Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ផ្ដោត​លើ​បញ្ហា​សិទ្ធិមនុស្ស​ជា​ចម្បង

$
0
0

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅ​ថ្ងៃ​ទី​១៤ មីនា នេះ ចេញ​ផ្សាយ​របាយការណ៍​សង្ខេប សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​អូស្ត្រាលី អំពី​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ អង្គការ​នេះ ស្នើ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ាល់ខុម ធឺនប៊ល Malcolm Turnbull ឲ្យ​ផ្ដោត​លើ​បញ្ហា​សិទ្ធិមនុស្ស​ជា​ចម្បង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​ជាមួយ​ក្រុម​មេដឹកនាំ មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​ប្រទេស​អូស្ត្រាលី​រៀបចំ​ជា​លើកដំបូង​នៅ​លើ​ទឹកដី​ខ្លួន​ពី​ថ្ងៃ​ទី​១៧-១៨ ខែ​មីនា។

នាយិកា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​អូស្ត្រាលី អ្នកស្រី Elaine Pearson ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ថ្ងៃ​ទី​១៤ មីនា បី​ថ្ងៃមុន​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​នេះ​ថា ការ​បរាជ័យ​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​លើក​យក​បញ្ហា​កង្វល់​នានា នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន មក​ពិភាក្សា​ជា​សាធារណៈ នៅ​ឯ​កិច្ចប្រជុំ​កំពូល​នេះ នឹង​ក្លាយ​ជោគជ័យ​សម្រាប់​ក្រុម​មេដឹកនាំ​អាស៊ាន ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស ក្នុង​ការ​បន្ត​បោក​បញ្ឆោត​មតិ​សាធារណៈ ហើយ​រឹតតែ​ធ្វើ​ឲ្យ​ក្រុម​មេដឹកនាំ​ក្នុង​តំបន់​នេះ បង្កើន​ការ​បង្ក្រាប​មក​លើ​អ្នក​នយោបាយ ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ ឬ​បំផ្លាញ​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ អ្នកស្រី​បញ្ជាក់​ថា ការ​លើក​យក​បញ្ហា​អភិបាលកិច្ច​ល្អ លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស មក​ជជែក​ពិភាក្សា​ដោយ​ផុលផុស មិនមែន​មាន​ន័យ​ថា ជា​ការ​ផ្ដល់​មេរៀន​ដល់​ក្រុម​មេដឹកនាំ​អាស៊ាន​ទាំង​នោះ​ទេ ប៉ុន្តែ​គឺជា​ការពិភាក្សា​យ៉ាង​ហ្មត់ចត់​អំពី​បញ្ហា​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ផ្ដល់​សារសំខាន់​សម្រាប់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាស៊ាន​ទាំងមូល។

របាយការណ៍​សង្ខេប​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ធ្វើជា​ឯកសារ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​នេះ ដាក់​ចេញ​នូវ​កង្វល់​អំពី​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ចម្បងៗ ដោយ​ផ្តោត​លើ​តួនាទី​របស់​អូស្ត្រាលី ក្នុង​ការ​លើកកម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន​នេះ។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី លើក​យក​បញ្ហា​កង្វល់​អំពី​សិទ្ធិមនុស្ស​ជាក់លាក់​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ដែល​រួមមាន​ដូចជា បញ្ហា​ការ​បង្ក្រាប​លើ​ក្រុម​អ្នកនយោបាយ​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល និង​ការបំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បញ្ហា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​មក​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា និង​អំពើ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​ហ្វីលីពីន ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នៅ​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី និង​សិង្ហ​បុរី។

ក្រុម​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់ លើកលែងតែ​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូទឺតេ (Rodrigo Duterte) នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​នេះ ដែល​នឹង​មាន​ផង​ដែរ កិច្ចប្រជុំ​កំពូល​វិស័យ​ធុរកិច្ច និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម។

អ្នកស្រី Elaine Pearson បញ្ជាក់​បន្ថែម​ថា អូស្ត្រាលី​នឹង​ប្រព្រឹត្តិ​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ការ​មិន​ផ្តោត​លើ​សារសំខាន់​នៃ​ការ​គោរព​បញ្ហា​សិទ្ធិមនុស្ស ដោយសារតែ​ភ័យខ្លាច​ថា ខ្លួន​នឹង​រុញច្រាន​ឲ្យ​ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំងនោះ ងាក​ទៅ​រក​ប្រទេស​ចិន​កាន់​តែ​ខ្លាំង​ជាង​មុន។ អ្នកស្រី​ថា ការ​ប្រកួតប្រជែង​ជាមួយ​ចិន នឹង​ជា​ក្លាយ​ជា​លទ្ធផល​អាក្រក់​បំផុត មិនមែន​សម្រាប់​តែ​ប្រជាពលរដ្ឋ​អាស៊ាន​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ប្រទេស​អូស្ត្រាលី​ផង​ដែរ។

ក្រុម​មេដឹកនាំ​អាស៊ាន​ស្ទើរតែ​ទាំងអស់​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ សុទ្ធ​តែ​ជា​មេដឹកនាំ​រដ្ឋាភិបាល និង​របប​គ្រប់គ្រង​ប្រទេស ដែល​មាន​ការ​បដិសេធ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​របស់​ខ្លួន។

អ្នកស្រី Elaine Pearson គូស​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី មិន​គួរ​តែ​ជា​ឱកាស​មួយ​ក្នុង​ការ​ជួបជុំ​ជាមួយ​ក្រុម​មេដឹកនាំ​ផ្ដាច់ការ​រទាំង​នោះ​ទេ ក៏ប៉ុន្តែ​គួរតែ​ជា​ឱកាស​មួយ ក្នុង​ការ​គាបសង្កត់​ក្រុម​មេដឹកនាំ​ទាំងនោះ អំពី​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ នៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី និង​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​ដោយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ាល់ខុម ធឺនប៊ល។ កិច្ចប្រជុំ​នេះ គឺជា​ឱកាស​មួយ​សម្រាប់​ប្រទេស​ក្នុង​ប្លុក​អាស៊ាន ពង្រឹង​ដៃគូ​យុទ្ធសាស្ត្រ និង​ឱកាស ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ​ក្នុង​តំបន់​ជាមួយ​ប្រទេស​អូស្ត្រាលី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles