Quantcast
Viewing all articles
Browse latest Browse all 11174

សកម្មជន​បរិស្ថាន​ថា ការ​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ជាង ១១​ម៉ឺន​ហិកតារ ជា​ការ​គេចវេះ​ពី​ការ​ទទួលខុស​ត្រូវ​របស់​ស្ថាប័ន​ជំនាញ

Image may be NSFW.
Clik here to view.

មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក សៅ សុភាព ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៦ មីនា​ថា ការ​សម្រេច​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ទាំង​ពីរ​នេះ គឺ​ដោយសារ​តែ​តំបន់​នោះ បាន​បាត់​បង់​មុខ​ងារ និង​សក្ដានុពល​ជា​តំបន់​អភិរក្ស​ជម្រក​សត្វព្រៃ​អស់​ទៅ​ហើយ។ លោក​បន្ត​ថា ដែន​ជម្រក​សត្វព្រៃ​ទាំងពីរ​ ជា​ពិសេស ដែន​ជម្រក​សត្វព្រៃ​រនាម​ដូន​សំ ស្ថិត​នៅ​ទីតាំង​មួយ​ដែល​មន្ត្រី​បរិស្ថាន​មិន​អាច​គ្រប់​គ្រង​បាន​ ដោយ​សារ​តំបន់​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អតីត​កង​ទ័ព​ខ្មែរក្រហម ​មុន​នឹង​ធ្វើ​សមាហរណកម្ម​នៅ​ឆ្នាំ​១៩៩៨។ ក្រោយ​មក​តំបន់​ទាំង​​នោះ​ក៏​ត្រូវ​បាន​​កាន់​កាប់ និង​ប្រើ​ប្រាស់​ស្ទើរ​តែ​ទាំង​ស្រុង​​តាម​រយៈ​ការ​ធ្វើ​ប្រទាន​កម្ម និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​​ស្រប​តាម​គោល​ការណ៍​របស់​រដ្ឋាភិបាល៖ «តំបន់​ទាំង​ពីរ​នេះ ត្រូវ​បាន​បម្លែង​ទៅ​ជា​តំបន់​ដែល​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្ដែង​រហូត​មក​ទល់​នឹង​ពេល​យើង​អនុវត្ត​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី។ កន្លងទៅ​ថ្មីៗ នេះ ក៏​មាន​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ប្រទាន​កម្ម​ ហើយ​តំបន់​មួយ​ចំនួន​ទៀត​ ក៏​ត្រូវ​បាន​អនុវត្ត​ជា​សម្បទាន​ដី​សង្គម​កិច្ច​ជា​ហូរហែ។ សរុប​មក​ មុខងារ​ជា​ដែន​ជម្រក​សត្វព្រៃ​សម្រាប់​តំបន់​ទាំង​ពីរ​នេះ លែង​ឆ្លុះ​បញ្ចាំង​ភាព​ជាក់ស្ដែង​ទៅ​ហើយ​ ដូច្នេះ​ទើប​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​បរិស្ថាន​ សម្រេច​ចិត្ត​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ។ ដោយ​ឡែក នៅ​ពេល​យើង​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ទាំង​ពីរ​នេះ ​យើង​ក៏​​បាន​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ថ្មីៗ​ច្រើន​ថែម​ទៀត​ដែរ»

មន្ត្រី​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា ក្រសួង​បរិស្ថាន​គ្មាន​គម្រោង​រំសាយ​តំបន់​ការពារ​ធម្មជាតិ​ដទៃ​ទៀត​ឡើយ​ បន្ទាប់​​ពី​ការ​រំសាយ​តំបន់​ទាំង​ពីរ​នេះ។ ផ្ទុយ​ទៅវិញ ក្រសួង​បរិស្ថាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូល​រួម​ជួយ​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ទាំងអស់​គ្នា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ទៀត​។

ទោះបី​ជា​យ៉ាង​ណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្មជន​ព្រៃឈើ​ ចាត់​ទុក​ការ​បកស្រាយ​នេះ​ថា គ្រាន់​តែ​ជា​ការ​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​បរិស្ថាន ចំពោះ​ការ​ធ្វើ​ឱ្យ​បាត់​បង់​តំបន់​អភិរក្ស​រាប់​សែន​ហិកតារ​​​តែ​ប៉ុណ្ណោះ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ថ្លែង​ថា ការ​បកស្រាយ​របស់​ក្រសួង​បរិស្ថាន ចំពោះ​ការរំសាយ​ដែន​ជម្រក​សត្វព្រៃ​ទំហំ​ជាង ១១ម៉ឺន​ហិកតារ​នេះ គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន។ លោក​ថា នេះ​គឺ​ជា​គំរូ​ដ៏​អាក្រក់ ដែល​​បង្ហាញ​ថា ស្ថាប័ន​ជំនាញ ជាពិសេស ក្រសួង​បរិស្ថាន​​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន៖ «នៅ​ក្នុង​ការ​បកស្រាយ​នេះ អត់​មាន​និយាយ​ថា ជន​ល្មើស​ដែល​ចូល​ទៅ​បំផ្លិចបំផ្លាញ​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​នោះ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​យ៉ាង​ម៉េច​ទេ ក្រៅតែ​ពី​សិក្សា​ថា ឥលូវ​គេ​បំផ្លាញ​អស់​ហើយ ដូច្នេះ​ត្រូវ​រំសាយ​តំបន់​នោះ។ ក្នុង​នាម​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​សម្រាប់​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​ គឺ​អត់​មាន​ទទួល​ខុស​ត្រូវ​អ្វី​ទាំងអស់​ ដូច្នេះ​បើ​ធ្វើ​តែ​របៀប​នេះ​ទៀត ព្រៃឈើ​ទាំងអស់​នឹង​​​ត្រូវ​បាត់​បង់​ដោយសារ​តែ​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​ជំនាញ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ អះអាង​ថា ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​នេះ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ ដូច្នេះ​លោក​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ដាក់​បណ្ដឹង​បរិហារ​ផ្លូវ​ការ​ទៅ​តុលាការ​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​រក​យុត្តិធម៌​ជុំ​វិញ​រឿង​នេះ៖ «នៅ​ខេត្ត​រតនគិរី​អស់​តែ ៨​រយ​ហិកតារ​ទេ គឺ​យើង​បាន​ប្ដឹង​បរិហារ​ទៅ​តុលាការ​ខេត្ត​ហើយ ចុះ​ទម្រាំ​បាត់​ដែន​ជម្រក​សត្វព្រៃ​រាប់​ម៉ឺន​ហិកតារ​ទៀត​នោះ។ ដូច្នេះ មន្ត្រី​នគរបាល​យុត្តិធម៌ ឬ​ក៏​ស្ថាប័ន​ជំនាញ ដែល​ឈរជើង​​នៅ​តំបន់​ទាំង​នោះ ត្រូវ​តែ​ទទួល​​​​​ខុសត្រូវ និង​ឆ្លើយ​ដោះបន្ទុក ចំពោះ​ការ​អនុគ្រោះ​បទល្មើស​ព្រៃឈើ រហូត​​ដល់​តំបន់​ដែន​ជម្រក​សត្វព្រៃ​រាប់​សែន​ហិកតារ បាត់​បង់​ធនធាន​ធម្មជាតិ​អស់។ ដូច្នេះ​វា​មិន​មែន​ត្រឹមតែ​រំសាយ​តំបន់​នោះ​ហើយ ចប់​នោះ​ទេ រឿង​ទាំងអស់​នេះ​​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ដែន​ដី​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»

ដែន​ជម្រក​សត្វ​ព្រៃ ស្នួល ទំហំ ៧​ម៉ឺន ៥​ពាន់​ហិកតារ និង​ដែន​ជម្រក​សត្វ​ព្រៃ រនាម​ដូន​សំ ទំហំ​ជិត ៤​ម៉ឺន​ហិកតារ (៣៩,៩៦១) ត្រូវ​បាន​រំសាយ​ដោយ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ទោះបី​ជា​យ៉ាង​ណា ព្រះរាជក្រឹត្យ​ស្ដីពី​ការ​រំសាយ​ដែន​ជម្រក​សត្វព្រៃ​ទាំង​ពីរ​កន្លែង​នេះ មិន​ឃើញ​មាន​ការ​ប្រថាប់​ត្រា ឬ​ការ​ឡាយ​ព្រះហស្តលេខា​ពី​ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម​ សីហមុនី នោះ​ទេ គឺ​ឃើញ​មាន​តែ​​ត្រា​របស់​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ការ​ចុះ​ហត្ថលេខា​របស់​លោក​ សយ សុខា អគ្គលេខាធិការ​រាជរដ្ឋាភិបាល ព្រម​ទាំង​សញ្ញា​សម្គាល់​បញ្ជាក់​ថា បាន​វាយ​ត្រា​ចូល​ក្រសួង​បរិស្ថាន​ប៉ុណ្ណោះ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​អ្នក​ស្នើសុំ​ឱ្យ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ តាម​រយៈ​​ការ​រាយការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក សាយ សំអាល់។

ប្រធាន​អង្គការ​កិច្ច​ការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​​សកម្មជន​ព្រៃ​ឈើ​ដ៏​ល្បី​មួយ​រូប គឺ​លោក​ អ៊ូច ឡេង អះអាង​ថា តំបន់​ការពារ​ធម្មជាតិ​ទាំងពីរ​នេះ ពិត​ជា​បាន​​បាត់​បង់​សក្ដានុពល​របស់​ខ្លួន​ពិត​មែន ដោយសារ​ការ​បំផ្លិច​បំផ្លាញ​របស់​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ជាពិសេស គឺ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ស្នួល ដែល​លោក​រក​ឃើញ​ថា ក្រុមហ៊ុន​វៀតណាម​ជា​អ្នក​បំផ្លិចបំផ្លាញ​តំបន់​នោះ​។ លោក​ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​បង្ហាញ​ឯកសារ​ផ្លូវ​ការ​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការ​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ និង​របាយការណ៍​អំពី​មូលហេតុ​ដែល​រដ្ឋាភិបាល​មិន​អាច​ស្អារ​តំបន់​ទាំងពីរ​នេះ​ឡើង​វិញ៖ «ការ​រំសាយ​តំបន់​ទាំងពីរ​នេះ គឺ​គួរ​ឱ្យ​សា្តយ​ខ្លាំង​ណាស់ ព្រោះ​វា​ធំ​ដល់​ទៅ​ជាង ១០​ម៉ឺន​ហិកតារ​ឯណោះ។ ប្រជាពលរដ្ឋ​អាច​នឹង​គិត​ថា រឿង​នេះ​មាន​អាថ៌កំបាំង​អ្វី​ផ្សេង​នៅ​ពី​ក្រោយ​ការ​រំសាយ​នេះ ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​បញ្ចេញ​របាយការណ៍ ឬ​ក៏​ព័ត៌មាន​ពិត​អំពី​មូលហេតុ​នៃ​ការ​រំលាយ​នេះ មិន​មែន​ត្រឹម​តែ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ប៉ុណ្ណឹង​នោះ​ទេ គឺ​ត្រូវ​តែ​មាន​របាយការណ៍​ផ្លូវ​ការ​ថា តើ​មាន​មូល​ហេតុអ្វី​ដែល​ត្រូវ​រំសាយ​នោះ និង​ថា តើ​មូលហេតុ​អ្វី​ខ្លះ​ ដែល​យើង​មិន​អាច​ស្អារ​សក្ដានុពល​ភាព​ក្នុង​តំបន់​នោះ​បាន ដើម្បី​ការពារ​កេរមរតក​របស់​ដូន​តា​យើង​នេះ​តទៅ​មុខ​ទៀត»

លោក​បន្ត​ថា លោក​​​មិន​គាំទ្រ​នោះ​ទេ ចំពោះ​​ការ​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​ពីរ​នេះ ទោះបី​ជា​តំបន់​នោះ​បាត់​បង់​សក្ដានុពល​របស់​ខ្លួន​ក៏​ដោយ​ ផ្ទុយ​​ទៅវិញ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​​ដក​ហូត​ដី​សម្បទាន​​ពី​ក្រុមហ៊ុន​ឯកជន​មក​វិញ និង​តម្រូវ​ឱ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​​​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ទាំង​នោះ តាម​រយៈ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់ និង​ជួស​ជុល​ការ​ខូចខាត​ទាំងស្រុង៖ «យើង​មិន​អាច​និយាយ​ថា តំបន់​នោះ​​ត្រូវ​បាន​រំលាយ​ចោល​ដោយ​សារ​តែ​វា​បាត់​បង់​ផល​ប្រយោជន៍​អស់​នោះ​ទេ។ យើង​ត្រូវតែ​រក​មូល​ហេតុ​ថា តើ​តំបន់​ទាំងនោះ​បាត់បង់​ផល​ប្រយោជន៍​ និង​សក្ដានុពល​ដោយ​សារ​អ្វី? ដោយសារ​ឈ្មួញ និង​ក្រុមហ៊ុន​ឯកជន​រក​ស៊ី​ឈើ ឬ​ក៏​ដោយសារ​អ្វី​ផ្សេង​ឱ្យ​ពិត​ប្រាកដ? យើង​ត្រូវ​តែ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​អំពី​មូលហេតុ​នេះ ហើយ​ប្រសិន​បើ​យើង​រក​ឃើញ​ថា មាន​ក្រុមហ៊ុន ឬ​ឈ្មួញ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​សក្ដានុពល​ក្នុង​តំបន់​នោះ ត្រូវ​តែ​ឱ្យ​ពួក​គេ​ទូទាត់​សំណង និង​ស្ដារ​តំបន់​នោះ​ឡើង​វិញ។ នៅ​ក្នុង​ច្បាប់​ក៏​កំណត់​ដូចនេះ​ដែរ ដូច្នេះ​ត្រូវ​តែ​ធ្វើ មិន​មែន​ឃើញ​តំបន់​នោះ​ បាត់​បង់​សក្ដានុពល​ហើយ បែរ​ជា​រំលាយ​ចោល​នោះ​ទេ»

ដែន​ជម្រក​សត្វព្រៃ​ស្នួល​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជ​ក្រឹត្យ​របស់​ព្រះបរម​រតនកោដ្ឋ​ ព្រះបាទ​នរោត្តម សីហនុ កាល​​​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ ចំណែក​ឯ​​ដែន​ជម្រក​សត្វ​ព្រៃ រនាម​ដូន​សំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​របស់​អតីត​ព្រះមហាក្សត្រ​ដូចគ្នា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ ២០០៣ កន្លងទៅ។ ទោះជា​យ៉ាងណា សកម្មជន​បរិស្ថាន​ រក​ឃើញ​ថា ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​ការពារ​ទាំង​ពីរ​នេះ បាន​រង​ការ​បំផ្លិច​បំផ្លាញ​ខ្ទេចខ្ទី​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល កាល​ពី​អំឡុង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ កន្លងទៅ ដោយ​គ្មាន​ការ​ទប់​ស្កាត់​ពី​អាជ្ញាធរ​ជំនាញ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles