថា វានឹងជាយន្តការច្បាប់មួយ ដែលអាចទប់ស្កាត់បទល្មើសព្រៃឈើបានច្រើន។ ក៏ប៉ុន្តែពេលនេះ យើងបែរជាឃើញមានការរំសាយទៅវិញ។ ដូច្នេះ យើងមានការសោកស្ដាយណាស់ ចំពោះការរំសាយដែនជម្រកសត្វព្រៃនេះ ទាំងដែលយើងមិនដឹងមូលហេតុអ្វីទាំងអស់។”
ដែនជម្រកសត្វព្រៃដែលត្រូវបានរំសាយនោះ គឺដែនជម្រកសត្វព្រៃ ស្នួល ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ៧ម៉ឺន ៥ពាន់ហិកតារ និងដែនជម្រកសត្វព្រៃ រនាមដូនសំ ស្ថិតក្នុងខេត្តបាត់ដំបង មានទំហំជិត ៤ម៉ឺនហិកតារ (៣៩,៩៦១)។ ព្រះរាជក្រឹត្យស្ដីពីការរំសាយដែនជម្រកសត្វព្រៃទាំងពីរកន្លែងនេះ មិនបានបញ្ជាក់អំពីមូលហេតុ ដែលឈានដល់ការរំសាយនោះទេ ហើយក៏មិនឃើញមានការប្រថាប់ត្រា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នោះដែរ គឺឃើញមានតែត្រារបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងការចុះហត្ថលេខារបស់លោក សយ សុខា អគ្គលេខាធិការរាជរដ្ឋាភិបាល ព្រមទាំងសញ្ញាសម្គាល់បញ្ជាក់ថា បានវាយត្រាចូលក្រសួងបរិស្ថានប៉ុណ្ណោះ។
ព្រះរាជក្រឹត្យដដែលបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកស្នើសុំឱ្យព្រះមហាក្សត្រឡាយព្រះហស្តលេខារំសាយដែនជម្រកសត្វព្រៃទាំងពីរ តាមរយៈការរាយការណ៍ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ កាលពីខែកុម្ភៈកន្លងទៅ។
លោក ប៉ែន បុណ្ណារ៍ យល់ឃើញថា រដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់ដីសម្បទានសេកកិច្ចរួចហើយ ដូច្នេះវាគ្មានហេតុផលអ្វី ដែលមកត្រូវរំសាយដែនជម្រកសត្វព្រៃនោះទេ។ លោកបន្តថា ការរំសាយដែនជម្រកសត្វព្រៃទាំងពីរនេះ នាំឱ្យមានការព្រួយបារម្ភថា ដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិជាច្រើនកន្លែងផ្សេងទៀត អាចនឹងត្រូវរំសាយជាបន្តបន្ទាប់ទៀតដូចគ្នាដែរ។ លោកអះអាងទៀតថា ការរំសាយនេះ មានន័យស្មើនឹងការលើកទឹកចិត្តដល់ជនល្មើសឱ្យបន្តការបំផ្លាញធនធានធម្មជាតិកាន់តែច្រើនជាងមុនទៀត។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ដើម្បីសុំការបកស្រាយអំពីរឿងនេះបានទេ កាលពីថ្ងៃទី១៦ មីនា។
ដែនជម្រកសត្វព្រៃ ស្នួល និង រនាមដូនសំ សុទ្ធសឹងតែត្រូវបានបង្កើតឡើងជាយូរឆ្នាំមកហើយ ដោយព្រះរាជក្រឹត្យរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។ ដែនជម្រកសត្វព្រៃ ស្នួល ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ និងដែនជម្រកសត្វព្រៃ រនាមដូនសំ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៣ កន្លងទៅ។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាសកម្មជនព្រៃឈើដ៏ល្បីមួយរូប គឺលោក អ៊ូច ឡេង អះអាងថា ធនធានធម្មជាតិក្នុងតំបន់ដែនជម្រកសត្វព្រៃ ស្នួល ក្នុងខេត្តក្រចេះនោះ ត្រូវវិនាសហិនហោចអស់ទៅហើយ តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ដោយសារស្នាដៃក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់វៀតណាម ចំណែកឯដែនជម្រកសត្វព្រៃ រនាមដូនសំ វិញ ក៏ត្រូវវិនាសហិនហោចអស់ទៅហើយដែរ នៅត្រឹមឆ្នាំ២០១១ ដោយសារការរុករានទន្ទ្រានយកដីពីសំណាក់ក្រុមហ៊ុនឯកជន។ លោកថា នេះជាកំហុសដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាល ដែលមើលឃើញតែផលចំណេញរយៈពេលខ្លីចំពោះការផ្តល់ដីទៅឱ្យក្រុមហ៊ុនឯកជន។ ប៉ុន្តែមើលមិនឃើញពីក្តីអន្តរាយរយៈពេលវែងនៃធនធានធម្មជាតិក្នុងតំបន់ការពាររបស់ខ្លួន៖ “ខ្ញុំមានការបារម្ភចំពោះតំបន់ការពារទាំងពីរនេះ បន្ទាប់ពីត្រូវបានគេរំសាយហើយនឹងធ្លាក់ទៅក្នុងដៃក្រុមហ៊ុនឯកជន ឬឧកញ៉ា និងអ្នកមានអំណាចជាក់ជាមិនខាន ឬក៏នឹងអាចក្លាយជាកម្មវត្ថុ ដើម្បីបំលែងដីនោះជាសម្បទានសេដ្ឋកិច្ច ឬ សង្គមកិច្ច ដើម្បីចង់បានការគាំទ្រពីប្រជាពលរដ្ឋក្រីក្របន្តទៀត សម្រាប់បន្តការគ្រប់គ្រងអំណាចរបស់រដ្ឋាភិបាល”។
ម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោករូបនេះ អះអាងថា សព្វថ្ងៃនេះ មានតំបន់ការពារធម្មជាតិជាច្រើនផ្សេងទៀត ក៏កំពុងរងនូវការវិនាសហិនហោចដូចដែនជម្រកសត្វព្រៃ ស្នួល និង រនាមដូនសំ ដែរ ហើយទៅមុខប្រហែលជានឹងមានការរំសាយដូចគ្នានេះដែរ។ លោកបន្តថា លោកមិនគាំទ្រជាដាច់ខាត ចំពោះវិធានការបែបនេះ ទោះបីជាតំបន់អភិរក្សទាំងនោះត្រូវវិនាសហិនហោចយ៉ាងណាក្តី។ ផ្ទុយទៅវិញ លោកជំរុញឱ្យរដ្ឋាភិបាលដកហូតដីសម្បទានពីក្រុមហ៊ុនឯកជនមកវិញ និងតម្រូវឱ្យពួកគេទទួលខុសត្រូវ ចំពោះការបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងតំបន់ទាំងនោះ តាមរយៈចំណាត់ការតាមផ្លូវច្បាប់ និងជួសជុលការខូចខាតទាំងស្រុង។
ចំណែកស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) វិញ ក៏អះអាងដូចគ្នាថា ទាំងដែនជម្រកសត្វព្រៃ ស្នួល និងដែនជម្រកសត្វព្រៃ រនាមដូនសំ បានរងការបំផ្លិចបំផ្លាញ ការទន្ទ្រានយកដី និងការផ្ដល់ដីសម្បទានទៅឱ្យក្រុមហ៊ុនឯកជនអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតដល់ធនធាននៅក្នុងតំបន់ការពារទាំងពីរត្រូវវិនាសហិនហោចខ្ទេចខ្ទីទៅហើយ។ លោកយល់ថា ការរំសាយដែនជម្រកសត្វព្រៃទាំងពីរនេះ គឺជាវិធានការការពារឧក្រិដ្ឋជន ដែលបានបំផ្លិចបំផ្លាញតំបន់ទាំងនោះ ឱ្យបានរួចខ្លួនពីសំណាញ់ច្បាប់តែប៉ុណ្ណោះ៖ ៖ “នៅពេលដែលអ្នកមានអំណាចឃុបឃិតគ្នាជាមួយអាជ្ញាធរ ដើម្បីទទួលបានសិទ្ធិវិនិយោគក្នុងតំបន់ការពារក្រោមលេសថា ជាដីសម្បទានសេដ្ឋកិច្ច ហើយរដ្ឋាភិបាលបែរទៅជារំលាយដែនជម្រកសត្វព្រៃនោះ ខ្ញុំថានោះជាការបើកភ្លើងខៀវឱ្យមានការបំផ្លិចបំផ្លាញធនធានធម្មជាតិបន្តបន្ទាប់ទៀត ហើយវាក៏ជាការបើកភ្លើងខៀវដល់អ្នកពាក់ព័ន្ធក្នុងរឿងនេះរួចខ្លួនម្ដងទៀត កុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងតុលាការ។”
សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញរូបនេះ ថ្លែងថា លោកគ្មានជំនឿថា អាជ្ញាធរនៃរបបលោក ហ៊ុន សែន បច្ចុប្បន្ន អាចទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារឱ្យមានប្រសិទ្ធភាពនោះឡើយ ព្រោះពួកគេភាគច្រើនសុទ្ធសឹងតែមានជាប់ពាក់ព័ន្ធនឹងបទល្មើស។ លោកយល់ថា បើការអនុវត្តច្បាប់ចំពោះបទល្មើសធនធានធម្មជាតិ មានតែនៅលើមាត់ ឬលើក្រដាសដូចសព្វថ្ងៃទៀត នោះតំបន់ការពារធម្មជាតិជាច្រើនកន្លែងផ្សេងទៀត ក៏នឹងមានវាសនាដូចដែនជម្រកសត្វព្រៃស្នួល និងរនាមដូនសំនេះ ជាក់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។