
ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៨
ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
យើងខ្ញុំទាំងអស់គ្នា មានការខ្វាយខ្វល់យ៉ាងខ្លាំង ដោយសារបរិយាកាសនយោបាយ និង ស្ថានភាពសិទ្ធិសេរីភាពពលរដ្ឋនៅកម្ពុជា កំពុងធ្លាក់ចុះដុនដាបកាន់តែខ្លាំង។ លិខិតនេះ យើងខ្ញុំសរសេរ ដើម្បីស្នើសុំព័ត៌មាន អំពីការចាប់ខ្លួន និង ឃុំឃាំងមនុស្សជាច្រើន ដែលទំនងជា ធ្វើឡើងដោយសារតែហេតុផលនយោបាយ។ យើងខ្ញុំស្នើឲ្យដោះលែងអ្នកជាប់ឃុំទាំងនោះ ជាបន្ទាន់ ព្រោះគ្មានភស្តុតាងណាមួយគួរឲ្យជឿជាក់ ដែលបញ្ជាក់អំពីសកម្មភាពឧក្រិដ្ឋពិតប្រាកដនោះឡើយ។ បើដោះលែងពួកគាត់ភ្លាមៗមែននោះ វាអាចជាសញ្ញាណវិជ្ជមានមួយ សម្រាប់បង្ហាញ សហគមន៍អន្តរជាតិ។
ជាពិសេសករណី លោក អ៊ួន ឈិន និង លោក យាង សុធារិន គឺពួកគាត់ធ្លាប់ធ្វើការឲ្យវិទ្យុអាស៊ីសេរី រហូតដល់អាស៊ីសេរី ត្រូវបង្ខំចិត្ត បិទការិយាល័យនៅកម្ពុជា កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧ ដោយសារតែរងការធ្វើទុក្ខបុកម្នេញ និង
សម្ពាធពីរដ្ឋាភិបាល។ ក្រោយបិទការិយាល័យនៅភ្នំពេញ បុគ្គលិកអាស៊ីសេរីទាំងអស់ ត្រូវបញ្ចប់កិច្ចសន្យា ការងារត្រឹមពេលនោះហើយដែរ។ ប៉ុន្តែ មិនគួរឲ្យជឿសោះ ស្រាប់តែអ្នកសារព័ត៌មានពីរនាក់ របស់អាស៊ីសេរី ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយរងការចោទប្រកាន់ ពីបទចារកម្ម ព្រោះព្រះរាជអាជ្ញា ចោទថាអ្នកទាំង ពីរនៅបន្តធ្វើការឲ្យអាស៊ីសេរីនៅឡើយ ទោះបីអាស៊ីសេរីបិទការិយាល័យរាប់ខែទៅហើយក្តី។ បើរកឃើញថាមានទោស អ្នកទាំងពីរ អាចជាប់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំឯណោះ។ ដូច្នេះយើងពិតជាព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចលោក អ៊ួន ឈិន និង លោក យាង សុធារិន អាចត្រូវជាប់ពន្ធនាគារ ដោយសារតែពួកគាត់ ធ្លាប់បម្រើការឲ្យវិទ្យុអាស៊ីសេរី កាលពីមុននោះឯង។ សូម្បីតែគណៈកម្មាធិការការពារអ្នកសារព័ត៌មាន និង អ្នកសារព័ត៌មានខ្មែរចំនួន ៦០នាក់ក៏បានអំពាវនាវ ឲ្យដោះលែងអ្នកទាំងពីរ ជាបន្ទាន់រួចហើយដែរ។យើងទាំងអស់គ្នា មិនអាចទទួលយកបានទេ ពេលដឹងដំណឹង អំពីបញ្ហាសុខាភាពផ្លូវកាយ និង ផ្លូវចិត្តរបស់អ្នកជាប់ឃុំទាំងពីរនោះ ដែលកាន់តែចុះខ្សោយជាលំដាប់។ ពួកគាត់ ត្រូវជាប់ឃុំនៅក្នុងបន្ទប់ឃុំឃាំងតូចចង្អៀត ដែលគេដាក់ឲ្យនៅប្រជ្រៀតគ្នាច្រើន។ ស្ថានភាពអាក្រក់ក្នុងពន្ធនាគារ ធ្វើឲ្យអ្នកទាំងពីរ កើតកមរមាស់។ ក្រុមគ្រួសាររបស់ពួកគាត់ គេអនុញ្ញាតឲ្យជួបសួរសុខទុក្ខពួកគាត់ តែមួយភ្លែតៗប៉ុណ្ណោះ។ ម្យ៉ាងទៀត បើចង់ចូលសួរសុខទុក្ខពួកគាត់ គឺទាល់តែសូកលុយមន្ត្រីពន្ធនាគារ ជាមុនសិន។
ចំណែកឯ លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ឯណោះវិញ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ និង ចោទប្រកាន់ពីបទ“សមគំនិតជាមួយបរទេស” ដែលជាការចោទប្រកាន់ពោរពេញដោយភាពមិនច្បាស់លាស់។ លោក កឹម សុខា កំពុងជាប់ឃុំតាំងពីពេលនោះ។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិក និង ប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងច្រើន ក្នុងការរក្សាទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ។ ប៉ុន្តែ ក្នុងពេលថ្មីៗនេះ ការណ៍ដែលរដ្ឋាភិបាលរបស់លោក ធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិល និង បំបិទសំឡេងបក្សប្រឆាំង គឺធ្វើឲ្យគំរាមកំហែង ដល់ទំនាក់ទំនងល្អរបស់ប្រទេសយើងទាំងពីរ និង បំផ្លាញស្មារតីតស៊ូដ៏អង់អាចក្លាហានរបស់ពលរដ្ឋខ្មែរ ដែលប្រាថ្នារស់ក្រោមដំបូលសន្តិភាព តាមប្រព័ន្ធប្រជាធិបតេយ្យមួយ។
ដូច្នេះ យើងខ្ញុំសូមស្នើឲ្យលោកនាយករដ្ឋមន្រ្តី គិតគូរឲ្យបានឆាប់ និង ដោះលែងលោក អ៊ួន ឈិន លោក យាង សុធារិន និង លោក កឹម សុខា ជាបន្ទាន់។ យើងខ្ញុំសូមអរគុណ ចំពោះការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី ក្នុងរឿងនេះ។ យើងខ្ញុំរង់ចាំចម្លើយតបភ្លាមៗពីលោក៕
ដោយក្តីគោរព!
សមាជិកព្រឹទ្ធសភាអាមេរិកលោក រីឆាត ជេ. ឌើបិន (Richard J. Durbin)
សមាជិកព្រឹទ្ធសភាអាមេរិកលោក ថិត គ្រូស (Ted Cruz)
សមាជិកព្រឹទ្ធសភាអាមេរិកលោក អិត ម៉ាឃី (Ed Markey)
សមាជិកព្រឹទ្ធសភាអាមេរិកលោក ផាទ្រីក ល៊ែហ៊ី (Patrick Leahy)