
ក្រុមមន្ត្រីសិទ្ធិមនុស្សថ្កោលទោសចំពោះអំពើហិង្សាជាក្រុមទៅលើអ្នកបើករថយន្តម្នាក់ ដែលសង្ស័យថា បានបង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើករត់គេចខ្លួន កាលពីថ្ងៃទី១១ មីនា កន្លងទៅ។ មន្ត្រីសិទ្ធិមនុស្សអះអាងថា ការប្រើអំពើហិង្សាជាក្រុមដែលអាចធ្វើឱ្យបាត់បង់ជីវិតបែបនេះ គឺជាការរំលោភលើសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស និងច្បាប់របស់កម្ពុជា ដែលចែងថា មនុស្សម្នាក់ៗមានសិទ្ធិទទួលបានការជំនុំជម្រះដោយស្មើភាពគ្នា ទោះបីជាជននោះបានប្រព្រឹត្តទង្វើអ្វីក៏ដោយ។
មន្ត្រីសិទ្ធិមនុស្សអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងឱ្យបាននូវអំពើហិង្សាគ្រប់រូបភាព ជាពិសេស គឺអំពើហិង្សាជាក្រុម ដែលអាចធ្វើឱ្យជនរងគ្រោះបាត់បង់ជីវិត។
ការអំពាវនាវរបស់មន្ត្រីសិទ្ធិមនុស្សនេះ ធ្វើឡើងក្រោយពេលបុរសម្នាក់ ត្រូវបានក្រុមពលរដ្ឋព្រួតគ្នាវាយដំបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ដោយក្រុមពលរដ្ឋចោទថា ជននោះបានបង្កគ្រោះថ្នាក់ចរាចរណ៍ចាប់ពីចំណុចម្ដុំទួលសង្កែ ខណ្ឌឫស្សីកែវ រហូតដល់ម្ដុំពេទ្យលោកសង្ឃ រាជធានីភ្នំពេញ រួចបើករត់គេចខ្លួន កាលពីរសៀលថ្ងៃទី១១ មីនា កន្លងទៅ។ បុរសនោះត្រូវបានគេស្គាល់ឈ្មោះថា ស៊ុយ សារ៉េត គឺជាគ្រូបង្រៀននៅសាកលវិទ្យាល័យកម្ពុជា ក្នុងក្រុងភ្នំពេញ។
ប្រធានគ្រប់គ្រងការិយាល័យសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា មូលហេតុសំខាន់ដែលបណ្ដាលឲ្យមានការព្រួតវាយដោយហ្វូងមនុស្សបែបនេះ គឺដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីរឿងច្បាប់នៅមានកម្រិត និងការបាត់ជំនឿទៅលើប្រព័ន្ធតុលាការ។ លោកបន្តថា ទង្វើបែបនេះ គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងជាពិសេសច្បាប់របស់កម្ពុជា ដែលមិនមានចែងអំពីទោសប្រហារជីវិតនោះទេ។ លោកបន្តថា បើពលរដ្ឋចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍នោះបាន គឺអាចត្រឹមប្រគល់ជននោះទៅឱ្យសមត្ថកិច្ចដើម្បីអនុវត្តតាមច្បាប់ប៉ុណ្ណោះ មិនអាចប្រើអំពើហិង្សា ឬព្រួតគ្នាវាយបែបនេះឡើយ ព្រោះវានឹងក្លាយជាបទល្មើសព្រហ្មទណ្ឌមួយផ្សេងទៀត។
មន្ត្រីសិទ្ធិមនុស្សរូបនេះអះអាងថា ការព្រួតគ្នាប្រើអំពើហិង្សាបែបនេះ កើតមានឡើងច្រើនករណី កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ក៏ប៉ុន្តែបានថយចុះវិញ នៅអំឡុងទសវត្សរ៍ឆ្នាំ២០០០។ ទោះបីជាយ៉ាងណា លោកកត់សម្គាល់ថា ករណីនេះបានកក្រើកឡើងវិញគួរឱ្យព្រួយបារម្ភ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ដោះស្រាយ «ដើម្បីលុបបំបាត់នូវបញ្ហាទាំងអស់នេះ ទី១ អ្នកអនុវត្តច្បាប់ត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ទី២ ត្រូវមានការផ្សព្វផ្សាយច្បាប់ឱ្យប្រជាពលរដ្ឋបានយល់ដឹងទូលំទូលាយ។ ទី៣ អ្នកប្រព្រឹត្តខុស ត្រូវអនុវត្តតាមច្បាប់ មានន័យថា បើគាត់ត្រូវទទួលទោស ស្រាប់តែឱ្យគាត់រួចខ្លួន ពេលនោះប្រជាពលរដ្ឋននឹងបាត់បង់ជំនឿទៅលើសមត្ថកិច្ច និងប្រព័ន្ធតុលាការ ដូច្នេះគាត់តាំងខ្លួនជាតុលាការម្ដង ដូចនេះវាជាផលវិបាកសម្រាប់សង្គមយើង»។
ជនរងគ្រោះដោយសារការប្រើអំពើហិង្សាព្រួតគ្នាវាយជាក្រុម ឈ្មោះ ស៊ុយ សារ៉េត នោះ ត្រូវបានកាសែតក្នុងស្រុក ដកស្រង់សម្ដីពីប្រភពជិតស្និទ្ធថា បានរួចផុតពីសេចក្ដីស្លាប់ហើយ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាម។ ស្នងការនគរបាលក្រុងភ្នំពេញ លោក ជួន សុវណ្ណ បានបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលបានវាយដំ និងកម្ទេចរថយន្តរបស់ជនរងគ្រោះ យកមកដាក់ទោសតាមច្បាប់។ ស្នងការក្រុងរូបនេះ អះអាងថា គ្រោះថ្នាក់ចរាចរណ៍ គឺជាការទទួលខុសត្រូវរបស់អ្នកបើកបរ ស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក ក៏ប៉ុន្តែការប្រើអំពើហិង្សា និងការវាយបំផ្លាញរថយន្តរបស់ជននោះ គឺជាបទល្មើសជាក់ស្ដែងមួយទៀត។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (Adhoc) លោក សឹង សែនករុណា ថ្លែងថា ការប្រើហិង្សាទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍នោះ គឺជាអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយបើជននោះត្រូវបាត់បង់ជីវិតទៀតនោះ ករណីនេះនឹងក្លាយជាអំពើមនុស្សឃាតដោយចេតនា ដែលសមត្ថកិច្ចត្រូវចាប់ជនបង្កយកមកកាត់ទោសតាមច្បាប់។ លោកបញ្ជាក់ថា ការព្រួតគ្នាវាយដំដោយហ្វូងមនុស្សបែបនេះ នៅតែកើតមាននៅកម្ពុជា ដ្បិតការអនុវត្តច្បាប់នៅមិនទាន់មានភាពស្មើគ្នា ដោយសាររយៈកាលកន្លងទៅ អ្នកប្រព្រឹត្តល្មើសដែលមានលុយមានអំណាចច្រើនតែរួចខ្លួន ធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្តចំពោះស្ថាប័នយុត្តិធម៌ ហើយសម្រេចចិត្តកាត់ទោសដោយខ្លួនឯង គឺតាមរយៈមធ្យោបាយនៃការប្រើអំពើហិង្សានេះឯង «កន្លងមកយើងឃើញហើយថា តែងតែមានភាពអយុត្តិធម៌ចំពោះអ្នកទន់ខ្សោយ ចំពោះអ្នកដែលគ្មានឥទ្ធិពល គ្មានអំណាច គឺតែងតែរងគ្រោះ ហើយមិនដែលមានការចាត់ការអ្នកដែលប្រព្រឹតខុសនោះឱ្យ ប្រជាជនអស់ចិត្តនោះទេ។ ដូច្នេះការចាត់វិធានការនេះ គឺត្រូវធ្វើយ៉ាងណាឱ្យមានភាពស្មើភាពគ្នាចំពោះមុខច្បាប់ ទើមមានការកាត់បន្ថយ។ ចំណែក អ្នកប្រព្រឹត្តផ្ទុយពីច្បាប់ ក៏ត្រូវតែចាត់វិធានការដែរ ដូចជាអ្នកដែលបានប្រើហិង្សាវាយដំ ដែលមានក្នុងរូបភាពវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលយើងបានឃើញជនដែលប្រព្រឹតជាក់ស្ដែងរបៀបនេះ សមត្ថកិច្ចត្រូវតែស្វះស្វែងរកចាប់ជននោះ ដើម្បីយកមកផ្ដន្ទាទោស កុំឱ្យថ្ងៃក្រោយមានជនផ្សេងទៀត ដែលគ្រាន់តែមានបទល្មើសចរាចរណ៍ បែរជាវាយដំគ្នារហូតដល់មានរបួសធ្ងន់ធ្ងរស្ទើរតែស្លាប់ទៅទៀត»។
ករណីមួយដែលពលរដ្ឋខ្មែរភាគច្រើន ប្រហែលជានៅចងចាំនោះ គឺកាលពីចុងឆ្នាំ ២០១៣ កន្លងទៅ រថយន្តរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកសភា លោក ជាម យៀប បានបើករត់គេច ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យពលរដ្ឋម្នាក់បាត់បង់ជីវិត នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ កាលនោះ លោក ជាម យៀប បានដោះសារថា ការបើករត់គេចនេះដោយសារលោកមានអភ័យឯកសិទ្ធិ និងខ្លាចប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើលោកឈានជើងចេញពីរថយន្ត។ លោក ជាម យៀប មិនត្រូវបានតុលាការនាំខ្លួនមកកាត់ទោសរឿងគេចវេះមិនទទួលខុសត្រូវចំពោះគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងកើតហេតុនោះទេ ដោយលោកគ្រាន់តែផ្ដល់លុយឱ្យគ្រួសារជនរងគ្រោះចំនួន ១ពាន់ដុល្លារ ជាការស្រេច។
រឿងនេះបានធ្វើឱ្យសាធារណជន ជាពិសេស អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាច្រើននាក់ សម្ដែងការមិនពេញចិត្ត និងខឹងសម្បារចំពោះអាជ្ញាធរដែលមិនបានជួយរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ ដោយសារជនបង្កជាបុគ្គលមានលុយ និងមានអំណាច។
ព្រះចៅអធិការវត្តប្រាសាទកណ្ដោល ហៅវត្តខា្ចស់ នៅខេត្តបន្ទាយមានជ័យ ព្រះមហា ធម្មាលង្ការោ ចាន់ សុជន មានព្រះថេរៈដីកាថា ការអប់រំណែនាំប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់ អំពីគុណធម៌ និងសីលធម៌សង្គម គឺជារឿងចាំបាច់ដើម្បីបញ្ចៀសនូវអំពើហិង្សាបែបនេះ ហើយវាក៏ត្រូវដើរទន្ទឹមគ្នានឹងការពង្រឹងការអនុវត្តច្បាប់របស់អាជ្ញាធរ និងតុលាការដូចគ្នា។ ព្រះអង្គមានព្រះថេរៈដីកាបន្តថា ប្រសិនបើការអនុវត្តច្បាប់នៅទន់ខ្សោយ ករណីព្រួតគ្នាប្រើអំពើហិង្សាបែបនេះ នឹងបន្តកើតមានទៀតនៅក្នុងសង្គមខ្មែរ «អាត្មាសូមផ្ញើរសារទៅកាន់ប្រជាពលរដ្ឋទាំងអស់ថា ការគេចវេសពីបញ្ហា វាអាចបន្ថែមនូវបញ្ហាទៅវិញទេ ព្រោះការពិតនៅតែជាការពិត ដូច្នេះយើងត្រូវតែគោរពច្បាប់។ ចំណែក អស់លោកអ្នកផ្សេងៗទៀតទោះបីនៅក្នុងហេតុការណ៍នោះក្ដី មិននៅក្នុងហេតុការណ៍នោះក្ដី ក៏គួរតែផ្ដល់សិទ្ធិដល់អ្នកអនុវត្តច្បាប់ ដើម្បីចៀសវាងបញ្ហាថែមលើបញ្ហា ពីព្រោះប្រទេសយើងអត់មានច្បាប់ណា ត្រូវកាត់ទោសប្រហារជីវិតនោះទេ។ តែយ៉ាងណាក៏ដោយចុះ អាត្មាចង់បញ្ជាក់ថា ទាល់តែយើងទុកចិត្តគ្នា។ ល្គឹកណាដែលច្បាប់រដ្ឋ មានការអនុវត្តក្នុងកម្រិតមួយដែលប្រជាពលរដ្ឋលែងទុកចិត្ត អាត្មាគិតថា ករណីដូចថ្ងៃមុននេះ នឹងបន្តកើតមានទៀត»។
នៅកម្ពុជា ភាគច្រើននៃការព្រួតគ្នាវាយដោយហ្វូងមនុស្សដែលអាចឈានដល់ការបាត់បង់ជីវិតនេះ ផ្ដើមចេញពីអំពើចោរកម្ម ការបើករត់គេចក្រោយមានគ្រោះថ្នាក់ចរាចរណ៍ និងការចោទប្រកាន់ថាចេះអំពើអាបធ្មប់ជាដើម។ ជាញឹកញាប់ គេឃើញមានការបង្ហោះវីដេអូហិង្សាជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងយូធូប (YouTube) ដែលបង្ហាញពីសកម្មភាពពលរដ្ឋឡោមព័ទ្ធ និងព្រួតគ្នាវាយទៅលើបុគ្គលណា ដែលគេអះអាងថាជាចោរ ជាអ្នកបើករត់គេច ឬដែលគេគិតថា បានប្រព្រឹត្តអំពើដែលមិនអាចលើកលែងឱ្យបាន។
ការប្រើអំពើហិង្សាដោយហ្វូងមនុស្សនេះ ត្រូវបានរាប់បញ្ចូលទៅក្នុង “យុត្តិធម៌តាមច្បាប់ព្រៃ” (Jungle Justice)។ អ្នកស្រាវជ្រាវ ថេសា ឡឺវីន (Tessa V. Levine) នៃអង្គការ ក្លូបបល ខនស្សឺន អ៊ិននីឈីអេធីវ (Global Conscience Initiative) ឱ្យនិយមន័យពាក្យ “យុត្តិធម៌តាមច្បាប់ព្រៃ” ថា ជា “សកម្មភាពរបស់មនុស្សមួយក្រុម ដែលយកច្បាប់មកប្រើដោយខ្លួនឯង និងអនុវត្តយុត្តិធម៌បែបហិង្សាទៅលើជនសង្ស័យ ហើយ “យុត្តិធម៌តាមច្បាប់ព្រៃ” នេះ គឺជាលទ្ធផលនៃការមិនទុកចិត្តលើសមត្ថកិច្ចមូលដ្ឋាន និងប្រព័ន្ធយុត្តិធម៌៕