Clik here to view.

ម្តាយ និងបងស្រីរបស់អ្នកស្រី ទេព វន្នី ស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដល់ព្រះមហាក្សត្រឱ្យលើកលែងទោស និងដោះលែងអ្នកស្រី ទេព វន្នី ឱ្យមានសេរីភាពវិញ ដើម្បីមកចិញ្ចឹមបីបាច់កូនៗរបស់គាត់ ដែលកំពុងរស់នៅកំព្រាខ្វះអ្នកថែទាំ។
ម្តាយរបស់អ្នកស្រី ទេព វន្នី គឺលោកស្រី ស៊ី ហៀប និងបងស្រីរបស់អ្នកស្រី ទេព វន្នី គឺលោកស្រី ហួត ច័ន្ទសុវណ្ណ ថ្លែងនៅក្នុងញត្តិនោះថា ក្រោយពីអ្នកស្រី ទេព វន្នី ត្រូវជាប់ឃុំក្នុងពន្ធនាគារជាងមួយឆ្នាំកន្លះមកនេះ កូនៗទាំងពីរនាក់របស់គាត់ជួបទុក្ខលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារមិនមានអ្នកថែទាំបានដិតដល់ ព្រោះអ្នកស្រី ទេព វន្នី និងស្វាមី បានលែងលះគ្នារួចហើយ មុនពេលជាប់ពន្ធនាគារ ហើយកូនទាំងពីរនាក់នេះ គឺអ្នកស្រី ទេព វន្នី ជាអ្នករ៉ាប់រងចិញ្ចឹម។
ពួកគាត់ទាំងពីររៀបរាប់បន្តថា កូនស្រីអាយុ ១៣ ឆ្នាំ របស់អ្នកស្រី ទេព វន្នី មានជំងឺប្រព័ន្ធប្រសាទប្រចាំកាយ តាំងពីនៅជាទារក និងត្រូវប្រើថ្នាំជាប់ជាប្រចាំ ហើយចាប់តាំងពីម្តាយត្រូវជាប់ពន្ធនាគារមក នាងបានចូលពេទ្យជាញឹកញាប់ ហើយជំងឺឈឺក្បាលខ្លាំងរបស់នាងបានរើមកវិញ ធ្វើឱ្យនាងគេងមិនសូវបាន និងត្អូញថា ឈឺក្បាលជារៀងរាល់ថ្ងៃ។អ្នកទាំងពីរអះអាងទៀតថា កូនៗរបស់អ្នកស្រី ទេព វន្នី តែងតែសួររកម្តាយជាប្រចាំ ថាតើពេលណាទើបម្តាយរបស់ពួកគេត្រឡប់មកវិញ ដែលបញ្ហានេះ ធ្វើឱ្យលោកស្រីដែលជាជីដូន និងម្តាយមីង មានការសង្វេគអាណិតក្មេងៗជាខ្លាំង ហើយម្យ៉ាងវិញទៀត អ្នកទាំងពីរក៏ជួបការលំបាកក្នុងការផ្គត់ផ្គង់ការរស់នៅ និងរៀនសូត្ររបស់ក្មេងៗទាំងពីរផងដែរ ហេតុដូចនេះ ទើបសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍រឿងនេះ។
សកម្មជនដីធ្លីតំបន់បឹងកក់ លោក ចាន់ ពុទ្ធិស័ក ដែលបានជូនក្រុមគ្រួសារអ្នកស្រី ទេព វន្នី ទៅដាក់ញត្តិ ថ្លែងថា ញត្តិនោះត្រូវបានមន្ត្រីប្រចាំការនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី នៅក្រោមដើមពោធិ៍ មុខវត្តបុទុមវត្តី ទទួលយក ក៏ប៉ុន្តែមន្ត្រីរូបនោះមិនមានការសន្យាអ្វីនោះទេ គ្រាន់តែទទួលយកញត្តិហើយ ក៏ប្រាប់ឱ្យក្រុមគ្រួសារអ្នកស្រី ទេព វន្នី ត្រឡប់ទៅផ្ទះវិញ។ លោករំពឹងថា លោក ហ៊ុន សែន នឹងជួយអន្តរាគមន៍ឱ្យមានការដោះលែងអ្នកស្រី ទេព វន្នី ព្រោះរឿងក្តីនេះបានឆ្លងផុតដំណាក់កាលតុលាការកំពូលរួចរាល់ហើយ។
សំណុំរឿងនេះត្រូវតុលាការកំពូលចេញសាលដីការរួចហើយ ហើយបញ្ហាដីធ្លីតំបន់បឹងកក់ក៏ត្រូវបានដោះស្រាយជិតចប់ហើយដែរ នៅសល់តែចំនួន ២ គ្រួសារទៀតប៉ុណ្ណោះ។ បញ្ហាដែលសំខាន់នោះ គឺការដោះស្រាយបញ្ចប់បញ្ហាដីធ្លីនៅតំបន់បឹងកក់ដែលមានក្លិនអសោចជាង ១០ ឆ្នាំមកហើយ អញ្ចឹងសង្ឃឹមថា នៅពេលនេះនឹងមានការដោះលែងអ្នកស្រី ទេព វន្នី និងការអន្តរាគមន៍បញ្ចប់ទំនាស់ដីធ្លីតំបន់បឹងកក់ ដើម្បីបញ្ចប់ភាពអសោចរបស់សហគមន៍បឹងកក់។
កាលពីដើមខែកុម្ភៈកន្លងទៅ តុលាការកំពូលបានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញទុកជាបានការដដែល ចំពោះការផ្តន្ទាទោសអ្នកស្រី ទេព វន្នី ឱ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញ ក្បែរផ្ទះនាយករដ្ឋមន្ត្រី កាលពីឆ្នាំ ២០១៣ កន្លងទៅ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក សឺង សែនករុណា ថ្លែងថា សំណុំរឿងអ្នកស្រី ទេព វន្នី ត្រូវបញ្ចប់រួចហើយ តាមអំណាចសាលដីការរបស់តុលាការកំពូល ដូច្នេះផ្អែកតាមនីតិវិធី នាយករដ្ឋមន្ត្រីអាចធ្វើសំណើសុំទៅព្រះមហាក្សត្រដើម្បីប្រោសព្រះរាជទានការលើកលែងទោសដល់សកម្មជនដីធ្លីរូបនេះ។ លោកអះអាងថា ភស្តុតាងដាក់បន្ទុកក្នុងសំណុំរឿងរបស់អ្នកស្រី ទេព វន្នី នេះ មិនសមហេតុផល និងមិនស៊ីសង្វាក់គ្នាជាមួយហេតុការណ៍ពិតនោះទេ ដូច្នេះលោកទទូចឱ្យលោកនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍រឿងនេះ ដើម្បីឱ្យអ្នកស្រី ទេព វន្នី មានសេរីភាពវិញ។
គ្រួសាររបស់អ្នកស្រី ទេព វន្នី ជាពិសេស កូនរបស់គាត់ មានជំងឺប្រចាំកាយ ហើយគាត់ក៏មានម្តាយចាស់ជរាទៅទៀត ដូច្នេះយើងទទូចឱ្យប្រមុខរដ្ឋាភិបាលពិចារណាអន្តរាគមន៍ទៅព្រះមហាក្សត្រដើម្បីឱ្យទ្រង់ព្រះរាជទានការលើកលែងទោស ដើម្បីឱ្យអ្នកស្រីមានសេរីភាពជួបជុំគ្រួសារឡើងវិញ ដើម្បីជាភាពកក់ក្តៅដល់ក្រុមគ្រួសាររបស់គាត់។
សកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីខែសីហា ឆ្នាំ ២០១៦ ខណៈអ្នកស្រី និងសកម្មជនដីធ្លីតំបន់បឹងកក់មួយចំនួនទៀត កំពុងធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ទាមទារឱ្យមានការដោះលែងមន្ត្រីអាដហុកទាំង ៤ រូប និងលោក នី ចរិយា ព្រមទាំងជំរុញឱ្យរបបក្រុងភ្នំពេញវែកមុខរកឃាតករពិត ដែលនៅពីក្រោយឃាតកម្មលើបណ្ឌិត កែម ឡី។ គិតត្រឹមខែមីនា ឆ្នាំ ២០១៨ នេះ អ្នកស្រីបានជាប់ពន្ធនាគារអស់រយៈពេលប្រមាណ ១ ឆ្នាំ ៧ ខែហើយ៕