Clik here to view.

តំណាងរាស្ត្រពីខាងគណបក្សពលករគឺលោក ម៉ាក បាត់លើរ (Mark Butler) របស់ប្រទេសអូស្ត្រាលី ថ្លែងថា ក្រុមតំណាងរាស្ត្ររបស់លោក បាននាំគ្នាសរសេរញត្តិមួយទៅកាន់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក មែលខម ធើនប៊ូល (Malcolm Turnbull) ដើម្បីជជែកជាមួយលោក ហ៊ុន សែន ករណីវិបត្តិនយោបាយនៅកម្ពុជា។
លោក ម៉ាក បាត់លើរ បញ្ជាក់ថា ក្នុងញត្តិនោះ ក្រុមតំណាងរាស្ត្ររបស់លោកបានស្នើឲ្យលោក ធើនប៊ូល ទាមទារឲ្យលោក ហ៊ុន សែន ដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិជាបន្ទាន់ លុបចោលការរំលាយគណបក្សសង្គ្រោះជាតិ និងធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ជាងនេះទៅទៀត ក្រុមតំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលីពីខាងគណបក្សពលករ ក៏បានប្រាប់ទៅនាយករដ្ឋមន្ត្រីអូស្ត្រាលីថា ការគំរាមតាមវ៉ៃដល់ផ្ទះចំពោះជនណាដែលហ៊ានដុតទីងមោងជារូបរបស់លោក ក្នុងប្រទេសអូស្ត្រាលីនោះគឺមិនអាចទទួលបានជាដាច់ខាត។
កាលពីខែកុម្ភៈ លោក ហ៊ុន សែន ព្រមានជាសាធារណៈថា ប្រសិនបើមានការដុតទីងមោងដែលជារូបរបស់លោកក្នុងប្រទេស អូស្ត្រាលីមែន នោះលោកនឹងតាមវ៉ៃអ្នកដែលដុតនោះ ដល់ផ្ទះតែម្ដង។
ទោះជាយ៉ាងណាក៏ដោយលោក ម៉ាក បាត់លើរ បញ្ជាក់ថា សមត្ថកិច្ចអូស្ត្រាលី បានត្រៀមខ្លួនរួចជាស្រេចក្នុង កិច្ចការពារដំណើរការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរ ស្របពេលដែល លោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ពីថ្ងៃទី១៧-១៨ ខែមីនា។
សូមលោកអ្នកនាងរង់ចាំស្ដាប់ និងអានសេចក្ដីរាយការណ៍នេះលំអិតក្នុងការផ្សាយរបស់យើងនៅព្រឹកថ្ងៃស្អែក៕