Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

រដ្ឋ​តម្រូវ​ឱ្យ​ថៅកែ​រោងចក្រ​តម្កល់​ប្រាក់​សម្រាប់​ដោះស្រាយ​ករណី​ថៅកែ​រត់ចោល​កម្មករ

$
0
0

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​រៀបចំ​នីតិវិធី​ថ្មី​មួយ​តម្រូវ​ឱ្យ​ថៅកែ​រោងចក្រ ត្រូវ​តម្កល់​ប្រាក់​ទុក​នៅ​បេឡាជាតិ​របប​សន្តិសុខ​សង្គម សម្រាប់​ដោះស្រាយ​ករណី​ថៅកែ​រត់ចោល​កម្មករ។ គម្រោង​នេះ​ធ្វើឡើង ក្រោយ​ពី​មួយ​រយៈពេល​ចុងក្រោយ​នេះ មាន​រោងចក្រ​ប្រមាណ​ជិត ១០​រោងចក្រ ត្រូវ​បាន​បិទទ្វារ និង​ថៅកែ​រត់ចោល​ដោយ​មិនទាន់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​បណ្ដាល​ឱ្យ​កម្មករ​រាប់​ពាន់​នាក់​ផ្ទុះ​ការ​តវ៉ា​រ៉ាំរ៉ៃ​ទាមទារ​ដំណោះស្រាយ​ពី​ក្រសួង​ការងារ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ថ្លែង​ក្នុង​ពិធី​បូកសរុប​លទ្ធិ​ផល​សន្និបាត​ការងារ​ប្រចាំ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី​១២ ទី​១៣ ខែ​មីនា ថា សម្រាប់​ករណី​រោងចក្រ​បិទទ្វារ​ដោយ​ថៅកែ​រត់ចោល ក្រសួង​ទុក​ថា ជា​ហានិភ័យ​មួយ ហើយ​ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

កាសែត​ក្នុងស្រុក​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ថា រដ្ឋមន្ត្រី​ក្រសួង​ការងារ​កំពុង​បង្កើត​អនុក្រឹត្យ​ស្ដីពី​របប​នីតិកម្ម​ដើម្បី​ធានា​ទូទាត់​អត្ថប្រយោជន៍​កម្មករ ករណី​ដែល​រោងចក្រ​បិទទ្វារ។ ក្រសួង​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន ឬ​រោងចក្រ​តម្កល់​ប្រាក់​នៅ​បេឡាជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​ទូទាត់​ហានិភ័យ​ណាមួយ​ដែល​កើតឡើង គឺ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម មានលទ្ធភាព​ទូទាត់​ប្រាក់​ទាំងនោះ​ដល់កម្មករ។ បើទោះបីជា​យ៉ាង​នេះ​ក្តី លោក អ៊ិត សំហេង មិន​បាន​បញ្ជាក់​ថា តម្រូវ​ឱ្យ​ថៅកែ​រោងចក្រ​ត្រូវ​តម្កល់​ប្រាក់​ប៉ុន្មាន​នោះ​នៅឡើយ​ទេ។

លោក ហ៊ុន សែន កាលពី​ចុងខែ​កុម្ភៈ​នេះ បាន​ផ្ដល់​ថវិកា​បុរេប្រទាន​របស់​រដ្ឋ​ចំនួន ៤​លាន ៦​សែន​ដុល្លារ ដើម្បី​ទូទាត់​ប្រាក់​បៀវត្ស​ដល់​កម្មករ​ជាង ៤​ពាន់​នាក់ ដែល​ម្ចាស់​រោងចក្រ​ចំនួន​៩ បាន​រត់ចោល។ រោងចក្រ​ដែល​ថៅកែ​រត់ចោល​នោះ មាន​រោងចក្រ ហ្គាវ័ន អាប់ភើរៀល (Gawon Apparel Co., Ltd.) នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល រោងចក្រ ហ្វើស ហ្គាវ័ន (First Gawon) នៅ​សង្កាត់​ចាក់​អង្រែក្រោម រោងចក្រ អេ​ហ្វ​.​អ​.​អ៊ី​. ហ្គាមេន (FRE Garment) រោងចក្រ​យូដា ហ្គាមេន អ៊ិនដាស់​ស្ទ្រៀល (UDA Garment Industrial) ស្ថិតនៅ​ភូមិ​ត្រពាំងជ្រៃ សង្កាត់​ចោមចៅ និង​រោងចក្រ អ៊ីហ្វា ហ្គាមេន អ៊ិនដាស​ស្ទ្រៀល (EFA Garment Industrial) ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។

អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​ប្រាក់​បុរេប្រទាន​នេះ​បាន​នៅឡើយ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ លោក អ៊ិត សំហេង ក៏បាន​អះអាង​ថា ថៅកែ​រោងចក្រ​មិន​ត្រូវ​អាង​តែ​រដ្ឋាភិបាល​ទូទាត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ជំនួស​ខ្លួន ហើយ​នាំគ្នា​រត់គេច​មិន​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​នោះ​ទេ ពោល​រាល់​អ្នក​ដែល​បាន​រត់ចោល​រោងចក្រ​ហើយ​នោះ រដ្ឋាភិបាល​នឹង​មាន​វិធានការ​យ៉ាង​ហ្មត់ចត់​ដើម្បី​ឱ្យ​ថៅកែ​ទាំងនោះ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យ​ចប់​សព្វគ្រប់​តាម​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា ក្រៅពី​វិធានការ​ទាំងនេះ រដ្ឋាភិបាល​ក៏បាន​ចេញប្រកាស​មួយ​តម្រូវ​ឱ្យ​រោងចក្រ​ទាំងអស់​បើកប្រាក់​អតីតភាព​របស់​កម្មករ​រៀងរាល់ ៣​តែម្ដង ឬ​១​ខែ​ម្ដង ដើម្បី​កុំ​ឱ្យ​ថៅកែ​រោងចក្រ​ជំពាក់​កម្មករ​ច្រើនពេក។

ប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ បាន​ឱ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ថា លោក​សាទរ​ពោះ​វិធានការ​ថ្មី​នេះ ប្រសិនបើ​ក្រសួង​អាច​ធ្វើ​បាន ព្រោះ​ចំណុច​នេះ​ខាង​សហជីព​របស់​លោក​បាន​ស្នើ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ដើម្បី​ឱ្យ​មាន​តម្លាភាព លោក​ស្នើ​ឱ្យ​មានការ​ចូលរួម​ពី​ក្រុម​សហជីព​ឯករាជ្យ​ក្នុង​ករណី​ដែល​មាន​ការ​ទូទាត់​ប្រាក់​ឱ្យ​កម្មករ​ក្នុង​ករណី​ដែល​ថៅកែ​រត់ចោល​រោងចក្រ៖ «ប៉ុន្តែ ជា​ធម្មតា​កាលណា​អត់​មាន​សហជីព​កម្មករ​ពិតប្រាកដ​ចូលរួម តែងតែ​មាន​ការ​ដោះស្រាយ​នឹង​វា​អត់​មាន​ភាព​ត្រឹមត្រូវ​យុត្តិធម៌​ទេ។ ឧទាហរណ៍​ថា ការ​ដោះស្រាយ​វិវាទ​កន្លងមក​...​ពេលខ្លះ​កម្មករ​អត់​ទទួល​បាន​ផលប្រយោជន៍​ទៅ​តាម​ច្បាប់​ទេ ហើយ​រឿង​ខ្លះ​ទៀត​ទទួល​បាន​រឿង​អយុត្តិធម៌​ច្រើន»

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ លទ្ធផល​សន្និបាត​ការងារ​ប្រចាំ​ឆ្នាំ​២០១៧​នេះ​ក៏បាន​អះអាង​ថា ក្រសួង​បាន​ដោះ​វិវាទ​ការងារ​រួម​ចំនួន ១២៧​ករណី ថយ​ចុះ​៨០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​ករណី​សះជា​ចំនួន​៥៦​ករណី និង​មិន​សះជា ៧០​ករណី។

លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​វិវាទ​ជាង​ជិត ១៣០​ករណី​នេះ មិនមែន​ជា​វិវាទ​ធំៗ​ទេ ដោយសារតែ​ក្រសួង​បំបែក​វិវាទ​ធំៗ​មួយ​ចំនួន​ឱ្យ​ទៅជា​វិវាទ​តូច ដូច្នេះ មើល​ទៅ​ហាក់ដូចជា​ឃើញ​ការ​ដោះស្រាយ​វិវាទ​ច្រើន​អ៊ីចឹង៖ «អ៊ីចឹង​ការ​មិន​មាន​វិវាទ​ទៅ​ដោះស្រាយ​មិនមែន​មានន័យថា មានរឿង​យុត្តិធម៌ លែង​មាន​បញ្ហា ហើយ​សុខ​សប្បាយ​ទេ។ មានន័យថា ការរំលោភ​ហើយ​នឹង​បញ្ហា​នៃ​រឿង​អយុត្តិធម៌​នៅតែ​ច្រើន ហើយ​ច្រើនជាង​មុន​ទៀត​ជាពិសេស គឺ​គាត់​អត់​មាន​តំណាង។ល។»

លទ្ធផល​សន្និបាត​ការងារ​ដដែល​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ចំពោះ​បញ្ហា​កូដកម្ម ក្រសួង​បាន​ដោះស្រាយ​ចំនួន ៩៧​រោងចក្រ ថយ​ចុះ​៤២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុង​នោះ​ករណី​សះជា ៩០​ករណី។

លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ចំពោះ​បញ្ហា​កូដកម្ម​ថយ​ចុះ​នេះ​មិនមែន​មានន័យថា គ្មាន​រឿង​អយុត្តិធម៌​កើតឡើង​ចំពោះ​កម្មករ​ទេ ព្រោះ​ដោយសារ​ច្បាប់​សហជីព​បាន​រឹត​បន្តឹង​សហជីព​មិន​ឱ្យ​តំណាង​កម្មករ ហេតុនេះ​កម្មករ​ខ្លាច មិន​ងាយ​នឹង​ធ្វើ​កូដកម្ម​ទេ។ ចំពោះ​ការ​ដោះស្រាយ​របស់​ក្រសួង​វិញ លោក​ថា មិន​ដឹង​មាន​យុត្តិធម៌​ត្រឹម​កម្រិត​ណា​ដល់​កម្មករ​ទេ៖ «កូដកម្ម​វា​ជា​ជម្រើស​ចុងក្រោយ ហើយ​កូដកម្ម​គេ​មិន​ងាយ​ធ្វើ​ទេ ប៉ុន្តែ​ដើម្បី​កុំ​ឱ្យ​មាន​កូដកម្ម​កើតឡើង ត្រូវ​ដោះស្រាយ​ឱ្យ​ត្រឹមត្រូវ​យុត្តិធម៌ ខុស​ថា​ខុស ត្រូវ​ថា​ត្រូវ ក្រសួង​នៅ​កណ្ដាល គ្មាន​ក្រុម​ជើងកាង ឬ​អត់​មាន​អ្នក​កាង​ក្រុមហ៊ុន​ទេ​.. ខ្ញុំ​គិត​ថា រឿង​អ្វី​ដែល​កម្មករ​ចង់​ធ្វើ​កូដកម្ម»

សហជីព​ឯករាជ្យ​ស្នើ​ឱ្យ​ក្រសួង​ដោះស្រាយ​បញ្ហា​របស់​កម្មករ​ឱ្យ​បាន​ឆាប់រហ័ស និង​មាន​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles