Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ស្រុក​អន្លង់វែង​ជាង​១២០​គ្រួសារ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី

$
0
0

តំណាង​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​សង់​លំនៅឋាន ព្រម​ទាំង​រុករាន​ដី​ព្រៃ​ធ្វើ​ចម្ការ​នៅ​តំបន់​ជប់​ត្រកួន ស្រុក​អន្លង់វែង កំពុង​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​តតាំង​ផ្លូវ​ច្បាប់​ជាមួយ​នឹង​អាជ្ញាធរ​ជុំវិញ​រឿង​ដីធ្លី។

ការ​ស្វះស្វែង​រក​ជំនួយ​ផ្នែក​ច្បាប់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​នេះ បន្ទាប់​ពី​នាយក​រដ្ឋបាល​សាលា​ស្រុក​អន្លង់វែង បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ចម្ការ​ស្វាយចន្ទី និង​ចម្ការ​ដំឡូងមី​របស់​ប្រជាពលរដ្ឋ​ចំនួន ១២​គ្រួសារ​រួច​មក។

ប្រជាពលរដ្ឋ​ជាង ១២០​គ្រួសារ​នៅ​តំបន់​ជប់​ត្រកួន ចំណុះ​ឲ្យ​ភូមិ​អូរតាម៉េង ឃុំ​អន្លង់វែង កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ​ជាច្រើន​ហិកតារ​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​អាជ្ញាធរ​ស្រុក​អន្លង់វែង ដក​ហូត​យក។

ក្រុម​អ្នក​ភូមិ​ទាំងនោះ​ខំ​នាំ​គ្នា​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប និង​ដាក់​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ ដើម្បី​ឲ្យ​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ក្នុង​ការ​ការពារ​ដីធ្លី​របស់​ពួក​គេ។

តំណាង​ប្រជាពលរដ្ឋ​តំបន់​ជប់​ត្រកួន ម្នាក់​ក្នុង​ចំណោម​តំណាង​ខ្លះ​ទៀត គឺ​លោក សាត បូរ៉ា។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៨ ខែ​មីនា ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ កន្លង​ទៅ នាយក​រដ្ឋបាល​របស់​សាលា​ស្រុក​អន្លង់វែង នៃ​ខេត្ត​ឧត្តរមានជ័យ បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ចម្ការ​ស្វាយចន្ទី និង​ចម្ការ​ដំឡូងមី​របស់​អ្នក​ភូមិ​ចំនួន ១២​គ្រួសារ។ តំណាង​ប្រជាពលរដ្ឋ​ដដែល​បញ្ជាក់​ទៀត​ថា ការ​ឈូស​ឆាយ​ដី​នោះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​ចំនួន ១២២​គ្រួសារ​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​រឹប​អូស​យក​ដី​ទាំងអស់ ពីព្រោះ​តែ​ពួក​គេ​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​តាំង​ពី​ថ្នាក់​ភូមិ ឃុំ រហូត​ដល់​ស្រុក ឲ្យ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ ប៉ុន្តែ​អាជ្ញាធរ​មិន​យល់ព្រម​ធ្វើ​លិខិត​ស្នាម​ទទួល​ស្គាល់​កម្មសិទ្ធិ​ពួក​គេ​នោះ​ឡើយ៖ «គាត់​ឈូស​ហើយ គាត់​វាយ​បង្គោល​ម៉ង បង្គោល​មួយ​ចន្លោះ ២០​ម៉ែត្រៗ​សម្រាប់​ទុក​ចែក​អ្នក​ដែល​អត់​ដី។ ប៉ះពាល់​ច្រើន​ណាស់ ដី​ដែល​កំពុង​ដាំ​ដំណាំ​អាជ្ញាធរ​ដើរ​វាយ​ចែក​ជា​ឡូ​ទាំងអស់»

ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួក​គេ​បាន​ចូល​ទៅ​រស់នៅ និង​ធ្វើ​ចម្ការ​នៅ​តំបន់​ជប់​ត្រកួន​នោះ គឺ​អ្នក​ខ្លះ​តាំង​ពី​ឆ្នាំ​២០០៦ និង​ខ្លះ​ទៀត​នៅ​ឆ្នាំ​២០០៨។

អភិបាល​ស្រុក​អន្លង់វែង លោក ហោ ជិនវិរៈយុទ្ធ បាន​បដិសេធ​មិន​ទទួល​ស្គាល់​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា ​តំបន់​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ និង​កាប់​គាស់​ធ្វើ​ចម្ការ​ទាំងនោះ គឺ​ជា​ទី​ទួល​សុវត្ថិភាព​របស់​រដ្ឋ ហើយ​ការ​ឈូស​ឆាយ​នោះ គឺ​អាជ្ញាធរ​ធ្វើ​តាម​គោលការណ៍​របស់​រដ្ឋាភិបាល ដើម្បី​រក្សា​ទុក​ទី​ទួល​សុវត្ថិភាព​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង និង​ផ្នែក​ខ្លះ​ទៀត គឺ​បែងចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ដីធ្លី។

លោក​អភិបាល​ស្រុក​អន្លង់វែង ចាត់​ទុក​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​រស់នៅ​តំបន់​ជប់​ត្រកួន​នោះ​ជា​ជន​ចំណាក​ស្រុក​មិន​ស្រប​ច្បាប់៖ «ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង​មិន​មែន​ជា​អ្នក​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​ស្រុក​អន្លង់វែង ទេ គឺ​ជា​អ្នក​ចំណាក​ស្រុក​ដែល​ចូល​ទៅ​កាន់​កាប់​ដី​ខុស​ច្បាប់»

ចំណែក​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ក៏​ទទួល​ស្គាល់​ដែរ​ថា តំបន់​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​នោះ គឺ​តំបន់​ព្រៃ​សហគមន៍។ លោក ស្រី ណារ៉េន មាន​គម្រោង​ចុះ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ដែល​អាជ្ញាធរ​ឈូស​ឆាយ​ដី​នោះ ពីព្រោះ​តែ​លោក​ឆ្ងល់​ថា បើ​សិន​ជា​តំបន់​នោះ​ជា​ព្រៃ​សហគមន៍​ដែល​ត្រូវ​ការពារ តើ​ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​អាច​ឈូស​ឆាយ​ដី​ទីនោះ ដើម្បី​យក​ទៅ​ចែក​ប្រជាពលរដ្ឋ​ដូច្នេះ​ទៅ​វិញ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles