Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​ខកចិត្ត​ដែល​អាជ្ញាធរ​ឱ្យ​ជនល្មើស​បូម​ខ្សាច់​លុប​ព្រៃ​កោងកាង​នៅ​កោះកុង​រួចខ្លួន

$
0
0

រដ្ឋាភិបាល​សម្រេច​ដក​ហូត​ដី​ព្រៃកោងកាង នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ក្នុង​ខេត្ត​កោះកុង មក​ដាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ។ ចំណាត់​ការ​ដ៏​លឿន​រហ័ស​របស់​ក្រុម​អាជ្ញាធរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្រែក​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ចុះ​ទៅ​ពិនិត្យ​ករណី​មួយ​នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​នេះ មាន​លក្ខណៈ​ជា​ការ​សម្របសម្រួល​ច្រើន​ជាង មិនមែន​ជា​ការអនុវត្ត​ឱ្យ​បាន​តឹងរ៉ឹង​នោះ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សម្ដែង​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ជំនាញ​ដែល​មិន​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ លើ​បុគ្គល​ដែល​បាន​បូម​ខ្សាច់​លុប​ព្រៃ​កោងកាង អស់​ជាង ៣​ហិកតារ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាម​ក្រសោប តែ​ផ្ទុយទៅវិញ​អាជ្ញាធរ​បែរជា​ជួយ​ណែនាំ​ឱ្យ​ជន​ទាំងនោះ​ធ្វើតាម​នីតិវិធី​ស្នើសុំ​ដី​ដែល​ត្រូវ​បាន​ដកហូត​នោះ​ទៅវិញ។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​សម្រេច​ដកហូត​ដី​ទំហំ​ជាង ១៣ហិកតារ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ដែល​ត្រូវ​បាន​គេ​បូម​ខ្សាច់​ចាក់​បំពេញ​ដោយ​ខុសច្បាប់ អស់​ជាង ៣ ហិកតារ នោះ យក​មក​ដាក់​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​វិញ។ លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះហត្ថលេខា​ដោយ​លោក តឹករ៉េត សំរេច ជា​រដ្ឋលេខាធិការ កាលពី​ថ្ងៃទី៩ មីនា សម្រេច​ដកហូត​ដី​ជាង ១៣ហិកតារ ដែល​កាន់កាប់​ដោយ​ឈ្មោះ សុខ គឹមហុង និង មាស ស៊ីវជូ មក​ជា​សម្បត្តិ​រដ្ឋ​វិញ និង​តម្រូវ​ឱ្យ​បុគ្គល​ទាំងពីរ​នាក់​នេះ អនុវត្ត​តាម​នីតិវិធី​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើសុំ​ប្រើប្រាស់​ចំណែក​ដី​ទាំងនោះ។

ទោះបីជា​យ៉ាងណា លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នេះ មិនបាន​ចែង​អំពី​ចំណាត់​ការ​ផ្លូវច្បាប់​ណាមួយ ទៅលើ​បុគ្គល​ដែល​បាន​កាន់កាប់ និង​ទិញ​លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​ទីតាំង​នោះ​ទេ។ ជា​ពិសេស ស្ថាប័ន​កំពូល​ផ្នែក​នីតិ​ប្រតិបត្តិ​មួយ​នេះ មិនបាន​និយាយ​អំពី​បុគ្គល​ម្នាក់ ដែល​មាន​ឈ្មោះថា ជា លាងហុង ដែល​ជា​អ្នក​បូម​ខ្សាច់ លុប​ព្រៃ​កោងកាង​អស់​ជាង ៣ហិកតារ​នោះ​ឡើយ គឺ​មាន​និយាយ​តែ​ឈ្មោះ សុខ គឹមហុង និង​មាស ស៊ីវជូ តែប៉ុណ្ណោះ ដែល​តាម​លិខិត​ទិញ​លក់​ដីធ្លី បុគ្គល​ទាំងពីរ​នាក់​នេះ បាន​ព្រមព្រៀង​លក់​ដី​នោះ​ឱ្យ​លោក ជា លាងហុង តាំងតែ​ពី​ដើមខែ​មីនា ឆ្នាំ ២០១៧ មក​ម្ល៉េះ ដោយមាន​ការ​ចុះហត្ថលេខា​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។

អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អ៊ិន គង់ជិត ដែល​បាន​តាមដាន​ករណី​នេះ​តាំង​ពី​ដើម​រៀងមក យល់ឃើញ​ថា ចំណាត់ការ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នេះ គឺ​គ្រាន់តែ​ជា​ការ​ជួយ​សម្រួល និង​ចង្អុលបង្ហាញ​ឱ្យ​អ្នកកាន់កាប់​ដី​នោះ ទៅ​បំពេញ​តាម​នីតិវិធី​តែប៉ុណ្ណោះ មិនមែន​ជា​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ លោក​បន្ត​ថា ករណី​នេះ​ញែក​ចេញ​ជា​ពីរ​បទល្មើស ដែល​អាជ្ញាធរ​ជំនាញ​ត្រូវ​ស៊ើបអង្កេត និង​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជនល្មើស គឺ​ទី​មួយ ការ​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ដោយ​មិនបាន​បំពេញ​តាម​នីតិវិធី​ត្រឹមត្រូវ និង​ទី​ពីរ គឺ​ការ​បូម​ខ្សាច់​លុប​ព្រៃ​កោងកាង ស្ថិត​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ ដែល​ជា​ព្រៃ​ការពារ​ច្បាប់៖ «អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​យើង មាន​ការ​សោកស្ដាយ​នោះ គឺ​ខាង​មន្ទីរ​បរិស្ថាន​មិនបាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ទៅលើ​អ្នក​ដែល​បាន​ចាក់​ដី​លុប​ដែន​ជម្រក​សត្វព្រៃ ប៉ះពាល់​ដី​សាធារណៈ​របស់​រដ្ឋ និង​អ្នក​ដែល​បាន​អះអាង​ថា គាត់​មាន​ដី ១៣​ហិកតារ​នោះ តើ​គាត់​បាន​ដី​នោះ​ពី​ណា​មក? គាត់​បាន​មក​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​ឱ្យ ឬ​ទិញ​ពី​អ្នកណា​ផ្សេងទៀត ហើយ​ហេតុអ្វី​បាន​គាត់​មាន​សិទ្ធិ​លក់? ចំណុច​នេះ​ហើយ​ដែល​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត ត្រូវ​ស៊ើបអង្កេត​រឿង​នេះ ដើម្បី​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ដែល​បាន​រំលោភ​យក​ដី​តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាម​ក្រសោប​នេះ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ពី​អភិបាលរង​ខេត្ត​កោះកុង លោក អន ភារៈ ដែល​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី១៤ មីនា ដោយ​លោក​មិន​លើក​ទូរស័ព្ទ ចំណែក​ឯ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង លោក ម៉ម ផល្លា វិញ ក៏​មិន​លើក​ទូរស័ព្ទ​ដូចគ្នា។ រីឯ​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កោះកុង លោក រស់ វីរ៉ាវុធ វិញ បញ្ជាក់​ដោយ​ខ្លី​ថា លោក​មិន​បាន​ដឹង​អំពី​ព័ត៌មាន​ថា​តើ នឹង​មាន​ចំណាត់​ការ​ផ្លូវច្បាប់​ណាមួយ​លើ​អ្នក​ដែល​បាន​លុប​ព្រៃ​កោងកាង​នោះ​នៅឡើយ​ទេ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) លោក សុខ សុខុម ថ្លែង​សាទរ​ចំពោះ​ការ​ដកហូត​ដី ១៣​ហិកតារ​នោះ យក​មក​ដាក់​ជា​សម្បត្តិ​របស់​រដ្ឋ​វិញ ក៏ប៉ុន្តែ​លោក​សោកស្ដាយ​ដែល​អាជ្ញាធរ​បើកផ្លូវ​ឱ្យ​ជនល្មើស​អាច​ស្នើសុំ​ដី​នោះ​យក​មក​កាន់កាប់​បាន​វិញ​ដដែល។ ម្យ៉ាងវិញទៀត ការបំផ្លាញ​ព្រៃ​កោងកាង​តាមរយៈ​ការ​បូម​ខ្សាច់​លុប​នោះ គឺជា​បទល្មើស​ឧក្រិដ្ឋ ក៏ប៉ុន្តែ​បែរជា​អាជ្ញាធរ​មិន​មាន​ចំណាត់​ការ​អ្វី​លើ​ជនល្មើស​ទៅវិញ។ លោ​កថា​ការ​ធ្វើ​របៀប​នេះ គឺជា​ការ​លើកទឹកចិត្ត​ដល់​បុគ្គល​ផ្សេងទៀត ឱ្យ​ហ៊ាន​រុករាន​ទន្ទ្រាន​ដី​សាធារណៈ​របស់​រដ្ឋ យក​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បន្ត​ទៅ​ទៀត៖ «កន្លងទៅ គឺ​អាជ្ញាធរ​តែងតែ​ធ្វើ​បែបនេះ បុគ្គល​ដែល​កាប់​រានទន្ទ្រាន​លុប និង​ឈូស​ឆាយ​ព្រៃ​កោងកាង មិនដែល​ឃើញ​មានការ​ដាក់ទោស​ពៃរ៍​អ្វី​ឱ្យ​ស្រប​តាមច្បាប់​នោះ​ទេ ប៉ុន្តែ​បែរជា​បើកផ្លូវ​ឱ្យ​ស្នើសុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​កាន់កាប់​ដី​នោះ​ទៅវិញ។ ចំពោះ​ប្រជាពលរដ្ឋ​តូចតាច​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​កោងកាង បែរជា​អាជ្ញាធរ​ជំនាញ​ទៅ​ចាប់​ពួកគាត់​ដាក់គុក​ទៅវិញ។ នេះ​ជា​ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា​ទេ»

លោក​ទទូច​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមដាន​ករណី​នេះ​ឱ្យ​បាន​ដិតដល់ កុំ​ទុកចិត្ត​ទាំងស្រុង លើ​មន្ត្រី​ថ្នាក់ក្រោម ដែល​សរសេរ​របាយការណ៍​មិន​ឆ្លុះបញ្ចាំង​ការពិត។ លោក​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​ជំនាញ​ត្រូវ​មាន​វិធានការ​ជាក់លាក់​ទៅលើ​ជន​ប្រព្រឹត្ត​ដែរ ដើម្បី​កុំ​ឱ្យ​ជន​នោះ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់។

ចំណែក សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​លោក អាឡិចហាន់ដ្រូ ហ្គាន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) វិញ ថ្លែង​ថា លោក​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែល​មិនបាន​និយាយ​អ្វីមួយ​ម៉ាត់​អំពី​បទល្មើស​បូម​ខ្សាច់ លុប​ព្រៃ​កោងកាង​ប្រព្រឹត្ត​ដោយ​បុគ្គល ឈ្មោះ ជា លាងហុង ដែល​លោក​អះអាង​ថា ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត កូនប្រុស​លោក ហ៊ុន សែន​នោះ។ លោក​បន្ត​ថា អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន កាន់តែ​លែង​ធ្វើ​អ្វី​ស្របតាម​ច្បាប់​ហើយ ព្រោះ​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ក្នុង​សំណុំ​រឿង​នេះ អាច​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក ក៏ប៉ុន្តែ​ពួកគេ​បែរជា​ឱ្យ​ជនល្មើស​រួចខ្លួន​ទៅវិញ៖ «ប្រសិនបើ​សកម្មជន ឬ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ទៅ​ធ្វើ​សកម្មភាព​ណាមួយ​ការពារ​ធនធានធម្មជាតិ ពេលនោះ​អ្នក​មាន​អំណាច​បញ្ជា​ឱ្យ​តុលាការ​ចាប់​ដាក់​ពន្ធនាគារ ដូចដែល​យើង​បាន​ឃើញ​ពី​ករណី​របស់​សកម្មជន​មាតា​ធម្មជាតិ​យើង ត្រូវ​ជាប់គុក ៥ខែ បន្ទាប់ពី​ថត​កប៉ាល់​ដឹក​ខ្សាច់​ចេញទៅ​តៃវ៉ាន់។ តែ​នៅ​ពេល​ដែល​មាន​បទល្មើស​មែនទែន​កើតឡើង​នៅ​ខេត្ត​កោះកុង ដោយ​ជន​មានអំណាច យើង​ឃើញ​ថា រដ្ឋាភិបាល​មិន​ធ្វើ​អ្វី​ទាំងអស់ មានតែ​ជួយ​ឱ្យ​រួចខ្លួន​ទៅវិញ»

ការ​ចាក់​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ថា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ជនល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១៥​លាន​រៀល ទៅ ១៥០លាន​រៀល។ ច្បាប់​នេះ​ក៏​ចែង​ដែរ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា​ដែល​សមគំនិត​នឹង​អ្នក​ប្រព្រឹត្ត​បទល្មើស ឬ​ជួយ​សម្រួល​ការ​ប្រព្រឹត្ត​បទល្មើស​នោះ ក៏​នឹង​ត្រូវ​ផ្ដន្ទាទោស​ដូន​ជន​ប្រព្រឹត្ត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles