Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​ម៉ាឡេស៊ី ធ្លាក់ខ្លួន​ឈឺ​ពេល​មក​ដល់​កម្ពុជា​វិញ

$
0
0

ស្ត្រី​ខ្មែរ​ម្នាក់​ដែល​រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​ចាញ់បោក​ក្រុមហ៊ុន​នាំទៅ​ធ្វើការ​ខុសច្បាប់​នោះ បាន​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី បង្ខាំង និង​បង្ខំ​ឲ្យ​ធ្វើការ​ហួស កម្លាំង​ជាច្រើន​ឆ្នាំ។ ស្ត្រី​ខ្មែរ​រូប​នេះ បាន​រត់គេច​ខ្លួន និង​ត្រូវ​បាន​ស្ថានទូត​ខ្មែរ ជួយសង្គ្រោះ និង​បាន​មកដល់​ស្រុក​ខ្មែរ​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ។ ស្ត្រី​រងគ្រោះ និង​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ស្វែងរក​ក្រុមហ៊ុន​ដែល​មិន​បាន​គោរព​កិច្ចសន្យា ចាត់ការ​តាមច្បាប់ និង ជួយ​ផ្តល់​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​មុខរបរ​ដល់​ស្ត្រី​រងគ្រោះ។

ពល​ការិនី​ខ្មែរ​រងគ្រោះ​មា្នក់ ដែល​មាន​ដើមកំណើត​នៅ​ភូមិ​តាមាឃ ឃុំ​អណ្តូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ក្នុងនាម​ជា​អ្នក​បម្រើការ​នៅ​តាម​ផ្ទះ​ជាច្រើន​ឆ្នាំ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពី​នាង បាន​មកដល់​ស្រុក​ខ្មែរ​វិញ កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ តាមរយៈ​កិច្ច​អន្តរាគមន៍​របស់​ស្ថានទូត​ខ្មែរ និង​អង្គការ​សង្គម​ស៊ីវិល។

កញ្ញា យ៉ន សុគា អាយុ ២៨​ឆ្នាំ រៀបរាប់​ថា ដោយសារតែ​ជីវភាព​គ្រួសារ​ក្រីក្រ​លំបាក​ខ្លាំង​នោះ នាង បាន​បង្ខំចិត្ត​ចាកចោល​គ្រួសារ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន​ពីរ​លើក គឺ​នៅ​ឆ្នាំ​២០០៦​ម្ដង និង​នៅ​ឆ្នាំ​២០១៤ ម្តង។ នាង បញ្ជាក់​ថា កាល​ទៅ​ធ្វើ​ការ​លើក​ទី​១ គឺ​ក្រុមហ៊ុន មិនបាន​បោកប្រាស់ នោះ​ទេ ហើយក៏​បាន​ធ្វើ​ការរស់នៅ​ជាមួយ​ថៅកែ​ល្អ​ដែរ ប៉ុន្តែ​លើក​ទី​២ គឺ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៤ នោះ នាង​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្ដងទៀត តាមរយៈ​ក្រុមហ៊ុន​ផ្សេង។ ក្រុមហ៊ុន​ថ្មី​នេះ នាង​មិន​ចាំ​ឈ្មោះ​នោះ​ទេ គ្រាន់តែ​ដឹង​ថា មាន​ប្ដី​ជា​ជនជាតិ​ចិន និង​ប្រពន្ធ​ជា​ជាតិខ្មែរ មាន​ទីតាំងនៅ ម្ដុំ​ខាងមុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តែ​បច្ចុប្បន្ន បាន​ប្ដូរ​ទីតាំង។

មុន​ទៅ​ប្រទេស​ម៉ាឡេស៊ី ខាង​ក្រុមហ៊ុន សន្យា​ថា នាំ​នាង​ទៅ​ធ្វើ​ការ​តាម​ហាង និង​កាត់​ប្រាក់ខែ​ចំនួន ៧​ខែ​មុន តែ​ទីបំផុត​នាំ​នាង​ទៅ​ធ្វើ​ការ​នៅ​ក្នុង​សណ្ឋាគារ និង​វាយ​បង្ខំ​អោយ​ធ្វើ​ការ​តាម​ផ្ទះ។ «»

កញ្ញា យ៉ន សុគា បន្ត​ថា ពេល​ក្រុមហ៊ុន វាយ​បង្ខំ​ឲ្យ​នាង​ទៅ​ធ្វើ​ការងារ ក្នុង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម បម្រើការ​តាម​ផ្ទះ​របស់​ជនជាតិ​ម៉ាឡេស៊ី ដែល​ជា​ថៅកែ​ទី​៣ នោះ គឺ​ស្ថានភាព​ការងារ​កាន់តែ​លំបាក ព្រោះ​ជា រៀងរាល់ថ្ងៃ នាង​ត្រូវ​ថៅកែ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​តាំងពី​ម៉ោង​៥​ព្រឹក រហូត ដល់​ម៉ោង ៨​យប់ ដោយ​ត្រូវ​បោស ជួត​សម្អាត​ពី​ផ្ទះ​មួយ ទៅផ្ទះ​មួយ ហើយ​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់​ឡើយ។ នាង​ទ្រាំ​ធ្វើ​ការ នៅ​ទីនោះ ទាំង​ឈឺ​ទាំងជា​រយៈពេល​ជាង​៦​ខែ ហើយ​សម្រេចចិត្ត​រត់ចេញ ទាំង​មិនបាន​បើក ប្រាក់ខែ​មួយ​រៀល​ឡើយ។ «»

កញ្ញា យ៉ន សុគា បាន​រត់​គេច​ខ្លួន ហើយ​បាន​ព្យាយាម​ទាក់ទង​មក​គ្រួសារ ដើម្បី​ដាក់ពាក្យ​បណ្ដឹង​នៅ​អង្គការ​លីកាដូ និង​អង្គការ​ផ្សេង។ បន្ទាប់​មក​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ទាក់ទង​ទៅ​នាង និង​បាន​ជួយសង្គ្រោះ ព្រមទាំង​បាន​បញ្ជូន​នាង​មក​ដក់​ស្រុក​ខ្មែរ​នៅ ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ប៉ុន្តែ​ខាង​ស្ថានទូត បាន​ទារ​ប្រាក់​ពី​នាង ចំនួន​១​រយ​ដុល្លារ។

ស្ត្រី​រងគ្រោះ​រូប​នេះ ឲ្យ​ដឹង​ដែរ​ថា ប្រាក់​ខែ​ដែល​នាង​ខំ​ធ្វើការ​ជាង ៣​ឆ្នាំ​នោះ គឺ​ត្រូវ​បាន​ក្រុមហ៊ុន បើក​យក​ទាំងអស់ ហើយ​នាង​ត្រឡប់​មក​ដល់​ខ្មែរ គ្មាន​សល់​លុយ​ក្នុង​ខ្លួន​ឡើយ មានតែ​ជំងឺ​ប្រចាំ​កាយ​ស្គម​រីង​រ៉ៃ និង​មាន​អាការៈ​ភ្លេចភ្លាំង​ស្មារតី​ប៉ុណ្ណោះ។ «»

នាង​បាន​រៀបរាប់​ត្រឡប់​ថយក្រោយ​បន្តិច​ថា ក្នុងពេលដែល​ក្រុមហ៊ុន​នាំ​នាង​ទៅ​ប្រទេស​ម៉ាឡេស៊ី នោះ មិនមែន​មានតែ​នាង​ម្នាក់​ទេ គឺ​មាន​ស្ត្រី​ខ្មែរ ៣​នាក់​ទៀត​រស់នៅ​ខេត្ត​ក្រចេះ។ ក្រុមហ៊ុន បាន ដឹក​ពួក​នាង​ទៅ​ប្រទេស​ម៉ាឡេស៊ី ឆ្លងតាម​ច្រក​ប៉ោយប៉ែត និង​តាម​ប្រទេស​ថៃ​ដោយ​ប្រើប្រាស់​ទិដ្ឋាការ ឬ​វីសា (VISA) ទេសចរណ៍។ ពេល​ទៅ​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​បាន​ដក​ឯកសារ​ឆ្លងដែន​ទុក​ទាំងអស់។ នាង​អះអាង​ថា បច្ចុប្បន្ន​ស្ត្រី​ដែល​ទៅជា​មួយ​នាង​ទាំង ៣​នាក់​នោះ និង​ស្ត្រី​ខ្មែរ​ផ្សេង ជាច្រើន​ទៀត កំពុងតែ​រងគ្រោះ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ស្នើ​សុំ​អោយ​អាជ្ញាធរ​ជួយសង្គ្រោះ​ពួកគេ​ផង។ «»

អង្គការ​សង្គម​ស៊ីវិល ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ រហូតដល់​រដ្ឋាភិបាល ត្រូវ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ជនរងគ្រោះ​តាមរយៈ​ការ​ផ្ដល់​ចំណេះ​ជំនាញ​វិជ្ជាជីវៈ មុខរបរ ការ​ព្យាបាល ព្រោះថា ប្រសិនបើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ទេ​នោះ ពួកគេ​នឹង​កាន់តែ​ធ្លាក់ខ្លួន​លំបាក និង​ងាយ​រងគ្រោះ​បន្ត​ទៀត។

ទន្ទឹមគ្នា អាជ្ញាធរ​មាន​កាតព្វកិច្ច​ទាក់ទង​ជនរងគ្រោះ សួរនាំ​ព័ត៌មាន​បន្ថែម ដើម្បី​តាម​ស្វែងរក​ក្រុម ហ៊ុន​ដែល​បោកប្រាស់ និង​ទាមទារ​សំណង រួម​ទាំង​ប្រាក់​ឈ្នួល​ជូន​ពលការិនី​រងគ្រោះ​នោះ។

ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​កោះកុង អ្នកស្រី សុខ សុធារី លើកឡើង ថា ស្ថានភាព​ស្ត្រី​រងគ្រោះ​គឺ​បាន​ធូរ​ស្រាល​ច្រើន​ហើយ បន្ទាប់​ពី​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត។ អ្នកស្រី​អះអាង​ថា នឹង​ចុះទៅ​ជួប​គាត់​ផ្ទាល់​ម្ដងទៀត ដើម្បី​សួរនាំ​លម្អិត​ថា តើ​ស្ត្រី​រងគ្រោះ​ចង់​ប្ដឹង​ស្វែងរក​ក្រុមហ៊ុន និង​ចង់បាន​ការ​ជួយ​ជ្រោមជ្រែង​បែប​ណា ព្រោះ​កន្លងមក ស្ត្រី​រងគ្រោះ​ធ្លាប់​បដិសេធ​មិន​ចង់​ប្ដឹង​ក្រុមហ៊ុន​ឡើយ ដោយ​សារ មិន​ស្គាល់​ឈ្មោះ​និង​ទីតាំង​ក្រុមហ៊ុន។ «»

យ៉ន សុគា ពលករ ម៉ាឡេស៊ី ៦២២
កញ្ញា យ៉ន សុគា កំពុង​សម្រាក​ព្យាបាល​សុខភាព នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង កាល​ពី​ព្រឹក​ថ្ងៃទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo Licadho Photo Licadho

ថ្វី​ដ្បិត​ប្រជា​ពលករ​ខ្មែរ តែងតែ​រងគ្រោះ​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល នៅ​តែ​មាន​គម្រោង​បញ្ជូន​ពលការិនី​ទៅ​ធ្វើ​ការ​ជា​មេផ្ទះ​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន ១​ពាន់​នាក់​ក្នុង​ឆ្នាំ​២០១៨ ជា​ពិសេស​ប្រទេស​ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​ធ្វើ​បាប​ពលករ ដូចជា ប្រទេស​ម៉ាឡេស៊ី​ជាដើម។

សម្រាប់​ខែ​មីនា​នេះ រដ្ឋាភិបាល ត្រៀម​បញ្ជូន​ស្ត្រី​ខ្មែរ​ប្រមាណ ៣០០​នាក់ ទៅ​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​លើកដំបូង​ម្ដងទៀត បន្ទាប់ពី​បាន​ផ្អាក​កាលពី​ឆ្នាំ​២០១១ ក្រោយ​ពេល​មាន​ពលករ​ខ្មែរ​មួយ​ចំនួន ត្រូវ​បាន​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី វាយ និង​រំលោភបំពាន។

អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អ៊ិន គង់ជិត ដែល​តាមដាន​ករណី​នេះ សម្ដែង​ការ​ព្រួយបារម្ភ​ថា ចេះតែ​បញ្ជូន​ស្ត្រី​ខ្មែរ​ទៅ​ធ្វើ​ការ​តាម​ផ្ទះ ប៉ុន្តែ​គ្មាន​វិធាន ការ​តាមដាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ និង​តាមដាន​សុវត្ថិភាព​ពល​ការិនី ព្រមទាំង​វិធានការ​សង្គ្រោះ​បន្ទាន់​ទេ​នោះ គឺ​នឹង​មាន ពល​ការិនី​ខ្មែរ​រងគ្រោះ បន្តបន្ទាប់​ទៀត។ «»

ពលករ​ខ្មែរ​ដែល​ចំណាកស្រុក​មិន​ស្របច្បាប់​ទៅ​ប្រទេស​ម៉ាឡេស៊ី ថៃ ចិន​ជាដើម តែងតែ​ទទួលរង​នូវ​បញ្ហា​រំលោភបំពាន និង​ការ​ប្រឈម​មាន​ដូចជា​ការ​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង គ្មាន​ពេល​សម្រាក ធ្លាក់ខ្លួន​ឈឺ មិន​ព្យាបាល ការ​ធ្វើ​ទារុណកម្ម ការ​វាយដំ​របួសធ្ងន់ ការ​បើក​ប្រាក់ខែ​មិន​គ្រប់​ចំនួន ការ​គំរាមកំហែង ការ​ចាប់​ដាក់គុក ការ​បង្ខំ​ឲ្យ​បន្ត​អាណត្តិ​ការងារ​ដោយ​ខុសច្បាប់ និង​ការ​ផ្ដាច់​ទំនាក់ ទំនង​រវាង​គ្រួសារ​ជាដើម។ អ្នកខ្លះ​ពេល​ត្រឡប់​មកដល់​កម្ពុជា​វិញ មាន​ជំងឺ និង​ខ្លះ​ពិការ ហើយ​កន្លងមក អ្នក​ទៅ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី ក៏​ត្រូវ​បាន​គេ​ធ្វើបាប​រហូត​បាត់​បង់ជីវិត​ជាច្រើន​នាក់​ផង​ដែរ។

អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ​យល់​ថា ប្រទេស​ខ្មែរ​តូច និង​មាន​ប្រជាជន តិច​ណាស់ ដូច្នេះ​រដ្ឋាភិបាល មិន​គួរ​បណ្ដោយ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​បន្ត​រងគ្រោះ​គ្រប់​ទីកន្លែង និង​គ្រប់ជំពូក​ដោយសារតែ ការ​ស្វែងរក​ការងារ​ធ្វើ​ចិញ្ចឹម​ក្រពះ​នោះ​ទេ។ រដ្ឋាភិបាល គួរតែ​ព្យាយាម​លុបបំបាត់​អំពើ​ពុករលួយ និង​បង្កើន​ប្រសិទ្ធភាព​ដឹកនាំ​របស់​រដ្ឋាភិបាល ព្រមទាំង​យកចិត្តទុកដាក់​បង្កើត​ការងារ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ សុខុមាលភាព​ប្រជាជន និង​ធ្វើ​នយោបាយ​ទាក់ទាញ វិនិយោគិន​បរទេស ព្រោះ​វា​មាន​សារៈសំខាន់​សម្រាប់​ប្រជាជាតិ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles