Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ម្ដាយ​បណ្ឌិត កែម ឡី ថា​សាលក្រម​រឿង​ឃាតកម្ម​លើ​កូន​ប្រុស​លោកស្រី​មិន​ទាន់​មាន​យុត្តិធម៌

$
0
0

ម្ដាយ​របស់​បណ្ឌិត កែម ឡី ដែល​កំពុង​រស់​នៅ​ខេត្ត​តាកែវ មិន​ចង់​ឃើញ​សំណុំ​រឿង​ឃាតកម្ម​លើ​កូន​ប្រុស​របស់​គាត់​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ការ​កាត់​ទោស​បុគ្គល​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ​ទេ។ លោកស្រី​ចង់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​មក​កាត់​ទោស​ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​ក្រុម​គ្រួសារ។

លោកស្រី​ថ្លែង​ថា លោកស្រី និង​ក្រុម​គ្រួសារ​មិន​ចាប់​អារម្មណ៍​ ហើយ​ក៏​មិន​ដឹង​ត្រូវ​និយាយ​យ៉ាង​ម៉េច​ចំពោះ​ការ​សម្រេច​របស់​តុលាការ​នេះ​ដែរ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោកស្រី​ក៏​មិន​ចង់​ឱ្យ​សំណុំ​រឿង​ឃាតកម្ម​នេះ​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ការ​កាត់​ទោស​បុគ្គល អឿត អាង ហៅ ជួប សម្លាប់ តែ​ម្នាក់​ដែរ«ក្រុម​គ្រួសារ​នៅ​ស្ងៀម​អត់​ដឹង​រក​ម៉េច​ឃើញ បើ​រក​ឃើញ​ចេះ​តែ​រក​ទៅ រក​អត់​ឃើញ​ទៅ​ហើយ ចប់​ត្រឹម​ហ្នឹង​ទៅ។ អត់​ទេ (អត់​ចង់​ឲ្យ​គេ​បិទ​បញ្ចប់​សំណុំ​រឿង​ត្រឹម​ហ្នឹង​ទេ) ចង់​ឲ្យ​គេ​រក​ទៀត ប៉ុន្តែ​មិន​ដឹង​ថា​គេ​រក​យ៉ាង​ម៉េច? វា​អត់​ទាន់​ច្បាស់លាស់។ វា​អត់​ច្បាស់លាស់​ទាល់​តែ​សោះ។ គាត់​ទោស​ទៅ​គ្រាន់​តែ​មើល​ទៅ វា (វីដេអូ​នៃ​ការ​បាញ់​សម្លាប់) ព្រិលៗ​អ៊ីចឹង ហើយ​គេ​កាត់​ទោស​កើត​ដែរ អ៊ីចឹង​តាម​គេ​ទៅ។ គេ​កាត់​យ៉ាង​ម៉េច​កាត់​ទៅ»

កាល​ពី​សប្ដាហ៍​មុន សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទា​ទោស អឿត អាង ហៅ ជួប សម្លាប់ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា​ និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។ ការ​សម្រេច​របស់​តុលាការ​នេះ ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​បណ្ឌិត កែម ឡី ចាត់​ទុក​ថា គ្រាន់​តែ​ជា​សេចក្ដី​សម្រេច​មួយ​ដ៏​ប្រញាប់ប្រញាល់ ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ និង​បញ្ចៀស​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​តែ​ប៉ុណ្ណោះ។

ជាមួយ​គ្នា​​នេះ អង្គការ​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​រិះគន់​ការ​សម្រេច​សេចក្ដី​នេះ។ ពួក​គេ​លើក​ឡើង​ថា ដំណើរ​ការ​កាត់​ក្តី​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ពុំ​ទាន់​អាច​ជម្រះ​មន្ទិល​សង្ស័យ ពោល​គឺ​នៅ​មាន​កង្វះ​ខាត​លើ​ទិដ្ឋភាព​សំខាន់ៗ​ជា​ច្រើន​ និង​ពុំ​ទាន់​បំពេញ​គោលការណ៍​ស៊ើប​អង្កេត​ឱ្យ​បាន​សមស្រប​តាម​​ស្តង់ដារ​អន្តរជាតិ​នៅ​ឡើយ​ទេ។ ពួក​គេ​ស្នើ​ឱ្យ​អាជ្ញាធរ​បន្ត​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ​បន្ថែម​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា បាន​បញ្ជាក់​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​ផ្តន្ទាទោស ជួប សម្លាប់ នោះ​ថា តុលាការ​មិន​ទាន់​បិទ​សំណុំ​រឿង​នេះ​ទេ​ ដោយ​បន្ត​ស៊ើប​អង្កេត​លើ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត។

គិត​ត្រឹម​ចុង​ខែ​មីនា នេះ មាន​រយៈពេល​ជិត ៩​ខែ ដែល​បណ្ឌិត កែម ឡី ​អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។ សព​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​​​​ដង្ហែ​យក​ទៅ​បញ្ចុះ​នៅ​ផ្ទះ​របស់​លោក នៅ​ឯ​ស្រុក​កំណើត ស្ថិត​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​ដទៃ​ទៀត​ បាន​ចេញ​ចូល​ទៅ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​​ជា​ប្រចាំ។ សព្វថ្ងៃ​នេះ មាន​តែ​លោកស្រី ភោគ សេ អាយុ ៧៨​ឆ្នាំ ដែល​ជា​ម្តាយ​របស់​បណ្ឌិត កែម ឡី តែ​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​មើល​ការ​ខុស​ត្រូវ​ និង​ថែរក្សា​ទី​បញ្ចុះ​សព​របស់​លោក​ទាំង​យប់​ ទាំង​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles