
មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកដីកាកោះនេះ ថា ជាសញ្ញាមួយល្អ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ហើយជនប្រព្រឹត្តិនឹងទទួលទោសតាមផ្លូវច្បាប់។ បងប្រុសជនរងគ្រោះនៅភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត លោក សាន គឹមសែន ឲ្យដឹងនៅថ្ងៃទី១៦ មីនាថា មូលហេតុដែលលោកប្ដឹងរកយុត្តិធម៌លើសំណុំរឿងនេះ ដោយសារអត់ទ្រាំនឹងការគំរាមកំហែងនិយាយឌឺដងដល់ក្រុមគ្រួសារលោក ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ លោកអះអាងទៀតថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទៅបំភ្លឺដល់តំណាងអយ្យការ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ តាមដីកាកោះហៅនៅថ្ងៃទី២០ មីនា៖ «ខ្ញុំចង់ឲ្យជនប្រព្រឹត្តិមានភាពទទួលខុសត្រូវលើប្អូនរបស់ខ្ញុំ ព្រោះអីប្អូនខ្ញុំឥឡូវធ្វើការមិនកើតទេ ហើយគ្រួសារម្ដាយខ្ញុំមានតែប្អូនខ្ញុំ ដែលរងគ្រោះនេះឯង គ្រាន់ជួយរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ ហើយដល់ពេលប្អូនខ្ញុំត្រូវរបួសធ្ងន់មក គឺម្ដាយខ្ញុំមិនមានប្រាក់ចំណូលដូចមុនទេ»។
លោក សាន គឹមសែន រៀបរាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី២១ មករា មានការឈ្លោះប្រកែកគ្នារវាងរូបលោក និងក្រុមអ្នករៀបចំកម្មវិធីប្រគំតន្ត្រីរបស់ស្រាបៀកម្ពុជានៅក្នុងប៉ោយប៉ែត ដោយសារតែការយល់ច្រឡំគ្នា។ លោកបន្ថែមទៀតថា ក្រោយមកមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រមាណ ១០នាក់ ក៏បានចូលមកទៅបង្ក្រាប ដោយសមត្ថកិច្ចបានវាយរូបលោករហូតដួលសន្លប់ ហើយភ្លាមៗ នោះ ប្អូនរបស់លោកឈ្មោះ សាន គឹមសាន អាយុ ២៣ឆ្នាំ ក៏មកជួយឃាត់ ស្រាប់តែមន្ត្រីកងរាជអាវុធហត្ថក៏បានចាប់ប្អូនលោកទាត់ធាក់ហើយឈូសនឹងស្បែកជើងជាច្រើនជើង បណ្ដាលឲ្យដាច់ពោះវៀនធ្លាយជា ៣កំណាត់។
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតលោក នួន នីណារ៉ូ ធ្លាប់បានបដិសេធថា មន្ត្រីអាវុធហត្ថមិនបានវាយធ្វើបាបទៅលើប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួសដាច់ពោះវៀននោះទេ។ លោកអះអាងទៀតថា ប្រសិនបើខាងមន្ត្រីរបស់លោកពិតជាបានវាយទាត់ធាក់ជនរងគ្រោះមែន គឺខាងលោកនឹងទទួលខុសត្រូវតាំងពីយូរណាស់ទៅហើយ៖ «ភាគីម្ខាងទៀត ដែលថាធ្លាយពោះវៀនហ្នឹង គឺខាងខ្ញុំអត់បានប៉ះពាល់គាត់ទេបង ហើយណាមួយក្នុងកន្លែងកើតហេតុហ្នឹង ពួកខ្ញុំក៏មិនដឹងថា មានគាត់នៅក្នុងហ្នឹងដែរ។ ម្យ៉ាងទៀតពេលកើតហេតុនោះ មានប្រជាពលរដ្ឋច្រើននាក់ ហើយហេតុអីបានជាមិនឃើញពួកគាត់បង្ហោះក្នុងហ្វេសប៊ុក (Face Book) ហើយទើបតែមានព័ត៌មានពេលនេះទៅវិញ»។
តំណាងអយ្យការនៃសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុក កែវបណ្ឌិត បានកោះហៅលោក សាន គឹមសែន លោក សាន គឹមស៊ីម និងឈ្មោះ សាន គឹមសេង ឲ្យចូលបំភ្លឺតុលាការនៅព្រឹកថ្ងៃទី២០ មីនា ក្នុងសំណុំរឿងដែលប្ដឹងមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតពីបទហិង្សាដោយចេតនាកាលពីថ្ងៃទី២១ ខែមករា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា សាទរនឹងដីកាកោះដោយតំណាងអយ្យកានេះថា នេះជាពន្លឺមួយដើម្បីផ្ដល់យុត្តិធម៌ដល់គួរភាគីទាំងសង្ខាង ក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរូបនេះ ទទូចឲ្យមន្ត្រីសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើឡើងដោយ សុក្រឹត យុត្តិធម៌ និងដោយតម្លាភាព៖ «ព្រោះដោយសារប្រជាពលរដ្ឋពឹងទៅលើស្ថាប័នមួយនេះ ធ្វើឲ្យមានភាពកក់ក្ដៅ។ ប៉ុន្តែបើសិនជាការប្ដឹងណាមួយ មិនបានយុត្តិធម៌ ពួកគាត់នឹងឈឺចាប់ ហើយពួកគេនឹងរិះគន់ដល់ស្ថាប័នតុលាការ។ ដូច្នេះ វាអាស្រ័យទៅលើតុលាការខ្លួនឯង ព្រោះបទល្មើសកើតហើយ គ្មានអ្នកទទួលខុសត្រូវទៀត គឺហាក់ដូចជាសុវត្ថិភាព នៃការផ្ដល់យុត្តិធម៌វាអត់មាន»។
ទោះជាយ៉ាងណាលោក ស៊ុំ ច័ន្ទគា អះអាងថា លោកនឹងតាមលើសំណុំរឿងនេះបន្តទៀត ហើយលោកក៏បានស្នើទៅខាងសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ដើម្បីរកមេធាវីជួយការពារក្ដីដល់ជនរងគ្រោះ ដើម្បីទទួលបានយុត្តិធម៌ស្មើភាពគ្នា ព្រោះជនរងគ្រោះជាប្រជាពលរដ្ឋក្រីក្រ ចំណែកឯភាគីម្ខាងទៀត ជាសមត្ថកិច្ចមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។