Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"ការ​ចាត់ការ​លោក សម រង្ស៊ី រឿង​សន្យា​កាត់​ដី​ឲ្យ​វៀតណាម​មាន​ប្រសិទ្ធភាព តែ​គ្មាន​យុត្តិធម៌"

$
0
0

អ្នកវិភាគ​លើកឡើង​ថា បទ​បញ្ជា​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា អោយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ពិនិត្យ​ករណី​លោក​សម រង្ស៊ី ដែល​លោក​ចោទ​ថា សន្យា​កាត់​ខេត្ត​ចំនួន ៤ ឲ្យ​វៀតណាម​នោះ គឺ​នឹង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​មិនមែន​ជា​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។ អ្នក​វិភាគ​ស្នើ​សុំ​ឲ្យ​អ្នក​នយោបាយ​រួបរួម​គ្នា គិត​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ លើកឡើង​ថា លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ អាច​ប្រឈមមុខ​នឹង​ទោស​មួយ​ករណី​ទៀត ព្រោះ​ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ប្រាកដ​ជា​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​មើល​​ឃើញ​ថា នៅ​ពេល​ស្ថាប័ន​មាន​សមត្ថកិច្ច ធ្វើតាម​បទបញ្ជា​អ្នកនយោបាយ​ដូច្នេះ គឺ​នឹង​បាត់បង់ ឯករាជ្យភាព និង​យុត្តិធម៌៖ «ថ្វី​ដ្បិត​រដ្ឋាភិបាល​អះអាង តុលាការ​មាន​ភាព​ឯករាជ្យ​មែន ប៉ុន្តែ​កន្លងមក តុលាការ ច្រើនតែ​រង​គំនាប​ពី​អ្នកនយោបាយ​ជាពិសេស​គណបក្ស​កាន់អំណាច​តែម្ដង។ ខ្ញុំ​យល់​ឃើញ​ថា កាលណា​មាន​ប្រតិកម្ម ឬ​មាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ស្ថាប័ន​តុលាការ អាច​នឹង​ខ្វះ​ភាព​ឯករាជ្យ​នៅ​ក្នុង​ការ​ចាត់​វិធានការ ដូច្នេះ​ប្រសិនបើ​តុលាការ ធ្វើ​ទៅតាម​សម្ដី​របស់​នាយករដ្ឋមន្ត្រី គឺ​តុលាការ​មិន​មាន​ភាព​ឯករាជ្យ​ទេ។ ប្រសិនបើ​តុលាការ​មាន​ភាព​ឯករាជ្យ​នោះ តុលាការ នឹង ជំនុំជម្រះ និង​ស្រាវជ្រាវ​ករណី​លោក សម រង្ស៊ី តាំង​ពី​ដើម​មក មិនមែន​ទាល់តែ​នាយ​រដ្ឋមន្ត្រី ស្រែក ទើប ចាត់វិធានការ​នោះ​ទេ ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​តុលាការ មិនមែន​ជា​កាតព្វកិច្ច​នាយករដ្ឋមន្ត្រី​ឡើយ»

ការ​លើក​ឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ឆ្លងកាត់​ទន្លេ​ពី​ក្រុង​កំពង់ចាម ទៅកាន់​កោះ​ប៉ែន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា​ដោយ​ចោទ​ថា ករណី លោក សម រង្ស៊ី សន្យា​កាត់​ដី​ចំនួន ៤​ខេត្ត​នៅ​ភាគ​ឦសាន ឱ្យ​ទៅ​ជនជាតិ​ភាគតិច​វៀតណាម មិនមែន​ជា​រឿង​តូច​ឡើយ វា​គឺ​ជា​ទង្វើ​ក្បត់ជាតិ​មិន​អាច​អត់ឱន​ឱ្យ​បាន​ឡើយ។ ទន្ទឹម​គ្នា​នេះ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ត្រូវតែ​ពិនិត្យ​ករណី​នេះ​ឲ្យ​បាន​ច្បាស់៖ «ហើយ​រឿង​នេះ​កុំ​ភ្លេច​រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌ ត្រូវ​ចាត់ចែង​រឿង​ហ្នឹង​ជាមួយ​មហាផ្ទៃ រឿងក្ដី​មួយ​នេះ​រឿង​ធំ​ណាស់​ជា​ផលប្រយោជន៍ ហើយ​នេះ​អំពើ​ក្បត់ជាតិ​ចេញ​មក​ច្បាស់ក្រឡែត ប៉ុន្តែ យើង​អត់​ត្រូវ​ធ្វើ​ទទឹងទិស​ទេ ព្រោះ​ត្រូវ​ស៊ើបអង្កេត ឲ្យ​បាន​ម៉ត់ចត់ ហើយ​ត្រូវ​ដំណើរការ​តាម​យន្តការ​ច្បាប់ គ្មាន​អ្នកណា​មាន​សិទ្ធិ​កាត់​ដី​កម្ពុជា​ឲ្យ​ជនបរទេស​នោះ​ទេ»

លោក​ហ៊ុន សែន ក៏​គ្រោង​ទៅ​ប្រទេស​វៀតណាម ដើម្បី​សួរនាំ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចុះ​ហត្ថលេខា​រវាង​លោក សម រង្ស៊ី និង​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ឬ​ហៅ​ថា Degar លោក កុក ស នេះ​ផង​ដែរ។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​ឆ្លើយតប​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ ខែ មីនា។ ប៉ុន្តែ​លោក សម រង្ស៊ី ធ្លាប់​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល ដោយ​លោក​ចាត់ទុក​ថា ជា​ការ​បំភ្លើស​ខុស​ពី​ការពិត​បែប​មនុស្ស​វិកល​ចរិត ហើយ​លោក​ក៏​មិន​ខ្វល់​អំពី​ចំណាត់​របស់ តុលាការ ដែល​ស្ថិត​ក្រោម​គំនាប​នៃ​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន​ឡើយ។ លោក សម រង្ស៊ី ក៏​បាន​ចោទ​វិញ​ថា ជន​ក្បត់ជាតិ គឺ​អ្នកកាន់អំណាច​សព្វថ្ងៃ ដែល​បាន​កាត់​ទឹកដី​ប្រទេស​កម្ពុជា​មាន ទាំង​កោះត្រល់ ឲ្យ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០។

នៅ​ក្នុង​កិច្ចព្រមព្រៀង​របស់​លោក សម រង្ស៊ី និង​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ឬ​ហៅថា Degar លោក Kok Ksor កាលពី​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៣​នោះ មិនបាន​សរសេរ ឬ​ព្រមព្រៀង​ថា បាន​កាត់​ខែត្រ​ចំនួន​៤ គឺ​ខែត្រ​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង ឲ្យ​វៀតណាម​គ្រប់គ្រង​ឡើយ។ ផ្ទុយទៅវិញ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ បាន​សរសេរ​ថា អនាគត​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ នឹង​ដោះស្រាយ​បញ្ហា​របស់​ជនជាតិ​ដើម​ភាគតិច​ដាកា (Degar) ឬ​ម៉ុងតាញ៉ា នៅ​ក្នុង​ប៉ែក​ឦសាន នៃ​ប្រទេស​កម្ពុជា ឲ្យ​ស្របតាម​សេចក្ដីប្រកាស​របស់​អង្គការ​សហ​ប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ដែល​បាន​អនុម័ត​ក្នុង​មហាសន្និបាត​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ ជាពិសេស​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​៣ មាត្រា​៤ និង​មាត្រា​៥ ជាដើម។ ហើយ​ខ្លឹមសារ​នៃ​មាត្រា​ទាំងនេះ ក៏​ត្រូវ​បាន​ឆ្លុះបញ្ចាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ដែរ។

មាត្រា៣ ចែងថា ជនជាតិ​ដើម​ភាគតិច មាន​សិទ្ធិ​ស្វ័យ​សម្រេច​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ តាមរយៈ​សិទ្ធិ​នេះ ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​អភិវឌ្ឍន៍​ខាង​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​របស់​ពួកគេ​ដោយ​សេរី។

នៅ​ក្នុង​វីដេអូឃ្លីប​ជាង ១​នាទី​របស់​លោក សម រង្ស៊ី ដែល​គេ​យក​មក​ផ្សព្វផ្សាយ​នោះ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត រដ្ឋាភិបាល​ថ្មី​របស់​លោក នឹង​ធានា​ដើម្បី​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា រស់នៅ​ដោយមាន​សេរីភាព ហើយ​ព្រៃភ្នំ ដី ដែល​ជា​កម្មសិទ្ធិ​របស់​ពួកគាត់​កាន់កាប់​យូរ​មក​ហើយ នៅ​ខែត្រ​មួយ​ចំនួន​ភាគ​ឦសាន​នោះ រដ្ឋបាល​ថ្មី​របស់​លោក នឹង​ដកហូត​ពី​អាជ្ញាធរ​ដែល​អភិវឌ្ឍន៍​រំលោភ​យក​ដី​របស់​ពួកគាត់​នោះ ប្រគល់​ជូន​ពួកគាត់​វិញ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ លើកឡើង​ថា រហូតមកដល់​ពេលនេះ លោក​នៅ​មិន ទាន់​ឃើញ​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​គេ​ចោទ​នោះ ជា​ជន​ក្បត់ជាតិ​ឡើយ។ លោក​ថា ចំណាត់​ការ​ចំពោះ​ខ្មែរ​គ្នាឯង មិនបាន​ផ្ដល់​ផល​ចំណេញ​សម្រាប់​ជាតិ​ឡើយ មានតែ​ការ បែកបាក់​ជាតិ និង​ធ្វើ​ឲ្យ​បរទេស​មើលងាយ​ខ្មែរ​ប៉ុណ្ណោះ។ លោក​ហង្ស វិទូ ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ ឬ​អ្នក នយោបាយ​ខ្មែរ គិត​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ជា​ជាង​ការ​ប្រើ​កំហឹង និង​អារម្មណ៍​ផ្ទាល់ ខ្លួន ដើម្បី​យកឈ្នះ​ចាញ់​ជាមួយ​ខ្មែរ​គ្នាឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles