
ជំនឿលើពិធីដាក់ទំនាយ ឬបណ្ដាសា លើបុគ្គលណាម្នាក់នៅក្នុងសង្គមតាមរយៈដុតរូបទីងមោង កាន់តែមានការពេញនិយមខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បច្ចុប្បន្នជំនឿនេះមិនត្រឹមតែកើតមានចំពោះពលរដ្ឋនៅក្នុងស្រុក អ្នកកាន់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាជាយូរលង់ណាស់មកហើយប៉ុណ្ណោះ ទេ សូម្បីតែសហគមន៍ខ្មែរនៅឯនាយសមុទ្រ តាមបណ្តាប្រទេសមហាអំណាចដែលមានវិទ្យាសាស្ត្រជឿនលឿនស្ទើរដល់កំពូលទៅហើយនោះ ក៏នៅប្រកាន់តាមជំនឿបែបអរូបិយនេះនៅឡើយ ដូចជាសហគមន៍ខ្មែរ នៅប្រទេស អូស្រ្តាលី កាណាដា និងនៅអាមេរិក ជាដើម។ ពួកគេកំពុងមានជំនឿលើការដុតទីងមោង។
ទីងមោង ដែលគេនាំគ្នាដុតនោះ គឺជារូបលោក នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលគេចាត់ទុកជានិម្មិតរូប នៃជនអន្ធពាល បាតដៃប្រឡាក់ឈាមពលរដ្ឋស្លូតត្រង់ បំផ្លាញសម្បត្តិធម្មជាតិ រំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដែលគេប្រឹងប្រែងតស៊ូរស្វែងរកដោយលំបាកនោះ។
ដាក់បណ្ដាសាឲ្យវាចុះនរករាប់ពាន់ជាន់…រាប់សែនការ ឲ្យគ្រួសារវាវិនាស
លោក ហ៊ុន សែន ក៏មានជំនឿលើពិធីដាក់ទំនាយ ឬដាក់បណ្ដាសារូបលោក តាមរយៈការដុតរូបទីងមោងនេះដែរ ដោយចាត់ទុកពិធីនេះជាជំនឿរបស់ខ្មែរ ហើយលោកក្រេវក្រោធយ៉ាងខ្លាំងចំពោះទង្វើនេះ ព្រមទាំងគំរាមកុំឲ្យធ្វើពិធីនេះជាដាច់ខាត បើពុំដូច្នេះទេ លោកនឹងតាមវាយដល់ផ្ទះ។
ប្រាប់ទៅពួកអ្នកធ្វើបាតុកម្ម…ស្រុកខ្មែរអអប្បិយជំនឿ បើហានតែធ្វើរូប ហើយដុតរូប ទីងមោង…រូបខ្ញុំយកទៅដុត…អញតាមវាយដល់ផ្ទះ អញប្រាប់ឲ្យហើយ
ទីងមោង គឺជារូបសំណាក ដែលគេសាងឡើងប្រដូចទៅនឹងរូបមនុស្សពិត នៃបុគ្គលណាមួយ ឬរូបសត្វអ្វីមួយ ដែលមើលទៅគួរឲ្យខ្លាច ហើយរូបខ្លះទៀតមើលទៅគួរឲ្យចង់សើច របៀបជាកំប្លុក កំប្លែងជាដើម។
ទីងមោង ត្រូវបានអ្នកស្មូន ឬអ្នកធ្វើវាឡើង ដោយច្នៃប្រឌិតតាមគំនិតរៀងៗខ្លួន និងតាមសម័យកាល និងជីវភាពរស់នៅប្រចាំថ្ងៃ។
បើតាមវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត អាចហៅបានពីរយ៉ាង គឺ ទីងមោង ឬ តាមោង ដែលថា ពាក្យនេះ ប្រហែលជាជាប់មកពីកាលជំនាន់ដើម ដែលខ្មែរប្រើព្នងជាទាសករ។ កាលណាដែលកូនក្មេងតូចៗយំកិកកុក ព្នងដែលជាអ្នករក្សាកូនក្មេងនោះ តែងតែនិយាយបន្លាចថា ទីងមោង” គឺមានន័យ ឬស្មើនឹងពាក្យថា ខ្លាៗ ដើម្បីឲ្យកូនក្មេងខ្លាចស្ងៀមលែងយំ។ លុះតយូរៗមកខ្មែរយើងប្រើហៅរូបរុំសំពត់ជាដើម ដែលគេធ្វើជារូបមនុស្សដាក់បញ្ឈរក្នុងទីស្រែ ចម្ការ ដើម្បីបន្លាចសត្វមិនឲ្យចុះឬចូលស៊ីផលដំណាំនោះថា« តាមោង ឬ ទីងមោង»។
លោក គ្រូអាចារ្យ និងជាព្រឹទ្ធាចារ្យ មួយ រូប សុំ មិនបញ្ចេញព្រះនាម បានឲ្យដឹង ថា ទីងមោង ត្រូវបានអ្នកមានជំនឿនិយមប្រើប្រាស់ស្ទើរតែគ្រប់សម័យកាល។
ទីងមោង ក្រៅពីគេធ្វើសម្រាប់ឲ្យចាំស្រែ ចំការ បណ្តេញចាប និងសត្វចង្រៃដទៃទៀតនោះ នៅសម័យកាលបន្តបន្ទាប់មកទៀត ក៏គេប្រើប្រាស់ សម្រាប់ បណ្តេញ ឧបទ្រុបចង្រៃ ក្នុងភូមិ និងប្រើក្នុងពិធីដាក់ទំនាយ ឬបណ្ដាសាបុគ្គលចង្រៃបំផុតដែលនាំអន្តរាយដល់សេចក្ដីសុខសាន្តរបស់អ្នកភូមិ ដោយសារពួកគាត់មិនអាចធ្វើអ្វី ចំពោះបុគ្គលនោះបាន ក្រៅតែពីធ្វើឲ្យរលុបរលាយតាមរយៈពិធី សាសនា តាមជំនឿដោយដុតរូបតំណាងបុគ្គលនោះចោលតែម្ដង។
លោកគ្រូអាចារ្យ រូបនេះ បញ្ជាក់ថា ពិធីទាំងនោះ តែងតែទទួលបានផល សាកសិទ្ធ។ កន្លងមកប្រជា សហគមន៍ មានជម្លោះដីធ្លី ជាមួយ ក្រុមហ៊ុនវិនិយោគ ដីសម្បទានរបស់រដ្ឋ ដូចជានៅសហគមន៍ បឹងកក់ ក្នុងរាជធានីភ្នំពេញ សហគមន៍ ឡពាង ឃុំតាជេស នៅខេត្តកំពង់ឆ្នាំង ក៏ធ្លាប់ធ្វើពិធីនេះដែរ។ អ្នកធំណាដែលមានពាក់ព័ន្ធនឹងការយកដីប្រជារាស្ត្រ សូមឲ្យវាវិនាស…ឲ្យវាវិនាសអន្តរធានពីផែនដី ពីស្រុកខ្មែរ
តំណាងសហគមន៍ បឹងកក់ កញ្ញាប៊ូវ សោភា បានឲ្យដឹងថា ពិធីនេះធ្វើដូចជាពិធីបុណ្យសពមែនទែនដូច្នេះដែរ ដោយមានភ្លេង ពិពាធ ភ្លេងក្លងខែកសម្រាប់ហែសពទីងមោង ដោយចងក អូសតាមផ្លូវសាធារណៈ និងមានពាក្យពេចន៍បណ្ដាសា ដោយបាច ឬរោយ អំបិល ម្ទេស ស្រោចឈាម ទៅលើសព ទីងមោងនោះ។ ក្រៅពីនេះទៀត រូប ទីងមោង ដែលតំណាងឲ្យ អ្នកពាក់ព័ន្ធ រួមមានតំណាង ក្រុម ហ៊ុន មន្រ្តីរដ្ឋាភិបាល មានទាំងមន្ត្រីតុលាការផង ដែលពួកគាត់ចោទថា បានឃុបឃិតគ្នាជាប្រព័ន្ធ រំលោភយកដី ផ្ទះសម្បែងរបស់ពួកគាត់ ព្រមទាំងចាប់ពួកគាត់ដែលជាជនរងគ្រោះនោះដាក់គុកទាំងអយុត្តិធម៌ទៀតផង។
និយាយរួមទៅពួកខ្ញុំចាប់ផ្ដើមធ្វើទីងមោងតាំងឆ្នាំ២០១០…ដោយសារតែយើងអស់ជំនឿលើប្រព័ន្ធតុលាការ ដែលរួមគ្នាប្លន់យកដីរាស្ត្រ…ពិធីនោះ មានរៀបចំជាបាយសី ហើយទិញឈាមមាន់មកស្រោចពីលើរូបទីងមោងនោះ… ហើយចុងក្រោយពួកខ្ញុំធ្លាប់បានធ្វើទីងមោងអ្នកដែលសម្លាប់បណ្ឌិតកែមឡី…មានរូបចៅក្រម ព្រះរាជអាជ្ញា…យើងធ្វើច្រើនដងហើយ ហើយយើងធ្វើនេះតាមជំនឿដែលយើងធ្លាប់ដឹងតពីចាស់ៗមក……»
អ្នកភូមិមានជម្លោះដីធ្លី នៃសហគមន៍ ឡពាង ឃុំតាជេស នៅខេត្តកំពង់ឆ្នាំង ក៏ធ្លាប់ធ្វើពិធីដូចគ្នានេះញឹកញាប់ដែរកាលពីអំឡុងឆ្នាំ២០១៤។ ស្រ្តីសហគមន៍ ឡពាង ម្នាក់ បានថ្លែង នៅក្រោយពីប្រារព្ធពិធីថា ពួកគាត់មានជំនឿនេះ ដោយឃើញជនធ្វើអំពើអាក្រក់មកលើប្រជាពលរដ្ឋ ទទួលផលកម្មតបវិញជាបន្តបន្ទាប់។
កន្លងមកអ្នកដែលខ្ញុំបានធ្វើគឺថា សាកសិទ្ធ ទៅលើអ្នកដែលពាក់ព័ន្ធការយកដីធ្លីរបស់អ្នកឡពាងបឹងកក់ សំរោង បន្ទាយមាស ជាដើមនោះ ពួកគាត់ទទួលកម្មផលពីពួកខ្ញុំដែលដាក់បណ្តាសា ដោយមានស្លាប់ជាបន្តបន្ទាប់ គឺមេឃុំ ស្លាប់អស់៣នាក់ អ្នកពាក់ព័ន្ធស្លាប់អស់៣នាក់ដែរ រួមទាំងអតីតអភិបាលខេត្តកំពង់ឆ្នាំងផង ដែលអ្នកទាំងនោះសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងករណីយកដីប្រជាពលរដ្ឋ
ស្ថាបនិក បណ្ដាញព្រះសង្ឃ ឯករាជ ព្រះតេជគុណ ប៊ុត ប៊ុនតេញ មានថេរដីកាថា ជំនឿនេះ កើតមានមុនព្រះពុទ្ធសាសនាទៅទៀត ហើយការប្រារព្ធពិធីនោះ បុរាណបានកត់ត្រានូវរបៀបធ្វើពិធី និងបាលីគាថា មួយចំនួន សម្រាប់សូត្រឧទិសក្នុងពិធីនោះផង។
ធ្វើនេះមិនមែនស្រមើស្រមៃ ចេះតែនឹកឃើញធ្វើទេ គឺមានរឿងមួយមុនសម័យព្រះពុទ្ធអង្គត្រាសដឹងទៅទៀត……ក្រោយមានពុទ្ធសាសនាហើយ នៅសម័យមហានគរ ខ្មែរយើងក៏ប្រើប្រាស់អប្បិយជំនឿ រួមទាំងបច្ចេកទេស ដែលចេះនិយាយជាមួយសត្វដំរី ឲ្យដឹកថ្មពីភ្នំ គូលែនមកធ្វើអង្គរកើត!
ព្រះតេជគុណ ក៏បានបង្ហាញ នូវបាលី គាថា ដែលអ្នកធ្វើពិធី ត្រូវសូត្រដាក់បណ្ដាសាក្នុងសម័យបច្ចុប្បន្ននេះមួយវគ្គ ក្នុងចំណោមបាលី គាថា ផ្សេងទៀតដែលមានលំនាំដូចពីសម័យដើម។
«អញ្ចឹងគេសូត្របាលី ដាក់ទំនាយ ឬដាក់បណ្តាសាហ្នឹងថា៖ ឧម រលាយ មហារលាយ រលាយទាំងយស រលួសទាំងនាម ហ៊ុន សែន ឥតិ នាមកោ សបេតោ ច បច្ចុបន្នំ នាយក កម្ពុជរាជេ ប៊ុន រ៉ានី ឥតិនាមកោ តិរច្ឆានោ ច ហ៊ុន សែន ឥតិ នាមកំ បុត្ត ធី តរានំកុលញ្ជ តិរច្ឆានំ វិយ មរណ កាលំ តរានំ កុលញ្ជ តិរច្ឆានំ វិយ មរណ កាលំ គច្ឆន្តិ អនាគតេ កាលេ បាបកោ ហ៊ុន សែន ឥតិនាមកំ ឧទ្ធំ បាទោ អង្សរោ និរយ ឋានេ ហោន្តិ យេជនា បាបកោ សព្វឋានេ វិនស្សន្តំ តេ ជនា បុត្តំ ច ភរិយំ ច សកល និរយ ឋានេ ទុគ្គតិ អត្តនោ ហោន្តិ»
កាលពីឆ្នាំ ២០១៣ ក្នុងអំឡុងពេលគណបក្សប្រឆាំងធ្វើមហា បាតុកម្ម ទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតនៅទីលានប្រជាធិបតេយ្យ ជិតស្ពាននាគ ក្បែរ ផ្សារចាស់ រាជធានីភ្នំពេញ ព្រះតេជគុណ ប៊ុត ប៊ុនតេញ ក៏បានធ្វើពិធីសាសនា ដាក់បណ្ដាសាដោយសូត្រមន្តអាគមផងដែរ ដែលពិធីនោះបានបាញ់ចំបុគ្គលនាយករដ្ឋមន្ត្រីចាស់វស្សា គឺលោក ហ៊ុន សែន តែម្តង។
«អន្តរាយហើយ ញម……!! អ្នកណាប្រព្រឹត្តិអំពើបាបក្នុងសាសនាច្បាស់ជា អន្តរាយ»
តែទោះយ៉ាងណា អ្នកស្រាវជ្រាវអារ្យធម៌ខ្មែរ លោកបណ្ឌិត អាំង ជូលាន ដែលតែងតែសិក្សាស្រាវជ្រាវពីជំនឿរបស់ខ្មែរ មានប្រសាសន៍ថា ជំនឿអរូបិយ ដូចជាការដាក់ទំនាយ តាមរយៈដុតរូបទីងមោងនេះ លោកមិនទាន់ឃើញមានការកត់ត្រាក្នុងគម្ពី ឬឯកសារណាមួយឲ្យប្រាកដ ថាបានកើតមានពីពេលណាមកនោះទេ។
ការដែលគេយកឆ្នាំងគូមុខអាក្រក់ ដើម្បីបណ្ដេញព្រាយ ហើយគេដាក់នៅមុខរបងផ្ទះ ខ្លួនឯង គំនិតមុនដំបូង គឺដើម្បី គ្រាន់តែបន្លាច ឲ្យខ្មោចវាចេញ ឬកុំឲ្យវាចូល ពេលយូរៗទៅជារឿងកំប្លុក កំប្លែងលេងផងអញ្ចឹងទៅ
សាស្ត្រាចារ្យរូបនេះ បន្តថា លោកធ្លាប់តែឮថា មានជំនឿមួយបែបដែលអ្នក ជឿធ្វើជារូបសំណាក់មនុស្សដែរតែមិនធំ និងមិនបើកចំហដូចគេធ្វើរូបទីងមោងនោះទេ។
អ្នកស្រុកនិយមហៅជំនឿនោះថា ជាការធ្វើអំពើ ដើម្បីបំបែកបំបាក់ចំណងស្នេហា ឬគ្រួសារ ប្តីប្រពន្ធ ជាដើម។ ជំនឿនេះគេច្រើននិយាយតគ្នាឲ្យដឹងថា មានការសូនរូប តុក្កតា ធ្វើពីក្រមួន ឬធ្វើពីវត្ថុអ្វីមួយដោយឧបកិច្ច ថាជារូបមនុស្សដែលគេដៅទុក ហើយគេយករូបនោះទៅធ្វើពិធីជាសម្ងាត់មួយ ដោយមានសូត្រមន្តអាគម អូមអាមផង តាមរបៀបរបស់គ្រូដែលគេមានជំនឿថា ចេះធ្វើអំពើអាបធ្មប់។
គេធ្វើអំពើស្អប់អ្នកណាមួយ គេឧបកិច្ច ដោយសូនដី ឬធ្លាក់ពីឈើ ហើយចងដាក់ឲ្យបែរខ្នងឲ្យគ្នា យកអំបោះចង…មានន័យថា មនុស្សបែរខ្នងដាក់គ្នា វាមិនត្រូវគ្នា…ហើយយករូបហ្នឹងទៅដាក់នៅបាតជើងក្រាន ឲ្យក្ដៅ ក្រហាយ អា ហ្នឹងគេជឿថា ជាអំពើមួយបែប ចង់បំផ្លាញជីវិតប្ដីប្រពន្ធគេ ឬដោយសារ ច្រណែនរឿងអ្វីមួយ…អានេះគ្រាន់តែឮគេថាទេ
លោកបណ្ឌិត អាំង ជូលាន បញ្ជាក់ថា ទោះបីមានជំនឿ បែបនេះក្ដីក៏មិនមានការអះអាង ឲ្យប្រាកដថា ការធ្វើអំពើនោះ សាកសិទ្ធិប៉ុណ្ណានោះទេ ពោលគឺគ្រាន់តែជាអារម្មណ៍របស់អ្នកជឿទៅតាមគ្នាប៉ុណ្ណោះ។
ដោយឡែកចំពោះ ជំនឿលើការដុតរូបទីងមោងវិញ ព្រះតេជគុណ ប៊ុត ប៊ុនតេញ មានថេរដីកា បញ្ជាក់ថា ការធ្វើពិធីនេះ សាក សិទ្ធ ឬមិនសាកសិទ្ធ បានផលតិច ឬក៏ច្រើននោះ គឺអាស្រ័យលើចំនួនអ្នកចូលរួម តិច ឬក៏ច្រើន មានទឹកចិត្តពុះពារ មោះមុត ប៉ុណ្ណា នោះលទ្ធផល ក៏សម្រេចបានតាមនោះដែរ។
បើជឿថាអំបិលប្រៃ អប្បិយជំនឿប្រៃអញ្ចឹង…តែបើថាឲ្យប្រៃធំប៉ុណ្ណា ញាតិញោមត្រូវជឿប៉ុណ្ណឹង…ញាតិញោមរួមគ្នាធ្វើឲ្យបានច្រើនគ្នានោះប្រៃភ្លាមហើយ
ព្រះ តេជគុណមានថេរដីកាបន្តថា តាមការកត់សម្គាល់តាមរយៈការធ្វើពិធីដាក់បណ្ដាសារបស់សហគមន៍ មានជម្លោះដីធ្លី នៅរាជធានី ទៅលើអ្នកមានអំណាច ប្រធានក្រុមហ៊ុនវិនិយោគ មន្រ្តីតុលាការ ឃុបឃិត គ្នា រំលោភ ប្លន់ យកដីផ្ទះសម្បែងរបស់ពួកគាត់នោះ កន្លងមក ឃើញថា មានលទ្ធផលគួរឲ្យកត់សម្គាល់ដែរ។
ឃើញថាការ បួងសួងតាមបែបអប្បិយជំនឿនេះ ដូចជាការ ដុតទីងមោងនេះ គឺបានជោគជ័យពីរ គឺទីមួយនៅឆ្នាំ២០១៣ ធ្វើនៅមុខតុលាការកំពូល រួចមានការដោះលែងអ្នកស្រីយោមបុប្ផា… ហើយកាលពីខែ៥ ឆ្នាំ២០១៤យើងបានធ្វើទីងមោង មានធ្វើក្តាមឈូស ខ្មោច ចងអូស ជុំវិញស្តាតអូឡាំពិក ភ្លាមៗនោះក៏ទទួលដំណឹងថា គេដោះលែង ក្រុមសហជីព២៥នាក់…នេះជាជោគជ័យទីពីរ
ក្រៅពីពិធីដុតរូបទីងមោង ដាក់បណ្តាសាទៅលើបុគ្គលអាក្រក់ណាមួយនោះ គេក៏ឃើញមានការនិយមធ្វើពិធីភ្ជាប់ជាមួយដែរនោះ គឺពិធីបួងសួង សុំឲ្យអ្នកដែលមានសេចក្ដីល្អ ស្មោះត្រង់ទាំងឡាយ ព្រមទាំងប្រទេសជាតិ និងសហគមន៍របស់គេ ទទួលសេចក្ដីសុខចម្រើន រុងរឿង និងជៀសផុតពីគ្រោះចង្រៃផងទាំងពួង៕