
របបលោក ហ៊ុន សែន ដែលស្និទ្ធនឹងប្រទេសកុម្មុយនិស្តវៀតណាម ទាមទារជាលើកដំបូង និងជាសាធារណៈឲ្យវៀតណាមបង្ហាញភាពស្មោះត្រង់ ជាមួយនឹងរបបលោក។ នាយករដ្ឋមន្ត្រីដែលឡើងកាន់អំណាច ដោយការលើកបន្តុបរបស់វៀតណាមរូបនេះថា លោកនឹងទៅ សួរនាយករដ្ឋមន្ត្រីវៀតណាម ឲ្យបកស្រាយអំពីជំនួប រវាងលោក សម រង្ស៊ី ជាមួយរដ្ឋាភិបាលវៀតណាម កាលពីឆ្នាំ២០០៣កន្លងទៅនោះ។
រូបថតមួយសន្លឹក ដែលបង្ហាញពីជំនួបរបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០០៣ ជាមួយអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម ធ្វើឲ្យ លោក ហ៊ុន សែន បង្ហាញការសង្ស័យថា វៀតណាម មិនស្មោះត្រង់នឹងលោក។
លោកអះអាងថា ក្នុងកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ លោកនឹងសួរមេដឹកនាំវៀតណាមឲ្យពន្យល់រឿងប្រមុខការទូតវៀតណាមលួចជួបចរចាគ្នាជាមួយលោក សម រង្ស៊ី។ ជាងនេះទៅទៀត លោក ហ៊ុន សែន ទាមទារឲ្យរដ្ឋាភិបាលវៀតណាម បង្ហាញកំណត់ហេតុនៃជំនួបនោះទៀតផង៖ «ខ្ញុំនឹងសួរមេដឹកនាំលើរឿងនេះតើកាលហ្នឹងនិយាយគ្នាពីអី ខ្ញុំគ្រាន់តែចង់ដឹងថា តើពេលហ្នឹងគេនិយាយពីអី បើមិត្តវៀតណាមស្មោះត្រង់ជាមួយខ្ញុំ តើពេលលោកហ្នឹង (លោក សម រង្ស៊ី) ទៅទស្សនៈនៅហាណូយ និងនៅតៃនិញ និយាយអីខ្លះ»។
លោក ហ៊ុន សែន លើកឡើងបែបនេះក្នុងពេលលោកចុះសម្ពោធស្ពាន ឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។
កាលពីពេលថ្មីៗនេះ ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានចុះផ្សាយ ពីរូបថតមួយសន្លឹក ដោយអះអាងថា ជាការបែកធ្លាយនៃជំនួបរវាងលោក សម រង្ស៊ី ដែលកាលនោះលោកជាប្រធាន គណបក្សសង្គ្រោះជាតិ ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម ព្រមទាំងជួបជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់វៀតណាម នៅទីក្រុងហាណូយក្នុងអំឡុងឆ្នាំ ២០០៣។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីរូបថតបែកធ្លាយនេះពីលោក សម រង្ស៊ី ដើម្បីបកស្រាយ ថាតើរូបនោះជារូបពិត ឬរូបក្លែងក្លាយ ឬខ្លឹមសារនៃជំនួបនោះ បាននៅឡើយទេនៅថ្ងៃទី១៤ ខែមីនា។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ យល់ថា ការលាបពណ៌គ្នា ឬការចោទប្រកាន់ គ្នាទៅវិញទៅមករវាងគណបក្សកាន់អំណាច និងគណបក្ស ប្រឆាំងទាក់ទងទៅនឹងប្រទេសវៀតណាមនោះ មិនចំណេញអ្វីដល់ជាតិទេ ហើយអ្នកដែលចំណេញពិតប្រាកដគឺវៀតណាមទៅវិញទេ។
អ្នកវិភាគនយោបាយវ័យក្មេងរូបនេះ ស្នើទៅអ្នកនយោបាយខ្មែរ ឲ្យប្រុងប្រយ័ត្នចំពោះបរទេស ព្រោះបរទេសអាចប្រែពីមិត្តមកជាសត្រូវ និងអាចពីសត្រូវ ទៅជាមិត្ត ដើម្បីផលប្រយោជន៍ប្រទេសរបស់គេ។៖ «គ្មានអ្នកណាស្មោះត្រង់នឹងប្រទេសជាងបងប្អូនឯង សាច់ឈាមឯងទេ សម្ដេច ហ៊ុន សែន ក្តី លោក សម រង្ស៊ី ក្តី សុទ្ធតែជាខ្មែរ។ បើអ្នកនយោបាយខ្មែរយើងធ្វើនយោបាយមិនប្រុងប្រយ័ត្នយើងនឹងអាចជាប់អន្ទាក់គេហើយ»។
ប្រវត្តិនយោបាយកម្ពុជាតាំងពីដើមមកអ្នកនយោបាយខ្មែរតែងតែពឹងបរទេសឲ្យជួយដើម្បីខ្លួនបានដឹកនាំប្រទេស តែនៅទីបំផុតកម្ពុជាបានធ្លាក់ខ្លួនជាប្រទេស ក្រីក្រមួយនៅក្នុងតំបន់។
រីឯរបបលោក ហ៊ុន សែន សព្វថ្ងៃត្រូវបានគេមើលឃើញថា ប្រឹងងាកចេញពីវៀតណាមហើយឈោងទៅចាប់ចិនវិញម្ដង។
អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថា បើពិតជាធ្លាប់មានជំនួបរវាងលោក សម រង្ស៊ី ជាមួយរដ្ឋាភិបាលវៀតណាមមែននោះ វាគឺជាការឆ្លាតវៃរបស់វៀតណាមក្នុងការប្រើនយោបាយការទូត៕