
យុវជនជាសិស្ស និស្សិត យល់ថា ទិវាជាតិអំណានជួយបណ្ដុះគំនិតដល់យុវជនឲ្យចូលចិត្តការអាន។ យុវជនទាំងនោះយល់ថា ទិវាអាននេះ បានជំរុញឲ្យក្មេងៗ និងសិស្សានុសិស្ស និស្សិត ព្រមទាំងសាធារណជនទូទៅចាប់ផ្ដើមបង្កើតទម្លាប់អាន និងស្រឡាញ់សៀវភៅ ដូចប្រទេសជឿនលឿនមួយចំនួន។
តើទិវាជាតិអំណានលើកទី៣ ឆ្នាំ២០១៨ ប្រព្រឹត្តឡើងយ៉ាងដូចម្ដេចខ្លះ?
ទិវាអំណានលើកទី៣ ត្រូវបានក្រសួងអប់រំរៀបចំឡើងក្រោមប្រធានបទ “អំណានជាកំណប់វិជ្ជា មហាសាល”។ ទិវាជាតិអំណានលើកទី៣ ឆ្នាំ២០១៨ ប្រារព្ធឡើងនៅសាលប្រជុំនៃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលមានអ្នកចូលរួមប្រមាណជាង ៤ពាន់នាក់ និងមានការប្រកួតប្រជែងទៅលើវិញ្ញាសាចំនួន ៣ រួមមាន៖ ការប្រកួតអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ។
ពេលវេលានៃការបើកកម្មវិធីទិវាជាតិអំណានលើកទី៣ បានចាប់ផ្តើមឡើងតាមការកំណត់របស់ក្រសួងអប់រំនូវម៉ោង៨ព្រឹក ថ្ងៃទី១១ ខែមីនា។ គ្រាដែលកម្មវិធីប្រកាសបើកជាស្ថាពរ ដោយមានសំឡេងកុមារា កុមារីអានអត្ថបទ ក៏បានបន្លឺឡើងយ៉ាងរំពងនៅក្នុងសាលប្រជុំដ៏ធំមួយ។
៚សំឡេងអានរឿងនិទានរបស់សិស្សជ័យលាភីលេខ១មកពីខេត្តបន្ទាយមានជ័យ កុមារី ស៊ុយ សុភក្ត្រ័ ឋិតក្នុងសំលៀកបំពាក់ជាឯកសណ្ឋានសិស្សសាលាហើយក្នុងដៃមានកាន់នូវក្រដាសអត្ថបទកំណាព្យ ផងនោះ បេក្ខជនមកពីតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទូទាំង ប្រទេសបានប្រុងប្រៀបខ្លួនយ៉ាងខ្ជាប់ខ្ជួនត្រៀមឡើងលើវេទិកា ដើម្បីបញ្ចេញសមត្ថភាព ស្មូត កំណាព្យរៀងៗខ្លួន។ «»
ឆ្លៀតពេលបេក្ខជនសម្រាករង់ចាំទទួលលទ្ធផលនៃការប្រកួត លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ បានចូលខ្លួនមកពន្យល់អំពីការអាន និងសូត្រជាកំណាព្យនូវស្នាដៃអក្សរសិល្ប៍ខ្មែរ។ «» ឈរនៅជ្រុងម្ខាងនៃសាលប្រជុំរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អ្នកចូលរួមប្រកួតប្រជែងអានអត្ថបទម្នាក់ កុមារី មុំ ម៉ារីតា ឲ្យដឹងថា ខ្លួនមានអារម្មណ៍សប្បាយ រីករាយដែលបានចូលរួមប្រកួតនៅកម្មវិធីទិវាជាតិអំណានលើកទី៣។ កុមារី រូបនេះឲ្យដឹងពីចំណូលចិត្តនៃការអានសៀវភៅរបស់នាងថា នាងចូលចិត្តអានសៀវភៅវិទ្យាសាស្ត្រ និង ប្រវត្តិសាស្ត្រ ឆ្លៀតពេលខ្លះ ចូលទៅអានសៀវភៅនៅក្នុងបណ្ណាល័យ។ «»
ងាកទៅស្ដាប់ទស្សនៈរបស់យុវវ័យឯណោះវិញ កញ្ញា បុប្ផា រស្មី យល់ថា ទិវាជាតិអំណាន គឺជាចំណែកមួយជួយបំផុសស្មារតីកុមារា កុមារី យុវវ័យ និងសាធារណជនគ្រប់ស្រទាប់វណ្ណៈ ឲ្យចូលចិត្តអាន និងស្រឡាញ់សៀវភៅ។ «»
យុវជន សក្កដា វុធ សិស្សរៀននៅសាលាបញ្ញាសាស្ត្រឲ្យដឹងទាំងសំឡេងខ្សាវៗថា យុវវ័យគួរតែទម្លាប់អានសៀវភៅ ឲ្យបាន៥នាទី រៀងរាល់យប់មុនចូលគេង។ យុវជនរូបបន្តថា ការធ្វើបែបនេះនឹងជួយឲ្យយុវវ័យទាំងឡាយឆាប់មានទម្លាប់អានសៀវភៅ។ «»
ក្រៅពីអ្នកចូលរួមប្រកួតប្រជែង ក៏មានអ្នកចូលរួម អ្នកសាច់ញាតិបេក្ខជនដើម្បីរង់ចាំលើកទឹកចិត្តអ្នកប្រឡងប្រជែងដែរ។ អ្នកចូលរួមក្នុងកម្មវិធីទិវាជាតិអំណាន លោក សុខា ដេត បានចែករំលែកនូវបទពិសោធន៍របស់ខ្លួនក្នុងការបណ្ដុះកូនតូចឲ្យចូលចិត្តអានសៀវភៅថា ឪពុកម្ដាយ និងអាណាព្យាបាលគ្រប់រូប ត្រូវបណ្ដុះស្មារតីកូនឲ្យចេះស្រឡាញ់សៀវភៅ។ លោក យល់ថា តាមរយៈការគូសវាស និងផាត់ពណ៌ នៅលើក្រដាស ឬទម្រង់រូបគំនូរដែលនេះជាជំហានដំបូងដែលធ្វើឲ្យកូនៗស្គាល់សៀវភៅ។ «»
ទាក់ទងនឹងទិវាជាតិអំណាននេះ លោក ហង់ ជួនណារ៉ុន ពន្យល់ថា អំណានគឺជាធាតុផ្សំម្យ៉ាងដែលសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។
អនុក្រឹត្យចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់រដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១១ ខែមីនា ជាថ្ងៃប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំ។
រដ្ឋមន្ត្រីក្រសួងអប់រំបានឲ្យដឹងថា រដ្ឋាភិបាល និងក្រសួងអប់រំជ្រើសរើសយកថ្ងៃទី១១ ខែមីនា ធ្វើជាទិវាជាតិអំណាន គឺដើម្បីរម្លឹកនូវវីរភាពរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។ លោកគឺជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូបដែលបានចងក្រងវចនានុក្រមភាសាខ្មែរឡើងមុនគេ។ «»
នេះជាលើក៣ហើយដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាជាតិអំណានឡើងបន្ទាប់ពី បន្ទាប់ពីរបបលោក ហ៊ុន សែន បានប្រកាសបង្កើតទិវានេះឡើង កាលពីឆ្នាំ២០១៥ ដោយកំណត់យកថ្ងៃទី១១ ខែមីនា ជាថ្ងៃប្រារព្ធទិវាជាតិអំណានជារៀងរាល់ឆ្នាំ។
អនុក្រឹត្យចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ឲ្យដឹងថា ទិវាជាតិអំណានប្រារព្ធឡើងក្នុងគោលបំណងចូលរួមកាត់បន្ថយអនក្ខរភាព ដោយលើកទឹកចិត្តឲ្យសិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ៕