តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី ព្រមានប្ដឹងទៅស្ថាប័នតុលាការក្រោយពេលដីតំបន់ភ្នំដោះក្រមុំ ត្រូវបានគេឈូសឆាយជាថ្មីដើម្បីយកដីជាកម្មសិទ្ធិបុគ្គល។ មន្ត្រីអភិរក្សភ្នំដោះក្រមុំអះអាងថា ការប៉ុនប៉ងយកដីភ្នំដោះក្រមុំនេះ គឺរំលោភទៅលើសេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលសម្រេចរក្សាទុកដីភ្នំដោះក្រមុំ ជាតំបន់វប្បធម៌បូជនីយកិច្ចជនជាតិដើមភាគតិច។
ការព្រមាននេះ ធ្វើឡើងក្រោយពេលដែលប្រជាពលរដ្ឋមួយគ្រួសារបានយកគ្រឿងចក្រទៅឈូសឆាយដីប្រមាណ ៤ហិកតារនៅខាងកើតជើងភ្នំដោះក្រមុំ ជាថ្មីទៀត បើទោះបីជាអាជ្ញាធរខេត្តបានឯកភាពជាមួយសហគមន៍រក្សាដីតំបន់នោះជាតំបន់បូជនីយកិច្ចសម្រាប់ជនជាតិដើមភាគតិចព្នងក៏ដោយ។
តំណាងសហគមន៍ លោក ក្រើង តុលា បញ្ជាក់នៅថ្ងៃទី២៨ ខែមីនា ថាតំណាងសហគមន៍ប្រមាណ ១០នាក់ បានរារាំងគ្រឿងចក្រកាលពីដើមសប្ដាហ៍ ហើយទាមទារឲ្យបញ្ឈប់ការឈូសឆាយដើម្បីសហគមន៍សុំឲ្យអាជ្ញាធរពាក់ព័ន្ធកោះហៅអ្នកឈូសឆាយទៅសាកសួរពីករណីនេះ។ លោកថា អ្នកឈូសឆាយមិនប្រាប់ពីអត្តសញ្ញាណនោះទេ ក៏ប៉ុន្តែពួកគេសំអាងថា មានលិខិតបញ្ជាក់ពីអាជ្ញាធរភូមិឃុំកាលពីឆ្នាំ២០០៤ អនុញ្ញាតឲ្យដីតំបន់នោះទៅពួកគេ៖ «យើងមានជំហរដាច់ខាត គឺយើងមិនឲ្យគាត់ធ្វើទេ ដោយសារយោងលិខិតដកហូតរបស់ខេត្ត ដោយសារយើងមាន ស.ជ.ណ ចេញពីសម្ដេចនាយករដ្ឋមន្ត្រី»។
សហគមន៍ជនជាតិដើមភាគតិចព្នងនៅក្រុង និងស្រុកចំនួន៥ ក្នុងខេត្តមណ្ឌលគិរី រួមទាំងអាជ្ញាធរខេត្ត និងមន្ទីរក្រសួងពាក់ព័ន្ធកាលពីខែធ្នូ ឆ្នាំ២០១៦ បានឯកភាពគ្នាដោះស្រាយបញ្ចប់ជម្លោះដីតំបន់ភ្នំដោះក្រមុំ ដើម្បីអភិរក្សភ្នំនេះទុកជាតំបន់បូជនីយកិច្ចវប្បធម៌របស់ជនជាតិដើមភាគតិច។
ប្រធានមន្ទីរវប្បធម៌ខេត្តមណ្ឌលគិរី លោក ស្រី ទូច មានប្រសាសន៍ថា មន្ទីរជំនាញបានណែនាំប្រជាពលរដ្ឋដែលឈូសឆាយដីឲ្យបញ្ឈប់សកម្មភាពជាបណ្ដោះអាសន្ន រង់ចាំអាជ្ញាធរខេត្តដោះស្រាយបញ្ហានេះ ពីព្រោះលិខិតគ្រប់គ្រងដីដែលអ្នកឈូសឆាយដីយកជាសំអាងគឺហួសសុពលភាពប្រើប្រាស់៖ «គាត់យល់ព្រមគាត់មកជួបខ្ញុំព្រឹកមិញ សុំអង្វរខ្ញុំថា ខ្ញុំគ្មានសិទ្ធិទេរឿងហ្នឹង សុទ្ធតែរឿងឯកសារទាំងអស់គ្នា ហើយចាំដោះស្រាយយ៉ាងណានោះ មានបងប្អូនជនជាតិដើមភាគតិច មានអាជ្ញាធរខេត្ត មានក្រសួងវប្បធម៌»។
អាជ្ញាធរខេត្តមណ្ឌលគិរី សម្រេចលប់ចោលគម្រោងអភិវឌ្ឍន៍នានា នៅតំបន់ភ្នំដោះក្រមុំ បន្ទាប់ពីសហគមន៍កាលពីខែសីហា ឆ្នាំ២០១៦ នាំគ្នាតវ៉ាទៅនឹងការឈូសឆាយដីតំបន់ភ្នំដើម្បីរៀបចំគម្រោងសាងសង់វិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈស្រាវជ្រាវរ៉ែថាមពល និងប្រេងកាតលើកដំបូងនៅក្នុងខេត្តដាច់ស្រយាលមួយនេះ។
អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល បញ្ជាក់ដែរថា អាជ្ញាធរខេត្តបានធ្វើមោឃភាពលិខិតកាន់កាប់ដីដែលចេញដោយអាជ្ញាធរភូមិឃុំនោះរួចហើយ ហេតុនេះអាជ្ញាធរក្រុងបានណែនាំឲ្យអ្នកឈូសឆាយដីដកថយពីដីនោះដើម្បីរក្សាស្ថានភាពដីភ្នំដោះក្រមុំដូចធម្មតា។ លោកថាអាជ្ញាធរក្រុងរង់ចាំក្រសួងវប្បធម៌ចាត់មន្ត្រីជំនាញសហការជាមួយអាជ្ញាធរ និងសហគមន៍ចុះកំណត់បរិវេណដីភ្នំដោះក្រមុំ ឡើងវិញ៖ «ការពារហ្នឹងគឺចង់ឲ្យនៅតែប៉ុណ្ណឹង អត់ចង់ឲ្យអ្នកណាមកប៉ះពាល់ទៀតទេ។ ម្ចាស់ថ្មីដែលគាត់មកទៀត គាត់ថាដីគាត់ អ៊ីចឹងយើងបានណែនាំឲ្យគាត់ថយទៅវិញ ចរចាដោយសន្តិវិធីថា យើងមិនចង់ឲ្យមានការប៉ះពាល់តទៅទៀតទេ»។
ភ្នំដោះក្រមុំមានទីតាំងនៅកណ្ដាលក្រុងសែនមនោរម្យ ឋិតក្នុងភូមិស្វាយចេក សង្កាត់សុខដុម។កាលពីឆ្នាំ២០០៤ ទីស្ដីការគណៈរដ្ឋមន្ត្រីចេញសេចក្ដីសម្រេចចាត់ទុកតំបន់ភ្នំនេះជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច មានទំហំដីជាង ១០២ហិកតារ រហូតបច្ចុប្បន្នផ្ទៃដីភ្នំដោះក្រមុំនៅសល់ប្រមាណតែ ៧០ហិកតារប៉ុណ្ណោះ បន្ទាប់ពីប្រជាពលរដ្ឋ និងមន្ទីរស្ថាប័នជំនាញជុំវិញខេត្តចូលទៅកាន់កាប់ដីនោះ។
តាមការគ្រោងទុកក្រសួងវប្បធម៌ សហការជាមួយអាជ្ញាធរខេត្តនឹងបង្កើតគណៈកម្មការជំនាញចុះវាស់វែងបោះបង្គោលព្រំដីតំបន់ភ្នំដោះក្រមុំ ឡើងវិញ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរនេះស្របតាមកិច្ចព្រមព្រៀងធ្វើឡើងជាមួយតំណាងសហគមន៍កាលពីខែធ្នូ៕