Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កសិករ​ជាច្រើន​គ្រួសារ​នៅ​ខេត្ត​ប៉ៃលិន​ជួប​បញ្ហា​រឿង​តម្លៃ​ផ្លែ​ស្វាយ​ចុះថោក

$
0
0

ប្រជាកសិករ​ដាំ​ដំណាំ​ស្វាយ​នៅ​ខេត្ត​ប៉ៃលិន ត្អូញត្អែរ​អំពី​តម្លៃ​ផ្លែ​ស្វាយ​កែវ​រមៀត​ចុះថោក ហើយ​លក់​មិនបាន​ប្រាក់កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ពួកគាត់​ឲ្យ​ដឹង​ទៀត​ថា ផ្លែ​ស្វាយ​របស់​កសិករ​ក៏​ល្មម​ប្រមូល​ផល​ដែរ តែ​ពួកគាត់​មិនទាន់​ប្រមូល​ផល​យក​ទៅ​លក់​នៅឡើយ​ទេ ពីព្រោះ​តម្លៃ​ថោក​ពេក។

ប្រជាកសិករ​ខេត្ត​ប៉ៃលិន កំពុង​ព្រួយបារម្ភ​ខ្លាច មិន​អាច​លក់​ផ្លែ​ស្វាយ​គ្រប់​សង​ជំពាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​ខ្ចី​គេ​យក​មក​ធ្វើ​ដើមទុន​បានទេ។

កសិករ​ម្នាក់​រស់នៅ​ភូមិ​ស្រះពីរតាឈាន ឃុំ អូរអណ្ដូង ស្រុក​សាលា​ក្រៅ អ្នកស្រី ជន ហ៊ាន រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ មីនា ថា តម្លៃ​ផ្លែ​ស្វាយកែវរមៀត​ឆ្នាំនេះ​ចុះថោក​ជាង​ឆ្នាំ​មុនៗ​ឆ្ងាយ គឺ​ផ្លែ​ស្វាយ​មួយ​គីឡូក្រាម​តម្លៃ​ចន្លោះ​ពី​២៥០ ទៅ ៣០០​រៀល​ប៉ុណ្ណោះ ដែល​កាលពី​ឆ្នាំ​កន្លងទៅ​ផ្លែ​ស្វាយ​តម្លៃ​ពី​៩០០ ទៅ​ជាង ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម។ អ្នកស្រី​បន្ថែម​ទៀត​ថា តម្លៃ​ផ្លែ​ស្វាយ​នេះ គឺ​ពួកគាត់​លក់​មិនបាន​ប្រាក់កម្រៃ​នោះ​ទេ ហើយ​ម្យ៉ាងទៀត​ក៏​មិន​អាច​រក​ប្រាក់​ដើម្បី​សង​ជំពាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​ខ្ចី​គេ​យក​មក​ធ្វើ​ដើម​បាន​ដែរ៖ «បើ​និយាយ​ទៅ​ស្វាយ​នៅ​ពេញ​ដើម មិន​ហ៊ាន​បេះ​ទេ ហើយ​បើ​ទុក​បាន​រយៈពេល​ប្រហែល​កន្លះ​ខែ​ទៀត បើ​ទុក​យូរ​ជាង​នេះ​វា​នឹង​ខូច​ហើយ ព្រោះ​ស្វាយ​ចាស់​ល្មម​បេះ​ហើយ។ ខ្ញុំ​ទុក​ស្វាយ​ទ្រឹង​ចាំ​មើល​ក្រែង​តម្លៃ​ឡើង​បាន​៥០០​រៀល​អី ទើប​ប្រមូល​ផល ព្រោះ​ចំណាយ​អស់​ដើមទុន​ច្រើន»

កសិករ​រូប​នេះ​អះអាង​ទៀត​ថា អ្នកស្រី​ដាំ​ស្វាយ​កែវរមៀត​ប្រមាណ ១០​ហិកតារ គឺ​ចំណាយ​អស់​ដើម​ទុក​ក្នុង​ការថែទាំ​ប្រមាណ​១ ម៉ឺន (១០.០០០)​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដូច្នេះ​ប្រសិនបើ​តម្លៃ​ផ្លែ​ស្វាយ​ត្រឹមតែ​២៥០​រៀល ក្នុង​មួយ​គីឡូក្រាម​ដូច​បច្ចុប្បន្ន គឺ​ពួកគាត់​ច្បាស់​ជា​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ជា​ពុំ​ខាន។

ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន លោក សាយ សុផាត មាន​ប្រសាសន៍​ថា ផ្លែ​ស្វាយ​របស់​កសិករ​ខេត្ត​ប៉ៃលិន គឺ​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ថៃ។ លោក​អះអាង​ថា តម្លៃ​ផ្លែ​ស្វាយ​ចុះថោក​ដោយសារ​រដូវ​នេះ​ជា​រដូវ ដែល​កសិករ​ប្រមូល​ផល​ស្វាយ​ច្រើន ធ្វើ​ឲ្យ​ទិន្នផល​ស្វាយ​មាន​ចំនួន​ច្រើនជាង​តម្រូវការ។ លោក​បន្ថែម​ទៀត​ថា កន្លងមក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ដើម្បី​ឲ្យ​មក​ជួយ​ទិញ​ស្វាយ​ពី​កសិករ​រួច​មក​ហើយ​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ល្អ​ប្រសើរ​ទាំង​ស្រុង​នៅឡើយ៖ «ការ​ដោះស្រាយ​របស់​យើង ធ្លាប់​បាន​ធ្វើជា​បណ្ដើរៗ​ហើយ ដូចជា​ទាក់ទង​ទៅ​ប្រទេស​ថៃ​ដើម្បី​ឲ្យ​គេ​អនុញ្ញាត​ឲ្យ​យើង​យក​ទៅ​លក់​នៅ​ប្រទេស​គេ ហើយ​យើង​ទាក់ទង​តាម​ក្រុម​មួយ​ចំនួន ប៉ុន្តែ​វា​មិនទាន់​ឆ្លើយតប​បាន​ទាំងស្រុង។ ម្យ៉ាងទៀត​ក៏​មាន​ឈ្មួញ​ខ្លះ​ក៏​គាត់​នាំទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដែរ ដោយសារតែ​គាត់​មាន​ម៉ូយ​ល្អ​ដែល​គេ​ត្រូវ​ការ​បញ្ជា​ទិញ»

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន កត់សំគាល់​ថា នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ម្ដងៗ គឺ​ដំណាំ​កសិផល​របស់​ប្រជាកសិករ​គ្រប់​ប្រភេទ តែងតែ​ជួប​បញ្ហា​រឿង​តម្លៃ​ចុះថោក​ជា​រៀងរាល់​ឆ្នាំ។ លោក​អះអាង​ទៀត​ថា មូលហេតុ​តម្លៃ​កសិផល​ចុះថោក​មិន​ឈប់ឈរ​នេះ គឺ​ដោយសារ​ប្រព័ន្ធ​រៀបចំ​ដំណោះស្រាយ​នៅ​ថ្នាក់​ជាតិ​មិន​ទាន់​បាន​ដំណើរ​ល្អ​ប្រសើរ សម្រាប់​ជួយ​ដល់​កសិករ៖ «ហើយ​មួយវិញទៀត ការកែច្នៃ​ស្វាយ​និង​ផលិត​កសិផល​កសិកម្ម​នឹង​គឺ​ប្រទេស​យើង​មាន​តិចតួច​ណាស់ ជាពិសេស​កសិករ​គាត់​មិន​មាន​រោងចក្រ​ក៏ដូចជា​មិន​មាន​ថវិកា​គ្រប់គ្រាន់​ទិញ​ឧបករណ៍​សម្រាប់​ធ្វើ​ឧបករណ៍​កែច្នៃ​កសិផល​ទុក​រយៈពេល​វែង។ ដូច្នេះ​កសិករ​ត្រូវ​បង្ខំចិត្ត​លក់​ក្នុង​តម្លៃ​ថោក​ដើម្បី​ប្រមូល​បាន​ធនធាន និង​ថវិកា​ខ្លះៗ​សម្រាប់​ដោះ​បំណុល​ដែល​ពួកគាត់​បាន​ខ្ចី​គេ»

តម្លៃ​ផ្លែ​ស្វាយ​បាន​ចុះថោក​ខ្លាំង​ចាប់ពី​ចុងខែ​កុម្ភៈ​មក។ កសិករ​អះអាង​ថា តម្លៃ​ដែល​ពួកគាត់​លក់​ផ្លែ​ស្វាយ​បាន​ប្រាក់កម្រៃ​ខ្លះ គឺ​ចាប់ពី​៨០០​រៀល ក្នុង​មួយ​គីឡូក្រាម​ឡើង​ទៅ។ របាយការណ៍​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ ខេត្ត​ប៉ៃលិន ឲ្យ​ដឹង​ថា​ដំណាំ​ស្វាយ នៅ​ខេត្ត​មួយ​នេះ មាន​ប្រមាណ​៣ពាន់ ៥០០​ហិកតារ (.៥០០) ហើយ​ភាគច្រើន​ជា​ស្វាយកែវ​រមៀត ក្នុង​នោះ​ស្វាយ​ដែល​កំពុង​ហុច​ផល​មាន​ជាង ២​ពាន់ (.០០០) ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles