
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សម្ដែងការព្រួយបារម្ភអំពីប្រព័ន្ធការអនុវត្តប្រព័ន្ធឯកបក្សនៅកម្ពុជា។ អ្នកស្រីបញ្ជាក់ថា វាជាតួនាទីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលត្រូវធានាអំពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់កម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត ថ្លែងបែបនេះ ក្រោយជំនួបជាមួយ គ.ជ.ប នៅព្រឹកថ្ងៃទី១៣ មីនា នេះ។
អ្នកស្រី រ៉ណា ស្មត ប្រាប់អ្នកសារព័ត៌មានក្រោយជំនួប នឹងមន្ត្រីគ.ជ.បថា វាជារឿងមួយគួរឱ្យព្រួយបារម្ភ ប្រសិនបើកម្ពុជាអនុវត្តរបបដឹកនាំបែបនេះមែននោះ ព្រោះរដ្ឋធម្មនុញ្ញរបស់កម្ពុជា មានចែងច្បាស់អំពីរបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។ អ្នកស្រីបន្តថា ការចូលរួមរបស់គណបក្សប្រឆាំង គឺជារឿងចាំបាច់មិនអាចខ្វះបាននៅគ្រប់ការបោះឆ្នោតទាំងអស់ ដូច្នេះវាជាសំណួរដែលត្រូវចោទសួរទៅ គ.ជ.ប អំពីរឿងនេះ។
អ្នកស្រីបញ្ជាក់តាមរយៈអ្នកបកប្រែថា គ.ជ.ប មានតួនាទីសំខាន់ក្នុងការធានាថា គ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ នឹងអាចចូលរួមប្រកួតប្រជែងដោយសេរី និងស្មើភាពគ្នា នៅក្នុងការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ ឱ្យដូចទៅនឹងអ្វីដែល គ.ជ.ប បានធ្វើនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០១៧ យ៉ាងដូច្នោះដែរ។ «»
ការព្រួយបារម្ភអំពីការដឹកនាំតាមប្រព័ន្ធបក្សតែមួយ និងការក្រើនរំលឹកអំពីតួនាទីរបស់គ.ជ.ប ពីសំណាក់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនេះ គឺបន្ទាប់ពីលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលរៀបចំដោយ គ.ជ.ប កាលពីពេលថ្មីៗ បង្ហាញថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលឈ្នះឆ្នោតទទួលបានអាសនៈព្រឹទ្ធសភាទាំងអស់។ ជ័យជំនះនេះ បានមកពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ធ្វើឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកខណ្ឌ រាជធានីខេត្ត និងមន្ត្រីជាន់ខ្ពស់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ ត្រូវបាត់សិទ្ធិតំណាងស្របច្បាប់ដែលពលរដ្ឋបានផ្តល់ឱ្យតាមរយៈសន្លឹកឆ្នោត ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតព្រឹទ្ធសភានេះ។
ឆ្លើយតបនឹងការការព្រួយបារម្ភរបស់អ្នកស្រី រ៉ូណា ស្មីត អំពីរឿងប្រព័ន្ធដឹកនាំឯកបក្សនេះ អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងថា គ្មានអ្នកណាអាចកែប្រែរឿងនេះបាននោះទេ ហើយគ.ជ.បនឹងនៅតែបន្តការងាររៀបចំការបោះឆ្នោតដដែល ទោះបីជាមានគណបក្សតែមួយចូលរួមក៏ដោយ។ «»
ទោះជាយ៉ាងនេះក្តី ប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក បានស្នុំសុំឲ្យអ្នកស្រី រ៉ូណា ស្មីត ដាក់អ្នកសង្កេតការណ៍បោះឆ្នោត ឬរៀបចំឲ្យមានការិយាល័យអង្គការសហប្រជាជាតិ នៅទីស្ដីការគ.ជ.ប ផ្ទាល់តែម្ដង។ ក្នុងសេចក្ដីថ្លែងការណ៍ ដែលចេញក្រោយជំនួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅថ្ងៃទី១៣ ខែមីនានេះ លោក ស៊ិក ប៊ុនហុក អះអាងថា វត្តមានរបស់អង្គការសហប្រជាជាតិ គឺដើម្បីឃ្លាំមើលសុចរិតភាពរបស់គ.ជ.ប។
ជំហរគ.ជ.ប ចង់ឲ្យស្ថាប័នអង្គការសហប្រជាជាតិ ទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោត ដែលខិតជិតចូលមកដល់នេះ វាផ្ទុយទៅនឹងអ្វីដែលលោក ស៊ិក ប៊ុនហុក អះអាងកាលពីថ្ងៃទី២៥ ខែ កុម្ភៈ កន្លងទៅនេះ ដែលពេលនោះលោក ប្រាប់អ្នកសារព័ត៌មាន ថាការបោះឆ្នោតនៅកម្ពុជា គ.ជ.ប ធ្វើឡើងដោយផ្អែកតាមច្បាប់របស់កម្ពុជា និងថា គ.ជ.បកម្ពុជា មិនមែនកើតឡើងពីសហរដ្ឋអាមេរិក និងពីសហភាពអឺរ៉ុបនោះទេ។ ការលើកឡើងនេះ គឺស្របគ្នាទៅនឹងជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងជាញឹកញាប់ថា កម្ពុជាមិនត្រូវការឲ្យអន្តរជាតិទទួលស្គាល់ការបោះឆ្នោត នៅកម្ពុជានោះឡើយ។ លោក ហ៊ុន សែន អះអាងថា ឲ្យតែប្រជាពលរដ្ឋខ្មែរទទួលស្គាល់ នោះវាគ្រប់គ្រាន់ណាស់ទៅហើយ។
ទោះជាយ៉ាងណា ស្ថានការណ៍នយោបាយកាន់តែអាក្រក់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចឱ្យសហគមន៍ជាតិ និងអន្តរជាតិ ទុកចិត្តបានថា ការបោះឆ្នោតជាតិនៅពេលខាងមុខនឹងជាការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យនោះឡើយ។ សហគមន៍ជាតិ និងអន្តរជាតិ ដែលក្នុងនោះក៏រួមមានទាំងអង្គការសហប្រជាជាតិផង បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាធ្វើឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដោះលែងលោក កឹម សុខា និងសកម្មជននយោបាយបក្សប្រឆាំងផ្សេងទៀត និងបើកឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដំណើរការឡើងវិញ ព្រមទាំងបញ្ឈប់ការធ្វើទុកបុកម្នេញទៅលើក្រុមអង្គការសង្គមស៊ីវិលផងដែរ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ មើលឃើញថា ស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា បានក្លាយជាស្ថាប័នឯកបក្សរួចទៅហើយ ក្រោយពេលបក្សប្រឆាំងត្រូវបានរំលាយដោយរបបក្រុងភ្នំពេញ ដែលនេះបង្ហាញឱ្យឃើញច្បាស់ពីរបៀបដឹកនាំមួយដែលកំពុងតែដើរផ្ទុយនឹងច្បាប់កំពូលរបស់ជាតិ។ លោកបន្តថា ការប្រកាសរបស់គ.ជ.បថា ខ្លួននឹងនៅតែរៀបចំការបោះឆ្នោតដដែល ទោះជាអវត្តមានបក្សប្រឆាំងបែបនេះ គឺជាការធ្វើខុសនឹងឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត។ «»
រហូតមកទល់នឹងពេលនេះ មានតែប្រទេសចិនកុម្មុយនិស្តមួយតែប៉ុណ្ណោះដែលប្រកាសថា ខ្លួននឹងទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដាខាងមុខនេះ ខណៈដែលក្រុមប្រទេសលោកខាងលិចកំពុងដាក់សម្ពាធ និងទាមទារឱ្យរបបក្រុងភ្នំពេញ ធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជារស់ឡើងវិញ។
ក្រៅពីជំនួបជាមួយគ.ជ.ប អ្នកស្រី រ៉ូណា ស្មីត ក៏មានជំនួបដាច់ដោយឡែកមួយទៀតជាមួយថ្នាក់ដឹកនាំរដ្ឋសភាគណបក្សប្រជាជនកម្ពុជាដែរ នៅព្រឹកថ្ងៃទី១៣ មីនា នេះ គឺអ្នកស្រីបានជួបជាមួយ លោក ហេង សំរិន និងមន្ត្រីជាន់ខ្ពស់រដ្ឋសភាមួយចំនួនទៀត។ បញ្ហាសំខាន់ដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ លើកឡើងក្នុងជំនួបជាមួយរដ្ឋសភាឯកបក្សនេះ គឺការរំលាយគណបក្សសង្គ្រោះជាតិ និងការយកអាសនៈសភារបស់បក្សប្រឆាំងទៅបែងចែកឱ្យគណបក្សផ្សេងដែលមិនជាប់ឆ្នោត បញ្ហាតម្លាភាពនៃការតាក់តែងច្បាប់ និងការសើរើមើលឡើងវិញនូវខ្លឹមសារច្បាប់មួយចំនួនរបស់កម្ពុជា ដើម្បីឱ្យស្របទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕