Clik here to view.

អាជ្ញាធរឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង កោះហៅតំណាងសហគមន៍ចំនួន ៤នាក់ទៅសាកសួរ ជុំវិញករណីប្រជាពលរដ្ឋឡើងមកដាក់ញត្តិ សុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី តាមក្រសួងស្ថាប័នរដ្ឋនៅភ្នំពេញ កាលពីថ្ងៃទី១២ មីនា។ តំណាងសហគមន៍ និងមន្ត្រីសង្គមស៊ីវិល យល់ថា ការកោះហៅទៅសាកសួរនេះជារូបភាពបែបគំរាមកំហែង និងបំបាក់ស្មារតីសហគមន៍ដីធ្លី ដែលហ៊ានធ្វើការស្វែងរកដំណោះស្រាយបញ្ហាដីធ្លី។
តំណាងសហគមន៍ដីធ្លីអណ្ដូងត្របែក លោក ឡូញ ថា រៀបរាប់ថា មេឃុំ មេប៉ុស្តិ៍អណ្ដូងត្របែក និងអាជ្ញាធររមាសហែក ២នាក់ទៀត បានកោះហៅពលរដ្ឋចំនួន៤នាក់ អោយទៅចូលទៅជួបម្នាក់ម្ដងៗ នៅក្នុងសាលាឃុំ ដើម្បីសួរនាំជុំវិញករណីពួកគាត់ឡើងទៅរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិ ជួយដោះស្រាយវិវាទដីធ្លី កាលពីទី១២ ខែមីនា។
លោកបន្ថែមថា អាជ្ញាធរទាំងនោះ បានសួរពួកគាត់ក្នុងម្នាក់ជាងកន្លះម៉ោង ថា តើគាត់ទៅដាក់ញត្តិ នោះមានគ្នាប៉ុន្មាននាក់ នរណាដឹកនាំ ហេតុអីបានជាស្គាល់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងដែនដី និង រដ្ឋសភាជាតិ៖ «អាជ្ញាធរគេសាកសួរពួកខ្ញុំថា ពួកខ្ញុំទៅដាក់ញ្ញត្តិហ្នឹងស្គាល់តាមរយៈណា? ខ្ញុំឆ្លើយថា ស្គាល់ទីស្ដីការគណៈរដ្ឋមន្ត្រី ព្រោះទៅដាក់បីបួនដងហើយ ពេលទៅដាក់ មន្ត្រីទីនោះ ចេះតែប្រាប់តទៅទៀត។ គេសួរថា បានលុយមកពីណា ខ្ញុំថា លក់មាន់លក់ទានិយាយរួមគឺលុយ ផ្ទាល់ខ្លួនឯងដើម្បីទៅដាក់ញ្ញត្តិពីព្រោះ បញ្ហាវិវាទដីធ្លីរបស់ពួកខ្ញុំមិនមែនទើបកើតឡើង ឆ្នាំហ្នឹងទេគឺវាយូរឆ្នាំហើយ»។
កាលពីថ្ងៃទី១២ ខែមីនា តំណាងសហគមន៍អណ្ដូងត្របែកមួយក្រុម បានឡើងទៅជួបជុំគ្នាជាមួយ តំណាងសហគមន៍រងគ្រោះដីធ្លីចំនួន ៣៧ មកពីខេត្តចំនួន៤ គឺខេត្តត្បូងឃ្មុំ ស្វាយរៀង កណ្ដាល និងខេត្តព្រះសីហនុ ដើម្បីដើរដាក់ញត្តិនៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងដែនដី និងរដ្ឋសភា ដើម្បីស្នើសុំឲ្យស្ថាប័នទាំងបី ពន្លឿនដំណោះស្រាយដីធ្លី រ៉ាំរ៉ៃរបស់ពួកគាត់ឲ្យបានឆាប់ ខណៈដែលពួកគេកំពុងជួបការលំបាកក្នុងជីវភាព។
មេប៉ុស្តិ៍អណ្ដូងត្របែក លោក កឹង ប៊ុនធឿន បដិសេធថា លោកមិនបានដឹងរឿងហៅពលរដ្ឋសួរនាំ នេះទេ។ ចំណែកមេឃុំអណ្តូងត្របែក លោក គង់ វិត ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា ការដែលអាជ្ញាធរ ហៅតំណាងសហគមន៍ទាំងនោះទៅសួរនាំ មកពីលោក មិនបានដឹងថា ប្រជាពលរដ្ឋទាំងនោះទៅណា រួចហើយលោកក៏បិទទូរស័ព្ទវិញភ្លាម៖ «យ៉ែ ...បានជាហៅមកសួរហ្នឹង ព្រោះចេញពីភូមិទៅដោយអត់ដឹងមូលហេតុ។ អ៊ីចឹងទើបហៅមកសួរ»។
តំណាងពលរដ្ឋឲ្យដឹងថា ទំនាស់ដីធ្លីនៅឃុំអណ្តូងត្របែក គឺមានពលរដ្ឋប្រមាណ ៥៣៤គ្រួសារ បាន រងផលប៉ះពាល់ដីជាង ៥៥ហិកតារជាមួយគម្រោងផ្ដល់ដីសង្គមកិច្ចរបស់រដ្ឋាភិបាល។
អគ្គលេខាធិការអគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ចាត់ទុកករណី អាជ្ញាធរហៅពលរដ្ឋទៅសួរនាំនេះជា ការបំភិតបំភ័យ និងជាការគំរាមកំហែងមកឲ្យពលរដ្ឋចេញតវ៉ារឿងបញ្ហានានា ដែលអាជ្ញាធរថ្នាក់ក្រោមមិនអាចដោះស្រាយបាន៖ «រឿងអាជ្ញាធរ ហៅពលរដ្ឋទៅសួរនាំនេះ វាគឺជារូបភាពបែបគំរាមគំហែង និងហាក់ដូចជាមានចេតនាចង់បិទបាំងរឿងរ៉ាវទំនាស់ដីធ្លីនៅក្នុងមូលដ្ឋាន មិនអោយអាជ្ញាធរថ្នាក់ជាតិដឹង និងជួយអន្តរាគមន៍ដោះស្រាយ។ មួយវិញទៀត អាជ្ញាធរមូលដ្ឋាន ហាក់ដូចជាព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីវិវាទដីធ្លីដែលបរាជ័យ ក្នុងការដោះស្រាយ ហើយប្រជាពលរដ្ឋ ខំស្វះស្វែងរកដំណោះស្រាយទៅដល់អាជ្ញាធរថ្នាក់ជាតិ»
លោក ថេង សាវឿន ជំរុញអោយអាជ្ញាធរមូលដ្ឋាន បញ្ឈប់សកម្មភាពគំរាមកំហែងគ្រប់រូបភាពនិងចូលរួមដោះស្រាយទំនាស់ដីធ្លីដោយសន្តិវិធី ជាមួយប្រជាពលរដ្ឋ ដើម្បីអោយប្រជាពលរដ្ឋ ឆាប់បានដីធ្លី សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត ខណៈពេលនេះ ជីវភាពរបស់ពួកគាត់កំពុងតែលំបាកខ្លាំង៕